វិធីបន្ដឹង​​​ស្បែក​​​​​កំប៉េះគូទ

ការយារធ្លាក់​នៃស្បែកត្រគាក និងកំប៉េះគូទ តែងតែកើតមានឡើង​មិនអាចចៀសផុត​ទៅតាមអាយុកាល និងការប្រែប្រួល​របស់សរីរាង្គ។ ការថែរក្សាត្រគាក​ឱ្យនៅតែស្រស់ស្អាត ជាបញ្ហាចាំបាច់​សម្រាប់លោកអ្នក​ដែលខ្វល់ខ្វាយ​ពីការថែរក្សារាងកាយ​ឱ្យនៅតែមានរាងស្អាត និងណែនតឹងគួរឱ្យ​ទាក់ទាញនៅពេលស្លៀកពាក់។

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅក្នុងលេខនេះ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកវិធីសាស្ដ្រ​ក្នុងការបន្ដឹងស្បែកកំប៉េះគូទ តាមរយៈការបកស្រាយ របស់លោក​វេជ្ជបណ្ឌិត ស្រេង រាសី អ្នកឯកទេសស្បែកនៅ​មជ្ឈមណ្ឌលអាមេរិកាំង។

របៀបបន្ដឹង​ស្បែកគូទ

ការបន្ដឹងស្បែកកំប៉េះគូទ​មានន័យថា​ការកែច្នៃសាច់កំប៉េះគូទ​ឱ្យមានរាងស្អាត និងមូលក្លុំឡើងវិញ​បន្ទាប់ពីធ្លាក់យារ។ ការ បន្ដឹង​ត្រូវធ្វើឡើងជាមួយគ្រូពេទ្យ​ដែលមានជំនាញច្បាស់លាស់​ក្នុងការវះកាត់សាច់យារចេញ និងបន្ថែមសាច់គូទសាជាថ្មី។

វិធីបន្ដឹង​ស្បែកគូទ

មានវិធីសាស្ដ្រជាច្រើន​ដែលអ្នកជំនាញយកមកប្រើប្រាស់​ក្នុងការបន្ដឹងស្បែកកំប៉េះគូទ​ឱ្យមានសភាពស្រស់ស្អាត​ឡើងវិញ ទៅតាមប្រភេទ​នៃការយារធ្លាក់​របស់អ្នកជម្ងឺ។ បើសិនជាអ្នកជម្ងឺ​មានខ្លាញ់ច្រើនក្នុងសាច់ ត្រូវព្យាបាលដោយការបូមខ្លាញ់​ទាំងនោះ ចេញ ដើម្បីកាត់បន្ថយការយឺតធ្លាក់យារ​របស់់ស្បែកដោយសារទម្ងន់​របស់ខ្លាញ់។ ប៉ុន្ដែចំពោះអ្នកជម្ងឺ​ពុំសម្បូរសាច់គូទ ជាទូទៅ គ្រូពេទ្យតែងតែ​ធ្វើការវះកាត់​ចំណុចកណ្ដាលនៃសាច់កំប៉េះគូទ ឬក៏ចំហៀងសម្រាប់ស៊កអុផ្លាន​ចៀលចូលទៅក្នុងសាច់គូទ។ ប្រសិនបើ ការខូចគុណភាព​ស្បែកបង្កឡើងដោយសារ​តែភាពចាស់នៃអាយុ គ្រូពេទ្យអាចកាត់សាច់​ដែលគ្មានគុណភាព​នោះចេញ ហើយចាក់ បញ្ចូលជាតិខ្លាញ់​ដើម្បីបន្ដឹងឡើងវិញ។ ជាទូទៅវិធីវះកាត់បន្ដឹងស្បែកកំប៉េះគូទ​មានប្រសិទ្ធភាព​ជាងការបូមខ្លាញ់ និងការចាក់បំពេញ​ ជាតិខ្លាញ់ឡើងវិញ ហើយជាវិធីដែលអ្នកជំនាញ​តែងតែយកមក​ព្យាបាលអ្នកជម្ងឺ។ សូមចងចាំ និងប្រយ័ត្នចំពោះការ​ចាក់សារធាតុ ស៊ីលីកូន​ដើម្បីបន្ដឹងស្បែក ព្រោះមាន​ផលប៉ះពាល់យ៉ាងខ្លាំង។

មូលហេតុ​ដែលត្រូវ​បន្ដឹងស្បែកគូទ

មានមូលហេតុបីដែលធ្វើ​ឱ្យស្បែកគូទធូរធ្លាក់ ដូចជាលោកអ្នក​ពុំមានសាច់ត្រគាក ភាពសម្បូរទៅដោយជាតិខ្លាញ់​ច្រើននៅ សាច់គូទ និងការយារធ្លាក់​របស់ស្បែកកំប៉េះគូទ​ទៅតាមអាយុកាល។ ករណីទាំងអស់នេះសុទ្ធសឹងតែ​ធ្វើភាពស្អាតនៃ​សាច់កំប៉េះគូទ​ បាត់បង់ និងយារធ្លាក់។

ផលប៉ះពាល់​នៃការ​បន្ដឹងស្បែកគូទ

ថ្វីត្បិតតែការវះកាត់តែងតែ​ផ្ដល់នូវភាពស្រស់ស្អាតឡើងវិញ​ដល់រូបរាងក៏ដោយ ពេលខ្លះការវះកាត់​ដើមី្ប​បន្ដឹងស្បែកគូទ​ ក៏ផ្ដល់នូវផល​លំបាកខ្លះដែរ ដូចជាការ​ប្រតិកម្មជាមួយស្បែក បើសិនជាការវះកាត់​នោះពុំប្រព្រឹត្ដទៅដោយ​អនាម័យនោះទេ។ ព្រោះ ថាការវះកាត់​នោះត្រូវធ្វើឡើងនៅកន្លែង​ដែលជាកង្វល់នៃរាងកាយ។

ដំបូន្មាន​អ្នកឯកទេស

ការថែរក្សារូបរាងឱ្យ​នៅតែមានភាពស្រស់ស្អាត ជាប្រការចាំបាច់មួយ​ក្នុងចំណោមប្រការ​សំខាន់ផ្សេងៗ ដែលលោកអ្នក​ ត្រូវតែយកចិត្ដទុកដាក់។ លោកអ្នកគួរតែស្វែងយល់​ឱ្យបានកាន់តែច្បាស់​ក្នុងវះកាត់បន្ដឹង ឬបង្កើនទំហំសារពាង្គកាយ ត្រូវចៀសវាងឱ្យ ឆ្ងាយ​ចេញពីការអនុវត្ដន៍​ដែលប៉ះពាល់ដល់​សុខភាពលោកអ្នក ដូចជាការប្រើប្រាស់ទឹកចន្ទន៍ និងសារធាតុស៊ីលីកូន ដើម្បីការចាក់ ពង្រីកអវយវៈ​នៃរាងកាយជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១


Categories:

Leave a Reply

Your email address will not be published. Required fields are marked *