ជម្ងឺបូសលើទ្វារមាសនេះក៏អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ស្ដ្រី ដូចជាធ្វើឱ្យចុកចាប់នៅលើថ្ងាសទ្វារមាស ចុះទម្ងន់ អស់កម្លាំង ឧស្សាហ៍ងងឹតមុខ និងពិបាកនៅក្នុងការរួមភេទជាដើម។ អ្នកដែលកើតជម្ងឺនេះតែងតែពិបាកចិត្ដ និងរិះរកគ្រប់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីថែទាំសុខភាពរបស់ខ្លួន។
ទស្សនាវដ្ដី សុខភាពយើង បានជួបជាមួយអ្នកនាង ស.ខ រស់នៅទីក្រុងភ្នំពេញ អាយុ៣៥ឆ្នាំបានចែករំលែកបទពិសោធន៍ អំពីជម្ងឺបូសលើទ្វារមាស ដើម្បីឱ្យស្ដ្រីគ្រប់រូបបានជ្រាបបន្ថែមទៀតអំពីផលវិបាកនៃជម្ងឺនេះ។
ខ្ញុំជួបប្រទះបញ្ហាមួយដែលធ្វើឱ្យខ្ញុំព្រួយបារម្ភអស់រយៈពេល២ថ្ងៃមកហើយ។ ដោយខ្ញុំមានកន្ទួលរឹងឈឺរមាស់នៅលើ ទ្វារមាស មានដុំមូលរឹងនៅលើបបេធំ ជួនកាលឈឺចាប់ទៅក្នុងពោះ ចាក់ទៅតំបន់អាងត្រគាកតូច ជួនកាលទៀតឈឺចាប់ សួទៅរន្ធយោនី និងមាត់ទ្វារមាសខាងក្រៅ។ អាការៈពិសេសមួយទៀតគឺទ្វារមាសខាងក្រៅហើមប៉ោង ក្រោយពេលរួមរ័ក ហើយ ឈឺដេញមកខាងលើ។ ខ្ញុំបានសាកល្បងលាងសម្អាតដោយទឹកអនាម័យ ហើយលាបថ្នាំម៉ូម៉ាដដើម្បីបំបាត់ការឈឺចាប់ តែហាក់ដូច ជាគ្មានការធូរស្បើយសោះ។ ខ្ញុំចេះតែគិតថាតើអាការៈជម្ងឺរបស់ខ្ញុំនេះវាអាចវិវឌ្ឍន៍ទៅរកការធូរស្រាលដោយឯងៗបានឬទេ ដោយមិន បាច់ទៅរកគ្រូពេទ្យ និងគ្រួសារឱ្យជួយធ្វើអន្ដរាគមន៍។ ខ្ញុំនៅមានការខ្មាសអៀនខ្លាំង បើសិនជាខ្ញុំសម្រេចចិត្ដទៅរកគ្រូពេទ្យ។
ដំបូន្មានអ្នកជំនាញ
លោកវេជ្ជបណ្ឌិត អ៊ូច ឌីណា ឯកទេសផ្នែកសម្ភព និងរោគស្ដ្រីនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានបញ្ជាក់ប្រាប់ទស្សនាវដ្ដី សុខភាពយើង ជម្ងឺនេះជួនកាលអាចនឹងជាសះស្បើយទៅវិញដោយឯងៗ។ ដោយឡែកប្រសិនបើវាមិនអាចវិវឌ្ឍន៍ទៅរកការធូរ ស្បើយក្នុងរយៈពេល៣អាទិត្យទេនោះ បានន័យថាអ្នកជម្ងឺមានបូសនៅលើប្រដាប់ភេទហើយ។ អ្នកត្រូវតែទៅជួបគ្រូពេទ្យ ឯកទេសរបស់អ្នក ដើម្បីធ្វើការព្យាបាល។ អ្វីដែលពិសេសជាងនេះនោះ គឺនៅពេលដែលមានបញ្ហាអ្វីមួយដូចដែលបានរៀបរាប់ខាងលើ អ្នកនាងកញ្ញាត្រូវប្រញាប់មកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នកជំនាញធ្វើវិនិច្ឆ័យរោគ និងព្យាបាល រួមទាំងរកវិធីការពារ ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការព្យាបាល។ ស្ដ្រីគ្រប់រូបត្រូវតែធ្វើការសម្អាតទ្វារមាសឱ្យបានស្អាតល្អ ហើយសម្លៀកបំពាក់ខាងក្នុងត្រូវតែមានអនាម័យជានិច្ច និងត្រូវតែហាលឱ្យត្រូវពន្លឺថ្ងៃផងដែរ។ នៅពេលដែលមានបញ្ហាអ្វីមួយ ដែលកើតនៅលើទ្វារមាស ត្រូវតែមកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីពិនិត្យ និងព្យាបាលចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ ដែលពិបាកនៅក្នុងការព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply