ផលិតផលក្លែងក្លាយជាផលិតផលមួយដែលបង្កឱ្យមានផលប៉ះពាល់ទៅដល់បញ្ហាសុខភាពរបស់មនុស្ស និងធ្វើឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ទាក់ទងនឹងបញ្ហានេះ នៅថ្ងៃទី២៩ ខែមេសា ២០១១ មានសិក្ខាសាលាស្ដីពីការប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីបញ្ហានេះដែរ។
កាលពីថ្ងៃទី២៩ ខែមេសា នៅសណ្ឋាគារសាន់វ៉េ មានសិក្ខាសាលាស្ដីពីការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋបានប្រារឰធ្វើឡើង។ សិក្ខាសាលានេះរៀបចំឡើងដោយអ្នកតំណាងពិសេសរបស់ក្រសួងការបរទេសប្រចាំសហគមន៍អ៊ឺរ៉ុប និងជាអ្នកទទួលបន្ទុកប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ ដោយមានការចូលរួមពីលោក សូ ផន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ស៊ាង ប៊ុនលាង ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ដ្រីមកពីស្ថាប័នយុត្ដិធម៌ក្រសួងពាណិជ្ជកម្ម កសិកម្ម អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនជាច្រើនទៀត។
គោលបំណងសំខាន់របស់អង្គសិក្ខាសាលានេះ ធ្វើឡើងដើម្បីប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ខ្លាំង បំផុតដល់សុខភាពសុវត្ថិភាពសាធារណៈ និងផ្ដោតសំខាន់ទៅលើការប្រឈមទាំងឡាយដែលគម្រាមកំហែងដល់សមត្ថភាពរបស់ សមត្ថកិច្ច ដែលមានតួនាទីបង្ក្រាបសកម្មភាពលួចនាំចូល លួចផលិតលក់ និងចែកចាយឱសថក្នុងព្រះរាជាណាចក្រកម្ពុជា។ អង្គសិក្ខា សាលាបានធ្វើឱ្យសមាជិកចូលរួមទាំងអស់យល់ដឹង និងមានសមត្ថភាពចាត់វិធានការបង្ការបង្ក្រាបឱសថក្លែងក្លាយ ដើម្បីបញ្ចៀសឱ្យ ផុតពីគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ។
លោកវរសេនីយ៍ទោ ឡុង ស្រេង ប្រធានការិយាល័យរដ្ឋបាលសរុបនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃបានឡើងធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចយ៉ាងក្បោះក្បាយថា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចកាលពីឆ្នាំ២០១០កន្លងទៅ បានបើកការស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទបាន ចំនួន៤២៨ករណី ក្នុងនោះមានបទល្មើសជាក់ស្ដែង និងមានការសហការជាមួយអង្គភាពពាក់ព័ន្ធ។ ឃាត់ខ្លួនជនសង្ស័យ១៣១នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង២៧នាក់ បញ្ជូនទៅស្ថាប័នជំនាញពាក់ព័ន្ធ៦៦នាក់ និងបានអប់រំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពខុសច្បាប់៦នាក់។
លោក ឡុង ស្រេង បានបន្ដថា លទ្ធផលដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើបាននេះរួមមានបទល្មើស នាំចូលឱសថក្លែងក្លាយគ្រប់ប្រភេទ៧ករណី បទល្មើសព្រៃឈើ២២២ករណី បទល្មើសជលផល១២១ករណី បទល្មើសកម្មសិទ្ធិបញ្ញា ៣០ករណី បទល្មើសនាំចូលសាច់បក្សីខូចគុណភាព១៦ករណី បទល្មើសផលិតផល និងដឹកជញ្ជូនប្រេងម្រះព្រៅ១ករណី បទល្មើស ចរាចរប្រាក់ដុល្លារក្លែងក្លាយ១ករណី បទល្មើសគេចពន្ធ២ករណី និងពាក់ព័ន្ធបទល្មើសផ្សេងៗទៀត២៨ករណី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply