ជម្ងឺមហារីក​​​​កូនកណ្ដុរ

កូនកណ្ដុរ​​​គឺជា​​​ពពួក​​​ដុំសាច់​​​ម្យ៉ាង​មាន​​​នៅពាសពេញ​​​សរីរាង្គកាយ។ ប៉ុន្ដែ​​​សាច់កូន​​​កណ្ដុរ​​​​ដែលមាន​​​សំខាន់​​​ជាងគេនោះ គឺនៅចំណុច​​​ត្រង់ក្លៀក ក្រលៀន និងគុម្ពត្រចៀក។ នៅពេល​​​ដែល​​​លោកអ្នក​​​មាន​​​ជម្ងឺ​ឬបញ្ហាអ្វី វាតែងតែបង្ហាញខ្លួន ជាដុំទៅតាមចំណុចដែលឈឺ។ ដោយឡែកជម្ងឺមហារីកកូនកណ្ដុរ ប្រសិនបើមាននៅលើនរណាម្នាក់នោះ មាននឹងប្រឈមមុខយ៉ាង ធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត ដែលបណ្ដាលមកពីផលប៉ះពាល់ ឬការសាយភាយដល់សរីរាង្គផ្សេងៗ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីឱ្យជ្រាបកាន់តែច្បាស់​អំពី​​​ផលប៉ះពាល់​​​នៃជម្ងឺ​​​មហារីក​​​កូនកណ្ដុរ ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាស​​​ជាមួយ​​​វេជ្ជបណ្ឌិត គួយ សំណាង ឯកទេស​​​វេជ្ជសាស្ដ្រ​​​ទូទៅ និងជម្ងឺ​​​មហារីក និង​​​ជាអនុប្រធាន​​​ផ្នែកជម្ងឺ​​​មហារីក​​​​ម៉ារីគួរីនៃមន្ទីរពេទ្យមិត្ដភាព​​​ខ្មែរ-សូវៀត។

ជម្ងឺមហារីក​កូនកណ្ដុរ

ជម្ងឺមហារីកកូនកណ្ដុរគឺ​ជាការលូតលាស់ឆាប់រហ័សជ្រុល​នៃកោសិកាឡាំផូស៊ីតក្នុងប្រព័ន្ធទឹករងៃ​ដែលវាផ្ដើមដំបូងនៅ ក្រោមខួរឆ្អឹងខ្នង។ ព្រោះតាមការស្រាវជ្រាវនៅឆ្នាំ២០០០​ដោយអង្គការសុខភាពពិភពលោក​បានបង្ហាញឱ្យដឹងថា ជម្ងឺមហារីកកូន កណ្ដុរលំដាប់លេខរៀងទី១១​ក្នុងចំណោមជម្ងឺមហារីក ដែលកើតលើប្រជាជន​លើសកលលោក។ ចំណែកនៅក្នុងប្រទេសកម្ពុជាជម្ងឺ មហារីកកូនកណ្ដុរនេះគឺ​ស្ថិតនៅលំដាប់ថ្នាក់លេខ៤ បន្ទាប់ពីជម្ងឺមហារីកមាត់ស្បូន មហារីកសុដន់ មហារីកត្រចៀកច្រមុះបំពង់ក នោះបើតាមរបាយការណ៍​នៃផ្នែកជម្ងឺមហារីកម៉ារីគួរី មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត​ដែលបានធ្វើការសិក្សានៅឆ្នាំ២០០៣-២០០៤ និង២០០៥កន្លងមក។ តាមវេជ្ជសាស្ដ្រ​ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ​គ្រូពេទ្យ ត្រូវកាត់យកសាច់កូនកណ្ដុរ​ដែលរីកធំទាំងមូលទៅពិនិត្យ នៅមន្ទីរពិសោធន៍ ព្រោះអាចច្រឡំនឹង​ជម្ងឺមហារីកផ្សេងទៀត។ ក្រោយពីបានទទួលពិនិត្យសាច់កូនកណ្ដុរនេះគឺ​ជាដុំសាច់ឡាំផូមហុដគីន ឬមិនមែន ដែលវាជាជម្ងឺមហារីក​កើតឡើងនៅលើប្រព័ន្ធសរសៃទឹករងៃដូចគ្នា។ ដោយឡែកជម្ងឺមហារីកកូនកណ្ដុរ​ក៏អាចកើតនៅលើសរីរាង្គផ្សេងដែរ ដូចជាខួរឆ្អឹង ឆ្អឹងក្រពះ ពោះវៀន ច្រមុះ មាត់ បំពង់កជាដើម។

មូលហេតុដែលបណ្ដាលឱ្យ​កើតជម្ងឺមហារីកកូនកណ្ដុរ

រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការសិក្សាតាមបែបវេជ្ជសាស្ដ្រណា​ដែលបញ្ជាក់អំពីមូលហេតុពិតប្រាកដ​របស់ជម្ងឺ មហារីកកូនកណ្ដុរនោះទេ តែគ្រូពេទ្យមួយចំនួនបានកត់សម្គាល់ថា ជម្ងឺមហារីកកូនកណ្ដុរនេះ​កើតលើមនុស្សប្រុស២ដងច្រើនជាង មនុស្សស្រី។ ភាគច្រើនជម្ងឺនេះកើតមានលើកុមារ​នៅលំដាប់លេខ៣ បន្ទាប់ពីជម្ងឺមហារីកឈាម និងមហារីកខួរក្បាល។ ជម្ងឺមហារីក កូនកណ្ដុរមានកត្ដាប្រឈមមុខ ដូចជាកើតចេញពីជម្ងឺឆ្លងពីវីរុសអេដស៍ អេលីកូបាក់មែន ដែលប្រឈមនឹងមហារីកកូនកណ្ដុរ​ក្រពះផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

រោគសញ្ញា និងរោគវិនិច្ឆ័យ​ជម្ងឺមហារីក​កូនកណ្ដុរ

រោគសញ្ញាមហារីកកូនកណ្ដុរ​អាចដុះចេញនៅគ្រប់ទីកន្លែងតាមប្រព័ន្ធ​សរសៃទឹករងៃ ជាពិសេសត្រង់ក និងក្លៀក។ ប៉ុន្ដែជម្ងឺមហារីកកូនកណ្ដុរនេះ​កើតចេញពីជម្ងឺផ្សិតជាដើម ដូច្នេះមានតែគ្រូពេទ្យតែប៉ុណ្ណោះ​ដែលអាចវិភាគដឹងថាកូនកណ្ដុររីកធំ​នេះបណ្ដាលមកពីអ្វី។ ម្យ៉ាងទៀតមហារីកកូនកណ្ដុរនេះ​បានបង្ហាញអាការៈ ដូចជាក្ដៅខ្លួន អស់កម្លាំង ចុះស្គម បែកញើសយប់ជាដើម។ ប្រសិនមហារីកកូនកណ្ដុរ​កើតលើមហារីកផ្សេងៗ ដូចជាច្រមុះ បំពង់ក មាត់ ក្រពះ ពោះវៀនវិញ វានឹងបង្ហាញរោគសញ្ញា ទៅតាមសរីរាង្គដែលឈឺ។

រោគវិនិច្ឆ័យនៃជម្ងឺមហារីកកូនកណ្ដុរគឺ​ធ្វើឡើងតាមការពិនិត្យសាច់កូនកណ្ដុរ។ តាមការពិនិត្យឈាម​មិនអាចបញ្ជាក់ពី រោគវិនិច្ឆ័យនៃជម្ងឺមហារីក​កូនកណ្ដុរបាននោះទេ។

វិធីព្យាបាល​ជម្ងឺមហារីក​កូនកណ្ដុរ

ដើម្បីព្យាបាលជម្ងឺមហារីកកូនកណ្ដុរ ត្រូវមានលទ្ធផលវិភាគសាច់កូនកណ្ដុរ​ដើម្បីបញ្ជាក់ពីរោគវិនិច្ឆ័យ និងកំណត់ពី ដំណាក់កាលរបស់​ជម្ងឺមហារីកកូនកណ្ដុរ ដូចជាថតអេកូសាស្ដ្រ ឬក៏ស្កេន។ ក្រោយពេលកំណត់រោគវិនិច្ឆ័យ និងដំណាក់កាលរបស់ ជម្ងឺមហារីកកូនកណ្ដុរ ហើយយើងអាចកំណត់ការព្យាបាល​បានដោយវិធីធ្វើការចាក់ថ្នាំគីមី ឬការបញ្ចាំងកាំរស្មី ឬការវះកាត់។ ចំពោះវិធីព្យាបាល​ទាំងបីខាងលើនេះ អាចប្រើតែវិធីមួយ ឬពីរ ឬបីជាបន្ដបន្ទាប់ទៅតាមការសម្រេច​របស់ក្រុមគ្រូពេទ្យឯកទេស ជម្ងឺមហារីក។ បន្ទាប់ពីបញ្ចប់នូវការព្យាបាល អ្នកជម្ងឺត្រូវធ្វើការតាមដានរយៈពេល៥ឆ្នាំ​ទើបបញ្ចប់ថាជាសះស្បើយបាន។

វិធីការពារ​ជម្ងឺមហារីក​កូនកណ្ដុរ

ជម្ងឺនេះមិនទាន់មានវិធានការណ៍​ការពារនោះទេ តែក៏ត្រូវមានការប្រុងប្រយ័ត្ន​ចំពោះរោគសញ្ញាកូនកណ្ដុររីកធំ​មិនធម្មតា ត្រូវអញ្ជើញទៅពិគ្រោះ​ជាមួយគ្រូពេទ្យដែលមានឯកទេស ដើម្បីរករោគវិនិច្ឆ័យ​ឱ្យបានទាន់ពេលវេលា នោះការព្យាបាលនឹងទទួលបាន​លទ្ធផលល្អ។

ផលប៉ះពាល់​នៃជម្ងឺមហារីក​កូនកណ្ដុរ

ប្រសិនបើរកឃើញថា​មានជម្ងឺមហារីកកូនកណ្ដុរ​នៅដំណាក់កាលធ្ងន់ធ្ងរ ជម្ងឺនេះបានសាយភាយ​ឬរាលដាលទៅសរីរាង្គ ផ្សេងទៀត ដូចជាស្រោមសួត ស្រោមបេះដូង ខួរឆ្អឹង ឆ្អឹងឈាមដែលបណ្ដាលឱ្យមាន​ការឈឺចាប់ខ្លាំង ធ្វើឱ្យហត់ ពិបាកដកដង្ហើម ស្លេកស្លាំង ហូរឈាមតាមជើងធ្មេញ។ បើមហារីកកូនកណ្ដុរក្រពះ​ធ្វើឱ្យប៉ះពាល់ដល់ការស្ទះពោះវៀន អាចបណ្ដាលឱ្យអ្នកជម្ងឺ ស្លាប់តែម្ដង។ ម្យ៉ាងទៀតលោកអ្នកដែលមានជម្ងឺ​មហារីកកូនកណ្ដុរ​ធ្វើឱ្យមានផលប៉ះពាល់ទៅលើសង្គម​គ្រួសារ ចំណាយថវិកាច្រើន សម្រាប់ធ្វើការព្យាបាល ខាតបង់ពេលវេលា និងប៉ះពាល់ដល់ផ្លូវចិត្ដសង្គម​គ្រួសារផងដែរ។

ដំបូន្មាន​អ្នកជំនាញ

ប្រសិនបើលោកអ្នកមានដុះដុំ​នៅលើសរីរាង្គកាយត្រង់កន្លែងណាមួយ​ដែលអ្នកសង្ស័យថាបង្កឡើងដោយសារជម្ងឺ ត្រូវ រួសរាន់មកកាន់​មន្ទីរពេទ្យជាបន្ទាន់ ដើម្បីជួបគ្រូពេទ្យឯកទេស ធ្វើការពិនិត្យរករោគវិនិច្ឆ័យ​ឱ្យបានទាន់ពេលក្នុងដំណាក់កាលដំបូង ដើម្បីធ្វើការព្យាបាល ទើបទទួលបានលទ្ធផលល្អ។ បើលោកអ្នកទុកយូរ​អាចប្រឈមមុខទៅនឹងការស្លាប់​បាត់បង់ជីវិត​ជាមិនខាន ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *