បន្ទប់គេងត្រូវតែស្អាតដើម្បីភាពស្រស់ស្រាយក្នុងអារម្មណ៍និងសុខភាពល្អ។ មិនតែប៉ុណ្ណោះការរៀបចំសម្ភារៈប្រើប្រាស់នីមួយៗក៏កាន់តែសំខាន់ ដូចជាទូដាក់សម្លៀកបំពាក់ជាដើម។ សណ្ដាប់ធ្នាប់របស់លោកអ្នកអាចបញ្ជាក់បានពីភាពល្អឥតខ្ចោះ និងអនាម័យខ្ពស់ក្នុងការរស់នៅ។
លោកស្រី សាពណ៌ នាយិកាសាលាបង្រៀនកែសម្ផស្ស និងជំនាញក្នុងការរៀបចំគេហដ្ឋាន បានចូលរួមធ្វើការបកស្រាយពី របៀបរៀបចំទូសម្លៀកបំពាក់ ដើម្បីឱ្យលោកអ្នកបានជ្រាប តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ការរៀបចំសម្លៀកបំពាក់
បើសិនជាបន្ទប់គេងរបស់លោកអ្នកធំទូលាយ អាចមានទូសម្លៀកបំពាក់នៅក្នុងនោះតែម្ដង ដើម្បីមានភាពងាយស្រួល ហើយមើលទៅមានភាពសក្ដិសម និងការរៀបចំបានយ៉ាងល្អ។ តែបើសិនជាទីធ្លាបន្ទប់លោកអ្នកមិនធំទូលាយ ទូសម្លៀកបំពាក់ គ្រាន់តែដាក់នៅផ្នែកណាមួយដែលគិតថាសក្ដិសមគឺជាការស្រេច។ ជាទូទៅទូសម្លៀកបំពាក់សុទ្ធតែមានបែងចែកជាថ្នាក់ៗ ដូចនេះ លោកអ្នកត្រូវចេះរៀបចំទៅតាមប្រភេទសម្លៀកបំពាក់។ ធ្នើរព្យួរសម្លៀកបំពាក់លោកអ្នកអាចព្យួរទៅតាមប្រភេទវែង និងខ្លី ដូចជាអាវសាច់ក្រណាត់ រ៉ូបវែងខ្លី និងសំពត់ឬខោវែងខ្លី ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ក្នុងទូ។ ការរៀបចំនេះទៀតសោតដើម្បីឱ្យ មើលទៅកាន់តែសក្ដិសម លោកអ្នកគប្បីរៀបចំអាវយឺតបត់ទុកនៅផ្នែកធ្នើរណាមួយក្នុងទូសម្លៀកបំពាក់ទៅតាមពណ៌របស់វាដើម្បី ឱ្យមើលទៅមានសណ្ដាប់ធ្នាប់ និងងាយស្រួលនៅពេលជ្រើសរើសសម្លៀកបំពាក់ម្ដងៗ។ ចៀសវាងបត់ដាក់ពណ៌ចម្រុះ ព្រោះមើល ទៅមានភាពរញ៉េរញ៉ៃ។ ក្រៅពីនេះ ចំពោះខោខ្លី ឬខោខូវប៊យ គប្បីដាក់ទៅតាមថ្នាក់ៗឱ្យបានស្អាត ចៀសវាងការដាក់លាយឡំគ្នា។
ការសម្អាតទូសម្លៀកបំពាក់
មិនថាលោកអ្នកជ្រើសរើសប្រភេទទូដូចម្ដេចមកប្រើប្រាស់នោះទេ លោកអ្នកគប្បីរៀបចំសម្អាតចេញម្ដងជារៀងរាល់រយៈ ពេលពីពីរសប្ដាហ៍ទៅមួយខែ ដោយយកសម្លៀកបំពាក់ចេញមកក្រៅហើយសម្អាត ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិត និងដាក់ក្លិនក្រអូប ចូលទៅក្នុងទូ។ ក្លិនល្អឬមិនល្អនៅក្នុងទូសម្លៀកបំពាក់របស់លោកអ្នកក៏អាស្រ័យលើសម្លៀកបំពាក់ផងដែរ បើសិនជាសម្លៀកបំពាក់ មិនទាន់ស្ងួតហើយយកទៅព្យួរឬបត់ទុកនោះ វានឹងជះក្លិនចេញមកក្រៅ ហើយនឹងធ្វើឱ្យសម្លៀកបំពាក់ទាំងអស់មានក្លិនមិនល្អដូចគ្នា ដូចនេះសម្លៀកបំពាក់នៅក្នុងទូត្រូវប្រាកដថាស្ងួតទាំងអស់។
ដំបូន្មានអ្នកជំនាញ
សម្លៀកបំពាក់ត្រូវប្រើប្រាស់រាល់ថ្ងៃ និងរាល់ពេលទាំងអស់។ ការថែទាំក្លិន និងអនាម័យក្នុងទូសម្លៀកបំពាក់ជាការចាំ បាច់ណាស់។ លោកអ្នកប្រាកដជាមិនចង់ឱ្យសម្លៀកបំពាក់មានក្លិនមិនល្អ ដោយសារតែការខ្វះអនាម័យក្នុងទូសម្លៀកបំពាក់នោះទេ។ ការអនាម័យក្នុងទូសម្លៀកបំពាក់ក៏ដូចជាការយកចិត្ដទុកដាក់ចំពោះសុខភាពរបស់លោកអ្នកផងដែរ។ អនាម័យ និងសណ្ដាប់ធ្នាប់ល្អ ក្នុងការរស់នៅគឺជាសុខភាពរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply