ធម្មជាតិបង្កើតមនុស្សលោកមកតម្រូវឱ្យមានគូ ហើយនរណាក៏ទន្ទឹងការមកដល់នៃថ្ងៃរៀបការ ដើម្បីបានបុរសម្នាក់មករួមសុខរួមទុក្ខជាមួយគ្នាអស់មួយជីវិតដែរ។ ប៉ុន្ដែមានស្ដ្រីមួយចំនួនសុខចិត្ដជ្រើសរើសយកការរស់ម្នាក់ឯងទៅវិញ។ មានហេតុផលជាច្រើនដែលជាកត្ដាលីករជំរុញឱ្យស្ដ្រីមួយចំនួនព្រមទទួលយកជីវិតនៅលីវអស់មួយជីវិតទៅតាមព្រេងវាសនា ព្រហ្មលិខិតចារមក។
តាមស្ថិតិស្រាវជ្រាវបានឱ្យដឹងថា មានស្ដ្រីរហូតដល់ទៅ២៧.៦ភាគរយ ឬច្រើនជាង១ភាគ៤នៃស្ដ្រីអាយុ៥០ឆ្នាំពុំមាន គូគ្រង។ អ្នកខ្លះសម្លឹងរកបុរសក្នុងសុបិនដែរ តែមិនជួបទាល់តែសោះ។ តើមកពីមូលហេតុអ្វីទៅ? សូមលោកអ្នកតាមដានទស្សនាវដ្ដី សុខភាពយើង អំពីមូលហេតុមួយចំនួនដែលស្ដ្រីមិនព្រមរៀបការ។
មូលហេតុដែលស្ដ្រីមិនព្រមរៀបការ
មិនមែនជាការមិនព្រមឬមិនចង់រៀបការនោះទេ ស្ដ្រីមួយចំនួនចង់ណាស់ តែគ្មានឱកាសដើម្បីរៀបការទាល់តែសោះ។ នៅលើលោកយើងទោះបីជាស្ដ្រីដែលមានរូបរាងអាក្រក់យ៉ាងណាក៏ទីបំផុតនៅតែមានបុរសម្នាក់ព្រមរួមរស់ជាមួយនាងដែរ គ្រាន់តែបុរសនោះសមបំណង សមចិត្ដនាងដែរឬអត់ប៉ុណ្ណោះ។ ខាងក្រោមនេះជាការសិក្សាស្រាវជ្រាវអំពីមូលហេតុមួយចំនួន ដែលជាដើម ចមឱ្យស្ដ្រីព្រមរស់នៅម្នាក់ឯង ៖
១ . ឈឺហើយរាងមួយជីវិត ៖ មានស្ដ្រីមួយចំនួនក្រោយពីបានឆ្លងកាត់ទុក្ខសោកនិងការឈឺចាប់ចំពោះរឿងស្នេហា ធ្វើឱ្យមានការរាងចាលជារៀងរហូត។ ស្នេហាបែកបាក់បានធ្វើឱ្យស្ដ្រីខ្លាចស្នេហា ខ្លាចប្រវត្ដិសាស្ដ្រច្រំដែល ហេតុនេះធ្វើឱ្យនាងពិបាកក្នុងការ សម្លឹងរកស្នេហាថ្មី ឬក៏បើកបេះដូងសេពគប់នរណាឱ្យអស់ពីចិត្ដឡើយ។
២ . គ្មានជំនឿលើខ្លួនឯង ៖ ដោយសាររូបរាងមិនស្អាត ការងារមិនសូវល្អ ប្រាក់ចំណូលតិច បានធ្វើឱ្យស្ដ្រីមួយចំនួនខ្សឹប ប្រាប់ខ្លួនឯងថា “តើមាននរណាមកស្រឡាញ់ខ្ញុំទៅ បើខ្ញុំមិនមានអ្វីសោះបែបនេះ”។ សូមសុភាពនារីគិតថា នាងត្រូវតែមានការជឿ ជាក់លើខ្លួនឯង ដើម្បីស្វែងរកស្នេហាមួយដែលសមបំណង។
៣ . គំនិតអគតិប្រុសល្អគ្មានទេ ៖ គំនិតអាចកើតចេញពីហេតុផលដំបូងដែលនាងមានការឈឺចាប់ក្នុងអតីតកាល។ ប៉ុន្ដែក៏នៅមានហេតុផលផ្សេងៗទៀតដែរ ដូចជានាងលើកតម្កើងខ្លួនឯងហួសហេតុពេក អ្នកក្រមិនហ៊ានអ្នកមានមិនមក។ តាមពិតទៅបុរសល្អមានច្រើនណាស់ គ្រាន់តែនាងសម្លឹងមិនទាន់ចំតែប៉ុណ្ណោះ។
៤ . គ្មានពេលសម្រាប់ស្នេហា ៖ ជាស្ដ្រីសម័យថ្មីដែលត្រូវក្រោកពីព្រឹកទៅធ្វើការមកដល់ផ្ទះនៅពេលយប់ មានអារម្មណ៍ អស់កម្លាំងល្ហិតល្ហៃ ជាដើមហេតុធ្វើឱ្យស្ដ្រីគ្មានពេលចេញទៅសង្គមខាងក្រៅ ដើម្បីសេពគប់នរណាម្នាក់ឱ្យដល់ឫសគល់ពិតប្រាកដ នោះទេ។
៥ . ព្រហ្មលិខិតជាអ្នកសម្រេច ៖ ស្ដ្រីមួយចំនួនគិតគូព្រេងមិនចាំបាច់ដើររកទេ ឱ្យតែដល់ពេលនឹងមកដោយខ្លួនឯង ព្រោះទេវតាឬព្រហ្មលិខិតបានកម្រិតពីធម្មជាតិរួចទៅហើយ។ ហេតុនេះហើយទើបបានជាស្ដ្រីមួយចំនួនដេកចាំព្រេងវាសនាធ្លាក់មក ពីលើមេឃ។ ជួនកាលនោះគ្រាន់តែជាសុបិនប៉ុណ្ណោះ ហេតុនេះនាងត្រូវតែរកឱកាសដើម្បីឱ្យការសុបិននោះក្លាយជាការពិត។
៦ . ខ្លាចដូចគេ ៖ មានស្ដ្រីមួយចំនួនដោយតែមើលឃើញពីហេតុការណ៍អាក្រក់ផ្សេងដែលកើតមានឡើងនៅក្នុងសង្គម គ្រួសារខ្លួនឯង ដូចជាឪពុកប្រើហិង្សាទៅលើម្ដាយនិងកូនៗ គ្មានសុភមង្គល ការលែងលះ ជាហេតុធ្វើឱ្យរអាក្នុងការរៀបការ ព្រោះ ខ្លាចជីវិតនាងដូចពួកគេទាំងនោះ។
៧ . ចង់បានសេរីភាព ៖ ស្ដ្រីខ្លះយល់ថាការរស់នៅម្នាក់ឯងអាចធ្វើឱ្យនាងបានសម្រាកកាយ មានសេរីភាព និងអាចត្រួតត្រា ខ្លួនឯងបាន ចង់ទៅណាស្រេចនឹងចិត្ដ។ ការរស់នៅម្នាក់ឯងព្រោះមិនចង់ជាប់ចំណងអាពាហ៍ពិពាហ៍កូនចៅរញ៉េរញ៉ៃច្រើន អាចរស់ យ៉ាងស្ងប់ស្ងាត់តែម្នាក់ឯង។
អ្វីដែលលើកមកជម្រាបជូននៅពេលនេះ គ្រាន់តែជាមូលហេតុខ្លះប៉ុណ្ណោះទេ នៅមានមូលហេតុផ្សេងៗជាច្រើនទៀត ដែលធ្វើឱ្យសុភាពស្ដ្រីទាំងឡាយសុខចិត្ដនៅលីវអស់មួយជីវិត។
រស់នៅម្នាក់ឯងក៏មានសេចក្ដីសុខ
ទោះបីជាអ្នកនាងព្រមទទួលយកការរស់នៅម្នាក់ឯងអស់មួយជីវិត ក៏អ្នកនាងអាចធ្វើឱ្យជីវិតរបស់ខ្លួនមានសេចក្ដីសុខបាន ដែរ។ អ្នកនាងអាចធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកនាងបានរីករាយ ដោយគ្រាន់តែឆ្លៀតពេលសម្រាកពីការងារ ៖
– ហាត់ប្រាណ ៖ ការហាត់ប្រាណនៅតាមទីសាធារណៈ ឬទីធ្លាស្រឡះណាមួយ ដូចជារត់ ដើរ ជិះកង់ វាយកូនគោល ឬជិះសេះ នឹងអាចផ្ដល់ភាពស្រស់ស្រាយយ៉ាងពិសេស ព្រោះវាបានបង្ហាញនូវអារម្មណ៍សេរីភាពមួយយ៉ាងពិតប្រាកដ។
– ដើរមើលរបស់ល្អៗ ៖ ទៅតាមហាងធំៗរកមើលសម្ភារៈតុបតែងផ្ទះស្អាតៗ ឬក៏ម៉ូតខោអាវថ្មីៗ ហើយបើមានអ្វីជក់ចិត្ដ នោះ អ្នកអាចចំណាយពេលធ្វើឬនៅជាមួយវាពេញមួយថ្ងៃក៏បាន ដើម្បីកាត់បន្ថយភាពអផ្សុកបានខ្លះ។
– ចេញទៅជួបមិត្ដភក្ដិ ៖ អ្នកនាងអាចចំណាយពេលដើរកម្សាន្ដជាមួយមិត្ដភក្ដិ ឬក៏ធ្វើទេសចរណ៍ទៅតំបន់ឆ្ងាយៗ ដើម្បី ជួយឱ្យជីវិតរីករាយឡើង។
– រកការងារដែលពេញចិត្ដ ៖ ដើម្បីកាត់បន្ថយអារម្មណ៍ស្រងេះស្រងោច អ្នកនាងគប្បីរកការងារដែលខ្លួនពេញចិត្ដធ្វើក្នុង គោលដៅធ្វើខ្លួនឱ្យក្លាយទៅជាអ្នករវល់ម្នាក់។ ការទុកខ្លួនឱ្យនៅទំនេរ អ្នកនឹងគិតកាន់តែវែងឆ្ងាយនាំតែពិបាកចិត្ដឥតប្រយោជន៍។
ការប៉ះពាល់នៃការរស់នៅម្នាក់ឯង
បើទោះជានៅពេលបច្ចុប្បន្ននេះមិនទាន់មានការស្រាវជ្រាវណាមួយអំពីផលប៉ះពាល់នេះក៏ដោយ។ ប៉ុន្ដែមានសិក្សាមួយបាន បង្ហាញថា អ្នកដែលនៅលីវមានអត្រាប្រឈមមុខនឹងជម្ងឺផ្លូវចិត្ដច្រើនជាងអ្នកដែលមានគូ។ ក្រៅពីនេះ បើស្ថានភាពនៃការរស់នៅ ម្នាក់ឯងរបស់វប្បធម៌ខ្មែរយើងគឺពិតជាមានការពិបាក នៅពេលដែលអ្នកនាងមានវ័យកាន់តែចាស់ទ្រុឌទ្រោម ពេលមានជម្ងឺគ្មាន អ្នកមើលថែជាដើម។
បណ្ដាំផ្ញើ
មិនមែនអ្នកដែលមិនមានគូសុទ្ធតែជាជនបរាជ័យនោះទេ ព្រោះមានមនុស្សស្រីមួយចំនួនក៏រស់នៅក្នុងសភាពមេម៉ាយដែរ។ បែបនេះមិនមែនមានន័យថា ជំរុញឱ្យអ្នកនាងរស់នៅម្នាក់ឯងនោះទេ សំខាន់នៅលើការពិចារណាផ្ទាល់របស់អ្នកនាងមាន ឬគ្មានប្ដីល្អជាង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១
Leave a Reply