ធម្មជាតិផ្ដល់អោយមនុស្សមិនដូចគា្នទេ អ្នកខ្លះមានរោមភ្នែកស្ដើង និងខ្លីសឹងតែគា្មន។ ចំណែកអ្នកខ្លះទៀត មានរោមភ្នែកក្រាស់ វែង និងខ្មៅ ប៉ុន្ដែមិនកោងល្អ។ រីឯអ្នកខ្លះទៀតមានរោមភ្នែកខ្មៅ ក្រាស់ កោង និងល្អពីធម្មជាតិ។ ប៉ុន្ដែយើងនៅតែអាចកែច្នៃ និងបន្ថែមសម្រស់រោមភ្នែកឱ្យកាន់តែស្រស់ស្អាតមួយកម្រិតទៀត។
អ្នកស្រី នីរ៉ា នីរ៉ាន់ អ្នកជំនាញកែសម្ផស្សបានបកស្រាយពីវិធីលើកសម្រស់រោមភ្នែករបស់អ្នកនាងដូចតទៅ។
អ្នកដែលមានរោមភ្នែកខ្មៅកោងស្រាប់
អ្នកនាងគ្រាន់តែជ្រើសរើសម៉ាស្ការ៉ាដែលមានគុណភាពល្អ ដោយលាបពត់ទាញតាមចលនាពីគល់រោមភ្នែកទៅលើ រួចសិតរោមភ្នែក ដោយក្រាសសម្រាប់សិតរោមភ្នែក ប៉ុន្ដែមិនចាំបាច់ប្រើប្រដាប់គាបរោមភ្នែកឡើយ ។
អ្នកមានរោមភ្នែកក្រាស់តែមិនកោង“ង”ល្អ
អ្នកនាងគប្បីប្រើប្រដាប់គាប គាបថ្នមៗ ឱ្យកោងជាមុនសិន ទើបប្រើម៉ាស្ការ៉ាដែលមានសារជាតិជំនួយរោមភ្នែក មកលាបលើរោមភ្នែក។ បន្ទាប់មកត្រូវសិតរោមភ្នែកនោះផងដែរ។ វីធីនេះត្រូវអនុវត្ដជារៀងរាល់ថ្ងៃដដែលៗ នឹងអាចទទួលបានលទ្ធផលល្អ។ គឹរោមភ្នែកនឹងអាចកោងបន្ដិចម្ដងៗ។
អ្នកដែលមិនមានរោមភ្នែក ឬមានតិចតួច
អ្នកនាងអាចពាក់រោមភ្នែកបន្ថែម។ ការពាក់រោមភ្នែកបន្ថែមនេះ អ្នកនាងអាចមានអារម្មណ៏ធ្ងន់និងទើសត្របកភ្នែកបន្ដិចហើយ មានលក្ខណៈមិនដូចធម្មជាតិ។ ប៉ុន្ដែកុំទាន់អស់សង្ឃឹមអំពីរឿងនេះ។ សព្វថ្ងៃ ដោយសារមានការរីកចម្រើនខាងការកែសម្ផស្ស គេបានបង្កើតថ្នាំគ្រាប់សម្រាប់លេប និងថ្នាំសម្រាប់លាបនៅលើរោមភ្នែកដើម្បីជួយឱ្យរោមភ្នែកដុះលូតលាស់ល្អជាងមុន។ លើសពីនេះទៅទៀត យើងអាចធ្វើការដាំរោមភ្នែកដែលអាចឱ្យអ្នកនាងរីករាយ និងរោមភ្នែកខ្មៅ ក្រាស់ និងកោងល្អ ក្នុងរយៈពី៦ខែដល់ទៅពីរឆ្នាំ។ លទ្ឋផលទាំងនេះ គឺអាស្រ័យទៅលើគុណភាពថ្នាំ ដែលអ្នកនាងប្រើ។
ទីបញ្ចប់ អ្នកស្រី នីរ៉ា នីរ៉ាន់ បានធ្វើការណែនាំ ដើម្បីការពារការបាក់ជ្រុះរោមភ្នែកជាយថាហេតុ។ ជៀសវាងការប្រើទឹក ដែលមានកំដៅខ្លាំងយកមកជូតលើភ្នែក ប្រើដៃឆ្លី អេះខ្លាំងៗនៅលើរោមភ្នែកនៅពេលរម៉ាស់។ កុំធ្វើការអ៊ុតរោមភ្នែក ដែលមានជាតិថ្នាំ គីមីច្រើន និងសាក់ភ្នែក។ ជៀសវាងការប្រើផលិតផលម៉ាស្ការ៉ាមួយចំនួន ដែលបង្កអោយពុកផុយរោមភ្នែក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply