ប្រការដែល​ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវ​​​ប្រតិបត្ដិ

ការថែរក្សាគភ៌​នៅពេល​មានផ្ទៃពោះ គឺជាកាតព្វកិច្ច​ដ៏សំខាន់បំផុត​សម្រាប់ស្ដ្រី​ដែលជា​អនាគតមាតា។ នៅប្រទេសកម្ពុជា អត្រាមរណៈមាតា នៅពេល​សម្រាលមាន​ចំនួនច្រើន ដោយសារ​ការយល់ដឹង​របស់ស្ដ្រី​ជាមាតា​ក្នុងការ​ថែរក្សាគភ៌​នៅទាបនៅឡើយ។ តើស្ដ្រីជា​មាតាគ្រប់រូប​គួរប្រតិបត្ដិ​ខ្លួនដូចម្ដេចខ្លះ​នៅពេល​មានគភ៌?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រីសាស្ដ្រាចារ្យ​វេជ្ចបណ្ឌិត គ្រុយ លាងស៊ីម ប្រធានផ្នែកសម្ភព​នៅមន្ទីពេទ្យកាល់ម៉ែត បានផ្ដល់​ដំបូន្មានសំខាន់ៗ​ដល់ ស្ដ្រីដែលជា​មាតា​ទាំងឡាយ ជាប្រយោជន៍​អនុវត្ដឱ្យបាន​ត្រឹមត្រូវ​ក្នុងពេលមាន​ផ្ទៃពោះ។

ការ​ពិនិត្យ​ផ្ទៃពោះ

ជាដំបូងស្ដ្រី​ដែលមានស្វាមី​ស្ថិតក្នុងវយ័​បន្ដពូជត្រូវចងចាំ និងកត់ត្រាទុក​ថ្ងៃដែលមករដូវ ព្រោះថាការ​បាត់រដូវជា​សញ្ញាមួយក្នុង ចំណោមសញ្ញា​ដទៃទៀត​នៃការមានគភ៌។ ដូច្នេះចាប់តាំងពី​ថ្ងៃបាត់រដូវ ឬក្រោយ​បន្ដិចបន្ដួច ស្ដ្រីមាន​ស្វាមីគួរ​ឆាប់រួសរាន់​ទៅពិគ្រោះ​ជាមួយគ្រូពេទ្យ ឬឆ្មប ដើម្បីបញ្ជាក់​អោយច្បាស់ថា តើអ្នកនាង​មានគភ៌​មែនឬទេ?

នៅពេល​ដែលដឹងថា​ខ្លួនមាន​គភ៌ហើយ ស្ដ្រីដែល​ជាអនាគតមាតា​ត្រូវតែទៅ​ពិនិត្យផ្ទៃពោះ​ជារៀងរាល់ខែ មួយខែម្ដង ​នៅមន្ទីរសម្ភព​ឬនៅមណ្ឌលសុខភាព​ដែលនៅជិតផ្ទះ ដើម្បីអោយ​គ្រូពេទ្យ ឬឆ្មបបាន​តាមដាន​ការវិវត្ដន៏​របស់គភ៌ ឬពិនិត្យ​មើលសញ្ញាណ​ដែលនឹង​បង្កគ្រោះថ្នាក់​ដល់ទារក និងដល់ជីវិតម្ដាយ​នៅពេល​សម្រាល។

ការ​បរិភោគ​អាហារ

ស្ដ្រីមានគភ៌​ត្រូវបរិភោគ​អាហារ​ឱ្យបានគ្រប់គ្រាន់ ប៉ុន្ដែកុំ​ឱ្យលើស និងមានពេល​កំណត់​ត្រឹមត្រូវ។ ត្រូវបរិភោគបន្លែ​ដែលមានពណ៌ បៃតង និងលឿងមាន ដូចជាស្ពៃ ស្លឹកបាស ការ៉ុត ប៉េងប៉ោះ​ជាដើម។ លើសពីនេះ​ទៅទៀត ស្ដ្រីត្រូវ​បរិភោគត្រី សាច់ ស៊ុត ថ្លើម ព្រោះវា សម្បូរទៅ​ដោយជាតិ​ប្រូតេអ៊ីន និងជីវជាតិ​ចាំបាច់សម្រាប់​ការលូតលាស់​របស់់សរីររាង្គ។ សូមពិសារគ្រាប់​កុលិការជាតិដែក និងអាស៊ីតហ្វូលិក ដើម្បីចៀសវាង​ភាពស្លេកស្លាំង និងភាពមិន​ប្រក្រតី​របស់មាតា និងទារក។ ពិសាវីតាមីនអា និងជាតិហ្លុយអរ ព្រោះវាជួយឱ្យ​ភ្នែកភ្លឺ និងធ្មេញល្អ។ មិនត្រូវបរិភោគ​ចំណីអាហារណា​ដែលមាន​ខ្លាញ់ច្រើន និងផ្អែមពេក ជាពិសេសអាហារ​នៅពេលចូលរួម​ពិធីជប់លៀង ហើយត្រូវ​ចៀសវាងការ​ទទួលទានបារី និងសុរា។

រូបភាពទស្សនាវដ្តីសុខភាពយើង

សកម្មភាព​ប្រចាំថ្ងៃ

ស្ដ្រីមាន​ផ្ទៃពោះ​ត្រូវចៀសវាង​ធ្វើកិច្ចការណា​ដែលហត់​នឿយពេក ការធ្វើដំណើរ​ផ្លូវឆ្ងាយ ការពាក់ស្បែក​ជើ់ងកែងខ្ពស់ៗ ព្រោះអាច​បណ្ដាលឱ្យ​ប៉ះពាល់​ដល់ទារក​ក្នុងផ្ទៃ ដូចជារលូត ឬសម្រាលមិន​គ្រប់ខែជាដើម។ ចៀសវាង​ភាពត្រជាក់ ដូចជាការ​ងូតទឹកយប់​ដែលនាំ ឱ្យទារកថ្លោស​ពិបាកសម្រាល។ ម្យ៉ាងទៀត​ភាពត្រជាក់​វាជាកត្ដាមួយបង្ក​ឱ្យមានជំងឺ​ក្រឡាភ្លើង។

លំហាត់​ប្រាណ

ស្ដ្រីមាន​គភ៌ក៏អាចធ្វើ​លំហាត់ប្រាណ​បានដែរ ប៉ុន្ដែមិនអាច​ហាត់ខ្លាំងៗ ដូចជារត់ ហក់លោត និងប្រឹងលើក​ដុំដែកធ្ងន់​ជ្រុលនោះទេ។ អ្នកនាងអាច​លើកដៃ លើកជើង ពត់ខ្លួន​ទៅឆ្វេង ទៅស្ដាំ​ជាដើម។   ស្ដ្រីមានផ្ទៃ​ពោះគប្បី​ស្លៀកពាក់​សម្លៀកបំពាក់​រលុងៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *