ខ្យល់អាកាសដែលយើងដកដង្ហើមស្រូបចូលក្នុងខ្លួន មិនមែនសុទ្ធតែបរិសុទ្ធនោះទេ។ ផ្សែងឧស្ម័ន និងសារជាតិពុលបានបំផ្លាញខ្យល់ង្ហើមរបស់យើង គំរាមកំហែងសុខភាពសាព៌ាង្គកាយ។ មិនត្រឹមតែបំពុលនៅក្នុងបរិស្ថានធម្មជាតិទេ ផ្សែងឧស្ម័ន និងធាតុពុលអាចបំពុលលំនៅដ្ឋាន បច្ចុប្បន្ននេះផងដែរ។
ផ្នែកខាងក្នុងលំនៅដ្ឋានរបស់យើង ក៏អាចរងទទួលការបំពុលដោយសារធាតុ និងឧស្ម័នបំពុលជាច្រើនដែរ។ ជាពិសេស នៅតាមលំនៅដ្ឋាន តាមទីក្រុងដែលបិទជិតពេក ខ្យល់អាកាសពោរពេញទៅដោយធាតុបំពុលបរិយាកាសយ៉ាងគ្រោះថ្នាក់ នៅច្រាស់ច្រាលវិលវល់ចេញមិនរួច។
ការប្រឈមជាប្រចាំយូរអង្វែង ជាមួយនឹងធាតុបំពុលទាំងនេះ បង្កជាអាការៈប្រតិកម្ម (អាឡែកហ្ស៊ី) ការបំពុល ឬពុល ហើយជួនបង្កជា រោគឆ្លងផ្សេងៗ។ ជម្ងឺឆ្លងទាំងនេះ ស្ដែងចេញជាអាការៈកន្ដួលរមាស់លើស្បែក រមាស់ក្រហល់ក្រហាយភ្នែក ក្អក ឈឺបំពង់ក ឈឺក្បាលជាដើម។ ការ ប្រឈមមុខទាំងនេះ មួយរយៈពេលយូរ ជួនក្លាយជាកត្ដាជម្រុញការកកើតជម្ងឺមហារីក។ ធាតុ និងឧស្ម័នពុលនៅក្នុងលំនៅដ្ឋាន ដែលប្រទះឃើញជា ញឹកញាប់មានដូចតទៅ ៖
ផ្សែងបារី
ផ្សែងបារីមានផ្ទុកទៅដោយសារធាតុបំពុល ដែលប៉ះពាល់ដល់សុខភាពជាខ្លាំង ដូចជាកាបូនម៉ូណូអុកស៊ីដ ជាតិគួដ្រុង ជាតិនីកូទីនជាដើម។ ក៏អ្នកជក់បារីងាយទទួលរងការកកើតជម្ងឺដុំសាច់ និងជម្ងឺមហារីក។ សមាជិកក្រុមគ្រួសារមានប្ដីប្រពន្ធកូន និងអ្នករួមដំបូលដទៃទៀត អាចទទួលរងផលប៉ះពាល់ដូចអ្នកជក់ដែរ។
ជាតិផ័រម៉ាល់ដេអ៊ីដ
ជាតិផ័រម៉ាល់ដេអ៊ីដ ជាសារធាតុមួយមុខ ដែលគេប្រើនៅក្នុងផលិតផលគ្រឿងសំណង់ ផលិតផលសំយោគ (ដូចជាកម្រាលព្រំ វាំងននជាដើម) គ្រឿងបង្កក ឬពង្រឹង និងផលិតផលសម្អាងដទៃទៀត។ ជាតិផ័រម៉ាល់ដេអ៊ីដនេះ អាចសាយភាយចេញនៅក្នុងលំនៅដ្ឋាន។ ដោយសារកម្រិត នៃការប្រើប្រាស់សារជាតិនេះ ពិបាកប៉ាន់ស្មាន ឬដឹងបាន កាលណាកំហាប់កើនខ្ពស់អាចបង្ក និងបណ្ដាលឱ្យមានវិបត្ដិផ្លូវដង្ហើម។
ឧស្ម័នរ៉ាដុង
ឧស្ម័នរ៉ាដុងដែលបែកចេញពីជាតិអ៊ុយរ៉ានីញ៉ូម មិនបង្កជាគ្រោះថ្នាក់ទេ បើវាមានបរិមាណតិចតួចបំផុតនោះ។ ជាតិអ៊ុយរ៉ាញ៉ូមឃើញមាន នៅក្នុងដីជាតិខនិជ ពោលគឺមាននៅក្នុងគ្រឿងសំណង់មួយចំនួន ដូចជាឥដ្ឋ បេតុងជាដើម។ ជាតិអ៊ុយរ៉ានីញ៉ូមនេះមានពាសពេញបរិយាកាស តែនៅក្នុងលំនៅដ្ឋានវាអាចប្រមូលផ្ដុំ បង្កកំណើតអត្រាកម្រិតខ្ពស់។ ឧស្ម័នរ៉ាដុងបំបែកខ្លួនជាអាតូមវិទ្យុសកម្ម ដែលទៅភ្ជាប់ខ្លួននឹងកម្ទេចលំអងធូលី។ ពេលដែលយើងដកដង្ហើមចូលវាទៅក្នុងខ្លួន វាបង្កជាជម្ងឺដំបៅសួត ជួនបង្កជាជម្ងឺមហារីក បើការប្រឈមដដែលយូរអង្វែង។
ជាតិបំពុលផ្សេងទៀត
ចង្ក្រានហ្គាស បញ្ចេញជាតិអាសូតអុកស៊ីដ។ ជាតិកាបូនម៉ូណូអុកស៊ីដភាយចេញពីចង្ក្រាន ឬឡដាំស្ល។ កម្ទេចជាតិអាមីញ៉ង់ ក៏បង្កគ្រោះ ថ្នាក់ធ្ងន់ធ្ងរដល់សុខភាពផងដែរ ករណីអាមីញ៉ង់នេះ ជាប្រធានបទក្ដៅគគុកមួយ នៅក្នុងក្របខ័ណ្ឌសុខភាពសាធារណៈ នៅប្រទេសបារាំង ប៉ុន្មានទសវត្សចុងក្រោយនេះ។
ត្រូវធ្វើដូចម្ដេចទៅ?
នៅតាមលំនៅដ្ឋាន សូមធ្វើការប្រុងប្រយ័ត្នជាពិសេសចំពោះផលិតផលបំពុលជាតិហ្គាស។ ពីព្រោះថា បើផ្សែងឧស្ម័ន និងជាតិបំពុលលំនៅដ្ឋានផ្សេងទៀត បង្កការកកកុញ នោះខ្យល់អាកាសនៅក្នុងលំនៅដ្ឋាននឹងចោទជាបញ្ហា។ ប្រសិនបើលំនៅដ្ឋាននោះ មានខ្យល់អាកាសចេញចូល ជា ពិសេសនៅតាមជនបទ មិនមានជាបញ្ហាធំដុំទេ។ ផ្ទុយទៅវិញ ចំពោះគេហដ្ឋាននៅតាមទីប្រជុំជន ដូចជា ផ្ទះយើង បន្ទប់ជួលស្នាក់នៅជាដើម សូមធ្វើ ការរៀបចំប្រព័ន្ធបូម និងបក់ខ្យល់ចេញចូលឱ្យបានត្រឹមត្រូវ។ គប្បីត្រូវគិតផងដែរ អំពីបំពង់បង្ហុយផ្សែងនៅចង្ក្រានបាយ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply