បច្ចុប្បន្ននេះការរីកចម្រើននៃវិទ្យាសាស្ដ្រ កាន់តែមានភាពជឿនលឿន។ អ្នកវិទ្យាសាស្ដ្របានបង្កើតឧបករណ៏ទំនើបៗជាច្រើនបម្រើឱ្យវិស័យផ្សេងៗ ដើម្បីឱ្យកាន់តែបង្កការងាយស្រួលដល់មនុស្សក្នុងការប្រើប្រាស់។ យ៉ាងណាមិញ នៅក្នុងវិស័យសុខាភិបាលវិញក៏មានឧបករណ៍ ទំនើបៗសម្រាប់បម្រើដល់ការព្យាបាលជម្ងឺឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ផងដែរ។ ទស្សនាវដ្ដីសុខភាពយើង សូមណែនាំ ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យយល់ដឹងនូវឧបករណ៍ទំនើបមួយប្រភេទ ដែលហៅថា ឧបករណ៍ឆ្លុះក្រពះប្រើដោយប្រព័ន្ធវីដេអូ។
តើអ្វីទៅជាឧបករណ៍ឆ្លុះក្រពះ?
ឧបកណ៍ឆ្លុះក្រពះ ដែលទស្សនាវដ្ដីសុខភាពយើងនឹងលើកយកមកបង្ហាញជូននេះ គឺជាឧបករណ៍ឆ្លុះប្រើដោយប្រព័ន្ធវីដេអូ ហើយដែល ភាសាបារាំងហៅថា ហ្គាសស្ដ្រូស្កុប (Gastroscope). ឧបករណ៍ឆ្លុះក្រពះ ឬហ្គាសស្ដ្រូស្កុបប្រើដោយប្រព័ន្ធវីដេអូនេះ គឺជាឧបករណ៍សម្រាប់ឆ្លុះក្រពះ ប្រើដោយប្រព័ន្ធវីដេអូ ដែលជាប្រព័ន្ធទំនើបទើបតែស្រាវជ្រាវឃើញថ្មី អាចមើលឃើញរូបភាពច្បាស់ វាប្រៀបដូចជាកាមេរ៉ាថតអីញ្ចឹងដែរ។ វាជាឧបករណ៍ពិសេសមានភ្ជាប់ខ្សែទុយោមួយ ហើយយើងយកទុយោនោះស៊កតាមបំពង់ក តាមបំពង់អាហារ ចូលទៅក្នុងក្រពះ។ ប្រព័ន្ធនេះនៅពេល ដែលយើងឆ្លុះមើលក្រពះវាបព្ចោញរូបភាពមកខាងក្រៅតាមរយៈវីដេអូ។ យើងក៏អាចថត ឬបោះពុម្ភរូបភាពចេញក្រៅបានដែរ។ ឧបករណ៍នេះបាន បង្កើតឡើងមុនដំបូងគេនៅប្រទេសជប៉ុន ក្នុងអំឡុងទសវត្សទី៨០ ដែលប្រទេសកម្ពុជាទើបតែនាំចូលមកនៅក្នុងឆ្នាំ២០០០។
ឧបករណ៍ឆ្លុះក្រពះប្រភេទនេះមានសារៈសំខាន់ដូចម្ដេចខ្លះ?
លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯកទេសផ្នែកថ្លើមក្រពះពោះវៀន នៃមន្ទីរពេទ្យកាលម៉ែត បានបង្ហាញឱ្យដឹងពីសារៈប្រយោជន៍ នៃឧបករណ៍នេះថា វាមានសារៈប្រយោជន៍សំខាន់ណាស់់ នៅក្នុងផ្នែកពោះវៀនក្រពះ ព្រោះបើសិនគ្មានវាទេ គ្រូពេទ្យឯកទេសសឹងមិនអាចធ្វើការអ្វី កើតទេ។ ពោលគឺយើងមិនអាចធ្វើការវិនិច្ឆ័យរោគ ដឹងអ្វីដែលកើតមាននៅក្នុងក្រពះបានទេ។ តាមរយះការថតអេកូកាំរស្មីអ៊ិច ក៏យើងមិនអាចបាន ឃើញរូបភាពបានប្រាកដប្រជាដូចឧបករណ៍នេះដែរ។ តាមរយះឧបករណ៍នេះ យើងអាចឃើញរូបភាពច្បាស់ ហាក់បីដូចជាយើងបានលូនចូលទៅក្នុង ក្រពះដូច្នោះដែរ។ យើងអាចឃើញរោគក្នុងក្រពះទាំងអស់ ដូចជាការរលាកក្រពះ មហារីកក្រពះ ដំបៅក្រពះជាដើម។ មិនត្រឹមតែប៉ុណ្ណោះ យើងអាចព្យាបាលអាការៈរោគ ដូចជាក្នុងករណីមានការធ្លាក់ឈាម ឈាមកំពុងតែហូរក្នុងក្រពះជាដើម ជាមួយឧបករណ៍នេះ យើងអាចចាក់ថ្នាំឃាត់ ឈាមបានភ្លាមៗទៀតផង។ ជួនកាលឈាមបណ្ដាលមកពីបែកសរសៃឈាម យើងអាចចងសរសៃឈាម តាមរយៈឧបករណ៍នេះបានទៀត។ ឧបករណ៍នេះបង្កការងាយស្រួលដល់គ្រូពេទ្យក្នុងការឃាត់ឈាមមានប្រសិទ្ធភាពខ្ពស់ ហើយមិនបង្កឱ្យមានការគ្រោះថ្នាក់ដល់សុខភាព ដូចការថតកាំរស្មីអ៊ិចទេ។
អ្នកជម្ងឺក្រពះគ្រប់រូប ចាំបាច់ត្រូវតែធ្វើការពិនិត្យដោយឧបករណ៍ឆ្លុះក្រពះនេះឬ?
អ្នកជម្ងឺក្រពះពុំមែនសុទ្ធតែត្រូវឆ្លុះជាមួយនឹងឧបករណ៍នេះទាំងអស់នោះទេ ព្រោះថាវាអស់ថវិកាច្រើន។ ក្នុងការឆ្លុះម្ដងអ្នកជម្ងឺត្រូវ ចំណាយថវិកាអស់ប្រមាណ១០ដុល្លា។ មានអាការៈរោគខ្លះចាំបាច់ត្រូវឆ្លុះជាមួយឧបករណ៍នេះ ដើម្បីធ្វើការវិនិច្ឆ័យរោគ។ ហើយពេលខ្លះទៀតយើង ត្រូវឆ្លុះជាបន្ទាន់ នៅពេលដែលទាក់ទងនឹងការសង្គ្រោះជីវិតដូចជា អ្នកជម្ងឺមានការធ្លាក់ឈាមក្នុងបំពង់អាហារ ឬក្អួតឈាមដែលបានន័យថា ក្នុងក្រពះមានការធ្លាយហូរឈាម។ បើយើងមិនធ្វើការឃាត់ឈាមឱ្យបានទាន់ពេលវេលាទេ គឺអាចឱ្យអ្នកជម្ងឺមានការបាត់បង់ជីវិតបាន។ ករណីដែលត្រូវឆ្លុះ ជាមួយឧបករណ៍នេះ ប្រការសំខាន់ថាតើអ្នកជម្ងឺមានអាការៈរោគដែលយើងសង្ស័យថាមានជម្ងឺដំបៅក្រពះ រលាកក្រពះ និងមហារីកក្រពះឬទេ?
ពេលមានអាការៈសង្ស័យថាមានជម្ងឺក្រពះ ជាដំបូងអ្នកជម្ងឺត្រូវមកជួបគ្រូពេទ្យជំនាញត្រឹមត្រូវជាមុនសិន ដើម្បីពិភាក្សាគ្នា។ ឧបករណ៍នេះមិនប៉ះពាល់ដល់សុខភាពទេ គឺជាឧបករណ៍ដែលមិនបង្កគ្រោះថ្នាក់ទេ នារីមានផ្ទៃពោះក៏អាចពិនិត្យបានដែរ។ ឧបករណ៍ឆ្លុះក្រពះមិនធ្វើ ឱ្យមានការឈឺចាប់អ្វីទាំងអស់ គឺគ្រាន់តែអ្នកជម្ងឺមានអាការៈចង់ក្អួតបន្ដិចបន្ដួច ប៉ុន្ដែគ្រូពេទ្យមានវិធីពន្យល់ ដើម្បីឱ្យអ្នកជម្ងឺទ្រាំបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply