តើបន្ទាប់ពីភរិយាឆ្លងទន្លេហើយរយៈពេលប៉ុន្មានខែ ទើបប្ដីប្រពន្ធអាចរួមដំណេកបានបន្ដទៀត? លោក រ.ឌ អាយុ ២៧ឆ្នាំ ភ្នំពេញ
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ពេលសម្រាលកូន ទ្វារមាសស្ដ្រីសុទ្ធតែត្រូវទទួលរងការដាច់ដោច គ្រាន់តែតិចតួច ឬច្រើនប៉ុណ្ណោះ។ ការចាប់ផ្ដើមរួមភេទ វាអាស្រ័យទៅនឹងការជាសះស្បើយនៃទ្វារមាសឆាប់រហ័ស ឬយូរនិងការវិលមកវិញនៃចំណង់ផ្លូវភេទរបស់ស្ដ្រីជាភរិយា។
បន្ទាប់ពីសម្រាលកូនរួច ទ្វារមាសដែលរងការដាច់ដោចនោះ នៅមានអាការៈឈឺ និងចាប់ជាសះដូចធម្មតាវិញ ជួនកាលត្រូវការ ពេលវេលាដល់ទៅ២ ឬ៣សបា្ដហ៍ឯណោះ។ រយៈពេលនេះ ស្ដ្រីពិបាកទទួលយកការរួមភេទណាស់។ បើការឈឺចាប់នេះបន្ដលើសពី២ ឬ៣សបា្ដហ៍ គប្បីរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសម្ភពជាបន្ទាន់។
ម្យ៉ាងទៀតក្រោយពីសម្រាលកូនរួច ស្ដ្រីមិនទាន់មានអារម្មណ៍ផ្លូវភេទទេ ដោយសារថាពេលសម្រាល ស្ដ្រីទទួលរងនូវការលំបាក ជាច្រើនហើយក៏អាស្រ័យទៅលើស្ថានភាពផ្លូវចិត្ដរបស់គាត់ផងដែរ។ ការហត់នឿយអស់កម្លាំង ក៏ជាកត្ដាមួយជះឥទ្ធិពលដល់ការវិលមកវិញ នៃចំណង់ផ្លូវភេទដែរ។ ជាទូទៅស្ដ្រីចាប់មានចំណង់ផ្លូវភេទដូចធម្មតាវិញ ចាប់ពី១ខែទៅ៦ខែ។
ជារួម បើសិនការសះស្បើយទ្វារមាសបានល្អ ហើយអារម្មណ៍ផ្លូវភេទរបស់គាត់ឆាប់វិលមកវិញ លោកអ្នកអាចចាប់ផ្ដើមរួមដំណេក បានរហ័ស តែយ៉ាងលឿនបំផុត១ខែកន្លះឡើង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply