នៅពេលដែលមនុស្សម្នាក់ទើបតែឆ្លងវីរុសអេដស៍បានរយៈពេល៤ម៉ោង ស្រាប់តែមនុស្សម្នាក់នោះទៅផ្ដល់ឈាម។ សួរថាតើឈាមដែលផ្ដល់ដោយមនុស្សម្នាក់នោះ អាចមានផ្ទុកមេរោគអេដស៍ ឬហ៊ីវដែរឬទេ? អ្នកនាង ម.ក.រ អាយុ ២៣ឆ្នាំ ភ្នំពេញ
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ នៅពេលដែលមនុស្សម្នាក់ឆ្លងវីរុសអេដស៍ មេរោគនេះចាប់ផ្ដើមរត់ចូលទៅក្នុងឈាមរបស់គាត់ភ្លាម។ រយៈពេលប្រមាណជា៣ឬ៤សបា្ដហ៍ ទើបសាព៌ាង្គកាយមនុស្សផលិតបានអង្គបដិបក្ខប្រាណប្រឆាំងនឹងមេរោគអេដស៍។ ពេលឆ្លងដំបូងបុគ្គលនោះ ក៏មានអាការៈរោគបង្កជម្ងឺមួយចំនួនតែក្នុងរយៈពេល១ ឬ២សបា្ដហ៍ប៉ុណ្ណោះ។
ងាកមកសំណួរអ្នកនាងវិញ សព្វថ្ងៃមិនទាន់មានការស្រាវជ្រាវជាក់លាក់អំពីចំនួនម៉ោងនេះនៅឡើយទេ។ តែរយៈពេល៤ម៉ោង ដែលមេរោគអេដស៍អាចចូលទៅដល់ក្នុងឈាម អាស្រ័យទៅលើកម្រិតឆ្លងផងដែរ តាមឈាមឬតាមការរួមភេទ បរិមាណឈាម និងមេរោគឆ្លងចូលតិចតួចឬច្រើន។ ប៉ុន្ដែឈាមដែលផ្ដល់នោះ អាចនិយាយបានដែរថា មិនទាន់មានផ្ទុកមេរោគអេដស៍ទេ ហើយគ្មានបច្ចេកទេសណាអាចមើលមេរោគអេដស៍ ទើបឆ្លងក្នុងរយៈពេល ៤ម៉ោងដែរទេ។ ដូច្នេះដើម្បីសុវត្ថិភាពសុខភាព បើចង់ឬត្រូវបញ្ចូលឈាម គប្បីត្រូវប្រើប្រាស់ឈាមដែលមានប្រភពច្បាស់លាស់ ជាពិសេសឈាមដែលយកចេញពីមជ្ឍមណ្ឌលជាតិផ្ដល់ឈាម ដែលបានត្រួតពិនិត្យត្រឹម ត្រូវមុននឹងចេញឱ្យប្រើប្រាស់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦
Leave a Reply