ក្លិនខ្លួន ជាបញ្ហាដែលបុគ្គលរាល់រូបគួរចាប់អារម្មណ៍ និងយកចិត្ដទុកដាក់ថែរក្សា ព្រោះថាមិនមានអ្នកណាម្នាក់ មានក្លិនក្រអូបពីធម្មជាតិនោះទេ។ អ្នកខ្លះមានក្លិនខ្លួនធម្មតា ដោយគ្រាន់តែធ្វើការសម្អាត និងងូតទឹកក៏ជាការស្រេច។ ប៉ុន្ដែអ្នកខ្លះទៀត មានក្លិនធម្មជាតិមិនល្អខុសពីធម្មតា។
ក្លិនខ្លួនមនុស្ស បង្កឡើងដោយសារក្រពេញដែលបញ្ចេញសារធាតុក្លិន ឬដែលហៅថាក្រពេញអាប៉ូគ្រីន។ វានៅជាប់នឹងក្រពេញ ញើស ហើយធ្វើសកម្មភាពបញ្ចេញក្លិន ទៅតាមពេលដែលយើងមានអារម្មណ៍រំភើប ភ្ញោចអារម្មណ៍ ឬបែកញើសជាដើម។ ក្រពេញទាំងនេះ ស្ថិតនៅតាមបរិវេណក្លៀក ប្រដាប់ភេទ ក្រលៀន គូទ សុដន់ជាដើម។ លោកវេជ្ជបណ្ឌិត ថៃ គា អ្នកជំនាញខាងរោគសើស្បែក និងជម្ងឺកាម រោគ បានបកស្រាយដូចតទៅ ៖
មូលហេតុនាំឱ្យមានក្លិនមិនធម្មតា
នោះជាក្លិនមិនល្អពីធម្មជាតិតែម្ដង ដោយសារតែក្រពេញអាប៉ូគ្រីន បញ្ចេញនូវបរិមាណសារធាតុក្លិន ច្រើនដងខុសពីធម្មតា។ នៅ ពេលយើងមានសុខភាពមិនល្អ វាបណ្ដាលឱ្យបែកញើសច្រើន គួបផ្សំនឹងការបញ្ចេញក្លិន
របស់ក្រពេញអាប៉ូគ្រីនថែមទៀត ក៏ធ្វើឱ្យកកើត មេរោគជាប្រចាំនៅជាប់នឹងស្បែក។ ការប្រើផលិតផលធ្វើឱ្យក្លៀកស ដោយមិនមានការណែនាំត្រឹមត្រូវពីគ្រូពេទ្យជំនាញ ក៏អាចធ្វើឱ្យផលិត ផលនោះមានប្រតិកម្មជាមួយក្លៀក ហើយនាំឱ្យមានក្លិនមិនល្អ។
ការមិនយកចិត្ដទុកដាក់ ឬមិនមានពេលសម្អាតខ្លួនឱ្យបានទៀងទាត់ល្អ ទុកបណ្ដោយឱ្យមានក្អែល និងមេរោគប្រមូលផ្ដុំ ក៏ជាមូល ហេតុចម្បងនាំឱ្យមានក្លិនខ្លួនផងដែរ។
ការប្រែប្រួលលំនឹងជាតិអាស៊ីដបាស(ភាសាបារាំងហៅថា ប៉េហាស់ PH) នៅលើស្បែកដោយសារការដុសសម្អាត កកិតខ្លាំងលើ ស្បែក និងការប្រើសាប៊ូមិនត្រូវនឹងស្បែក ក៏បណ្ដាលឱ្យមានក្លិនមិនល្អដែរ។ លំនឹងអាស៊ីដបាសនេះ ជួយធ្វើឱ្យមានតុល្យភាពអាស៊ីដនៅលើ ស្បែក។ ដូច្នេះនៅពេលលំនឹងអាស៊ីដបាសប្រែប្រួល វាអាចនាំឱ្យមានក្លិនមិនល្អ។
វិធីបំបាត់ក្លិនខ្លួន
ត្រូវងូតទឹកសម្អាតខ្លួនឱ្យបានស្អាតដើម្បីកុំឱ្យក្អែល និងមានសារជាតិញើសពូនផ្ដុំបង្កើតជាក្លិនមិនល្អ។ ការងូតទឹកសម្អាតខ្លួននេះ កាន់តែចាំបាច់សម្រាប់អ្នកធ្វើការដោយពលកម្មបញ្ចេញញើសច្រើន។
គប្បីជ្រើសរើសប្រើសាប៊ូដែលសមទៅនឹងស្បែក និងមានសារធាតុសម្លាប់មេរោគស្រាល ព្រោះថា បើសិនយើងប្រើសាប៊ូមានជាតិ សម្លាប់មេរោគខ្លាំង វាអាចនាំឱ្យបាត់បង់លំនឹងអាស៊ីដបាស។ ម្យ៉ាងវិញទៀត ព្រោះថានៅលើស្បែកមានមេរោគអាក្រក់ និងមេរោគល្អ សម្រាប់ជំនួយកោសិកាស្បែករបស់យើង។
គួរប្រើផលិតផលបំបាត់ក្លិនក្លៀកមួយចំនួន ដែលសមស្របទៅនឹងស្បែកលោកអ្នក។ ប៉ុន្ដែចូរចងចាំថា ផលិតផលបំបាត់ក្លិនទាំង នេះ នឹងមានប្រសិទ្ធភាពកាន់តែល្អ ក្រោយពេលយើងងូតទឹកសម្អាតខ្លួនរួចតែប៉ុណោ្ណះ។
ប្រសិនបើមានអាការៈកន្ទួលរមាស់ មានប្រែពណ៌ក្រម៉ៅខុសធម្មតា នៅតាមបរិវេណដែលក្រពេញអាប៉ូគ្រីនបញ្ជេញ គប្បីទៅឱ្យ គ្រូពេទ្យជំនាញធ្វើការពិនិត្យ និងព្យាបាល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply