ការថែរក្សា​សម្រស់ និងសុខភាព​របស់បវរកញ្ញា​ទេសចរណ៍​អន្ដរជាតិ អុិន សុខលីដា

កញ្ញា អុីន សុខលីដា ជាអតីត​បវរកញ្ញា​ទេសចរណ៍​អន្ដរជាតិ ដែលទទួល​បានចំណាត់​ថ្នាក់ជាតិ​លេខ៣ និងចំណាត់ថ្នាក់​អន្ដរជាតិ​លេខ៥ ក្នុងចំណោមប្រទេស៣២ ប្រចាំឆ្នាំ២០០៣។ បច្ចុប្បន្ន សុខលីដា​ជាពិធីការិនី និងជាតារាសម្ដែង កំពុងទទួល​បានការ​ពេញនិយម និងគាំទ្រ​ជាលំដាប់​ពីសំណាក់​ទស្សនិកជន។ ទន្ទឹមនឹង​ការកាន់​តែមាន​ប្រជាប្រិយ៍ភាព​ក្នុងពិភព​សិល្បៈ រូបសម្ផស្ស​របស់កញ្ញា សុខលីដា​ក៏កាន់តែ​ស្រស់ស្អាត​ជាលំដាប់​ផងដែរ។ តើកញ្ញា​ដែលមាន​រូបរាង ខ្ពស់ស្រលន​រូបនេះ មានវិធីរក្សា​សម្រស់ និងសុខភាព​រាងកាយ​យ៉ាងដូចម្ដេចខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីទម្លាយ​អាថ៌កំបាំង អំពីវិធី​ថែរក្សា​សម្រស់ និងសុខភាព​របស់ពិធី​ការិនីវ័យ២១ឆ្នាំ ដ៏ស្រស់ស្អាត​រូបនេះ ទស្សនាវដ្ដី សុខភាពយើង ​បានជួបផ្ទាល់ជា មួយនឹងកញ្ញា អ៊ិន សុខលីដា។ កញ្ញាបានប្រាប់​ឱ្យដឹង​ពីវិធី​ថែរក្សា​សម្រស់ និងសុខភាព​ផ្ទាល់ខ្លួន​ដូចតទៅ។

ការថែរក្សា​សក់

ក្នុងអាជីព​ជាសិល្បការិនី សុខលីដា​ចៀសមិនផុត​ពីការរចនា​ម៉ូតសក់​ដូចសិល្បការិនី​ដ៏ទៃទៀត​ឡើយ ជាពិសេស ដូចជា​ការប្រើ​ប្រេងលាប​សក់ឱ្យរឹង ឬប្រើ​ឧបករណ៍ ធ្វើសក់​ដែលមាន​កម្ដៅ ធ្វើឱ្យខូច​ដល់សរសៃសក់​ជាដើម។ ប្រឈមមុខ​ទៅនឹង​ផលវិបាក​ប៉ះពាល់​ដល់សរសៃសក់​បែបនេះ សុខលីដា​បានជ្រើសរើស សាប៊ូកក់សក់ ដែលមាន​គុណភាពខ្ពស់ ត្រូវទៅ​នឹងសរសៃសក់​របស់ខ្លួន​យកមក​ប្រើប្រាស់។ កក់បន្ថែម​ក្រែមបន្ទន់សក់​ជាប្រចាំ​រាល់លើក​បន្ទាប់ពី​កក់សក់​នឹងសាប៊ូកក់ សក់រួច។ បន្ទាប់មក​ទៀត ការអប់សក់​ជាមួយ​ផលិតផល​មួយចំនួន​ក៏ធ្វើដែរ។ ការប្រីប្រាស់​ផលិតផល​មានគុណភាពល្អ​ទាំងនេះ គឺដើម្បី​ធ្វើឱ្យសរសៃសក់​ទន់រលោង សក់មាន​សុខភាព​រឹងមាំ មិនបែកចុង និងមាន​ជីវិត​ឡើងវិញ។ ការកក់សក់​សម្អាត​របស់កញ្ញា ធ្វើឡើង​រៀងរាល់ពីរ​ថ្ងៃម្ដង។

សម្រស់​ស្បែកមុខ

មុនទទួល​ទានដំណេក សុខលីដា​ប្រើក្រែម​បំប៉នឱ្យ​ស្បែកម៉ដ្ឋ​រលោង ដែលមាន​សារធាតុ​ផ្សំពី​ទឹកឃ្មុំ​លាបលើ​ស្បែកមុខ។ ពេលថ្ងៃ សុខលីដា​ប្រើក្រែមការ ពារកម្ដៅ​ថ្ងៃលាប​ជាទ្រនាប់។ ដោយធ្វើ​ការតុបតែង​មុខជា​រៀងរាល់ថ្ងៃ សុខលីដា​ចាំបាច់​ត្រូវជ្រើសរើស​ម្សៅស្អិត​ជាទ្រនាប់ ឱ្យត្រូវ​នឹងស្បែកមុខ​របស់ខ្លួន។ បើមិន ដូច្នេះទេ ម្សៅស្អិត​ដែលលាប​ជាទ្រនាប់​ក្នុងការ​តុបតែង​មុខនេះ អាចធ្វើ​ឱ្យមាន​ប្រតិកម្ម​លើស្បែកមុខ ដូចជាចេញមុន ភាពគគ្រើម​ជាដើម។ ដោយមាន​ការប្រើ ប្រាស់ម្សៅ​តុបតែង​មុខច្រើន ការលាង​សម្អាតស្បែក​មុខជា​ប្រការ​ចាំបាច់។ ជាដំបូង​យកសំឡី​ផ្សើមជាមួយ​ទឹកស្អាត​មកជូត​ផ្ដិតម្សៅ​នៅលើ​ផ្ទៃមុខ​ឱ្យបានសា្អត ទើប ធ្វើការ​លាងជម្រះ​ជាថ្មី​ម្ដងទៀត​ជាមួយ​នឹងហ្វូម​លាងមុខ។

សុខលីដា​មានត្របក​ភ្នែកងាយ​ប្រតិកម្ម ជាពិសេស​ជាមួយការ​ប្រើប្រាស់​ក្រែមការ​ពារកម្ដៅ​ថ្ងៃនៅ​លើបរិវេណ​ត្របកភ្នែក ពីព្រោះ​ការប្រើ​ប្រាស់ក្រែម នានា តែងតែ​ធ្វើឱ្យភ្នែក​របស់កញ្ញា ប្រែជាហើម​ប៉ោងខុស​ប្រក្រតី។

ការថែរក្សា​បបូរមាត់

សុខលីដា​និយម​ប្រើក្រែម​លាបមាត់​រលោង​ដែលមាន​សារធាតុ​ទឹកឃ្មុំ ដើម្បី​ជំនួយស្បែក​បបូរមាត់​ឱ្យតឹង រលោង និងភ្លឺថ្លាល្អ ជា​ពិសេស​ប្រើនៅ​មុនពេល ទទួលទាន​ដំណេក និងនៅពេល​ដែលបបូរមាត់ មិនមាន​ប្រើក្រែម​ពណ៌តុបតែង។

អនាម័យ​ធ្មេញ

សុខលីដា​ធ្វើការ​ដុសសម្អាត​ធ្មេញ ៥ទៅ៦ដង​ក្នុងមួយថ្ងៃ ជាពិសេស​បន្ទាប់ពីការ​ទទួលទាន​អាហាររួច។ ក្នុងវ័យ​២១ឆ្នាំ សុខលីដា​មិនទាន់​មានជម្ងឺ​ធ្មេញទេ។ ធ្មេញរបស់​កញ្ញាសុទ្ធតែ​ជាធ្មេញ​ធម្មជាតិ​ទាំងអស់ ជាសម្ផស្ស​ដែលត្រូវយក​ចិត្ដទុកដាក់។ ប្រសិនបើ​ធ្មេញមាន​បញ្ហាប្រេះ ពុក ឬបាក់នោះ វាមិន​ត្រឹមតែ​ធ្វើឱ្យ ប៉ះពាល់​សុខភាព និងសម្រស់​ប៉ុណ្ណោះទេ តែថែមទាំង​បង់ខាត​ថវិកា​ក្នុងការ​ព្យាបាល ពេលវេលា​ធ្វើការ ឬប្រកបរបរ​ផ្សេងៗទៀតផង។ ហេតុដូច្នេះ ច្រាស ថ្នាំដុសធ្មេញ និងថ្នាំ​ខ្ពុរមាត់ ត្រូវតែ​ដាក់តាម​ខ្លួនជានិច្ច។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សា​ស្បែកដងខ្លួន

សុខលីដា​បាននិយាយ​ដោយត្រង់ៗថា ខ្លួនមិនមាន​ស្បែកសស្អាតទេ ប៉ុន្ដែមានស្បែក​រលោងភ្លឺថ្លា។ សុខលីដា​បានបង្ហើប​ប្រាប់ថា គួរតែ​ជ្រើសយក​ក្រែម លាបស្បែក​ដែលមាន​ជាតិទឹកឃ្មុំ សម្រាប់​ស្បែកមុខ និងដងខ្លួន។ ក្រែមលាប​លើដងខ្លួន​មានពីរ​ប្រភេទ គឺក្រែមលាប​ពេលយប់​សម្រាប់​បំប៉នស្បែក និងក្រែមពេល ថ្ងៃសម្រាប់​ការពារ​កម្ដៅថ្ងៃ។ គួរជ្រើសរើស​ប្រើសាប៊ូដុស​សម្អាតខ្លួន​មានជាតិទឹក​ឃ្មុំផងដែរ។ សុខលីដា​ចូលចិត្ដ​ញ៉ាំផ្លែឈើ និងបន្លែ ដើម្បីជួយ​ឱ្យមាន​សុខភាពល្អ ស្បែកភ្លឺថ្លា។

ការថែរក្សា​សុខភាព​រាងកាយ

ក្នុងនាម​ជាតារាម្នាក់ ដែលត្រូវ​បង្ហាញមុខ​ក្នុងកម្មវិធី​សិល្បៈជាប្រចាំ សុខលីដា​ជ្រើសរើស​យកវិធី​ថែរក្សារាង ដោយតម​អាហារ​មួយចំនួន។ អាហារ​ជាប្រចាំ​របស់​អ្នកនាង គឺបាយ ម្ហូបបន្ដិចបន្ដួច និងផ្លែឈើ​ប៉ុណ្ណោះ។ ចំពោះ​អាហារ​ដែលមាន​ជាតិខ្លាញ់ និងសាច់ សុខលីដា​មិនទទួល​ទានទេ ព្រោះវាអាច​ធ្វើឱ្យ ធាត់។ ការទទួល​ទានទឹក ឱ្យបាន​មួយលីត្រ​កន្លះទៅពីរ​លីត្រក្នុង​មួយថ្ងៃ អាចជួយ​ឱ្យខ្លួនប្រាណ​មានសុខភាព និងស្បែកល្អ។ ការតម​ហារ ជួនកាល​មានការប្រែ ប្រួលផងដែរ ដូចជាពេលរវល់​កិច្ចការ​មិនមាន​ពេលសម្រាក​គ្រប់គ្រាន់ សុខលីដា​ត្រូវទទួល​ទានអាហារច្រើន ដើម្បីបំពេញ​បន្ថែមសុខភាព។ លើសពី​នេះទៀត សុខលីដា​តែងឆ្លៀត​ពេលហាត់ ប្រាណធ្វើចលនា​ដើមទ្រូង ដើមដៃ សាច់ដុំពោះ ត្រគាក និងភ្លៅ។ ការហាត់ប្រាណ អ្នកនាង​ចំណាយពេល​ចាប់ពី ៣០នាទី ទៅ១ម៉ោង និងចំនួន៣ ទៅ៤ដង​ក្នុងមួយសប្ដាហ៍។ សុខលីដា​មានការ​យល់ដឹង​ពីការ​ហាត់ប្រាណ​ដើម្បីសុខភាព​នេះច្រើន ព្រោះកញ្ញា គឺជាពីធីការិនី​ក្នុងកម្ម វិធីអ៊ីនស្ទាយ  (In Style) ដែលទាក់ទង​ដល់សុខភាព និងការ​ហាត់ប្រាណ។

បណ្ដាំ​ផ្ញើរបស់ អ៊ិន សុខលីដា ចំពោះ​អ្នកអាន

ក្នុងនាមជា​ពីធីការិនី និងជាតារាសម្ដែង​ដ៏មាន​ប្រជាប្រីយ៍ភាព សុខលីដា​បានជូនជា​យោបល់ដល់​លោកអ្នកនាង ជាពិសេស​សុភាពនារី​ទាំងឡាយ គួរយក ចិត្ដទុកដាក់​ថែរក្សាសម្រស់ និងសុខភាព។ ចំពោះសក់ គប្បីកុំ​ប្រើថ្នាំលាប​ពណ៌សក់​ញឹកញាប់​ពេក ព្រោះថ្នាំលាប​សក់អាចធ្វើ​ឱ្យសក់ខូច​បែកចុងជាដើម។ លោកអ្នក នាងគួរចៀសវាង​ប្រើម្សៅលាយ ដែលមិន​ត្រឹមត្រូវ​តាមក្បួន​វេជ្ជសាស្ដ្រ។ នៅពេល​ធ្វើដំណើរ​ខាងក្រៅ គប្បីការពារ​ស្បែកមុខ និងរាងកាយ ដោយប្រើ​ក្រែមការពារ កម្ដៅថ្ងៃ ឬសម្លៀកបំពាក់​ដែលអាចការពារ​ស្បែកបានល្អ ដូចជាអាវដៃវែង មួកការពារ​សុខភាពសក់ជាដើម។ នៅពេលត្រឡប់​ពីធ្វើការ ឬធ្វើដំណើរ​ដែលប៉ះពាល់ នឹងធូលីដី ត្រូវប្រើហ្វូម​លាងសម្អាត​មុខជាប្រចាំ។

សុខភាពល្អ​ក៏គួបផ្សំ​នឹងអារម្មណ៍​រីករាយស្រស់​ថ្លាផងដែរ។ ដូច្នេះលោកស្រី​អ្នកនាងកញ្ញា គួរយក​ពេលវេលា​ខ្លះ ដើម្បីដើរ​លំហែអារម្មណ៍​ឱ្យបានធូរ ស្រាល និងរីករាយ។ នៅពេល​យើងមានសុខភាពល្អ​ និងសម្ផស្សស្អាត ធ្វើឱ្យយើង​មានជំនឿ​លើខ្លួនឯង ​ផ្ដល់នូវភាព​រីករាយ​ដល់ខ្លួន និងអ្នក​នៅជុំវិញ​ខ្លួនយើង​ផងដែរ។

វិធីថែរក្សា​សម្រស់ និងសុខភាព​ដែលបានអត្ថាធិប្បាយ​ជូនមកនេះ ជាបទពិសោធន៍​ផ្ទាល់របស់​ អតីតបវរកញ្ញា​ទេសចរណ៍​អន្ដរជាតិ ​អ៊ិន សុខលីដា។ សូម ប្រិយមិត្ដ​អ្នកអាន​ធ្វើតាម​អ្វីដែល​លោកអ្នក​គិតថា​ល្អបានហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

 

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *