សុភាពនារីទាំងឡាយ តែងតែធ្វើការតុបតែងមុខនៅពេលមានពិធីផ្សេងៗ ដូចជាការចូលរួមពិធីជប់លៀង ពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ជាដើម។ ប៉ុន្ដែមានសុភាពនារីមួយចំនួនមមាញឹកនឹងការងារ ឬធុញទ្រាន់ក្នុងការចំណាយពេលធ្វើដំណើរទៅហាងកែសម្ផស្ស។ លោកស្រី អ្នកនាងកញ្ញាអាចសាកល្បងតុបតែងមុខដោយខ្លួនឯង តាមរយៈការរៀបរាប់បង្ហាញរបស់មេជាងកែសម្ផស្ស អ្នកនាង គង់ កុលលីន។
ការលាងសម្អាតស្បែកមុខ
ដំបូងបង្អស់ ត្រូវជូតសម្អាតស្បែកមុខជាមួយនឹងក្រែមសម្អាតស្បែកមុខ។ បន្ទាប់មកទៀត ត្រូវប្រើទឹកបាញ់សម្អាតផ្ទៃមុខម្ដងទៀត ដើម្បីឱ្យស្បែកមុខ កាន់តែមានភាពស្រស់ថ្លា។
ការប្រើក្រែមជាទ្រនាប់ និងការជ្រើសរើសពណ៌ម្សៅ
ត្រូវប្រើក្រែមការពារកុំឱ្យមានប្រតិកម្មលើស្បែកមុខ និងដើម្បីឱ្យស្បែកទន់រលោងមានសំណើម ដោយលាបទុកចោលរយៈពេលពីពីរ ទៅបីនាទី។ ត្រូវជ្រើសរើសពណ៌ម្សៅទ្រនាប់ស្អិត ឱ្យស្របទៅនឹងសម្បុរស្បែកដងខ្លួនរបស់យើង។ ការធ្វើបែបនេះ គឺដើម្បីចៀសវាងសតែមុខ តែដងខ្លួន និងកខ្មៅនោះ។ ម្សៅស្អិត ត្រូវលាបដោយប្រើអេប៉ុងយកមកញីថ្នមៗលើបរិវេណផ្ទៃមុខ ដើម្បីឱ្យស្បែកមុខម៉ដ្ឋល្អ និងជាប់ម្សៅបានយូរនៅពេលដែលយើងប្រើម្សៅហុយលាបពីលើ។ ក្រោយ មកទៀត ត្រូវប្រើម្សៅពន្លឺពណ៌ស ដែលសុភាពនារីមួយចំនួននិយមប្រើពាក្យ ម្សៅហាយឡាយស មកលាបលើបរិវេណក្រោមភ្នែក ចង្កា និងលើថ្ងាស ដើម្បីឱ្យផ្ទៃ មុខកាន់តែមានពន្លឺស្រស់ថ្លា។ មកដល់ដំណាក់កាលនេះ យើងត្រូវជ្រើសរើសពណ៌ម្សៅហុយឱ្យស្របនឹងស្បែកដងខ្លួន មកផាត់លើម្សៅស្អិត។ ក្នុងករណី ស្បែក មុខអ្នកនាងកញ្ញា ជាប្រភេទស្បែកមុខខ្លាញ់ អ្នកនាងត្រូវប្រើម្សៅផាត់ ផាត់ពីលើម្សៅហុយដែលយើងផាត់រួចមកហើយមួយជាន់ទៀត រួចទើបប្រើជក់មកបោសសម្អាតកម្ទេចកម្ទីរម្សៅ ដើម្បីឱ្យស្មើសាច់ម្សៅ និងមើលទៅឃើញម៉ដ្ឋរលោងល្អ។
ចិញ្ចើម និងភ្នែក
អ្នកនាងកញ្ញា អាចទុកទ្រង់ទ្រាយចិញ្ចើមដើម ឬកោរតាមរាងសណ្ឋានដែលចូលចិត្ដ រួចគូសជាមួយនឹងខ្មៅដៃគូសចិញ្ចើមពណ៌សូកូឡា ដើម្បីឱ្យសម ស្របទៅនឹងទម្រង់មុខរបស់អ្នក។ ចំពោះភ្នែកវិញ ក្នុងករណីភ្នែកមិនសូវធំល្អ ឬមិនមានត្របកភ្នែក អ្នកនាងកញ្ញាអាចបិតជ័រសម្រាប់បិតត្របកភ្នែក ដើម្បីជា ជំនួយដល់អ្នកដែលគ្មានត្របកភ្នែក និងអ្នកដែលមានភ្នែកតូច ឬមធ្យមឱ្យកាន់តែធំមូលល្អ។
ត្រូវជ្រើសរើសពណ៌មកផាត់លើត្របកភ្នែក ឱ្យសមស្របទៅនឹងសម្លៀកបំពាក់របស់អ្នកនាងកញ្ញា ដែលត្រូវស្លៀកចូលរួមក្នុងកម្មវិធីនោះ។ ឧទាហរណ៍ បើសិនត្រូវស្លៀកសម្លៀកបំពាក់ពណ៌លឿង អ្នកនាងកញ្ញាគួរតែផាត់ឱ្យលេចចេញពណ៌សូកូឡាទឹកមាស ឬពណ៌លឿងបែកពណ៌ត្រួយចេក។ បន្ទាប់ពីផាត់ត្របក ភ្នែករួច យើងត្រូវប្រើទឹកគូសភ្នែកនៅតាមរង្វង់ភ្នែក ជាមួយប្រដាប់គូសរង្វង់ភ្នែក រួចទើបពត់រោមភ្នែក និងលាបម៉ាស្ការ៉ាជំនួយឱ្យរោមភ្នែកខ្មៅក្រាស់ល្អ។ ចំពោះ អ្នកដែលមិនមានរោមភ្នែក ឬមានបន្ដិចបន្ដួច អ្នកនាងកញ្ញាអាចពាក់រោមភ្នែកសិប្បនិម្មិតជាជំនួយ។
ផាត់ពណ៌នៅលើថ្ពាល់
ការផាត់ពណ៌នៅលើថ្ពាល់នេះ ក៏ត្រូវមើលឱ្យស៊ីពណ៌ដែលផាត់នៅលើត្របកភ្នែកអ្នកនាងកញ្ញាផងដែរ។ ក្នុងករណីផាត់ត្របកភ្នែកពណ៌លឿងបែកពណ៌ ត្រួយចេកដូចបានរៀបរាប់ខាងលើ អ្នកនាងកញ្ញាគួរតែជ្រើសរើសពណ៌ទឹកក្រូចចាស់ ឬខ្ចីយកមកផាត់លើថ្ពាល់។ ការផាត់ថ្ពាល់នេះ ក៏នៅអាស្រ័យទៅលើទម្រង់មុខ របស់អ្នកនាងកញ្ញាផងដែរ។
– មុខតូច ៖ ត្រូវផាត់អូសចាប់ពីថ្ពាល់ ឡើងទៅជិតជ្រុងក្រោមកន្ទុយភ្នែកនៃថ្ពាល់។
– មុខធំ ៖ ត្រូវផាត់ពាក់កណ្ដាលថ្ពាល់ត្រង់ អូសទៅដល់ចំណុចពាក់កណ្ដាលគុម្ពត្រចៀក រួចទើបផាត់រាងចុះមកក្រោមបន្ដិច។
– មុខជ្រុង និងថ្ពាល់ផត ៖ ត្រូវផាត់អូសចាប់ពីផ្នែកក្រោមនៃថ្ពាល់ តាមទិសដៅពីក្រោមទៅលើចំឆ្អឹងជ្រុងបន្ដិច និងចំថ្ពាល់ផតបន្ដិច។
ការតុបតែងបបូរមាត់
យើងត្រូវយកសម្រាប់គូសរឹមបបូរមាត់ មកគូសតាមរឹមបបូរមាត់ឱ្យលេចចេញទម្រង់បបូរមាត់បានច្បាស់ល្អ និងអាចគូសជាទម្រង់ដែលយើងចង់បាន ដូចជាទម្រង់បេះដូងជាដើម។ តាមរយៈសិល្បៈ និងការប៉ិនប្រសប់ក្នុងការគូសរឹមបបូរមាត់ ក៏អាចជំនួយដល់អ្នកដែលមានបបូរមាត់ធំក្រាស់ ឬតូចស្ដើងជ្រុលឱ្យ មើលទៅឃើញស្អាតសមរម្យបានដែរ។ ការគូសរឹមបបូរមាត់នេះ ត្រូវជ្រើសរើសពណ៌ឱ្យសមស្រប ទៅនឹងពណ៌ដែលបានផាត់លើត្របកភ្នែក។ ចំពោះត្របកភ្នែក ពណ៌លឿងបែកត្រួយចេក យើងគួរជ្រើសរើសពណ៌ទឹកក្រូចចាស់មកគូសតាមរឹមបបូរមាត់។ បន្ទាប់មកទៀត ត្រូវជ្រើសរើសពណ៌ក្រែមលាបបបូរមាត់ឱ្យសមនឹង ពណ៌រឹមបបូរមាត់ ដូចករណីយើងបានជ្រើសរើសរឹមបបូរមាត់ពណ៌ទឹកក្រូចចាស់ ដូច្នេះយើងគប្បីប្រើក្រែមលាបបបូរមាត់ពណ៌ទឹកក្រូចខ្ចី។ ទីបញ្ចប់ យើងលាប ក្រែមដែលមានសារធាតុរលោង ដើម្បីជំនួយដល់បបូរមាត់ឱ្យរលោង និងមានពន្លឺ ក៏ដូចជាឱ្យកាន់តែពន្លេចសម្រស់មុខរបស់អ្នកនាងកញ្ញាថែមមួយកម្រិតទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply