រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជា ក្នុងចំណោមប្រជាពលរដ្ឋសាមញ្ញក្ដី ជាគ្រូពេទ្យក្ដី មិនទាន់មានការយល់ដឹងអំពីភាពញៀន បានច្បាស់លាស់នៅឡើយទេ។ ការមិនយល់ច្បាស់ពីភាពញៀននេះហើយ ធ្វើឱ្យពួកគាត់មានការយល់ច្រឡំថា ថ្នាំព្យាបាលជម្ងឺផ្លូវចិត្ដ ជាថ្នាំញៀនទៅវិញ។
អ្វីទៅជាថ្នាំញៀន?
លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត អ្នកឯកទេសខាងវិកលវិទ្យា បានឱ្យនិយមន័យនៃថ្នាំញៀនថា ថ្នាំញៀន គឺជាសារធាតុទាំងឡាយណាដែលប្រើប្រាស់ទៅ វាជះឥទ្ធិពលមកលើយើង។ នៅពេលយើងប្រើវាយូរទៅ វាធ្វើឱ្យយើងមានចំណង់ប្រើវាកាន់តែខ្លាំង។ ផ្ទុយទៅ វិញ នៅពេលដែលយើងផ្អាកប្រើប្រាស់វា វាធ្វើឱ្យយើងមានចំណង់ប្រើវាខ្លាំងបំផុត។ ទោះបីជាយើងដឹងថា សារធាតុនោះបង្កគ្រោះថ្នាក់ដល់ យើងខ្លាំងយ៉ាងណាក៏ដោយ តែយើងមិនអាចអត់វាបានទេ។ វាធ្វើឱ្យយើងកញ្ជ្រោលទ្រាំមិនបាន មានអ្នកខ្លះរហូតអារដៃដើម្បីសម្រន់នូវភាព កញ្ជ្រោលនោះ។ ប្រៀបដូចជាមនុស្សញៀនស្រា នៅពេលព្រឹកឡើងគាត់ត្រូវតែផឹកស្រា ទោះបីជាគាត់ដឹងថា វាធ្វើទុក្ខក៏ដោយ។
ថ្នាំព្យាបាលជម្ងឺផ្លូវចិត្ដជាថ្នាំញៀន?
ជាការពិត ថ្នាំពេទ្យអាចឱ្យយើងញៀនបាន ប្រសិនបើអ្នកជម្ងឺ ប្រើប្រាស់មិនគោរពតាមវេជ្ជបញ្ជា។ ឧទាហរណ៍ ការប្រើប្រាស់ថ្នាំ ងងុយដេក មានដូចជាវ៉ាល្យូម ត្រង់សែន ឡិចសូម៉ីលជាដើម។ មានអ្នកជម្ងឺខ្លះ ពេលណាគាត់សម្រាន្ដមិនលក់ ដំបូងគាត់លេបម្ដងមួយគ្រាប់ ក្រោយមកលេបពីរគ្រាប់ ទើបធ្វើឱ្យគាត់សម្រាន្ដលក់ មានអ្នកខ្លះទៀតលេបរហូតដល់រាប់សិបគ្រាប់ឯណោះ។
មិនចំពោះតែថ្នាំព្យាបាលជម្ងឺផ្លូវចិត្ដទេ ថ្នាំពេទ្យណាក៏អាចធ្វើឱ្យអ្នកជម្ងឺមានអាការធ្វើទុក្ខដែរ។ ការដែលថ្នាំធ្វើទុក្ខនេះ អ្នកជម្ងឺខ្លះ ចាត់ទុកថា ជាថ្នាំញៀនដែរ។ យ៉ាងណាម៉ិញ ជម្ងឺផ្លូវចិត្ដត្រូវព្យាបាលរយៈពេលយូរ។ នៅពេលគាត់ព្យាបាលបានស្រួលបន្ដិច គាត់ក៏ឈប់លេប ថ្នាំ។ លុះជម្ងឺរើឡើងវិញ គាត់ថាបណ្ដាលមកពីថ្នាំដែលគាត់លេបជាថ្នាំញៀន។ ប្រការទាំងនេះ ដោយសារគាត់មិនទាន់យល់ច្បាស់ត្រឹមត្រូវពី និយមន័យនៃពាក្យថា ញៀន ឬថ្នាំញៀន និងដោយសារការយល់មិនច្បាស់ថា អាការនៅពេលដែលញៀនយ៉ាងដូចម្ដេច ពោលគឺឱ្យតែឃើញ បាតុភូតនេះកើតឡើង ប្រជាពលរដ្ឋចោទប្រកាន់ថា គាត់មានអាការញៀនទាំងងងឹតងងុល។
ដំបូន្មានរបស់អ្នកឯកទេស
លោកសាស្ដ្រាចារ្យ កា ស៊ុនបូណាត បានទូន្មានប្រជាពលរដ្ឋខ្មែរថា យើងគួរតែឈប់យកភាពមិនច្បាស់លាស់មកនិយាយថាជាការ ពិតទៅ។ យើងត្រូវស្វែងយល់ឱ្យបានច្បាស់ នូវអត្ថន័យរបស់ថ្នាំញៀន។ ហើយប្រសិនបើយើងព្យាបាលជម្ងឺដោយគ្រូពេទ្យ ដែលមានការចេះ ដឹងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ដ្រច្បាស់លាស់ គឺមិនអាចឈានដល់ការញៀនបានទេ ទោះបីជាថ្នាំនោះ អាចធ្វើឱ្យញៀនក៏ដោយ។ ការប្រើ ប្រាស់ថ្នាំពេទ្យមួយចំនួនដែលបង្កទៅជាញៀន គឺជាការប្រើប្រាស់ដោយខ្វះលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលជាទូទៅ ច្រើនតែប្រើដោយចិត្ដ អ្នកជម្ងឺខ្លួនឯងទៅវិញទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦
Leave a Reply