ការរួមភេទយ៉ាងហោចណាស់ឱ្យបាន៣ដងក្នុងមួយសបា្ដហ៍ នឹងអាចធ្វើឱ្យក្មេងជាងវ័យដល់ទៅ១០ឆ្នាំ។ នេះជាលទ្ធផលដែលទទួលបានពីការធ្វើអង្កេតស្រាវជ្រាវមួយ របស់អ្នកចិត្ដសាស្ដ្រជាតិស្កុដឡែន ទៅលើមនុស្សដែលសាច់ចាំនៅវ័យក្មេងបានយូរ ប្រមាណជា៣៥០០នាក់។
នៅក្នុងពិធីជប់លៀងអតីតសិស្សរួមជំនាន់នៃសាលារៀនមួយ មានមនុស្សខ្លះ ហាក់ដូចជាមានវ័យក្មេងជាងអ្នកខ្លះទៀតដល់ទៅ ១០ឆ្នាំ។ លោកវេជ្ជបណ្ឌិត ដាវីដ វ៉ិច ជាអ្នកចិត្ដសាស្ដ្រនៅមន្ទីរពេទ្យរ៉ូយ៉ាល់អ៊ីឌីមប៉ើក នៅស្កុដឡែន (ចក្រភពអង់គ្លេស) មានចម្ងល់អំពី មូលហេតុនេះ។ នៅឆ្នាំ១៩៨៨ លោកវេជ្ជបណ្ឌិតរូបនេះ បានប្រកាសក្នុងសារព័ត៌មាន “អ្នកវិទ្យាសាស្ដ្រថ្មី ” ទីបំផុតគាត់បានទាក់ទងជាមួយ មនុស្សប្រមាណជា៣៥០០នាក់ ដែលមានអាយុចន្លោះពី១៨ ទៅ១០២ឆ្នាំ។ អ្នកទាំងនោះសុទ្ធតែមានលក្ខណៈពិសេស មានរូបរាងកាយក្មេង ជាងឆ្នាំកំណើត ដែលដាក់នៅក្នុងសំបុត្រកំណើត និងអត្ដសញ្ញាណប័ណ្ណ។ ដើម្បីរកឱ្យឃើញការពិត អ្នកវិទ្យាសាស្ដ្ររូបនេះបានដកចេញពីបញ្ជី ដែលចូលរួមអង្កេត នូវមនុស្សដែលធ្លាប់មានការកែសម្ផស្ស។ លោកបានផ្ដល់កម្រងសំណួរទៅឱ្យអ្នកចូលរួមអង្កេត ដើម្បីដឹងអំពីជីវិតរស់ នៅជាប្រចាំរបស់ពួកគេ។ លទ្ធផលដែលទទួលបាន លោកបានសរសេរនៅក្នុងសៀវភៅមួយក្បាលមានចំណងជើងថា អាថ៌កំបាំងរបស់មនុស្ស ក្មេងជាងវ័យ។
ដើម្បីជូនជាបទពិសោធន៍សម្រាប់បងប្អូនជនរួមជាតិខ្មែរ ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការដកស្រង់ចំណុចខ្លះ នៃការអង្កេត របស់អ្នកវិទ្យាសាស្ដ្ររូបនេះ។
៣ដងក្នុង១សបា្ដហ៍ ក្មេងជាងវ័យ១០ឆ្នាំ
ដើម្បីឱ្យរូបរាងកាយនៅក្មេងជាងវ័យ សាច់ចាំ មិនតម្រូវឱ្យរស់នៅតមផ្លូវភេទ និងតមសព្វបែបសព្វយ៉ាងដូចអ្នកបួសនោះទេ។ សិចឬជីវភាពផ្លូវភេទ ប្រៀបបាននឹងសារធាតុមួយក្នុងចំណោមសារធាតុផ្សំជាច្រើន ដែលជួយយើងឱ្យក្មេងជាងវ័យ ប្រមាណជា១០ឆ្នាំយ៉ាង តិច។ ពីព្រោះថា ក្នុងចំណោមមនុស្សដែលសម្ភាសន៍ទាំងអស់ សុទ្ធតែមានទំនាក់ទំនងផ្លូវភេទ យ៉ាងតិចបំផុត៣ដងក្នុង១សបា្ដហ៍។ ឥទ្ធិពលជា ផ្លែផ្កាទាំងនេះ ត្រូវបានអះអាងឡើងដោយការស្រាវជ្រាវជាច្រើន។ ពិតហើយ ការរួមភេទ ឬរួមរ័កស្នេហា ប្រៀបបានទៅនឹងលំហាត់ប្រាណ មួយ ដូចលំហាត់ដ៏ទៃទៀតដែរ ដែលជួយទ្រទ្រង់រាងកាយបាន។ រីឯសម្ព័ន្ធផ្លូវភេទសុខដុម អាចជាសទិសន័យជាមួយនឹងជីវិតរីករាយ។ ហើយ ដែលមនុស្សរីករាយ ពិតជាមានទឹកមុខក្មេងជាងពេលណាៗទាំងអស់។
ឥទ្ធិពលផ្សេងទៀតជួយឱ្យក្មេងជាងវ័យ
អ្នកស្រាវជ្រាវក៏បានគិតផងដែរ អំពីទម្លាប់ដ៏ទៃទៀត ដែលជួយឱ្យក្មេងជាងអាយុ។ ជាអាទិ អ្នកដែលក្មេងជាងវ័យភាគច្រើនជា អ្នកដែលមិនជក់បារី។ ម្យ៉ាងទៀតពួកគាត់ ជាមនុស្សដែលគិតគូរយកចិត្ដទុកដាក់ ពីរបបចំណីអាហារ និងមិនសូវមានអារម្មណ៍តានតឹង (មិន សូវមានអាការស្ដ្រេស្ស)។ ប៉ុន្ដែភាគច្រើនក្នុងចំណោមពួកគាត់ ជាមនុស្សស្រឡាញ់ជីវិតចេះរស់នៅ។ ព័ត៌មានសំខាន់មួយផ្សេងទៀត ពួកគាត់ ច្រើនតែមិនទាន់មានអ្នកបន្ដពូជពង្ស គឺមានចំនួន១៥% មិនទាន់មានកូន។ រហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានការអង្កេតសព្វជ្រុងជ្រោយ អំពីឥទ្ធិពលនៃរបៀបរបបរស់នៅឡើយទេ។ ចំពោះមនុស្សមានមាឌតូច ឬទាបជាងកម្ពស់មធ្យម មានការពិបាកវាយតម្លៃរកអាយុពិតរបស់ ពួកគាត់ឱ្យបានជាក់លាក់ណាស់។
លោកវេជ្ជបណ្ឌិត វ៉ិច បានបញ្ជាក់ថា មានរូបរាងកាយក្មេងជាងវ័យ មិនប្រាកដថាសុទ្ធតែផ្ដល់អត្ថប្រយោជន៍ ឬគុណសម្បត្ដិនោះ ទេ។ អ្នកដែលក្មេងជាងវ័យទាំងនេះ ជាមនុស្សមិនសូវរវៀសរវៃទេ ជាពិសេសមិនសូវខ្វល់នឹងជីវិតវិជ្ជាជីវៈប៉ុន្មានទេ។ លើសពីនេះទៅទៀត ពួកគាត់ច្រើនតែមានបញ្ហាទំនាក់ទំនងមិនល្អ ជាមួយនឹងកូនៗរបស់គាត់។
ជីវិតមនុស្សចរិកប្លែក
នៅឆ្នាំ១៩៩៥ លោកវេជ្ជបណ្ឌិត វ៉ិច បានចេញផ្សាយសៀវភៅមួយក្បាលទៀត ដែលអត្ថាធិប្បាយអំពីមនុស្សចរិកប្លែក។ លោក បានសម្ភាសន៍មនុស្សចរិកប្លែក ប្រមាណជាជាង១០០០នាក់ ទាក់ទងនឹងទម្លាប់រស់នៅរបស់ពួកគាត់។ មនុស្សចរិកប្លែក ជាមនុស្សមិនគោរព ប្រពៃណី មិនរមទម្យ ឆ្ងល់ច្រើន មនោគតិនិយម និងមានគំនិតច្នៃប្រឌិតខ្ពស់។ មនុស្សជំពូកនេះចូលចិត្ដគិតចង់ស្រោចស្រង់ពិភពលោក ឬចង់ ធ្វើនេះ អភិវឌ្ឍន៍នោះ ដោយមិនសូវខ្វល់ពីករណីណាមួយឡើយ។
ការសន្និដ្ឋានរួម បានបង្ហាញថាមនុស្សក្រុមនេះមានសុខភាពល្អ។ ដោយសារពួកគាត់ទៅជួបគ្រូពេទ្យព្យាបាលយូរៗមួយដង ជា មធ្យម៨ឆ្នាំមួយដង ហើយមានអាយុវែង រស់បានក្មេងយូរជាងក្រុមមនុស្សដ៏ទៃ ប្រមាណពី៥ ទៅ១០ឆ្នាំ។ អាចពន្យល់បានថា ដោយសារពួក គាត់មិនសូវខ្វាយខ្វល់ច្រើន និងមិនសូវស្ដ្រេស្ស ឬមួម៉ៅ ដូចអ្នកដទៃទៀត។
ព័ត៌មានមួយចំនួន ដែលសរសេរនៅក្នុងសៀវភៅនេះ ហាក់ដូចជាមិនស្របទៅនឹងសៀវភៅ “ អាថ៌កំបាំងរបស់មនុស្សក្មេងជាង វ័យ ” របស់គាត់ឡើយ។ ព្រោះថាគាត់បានអង្កេតឃើញថា មនុស្សចរិកប្លែកភាគច្រើន ជាអ្នកមិនទាន់រៀបការ ឬនៅលីវជ្រាលវ័យ។ ពួកគេ ងាយចាប់ចិត្ដស្រឡាញ់ និងមានស្នេហា ប៉ុន្ដែពួកគាត់ពិបាកសម្ដែងកាយវិការស្និតស្នាល និងរក្សាទំនាក់ទំនងស្ថិតស្ថេរជាមួយអ្នកណាម្នាក់។ ពោលគឺពួក គាត់ចង់នៅតែម្នាក់ឯងជាង។
តាមរយៈកិច្ចអត្ថាធិប្បាយមកនេះ ហាក់ដូចជាមានសំណួរពីរ ដែលត្រូវគិតសម្រាប់ជីវិត គឺតើចង់ឱ្យ មានរូបរាងក្មេងជាងវ័យ ដោយរួមភេទជាប្រចាំ ឬក៏រស់នៅលីវចរិកប្លែករហូតដល់វ័យចាស់?
ការរួមភេទ មានគុណសម្បត្ដិ និងមានគុណវិបត្ដិ
ការរួមភេទ ដែលយើងកំពុងលើកឡើងនេះ គឺសំដៅទៅការរួមភេទមានសុវត្ថិភាព មិនឆ្លងមេរោគកាមរោគ និងជម្ងឺអេដស៍ ពោលជាស្នេហាមួយទល់នឹងមួយ។
ពេលរួមភេទ អ្នកប្រព្រឹត្ដមានអារម្មណ៍ពុះកញ្ជ្រោល ឬប្រែប្រួលខ្លាំង។ ជារួមការបបោសអង្អែល ថ្នាក់ថ្នមឱ្យគ្នា ពេលរួមស្នេហា នឹងគ្នា ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ដ និងជីវិតសុភមង្គលគូស្វាមីភរិយា។ ថ្វីត្បិតតែការរួមភេទ ជួយឱ្យមនុស្សមាន រូបរាងកាយក្មេងជាងវ័យ និងមានអាយុវែង ប៉ុន្ដែវាក៏អាចបង្កើនការលេចឡើងនូវបញ្ហាជម្ងឺបេះដូង និងជម្ងឺមហារីកមួយចំនួន។ ទស្សនាវដ្ដី សុខភាពយើង នឹងណែនាំបន្ថែមជូនលោកអ្នកអាន នូវគុណសម្បត្ដិ និងគុណវិបត្ដិនៃការរួមភេទ និងជីវភាពផ្លូវភេទនៅពេលក្រោយទៀត។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply