ឆ្ពុងគឺជាវិធីបែបបុរាណ ដែលប្រើសម្រាប់ស្ដ្រីដែលទើបសម្រាលកូន ដើម្បីរក្សាឱ្យស្បែកស្អាត និងចាំបានល្អ។ ប៉ុន្ដែសព្វថ្ងៃ ការឆ្ពុងនេះ មិនត្រឹមតែមានការពេញនិយមចំពោះស្ដ្រីដែលទើបសម្រាលកូនប៉ុណ្ណោះទេ ថែមទាំងមានការពេញនិយមសម្រាប់បុរស និងនារីនៅលីវផងដែរ។ តើការឆ្ពុងមានអត្ថប្រយោជន៍ដល់សុខភាពរាងកាយយើងយ៉ាងដូចម្ដេចខ្លះ?
លោក ចេង ស៊ុនកាំង ជាគ្រូវេជ្ជសាស្ដ្របូរាណខ្មែរ បានបកស្រាយពន្យល់ពីអត្ថប្រយោជន៍ក្នុងការឆ្ពុងនេះដូចតទៅ។
ចំពោះស្ដ្រីដែលទើបសម្រាលកូន
ឆ្ពុងជួយឱ្យសរសៃឈាមរត់បានល្អ ព្រោះស្ដ្រីក្រោយពីសម្រាលកូនហើយ តែងតែមានសាច់ត្រជាក់ ឈាមរត់មិនបានល្អ ដោយសារ ស្ដ្រីទាំងនោះ មិនបានធ្វើសកម្មភាព ឬបញ្ចេញពលកម្មខ្លាំង។ ដូច្នេះតាមរយៈការស្ពង់នេះ ធ្វើឱ្យស្ដ្រីអាចបញ្ចេញញើស ដែលជាសារធាតុពុល មកក្រៅ ដោយសារកម្ដៅដែលភាយចេញពីសារធាតុថ្នាំឱសថបុរាណខ្មែរ មានដូចជាពន្លៃ ស្លឹកគ្រៃ ស្លឹកក្រូចសើច ស្លឹកជីអង្កាម និងរុក្ខជាតិ មួយចំនួនទៀត។ លើសពីនេះទៅទៀត នៅពេលឆ្ពុង ស្ដ្រីខ្មែរយើងតែងតែលាបនូវម្សៅពន្លៃដែលលាយជាមួយស្រាស។ ការធ្វើបែបនេះ ផ្ដល់ ឱ្យស្ដ្រីនូវស្បែកស្រស់ថ្លា និងរក្សាស្បែកមិនឱ្យវិវឌ្ឍន៍ទៅរកភាពចំណាស់ឆាប់រហ័ស។
ចំពោះបុគ្គលទូទៅ
សុភាពបុរស និងសុភាពនារីអាចធ្វើការស្ពង់នេះ គឺដើម្បីទទួលបានសុខភាពល្អ ស្បែកស្រស់ថ្លាបែបធម្មជាតិ និងអាចជានូវជម្ងឺមួយ ចំនួន។ ផលប្រយោជន៍នៃដំណើរការល្អរបស់សរសៃឈាមតាមរយៈការឆ្ពុងនេះ និងបញ្ចេញញើសចេញមកក្រៅ អាចសម្រួល និងអាច ព្យាបាលអាការរោគមួយចំនួន ដូចជាផ្ដាសាយជាដើម។ ព្រមទាំងសម្រាប់អ្នកដែលមានអារម្មណ៍ធីងធោងបណា្ដលមកពីការទទួលទានស្រា ច្រើន អ្នកឈឺក្បាលញឹកញាប់ អ្នកទទួលទានដំណេកមិនបានល្អ អ្នករសេះរសោះ ចុករោយដៃជើង អ្នកដែលមានមុខជាំស្រាលៗ មុននៅលើផ្ទៃ មុខ និងតាមដងខ្លួនស្ដ្រីដែលមករដូវមិនទៀងទាត់ ឬចុកពោះពេលមករដូវ និងអ្នកដែលមានក្លិនខ្លួនមិនប្រក្រតីជាដើម។ ម្យ៉ាងទៀត ឆ្ពុងធ្វើ ឱ្យមានអារម្មណ៍ស្រស់ស្រាយខួរក្បាល ដំណើរការល្អប្រសើរ ដោយសារតែប្រព័ន្ធឈាមដែលហូរចិញ្ចឹមសព្វសព៌ាង្គកាយគ្មានជាតិពុល។
វិធីឆ្ពុងបែបបុរាណ និងបែបទំនើប
ការឆ្ពុងបែបបុរាណ គឺប្រើឆ្នាំងដីសម្រាប់ស្ងោររុក្ខជាតិឱសថ។ បន្ទាប់ពីស្ងោររុក្ខជាតិឱសថឱ្យពុះ យើងយកឆ្នាំងដីនោះ មកដាក់ នៅផ្នែកខាងក្រោមនៃដងខ្លួន និងប្រើភួយ ឬក្រណាត់ដែលអាចទប់កម្ដៅបានល្អមកគ្របពីលើខ្លួន។ នៅពេលនោះ យើងត្រូវបង្ហើបឆ្នាំងរុក្ខ ជាតិឱសថដែលពុះនោះបន្ដិចម្ដងៗ ដើម្បីទទួលបានការបំភាយកម្ដៅមកលើរាងកាយរបស់យើង។
ប៉ុន្ដែបច្ចុប្បន្ននេះ ដោយកាន់តែមានការរីកចម្រើនផ្នែកសម្ភារៈ និងមានការច្នៃប្រឌិតជាច្រើនដើម្បីធ្វើឱ្យជិវិតកាន់តែងាយស្រួល យើងអាចឆ្ពុងដោយឧបករណ៍ទូស្ពង់ និងអាចទៅសេវាឆ្ពុងដែលគេធ្វើជាបន្ទប់។ វិធីស្ពង់ទំនើបនេះ បង្កលក្ខណៈងាយស្រួលក្នុងការធ្វើចលនា ដើម្បីឱ្យសរសៃឈាមរត់តាមសន្លាក់ដៃ និងជើងបានសព្វល្អ និងទទួលបានការបំភាយរបស់ឱសថគ្រប់គ្រាន់។
ពេលវេលាក្នុងការឆ្ពុងនេះ ក៏អាស្រ័យទៅលើសុខភាពរបស់បុគ្គលម្នាក់ៗផងដែរ។ ជាទូទៅសម្រាប់ការឆ្ពុងបែបបុរាណ គឺធ្វើទៅ រហូតដល់អស់កម្ដៅដែលបំភាយចេញពីឆ្នាំងឱសថ។ ចំពោះការឆ្ពុងក្នុងបន្ទប់ស្ពង់ គឺរវាងពី៦ ទៅ១៥នាទីប៉ុណ្ណោះ។ ក្នុងករណីសុខភាពយើង កំពុងខ្សោយ ធ្វើការឆ្ពុងរយៈពេលយូរពេក ការស្ពង់អាចធ្វើឱ្យយើងខ្សោះខ្លួន(ខ្សោះជាតិទឹក) និងវិលមុខទៅវិញ។
ដំបូន្មានអ្នកជំនាញ
លោកគ្រូពេទ្យ ចេង ស៊ុនកាំង បានផ្ដល់អនុសាសន៍ថា ចំពោះស្ដ្រីដែលទើបនឹងសម្រាលកូន គួរតែឆ្ពុងឱ្យបានបីដងក្នុងមួយ សបា្ដហ៍។ ឆ្ពុងពីរដងក្នុងមួយសបា្ដហ៍ គួរធ្វើចំពោះបុរស ឬស្ដ្រីដែលមានផ្ទៃមុខមានមុន និងជាំស្រាល និងមួយដងក្នុងមួយសបា្ដហ៍ចំពោះអ្នក ដែលមានសុខភាពប្រក្រតី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply