ប្រសិនបើលោកអ្នកមានអាការណែនទ្រូង លោកអ្នកមិនគួរគិតថាវាជារឿងធម្មតានោះទេ។ ទស្សនាវដ្ដី សុខភាពយើង សូមណែនាំលោកអ្នកឱ្យស្វែងយល់នូវអាការណែនទ្រូងនេះ តាមរយៈខ្លឹមសារនៃកិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត សុខ ជួ អ្នកឯកទេសជម្ងឺបេះដូង។ អាការចុកទ្រូង ឬណែនទ្រូងជារោគសញ្ញាមួយរបស់ជម្ងឺស្ទះសរសៃឈាមបេះដូង។
តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក នៅលើពិភពលោក មានមនុស្សជាង៧លាននាក់ស្លាប់ ដោយសារជម្ងឺស្ទះ សរសៃឈាមបេះដូងនេះជារៀងរាល់ឆ្នាំ។ ពោលជាមូលហេតុទីមួយដែលសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក។ វាជាជម្ងឺធ្ងន់ធ្ងរ បំផុត ដែលតម្រូវឱ្យមានការព្យាបាលជាបន្ទាន់មែនទែន។
ជម្ងឺស្ទះសរសៃឈាមបេះដូង និងអាការណែនទ្រូងជាអ្វី?
ជម្ងឺស្ទះសរសៃឈាមបេះដូង ជាជម្ងឺដែលកើតឡើងដោយសារមានដុំខ្លាញ់កកនៅក្នុងសរសៃឈាមទៅចិញ្ចឹមបេះដូង។ ជាធម្មតា បេះដូងមនុស្សមានសរសៃឈាម២ គឺសរសៃឈាមខាងស្ដាំ និងសរសៃឈាមខាងឆ្វេង នៅពេលណាមានការកកខ្លាញ់ក្នុងសរសៃឈាមបេះដូង នាំឱ្យបរិមាណឈាម ដែលទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់។
ចំពោះរោគសញ្ញានៃជម្ងឺនេះ ជាដំបូងនៅពេលដែលស្ថានភាពជម្ងឺនៅស្រាលល្មមៗ អ្នកជម្ងឺមានអាការចុកទ្រូង ឬណែនទ្រូង។ វា ស្ដែងចេញនៅពេលអ្នកជម្ងឺធ្វើការធ្ងន់ ពេលរត់ហាត់ប្រាណ ឬឡើងចុះជណ្ដើរ។
នៅពេលដែលដុំខ្លាញ់កកក្នុងសរសៃឈាមរបើក វាហូរឈាមនៅក្នុងសរសៃឈាមបេះដូង ហើយវាធ្វើឱ្យកកស្ទះសរសៃឈាមបេះ ដូងតែម្ដង។ ពេលនោះអ្នកជម្ងឺមានអាការចុកទ្រូងខ្លាំង។
ជម្ងឺនេះ គឺជាជម្ងឺធ្ងន់ធ្ងរ ប្រសិនបើព្យាបាលមិនទាន់ទេអ្នកជម្ងឺអាចស្លាប់ភ្លាម។ ព្រោះថាកាលណាស្ទះសរសៃឈាម គ្មានឈាមទៅ ចិញ្ចឹមបេះដូង ធ្វើឱ្យសាច់បេះដូងរលួយ។ នៅពេលនោះហើយដែលធ្វើឱ្យអ្នកជម្ងឺអាចស្លាប់់បាន។
អ្នកណាខ្លះអាចកើតមានជម្ងឺស្ទះសរសៃឈាមបេះដូង?
ជម្ងឺនេះច្រើនកើតមានឡើងចំពោះអ្នកពិសាបារី អ្នកជម្ងឺទឹកនោមផ្អែម អ្នកជម្ងឺលើសឈាម អ្នកធាត់ អ្នកមិនធ្វើពលកម្ម និងអ្នក ដែលស្រណុកពេក។ ប៉ុន្ដែក៏មានករណីតពូជដែរ ប្រសិនបើមានឪពុកម្ដាយកើតជម្ងឺស្ទះសរសៃឈាមបេះដូង កូនចៅអាចកើតមានជម្ងឺនេះ ដែរ។ ដូច្នេះបើមានឪពុកម្ដាយកើតមានជម្ងឺនេះ កូនចៅត្រូវប្រយ័ត្នប្រយែងចំពោះសុខភាពខ្លួន។ ជម្ងឺស្ទះសរសៃឈាមបេះដូង ច្រើនកើតមាន ទៅលើមនុស្សប្រុសចាប់ពីអាយុ៥០ឆ្នាំ និងមនុស្សស្រីអាយុចាប់ពី៥៥ឆ្នាំឡើងទៅ។
វិធីបង្ការជម្ងឺស្ទះសរសៃឈាមបេះដូង
មិនអាចចៀសវាងការកកើតជម្ងឺនេះបាន១០០ភាគរយទេ។ ប៉ុន្ដែមានវិធីអាចកាត់បន្ថយជម្ងឺស្ទះសរសៃឈាមបេះដូងនេះបានច្រើន ដោយបញ្ឈប់ការជក់បារី និងព្យាបាលជម្ងឺដែលជាកត្ដាគ្រោះថ្នាក់ ដូចជាជម្ងឺលើសឈាម ជម្ងឺទឹកនោមផ្អែម ព្យាបាលការលើសខ្លាញ់ឱ្យបាន ត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ។ ត្រូវហាត់ប្រាណជាប្រចាំ ដើម្បីកុំ់ឱ្យឡើងគីឡូ និងចៀសវាងការទទួលទានចំណីអាហារដែលមានជាតិខ្លាញ់ ច្រើន។
ការព្យាបាលជម្ងឺស្ទះសរសៃឈាមបេះដូង
អ្នកជម្ងឺដ៏ធ្ងន់ធ្ងរនេះ មិនអាចទុកយូរដោយគ្មានការព្យាបាលបន្ទាន់បានទេ។ ពោលត្រូវការការព្យាបាលបន្ទាន់ និងជាពិសេសដោយ អ្នកឯកទេសខាងជម្ងឺសរសៃឈាម និងបេះដូង។ ប្រសិនបើលោកអ្នកដែលមានជម្ងឺទឹកនោមផ្អែម ជម្ងឺលើសឈាម មានអាការដូចបានជម្រាប ខាងលើ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការស្រាវជ្រាវរកជម្ងឺនេះ ឱ្យបានទាន់ពេលវេលា។
សព្វថ្ងៃនេះ នៅប្រទេសកម្ពុជាមានឧបករណ៍ទំនើប ដើម្បីព្យាបាលជម្ងឺនេះហើយ។ ឧបករណ៍នោះជាម៉ាស៊ីនសម្រាប់ថតឆ្លុះសរសៃ ឈាមបេះដូង។ តាមរយៈម៉ាស៊ីននេះ គ្រូពេទ្យអាចធ្វើការវិនិច្ឆ័យរោគ និងអាចធ្វើការព្យាបាលបានទាន់ពេលវេលា ដូចជាធ្វើការពង្រីកសរសៃ ឈាមបេះដូង ដែលស្ទះ ឬត្បៀតនោះជាដើម។
ដូច្នេះ បើលោកអ្នកមានអាការណែនទ្រូង សូមរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងអ្នកឯកទេសជាបន្ទាន់ ប្រយោជន៍ គេចផុតពីមរណភាពបែបទន់ហន់។ នៅឱកាសក្រោយ ទស្សនាវដ្ដី សុខភាពយើង នឹងលើកយកជម្ងឺបេះដូង និងសរសៃឈាមដែលបង្កមរណភាពរហ័សហួសពីការស្មាន មកជម្រាបជូនដើម្បីជីវិតរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦
Leave a Reply