ចំណីអាហារ​ជួយខួរ​ក្បាល

ដើម្បីដំណើរការប្រកបដោយ​អាហារូបត្ថម្ភ​ពេញលេញ ខួរក្បាល​យើងត្រូវ​ការ​អុកស៊ីហ្សែន និងថាមពល។ ខួរក្បាល​មានទម្ងន់ប្រមាណ​ជា២% នៃម៉ាស​ខ្លួនតែ​ប៉ុណ្ណោះ ប៉ុន្ដែវា​ត្រូវការ​ថាមពល និង​អុកស៊ីហ្សែន​របស់​សព៌ាង្គកាយ ដល់ទៅ២០%។ ដូច្នេះ ខួរក្បាល​ត្រូវការ​ថាមពល និងអុកស៊ីហ្សែន​ច្រើនជាង​សរីរាង្គ​ដទៃទៀត ចំនួន១០​ដង។

រូបភាពទស្សនាវដ្តីសុខភាពយើង

ឥន្ធនៈរបស់​ខួរក្បាល

ម៉ាស៊ីនរថយន្ដ​ដំណើរការ​បានដោយ​សារឥន្ធនៈ ដូចជា​សាំង ម៉ាស៊ូត ហ្គាស​(បច្ចេកវិទ្យាថ្មី)​ជាដើម។ យ៉ាងណា​មិញ ចំពោះ ខួរក្បាល​មនុស្ស ក៏ត្រូវការ​ប្រភព​ថាមពល​ដែរ គឺជាតិស្ករ​គ្លុយកូស។ ខួរក្បាល​ទាញយក​ថាមពល​ចេញពី​ជាតិស្ករ​គ្លុយកូស​តែប៉ុណ្ណោះ។ ខួរក្បាល​មិនផលិត និងស្ដុក​បម្រុងទុក​ជាតិគ្លុយកូស​នេះទេ ប៉ុន្ដែវា​ប្រើប្រាស់​ថាមពលនេះ ចំនួន៥​ក្រាមក្នុង​១ម៉ោង។

ដើម្បីឱ្យខួរ​ក្បាលទទួល​បានការ​ផ្គត់ផ្គង់​ត្រឹមត្រូវ និងសុខភាព​ខួរក្បាល​ល្អប្រសើរ ជាតិគ្លុយកូស​ត្រូវមាន​វត្ដមាន​នៅក្នុង ឈាម ក្នុងកម្រិត​លំនឹង និងស្ថេរភាព។ ហេតុនេះ សូមជ្រើសរើស​បរិភោគ ឬទទួលទាន​ចំណីអាហារ ដែលមាន​ជាតិស្ករ​ជ្រាបយឺត សម្រាប់​អាហារ​ពេលព្រឹក និងពេលថ្ងៃត្រង់ គប្បីចៀសវាង​ស្ករជ្រាប​រហ័ស។ ជាតិស្ករ​ជ្រាបយឺត ឬជាតិស្ករល្អ មាននៅ​ក្នុងចំណី​អាហារ ដែលរំលាយ​ខ្លួនយឺតៗ ទម្រាំជ្រួតជ្រាប​ចូលទៅក្នុងឈាម។ ជាអាទិ វាមាននៅក្នុងគ្រាប់ធញ្ញជាតិមិនទាន់ច្នៃ(ដូចជាអង្ករ បាយ ម្ស៉ៅ មិនទាន់ច្នៃជាដើម) បន្លែជាតិម្សៅ និងបន្លែស្ងួត(ដូចជាសណ្ដែក សណ្ដែកបាយ សណ្ដែកបារាំងជាដើម) ព្រមទាំងពពួកផ្លែឈើស្រស់ និងបន្លែបៃតង។ រីឯជាតិស្ករជ្រាបរហ័ស ឬជាតិ​ស្ករអាក្រក់ មាននៅ​ក្នុងចំណី​អាហារ​ដែលមាន​ជាតិស្ករ បំបែកខ្លួន​រត់ចូល​ទៅក្នុង​ឈាម យ៉ាងលឿន ជាពិសេស​នៅក្នុង​ស្ករសគ្រប់​ប្រភេទ ស្ករត្នោត ទឹកឃ្មុំ ម្សៅកែច្នៃ ល្ពៅ ឪឡឹក ពោត​ជាដើម។

ចំពោះ​អុកស៊ីហ្សែនវិញ វាត្រូវ​បានដឹក​ជញ្ជូនដោយ​ជាតិដែក។ ប្រជាពលរដ្ឋខ្មែរ​មួយចំនួនធំ ទទួលរង​កង្វះជាតិដែក ឬ អាការ​ស្លេកស្លាំង។ តាមការអង្កេត មានស្ដ្រី​យ៉ាងហោច​ណាស់២៥% (ក្នុងចំណោម៤នាក់ មានម្នាក់) ក្នុងវ័យ​ចន្លោះវ័យ​ពេញវ័យ និង វ័យអស់រដូវ មានកង្វះ​ជាតិដែក ឬស្លេកស្លាំង។ ដូច្នេះ ដើម្បី​ផ្គត់ផ្គង់​ជាតិ​អុកស៊ីហ្សែន​ទៅឱ្យ​ប្រព័ន្ធប្រសាទ​នឺររ៉ូន យើងត្រូវ​ការជាតិ ដែក។

តើយើងអាច​រកបាន​ជាតិដែក នៅក្នុងអ្វីទៅ? រុក្ខជាតិ​មានជាតិដែក​តិចតួច​បំផុត ទោះបី​ជាស្ពៃខៀវក្ដី។ ប៉ុន្ដែ​បើតាម​គំនូរ ជីវចល ដែលធ្លាប់​បានចាក់​ផ្សាយនៅ​ក្នុងស្ថានីយ៍​ទូរទស្សន៍​នៅកម្ពុជា ប៉ុបអាយស៊ី​ស្ពៃខៀវ នៅពេល​ខ្លួនចង់​ឈ្នះលើ​គូសត្រូវ គឺដើម្បី ឆ្លាត និងមាន​កម្លាំង​ខ្លាំងក្លា។ តើប៉ុបអាយ​យល់ច្រឡំ ឬក៏អ្នក​គូររូប​គំនូរជីវចល​នេះយល់ច្រឡំ? តាមការ​ស្រាវជ្រាវ សព៌ាង្គកាយ មនុស្សស្រូប​យកជាតិ​ដែករុក្ខជាតិ បានម្រាណជា​២%​តែប៉ុណ្ណោះ។ ចំពោះត្រកួន​ដែលខ្មែរ​យើងយល់ថា​សម្បូរ​ជាតិដែក មិនទាន់​ឃើញ មាន​ឯកសារណា​អះអាងថា មានជាតិដែក​កម្រិតខ្ពស់​ប៉ុណ្ណា​នោះទេ។ ជាតិដែក​ដែលអាច​ជ្រាបបាន មានសម្បូរ​គួរសម​នៅក្នុង​សាច់ សត្វពណ៌​ក្រហម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជាតិវីតាមីន និងជាតិ​រ៉ែកម្រ

មានវីតាមីន និងជាតិរ៉ែ​កម្រជាច្រើន ដែលជា​តម្រូវការ​មិនអាច​ខ្វះបាន​របស់​ខួរក្បាល ដូចជាផូស្វ័រ ស័ង្គសី សេឡេនីញ៉ូម វីតាមីនបេ១ បេ២ជាដើម។ សំខាន់បំផុត ត្រូវតែ​គិតគូរ​ទាំង​គុណភាព ទាំង​បរិមាណ តុល្យភាព​នៃការ​ទទួលទាន​ចូលនៅ​ក្នុងខ្លួន និង ប្រភេទ​សារធាតុ​ចិញ្ចឹម​ទាំងនេះ។ ដូច្នេះ យើងត្រូវ​ប្រកាន់ខ្ជាប់ នូវការ​ទទួលទាន​ចំណី​អាហារ​ចម្រុះមុខ ជាពិសេស​នៅពេលយើង មានការ​ហត់នឿយ​ខាងសតិ​បញ្ញាស្មារតី ពេល​ផ្លាស់ប្ដូរ​រដូវកាល ឬពេល​ប្រលង​ប្រជែង​ណាមួយក្ដី ដោយមិន​ត្រូវច្រាន​ចោល​នូវចំណី អាហារ ដែលមាន​ផ្ទុកជីវជាតិ និងជាតិរ៉ែ​កម្រមួយ​មុខណា​នោះឡើយ។

ជាតិផូស្វ័រ ជាជាតិ​រ៉ែគីមីម្យ៉ាង ដែលមាន​សភាពភ្លឺ​នៅពេល​យប់ សត្វអំពិល​អំពែកភ្លឺ​ដោយសារ​ផូស្វ័រ។ នៅក្នុង​ខ្លួនមនុស្ស វាជួយ​យើងឱ្យ​មានការគិត ឬរិះរក​គំនិត​បញ្ញា​បានល្អ។ ជាតិផូស្វ័រ មានបរិមាណ​ច្រើននៅ​ក្នុងខួរក្បាល ក្រោម​រូបភាព​ផូស្វ័រ​លីពីដ ជាពិសេស​នៅតាម​ភ្នាស​ជីវសាស្ដ្រ​ទាំងឡាយ។ ជាតិផូស្វ័រ​លីពីដ​ទាំងនេះ មិនត្រឹមតែ​មាននៅ​ក្នុងសាច់ត្រី​ដែលយើង​ទទួលទាន​នោះទេ ហើយក៏​មាននៅ​ក្នុងសាច់​សត្វផងដែរ។

ជាតិលីពីដខ្វះ​មិនបាន ២មុខ

មានជាតិលីពីដ​ពីរមុខ ដែលខ្វះ​មិនបានជា​ដាច់ខាត សម្រាប់​ដំណើរការ​វិវឌ្ឍន៍​របស់​ខួរក្បាល គឺអាស៊ីដ​អាល់ហ្វាលីណូឡេនិច និងអាស៊ីដ​លីណូឡេអ៊ិច​(ដែលពីមុន​គេនិយមហៅថា វីតាមីនអេហ្វ)។ ជាតិលីពីដ​ទាំងនេះ មាននៅ​ក្នុងចំណី​អាហារ​ដែលទទួល​ទាន រីឯ​សព៌ាង្គកាយ​មិនមាន​សមត្ថភាព​ធ្វើសំយោគ​ជាតិទាំង​នេះឡើយ។

អ្នកស្រាវជ្រាវ​បានឱ្យ​ដឹងថា ជាតិលីពីដ​ទាំងនេះ សម្បូរ​នៅក្នុង​ប្រេងរុក្ខជាតិ​៤ប្រភេទគឺ ប្រេងសណ្ដែក​សៀង ប្រេងគ្រាប់ រុក្ខជាតិ​(ប្រេងដូងជាដើម) ប្រេងកុលហ្សា និងប្រេងពន្លក​ស្រូវសាឡី។ ដូច្នេះ​ពេលដាំស្ល លោកអ្នក​អាចបន្ថែម​គ្រឿងផ្សំ​អាហារ​ទាំង នេះ ដោយប្រើប្រាស់​ប្រេងរុក្ខជាតិ​មួយមុខណា​នោះ ឬដោយប្រើ​លាយគ្នា​គ្រប់មុខ​ក៏បាន។ ដោយសារ​ប្រទេសយើង​មិនទាន់​មានការ សិក្សា​ស្រាវជ្រាវ​ល្អិតល្អន់ អំពីចំណី​អាហារ​ទាំងនេះ​នៅឡើយ​ទេ ហេតុនេះ យើងពិត​ជាមាន​ការ​ស្រពិច​ស្រពិល​មួយចំនួន​ដែលមិន​អាច គេច​ផុតឡើយ។

តើមានរបបអាហារ​ពិសេសជំនួយ​ស្មារតី និងបង្កើន​ការចងចាំ​មែនឬ?

ដើម្បីឱ្យ​ខួរក្បាល​យើងមាន​សុខភាពល្អ ហើយទទួល​បាននូវ​រាល់សារ​ធាតុចិញ្ចឹម​ដែលវា​ត្រូវការ និងដើម្បី​អភិវឌ្ឍន៍​សមត្ថ ភាពចងចាំ​ឱ្យបាន​រិតតែ​ប្រសើរ សូមរៀប​ចំដាំស្ល​មុខម្ហូប​អាហារ​គ្រប់រសជាតិ គ្រប់ប្រភេទ​អាហារ និងសូមទទួល​ទានសព្វ​មុខ ដែល អាចធ្វើ​ទៅបាន។ សរុប​សេចក្ដីមក សូមបរិភោគ​គ្រប់មុខម្ហូប នេះបន្ដិច​នោះបន្ដិច ក្នុងកម្រិត​ល្មមៗ។ សព្វថ្ងៃនេះ មិនទាន់​មានចំណី អាហារទិព្វ ជួយបង្កើន​ការចងចាំ​នោះទេ។ ខួរក្បាល​ជាម៉ាស៊ីន ដែលមាន​រចនាសម្ព័ន្ធ​រៀបរយ​ត្រឹមត្រូវ និងមាន​សមាសធាតុ​ផ្សំស្ថេរ ភាពរួច​ជាស្រេច​ទៅហើយ ដូច្នេះ​សុខភាព​ខួរក្បាល​ត្រូវការ​របបអាហារ​មានលំនឹង និងសម្រាប់​រយៈពេល​យូរអង្វែង។ 

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *