សព្វថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរយើងខ្លះបានទិញផលិតផលមួយចំនួន ដែលមានលាយថ្នាំគ័រទីកូអ៊ីត ដោយពុំបានដឹងជាមុន ដើម្បីយកទៅធ្វើជាថ្នាំព្យាបាលមុខជាំ ព្យាបាលមុខកើតមុន ឬព្យាបាលជម្ងឺសន្លាក់ដោយចិត្ដឯង។ ផលិតផលទាំងនោះ ភាគច្រើនជាម្សៅក្រែមលាបស្បែកមុខ ឬម្សៅលាយមានលក់នៅតាមទីផ្សារ។
ថ្នាំលាបប្រភេទគ័រទីកូអ៊ីត ត្រូវបានរកឃើញ និងយកមកប្រើប្រាស់ ដើម្បីព្យាបាលជម្ងឺសើស្បែកតាំងពីឆ្នាំ១៩៥២ ដោយ លោកសុល ប៊ែកហ្សេ និងលោក វិតថែន។ ការប្រើប្រាស់ថ្នាំលាបគ័រទីកូអ៊ីតក្នុងការព្យាបាលស្បែកមានភាពទូលំទូលាយ ជាពិសេស ទៅលើជម្ងឺរលាកស្បែកជម្ងឺប្រតិកម្មស្បែក ជម្ងឺផ្សូរីយ៉ាស៊ីស ជម្ងឺលុយពុស ជម្ងឺស្បែកក្រិនជាដើម។
ផលប្រយោជន៍ នៃការប្រើប្រាស់ថ្នាំគ័រទីកូអ៊ីត
គ័រទីកូអ៊ីតជាថ្នាំមានអត្ថប្រយោជន៍ច្រើន ក្នុងការព្យាបាលជម្ងឺផ្សេងៗ ទៅតាមការវិនិច្ឆ័យរោគរបស់គ្រូពេទ្យ។ សម្រាប់ថ្នាំ លាបប្រភេទគ័រទីកូអ៊ីតនេះ ត្រូវបានបែងចែកជា៤កម្រិត ហើយកម្រិតនីមួយៗ នឹងត្រូវយកទៅប្រើប្រាស់នៅកន្លែងដោយឡែកពីគ្នា នៃស្បែក។ វាមានឥទ្ធិពលសំខាន់ៗ ដូចជា ៖
– ទប់ស្កាត់ការរលាក
– ទប់ស្កាត់ការលូតលាស់លឿនពេក នៃកោសិកា
– កាត់បន្ថយការរីកសរសៃឈាម
អត្ថប្រយោជន៍នៃថ្នាំគ័រទីកូអ៊ីតមានច្រើន ដែលគេប្រើប្រាស់នៅក្នុងវិស័យសុខាភិបាល។ ប៉ុន្ដែការប្រើប្រាស់ត្រូវមានវេជ្ជ បញ្ជា ឱ្យបានត្រឹមត្រូវ ក្រោមការពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីគ្រូពេទ្យអាចត្រួតពិនិត្យនូវអាការជម្ងឺ និងអាចព្យាបាលបានត្រឹមត្រូវ។
ផលវិបាកនៃការប្រើប្រាស់ថ្នាំគ័រទីកូអ៊ីត
ការប្រើប្រាស់ថ្នាំគ័រទីកូអ៊ីត ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ និងមិនមានពេលកំណត់ជាក់លាក់ ដោយពុំបានទទួលការត្រួត ពិនិត្យពីគ្រូពេទ្យ នាំឱ្យការប្រើប្រាស់ខុសគោលដៅ។ ជាពិសេសការប្រើប្រាស់លើស្បែកមុខ អាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ ស្បែកមុខ និងសុខភាពជាទូទៅរបស់អ្នកជម្ងឺផងដែរ ដូចជាៈ
– ការបង្កឱ្យមុខចេញមុនកាន់តែខ្លាំង ដែលមានសុទ្ធតែខ្ទុះ
– ការចេញជាំនៅលើមុខ និងធ្វើឱ្យមុខឡើងក្រហមស្ដើង និងមានសរសៃឈាមច្រើន
– ស្បែកមានសង្វា និងស្បែកសដោយកន្លែង
– ស្បែកងាយរងការឈ្លានពានពីមេរោគ ដូចជាពពួកផ្សិត វីរុសជាដើម ឬអាចឱ្យមានសភាពធ្ងន់ធ្ងរ ដូចជាមុខឡើងប៉ោង មូល ឬរួម និងពោះឡើងធំ ធ្វើឱ្យកម្រាស់ឆ្អឹងស្ដើង និងធ្វើឱ្យកើតជម្ងឺទឹកនោមផ្អែម។
ដំបូន្មានអ្នកជំនាញ
ថ្នាំគ័រទីកូអ៊ីត ជាថ្នាំព្យាបាលជម្ងឺធ្ងន់ធ្ងរបានមូយចំនួនធំ តែទន្ទឹមនឹងនោះ វាក៏មានផលវិបាកច្រើនដែរ។ ជាពិសេស ថ្នាំលាប មានជាតិគ័រទីកូអ៊ីត អាចបង្កឱ្យមានផលវិបាកអាក្រក់ច្រើនដល់ស្បែកមុខ។ ដូច្នេះ សូមប្រជាពលរដ្ឋចាប់អារម្មណ៍ថា មុននឹងសម្រេចចិត្ដទិញថ្នាំព្យាបាលមុខ ទោះជាប្រភេទថ្នាំចាក់ ក្រែមលាប ឬជាថ្នាំលេបក្ដី គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាមុនសិន។ ជាពិសេស សូមកុំនិយមលាបម្សៅលាយដែលគ្មានប្រភពច្បាស់លាស់ មានលាយជាតិថ្នាំគ័រទីកូអ៊ីត វាអាចបំផ្លាញស្បែកមុខរបស់លោកអ្នកបាន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply