ជម្ងឺទឹក​នោមផ្អែម

នៅឆ្នាំ១៩៩៨ មានមនុស្ស​១៤៣លាន​នាក់នៅ​លើពិភពលោក កើតជម្ងឺ​ទឹកនោមផ្អែម។ តាមការ​ទស្សន៍ទាយ​បានឱ្យ​ដឹងថា នៅឆ្នាំ​២០២៥ នឹងមាន​អ្នកកើត​ជម្ងឺទឹកនោម​ផ្អែមរហូត​ដល់ទៅ​៣០០លាន​នាក់។ ជម្ងឺ​ទឹកនោម​ផ្អែម​ជាជម្ងឺ​ធ្ងន់ធ្ងរ បើសិន​ជាគ្មាន ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ វាអាច​បង្កជា​ជម្ងឺ​បេះដូង ខ្វាក់ភ្នែក បាត់ចំណង់​ផ្លូវភេទ​(លិង្គងាប់​សម្រាប់​បុរស) និងពិការ​អវៈយវៈ ជាដើម។ ជម្ងឺរ៉ាំរ៉ៃ​ប្រភេទ​នេះ បើកើត​លើអ្នកណា​ម្នាក់ហើយ ជាទូទៅ​កើតមាន​មួយជីវិត​ហើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ជម្ងឺទឹក​នោមផ្អែម ជាអ្វី?

ជាតិស្ករគ្លុយកូស​ផ្គត់ផ្គង់​ថាមពល​ទៅដល់​ជាលិកា​ទាំងឡាយ​នៃសព៌ាង្គកាយ។ កម្រិតជាតិ​ស្ករគ្លុយកូស​ក្នុងឈាម ធានាបាន លំនឹង​ក្រោយពេល​ទទួលទាន​ចំណី​អាហារ ឬក្រោយពេល​ធ្វើពលកម្ម​ផ្លូវកាយ ដោយសារ​ប្រព័ន្ធសម្រប​តម្រូវ​ដ៏ស៊ាំញ៉ាំ​មួយ ដែលក្នុង នោះ​អ័រម៉ូន​អាំងស៊ុយលីន​ដើរតួនាទី​សំខាន់​ខ្លាំងណាស់។ កម្រិតជាតិ​គ្លុយកូស​ក្នុងឈាម​ធម្មតាស្ថិត​នៅចន្លោះពី​០,៧០ ទៅ​១,១០ក្រាម ក្នុង១លីត្រ។ តាមនិយមន័យ​របស់អង្គការ​សុខភាព​ពិភពលោក គេហៅ​ជម្ងឺទឹកនោម​ផ្អែម កាលណា​កម្រិតជាតិ​ស្ករក្នុង​ឈាម មិន ទាន់បរិភោគ​អ្វីសោះ​នៅពេល​ពេលព្រឹក លើសពី១,២៦ក្រាម​ក្នុង១លីត្រ (ឬ៧មីលីម៉ុល​ក្នុង១លីត្រ) ហើយក្រោយ​ពេលបរិភោគ​ចំណី អាហារ​រួច (២ម៉ោងបន្ទាប់​ពីទទួលទាន​ជាតិស្ករច្រើន) មានកម្រិត​លើស ឬស្មើ២ក្រាម​ក្នុង១លីត្រ។

ពេលណាកម្រិតជាតិស្ករក្នុងឈាម​លើសពី១,៨ក្រាម​ក្នុង១លីត្រ ជាតិស្ករ​អាចចេញតាម​ទឹកនោម។ វត្ដមាន​ជាតិគ្លុយកូស នៅក្នុង​ទឹកនោម កើតឡើង​ដោយការ​សម្រប​តម្រូវ​កម្រិត​ជាតិស្ករ​ក្នុងឈាម​ថមថយ។

ជម្ងឺទឹកនោមផ្អែម​ជាជម្ងឺរ៉ាំរ៉ៃ ដែលកើត​ឡើងដោយ​ការ​ថមថយ​ចុះនៃ​ការ​ប្រើប្រាស់​ជាតិស្ករ​នៅក្នុងខ្លួន។ វិបត្ដិនេះ​ទាក់ ទងទៅ​នឹងជាតិ​អ័រម៉ូន​អាំងស៊ុយលីន ជាអ័រម៉ូន​ដែលបញ្ចេញ​ដោយ​លំពែង​(ក្រពេញផ្លូវ​រំលាយអាហារ)។ អាំងស៊ុយលីន​មានមុខងារ ជម្រុញ​ជាតិស្ករ​ចូលទៅ​ក្នុងកោសិកា​របស់​សព៌ាង្គកាយ ព្រមទាំង​មានមុខងារ​ប្រើប្រាស់ និងស្ដុកទុក​ជាតិស្ករ​នេះផង​ដែរ។

ពេលដែល​លំពែងឈប់​ផលិត​អ័រម៉ូននេះ ឬពេល​ដែល​សព៌ាង្គកាយ​ទប់ទល់​នឹងសកម្មភាព​អ័រម៉ូន​អាំងស៊ុយលីន ដោយបំផ្លាញ ការផលិត​អ័រម៉ូននេះ ជាករណី​ជម្ងឺ​ទឹកនោមផ្អែម។ ក្នុងករណី​នោះ ជាតិស្ករ​ដែលមិន​ប្រើប្រាស់​ច្រាលនៅក្នុង​ឈាមក្នុង​បរិមាណច្រើន លើសលប់ រហូតដល់​ហូរចេញ​តាមទឹកនោម នាំឱ្យទឹកនោម​មានរសជាតិ​ផ្អែម។

ការរាលដាល​ជម្ងឺទឹកនោម​ផ្អែម

សព្វថ្ងៃនេះ មានមនុស្ស​ជាង ១៥០លាន​នាក់ កើតជម្ងឺ​ទឹកនោមផ្អែម។ នៅឆ្នាំ​១៩៩៨ គេបាន​រាប់ឃើញ​មនុស្ស​១៤៣លាន នាក់មាន​ជម្ងឺនេះ។ តាមការ​ប៉ាន់ស្មាន មានមនុស្ស​ពេញវ័យ​កើតជម្ងឺ​ទឹកនោមផ្អែម​ក្នុងអត្រា​ចំនួន២,៨%។ នៅសហរដ្ឋ​អាមេរិក មាន មនុស្ស​ចំនួនពី៦ ទៅ១០% មានជម្ងឺ​ទឹកនោមផ្អែម។

មនុស្សមាន​អាយុពី៤៥ឆ្នាំ​ឡើងទៅ ចាប់មាន​ជម្ងឺទឹកនោមផ្អែម​ហើយ។ វ័យដែល​ពិបាក​ចៀសផុត គឺនៅចន្លោះ​ពី៥៥ ទៅ៧៥ឆ្នាំ។

តាមការ​ទស្សន៍ទាយ​បានឱ្យដឹងថា នៅឆ្នាំ២០២៥ នឹងមាន​អ្នកកើត​ជម្ងឺទឹកនោមផ្អែម​ឡើងដល់​ទៅ៣០០លាន​នាក់ មាន អត្រាស្មើ​នឹង៥,៤% នៃប្រជាជន​ទាំងអស់​នៅលើ​ផែនដី។ នៅពេលនោះ ប្រជាពលរដ្ឋ​បារាំង​អាចនឹង​មានដល់ ២,៤លាននាក់ កើត ជម្ងឺ​ទឹកនោមផ្អែម​នេះ។ មិនទាន់​មានឃើញ​ទូរលេខ​ណាបង្ហាញថា តើប្រជាពលរដ្ឋ​ប៉ុន្មាននាក់​នឹងកើតជម្ងឺ​នេះនៅ​ឡើយទេ។

ប្រភេទជម្ងឺ​ទឹកនោម​ផ្អែម

ជម្ងឺទឹកនោមផ្អែម​មាន២ប្រភេទ គឺជម្ងឺទឹកនោមផ្អែម​ប្រភេទទី១ និង​ប្រភេទទី២។

១- ជម្ងឺទឹកនោមផ្អែម​ប្រភេទទី១ ឬជម្ងឺទឹកនោមផ្អែម​ចំណុះ​អាំងស៊ុយលីន ឬជម្ងឺ​ទឹកនោមផ្អែម“ស្គម” វាកើត​ឡើង ដោយសារ​ការ​ថមថយ​ចុះយ៉ាងខ្លាំង​នៃការ​បញ្ចេញជាតិ​អ័រម៉ូន​អាំងស៊ុយលីន ដោយសារ​លំពែង​លែង​ផលិត​ជាតិអ័រម៉ូន​នេះជាដើម។ វាច្រើនតែ​បង្កជា​រោគ​សញ្ញា​ស្គមស្គាំង។ ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទទី១​នេះ ច្រើនតែ​កើតលើ​មនុស្សវ័យក្មេង​(អាយុតិចជាង២០ឆ្នាំ) ហើយដែល​អាចហៅ​ម្យ៉ាងទៀតថា ជម្ងឺទឹកនោមផ្អែម​វ័យក្មេង។ អត្រាកើត​ជម្ងឺទឹកនោមផ្អែម ប្រភេទទី១​នេះ មានចំនួនប្រមាណជា ១០%តែ​ប៉ុណ្ណោះ។

២- ជម្ងឺទឹកនោមផ្អែម​ប្រភេទទី២ ឬជម្ងឺទឹកនោមផ្អែម​មិនចំណុះ​អាំងស៊ុយលីន ឬជម្ងឺ​ទឹកនោមផ្អែម “ធាត់” វាកើត ឡើង​កាលណា​ការបញ្ចេញ​ជាតិអាំងស៊ុយលីន​មាន​បរិមាណ​មិនគ្រប់គ្រាន់ ដើម្បី​សម្រប​តម្រូវ​អត្រា​ជាតិស្ករ​នៅក្នុង​ឈាម។ ដំណាល​គ្នា ផងដែរ សព៌ាង្គកាយ​ចាប់​ទប់ទល់​នឹងជាតិ​អ័រម៉ូន​នេះបន្ដិចម្ដងៗ។ ជម្ងឺទឹក​នោមផ្អែម​ប្រភេទទី២​នេះ ច្រើនកើត​លើមនុស្ស​វ័យលើស ពី៤០ឆ្នាំ។ ហើយជា​ប្រភេទជម្ងឺ​ទឹកនោម ដែលកើត​ញឹកញាប់​ជាងគេ​បំផុត គឺ៩០%ចំណោម​អ្នកជម្ងឺ​ទឹកនោមផ្អែម។ ហើយជម្ងឺ​ទឹកនោមផ្អែម​ប្រភេទទី២​នេះ ច្រើនតែ​កើតលើ​មនុស្សធាត់ (ជាទូទៅ​កាលណា​ទម្ងន់លើស​គីឡូពី១០%)។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុកើត​ជម្ងឺទឹកនោម​ផ្អែម

រហូតមក​ដល់សព្វថ្ងៃនេះ មិនទាន់​មានការ​ស្រាវជ្រាវ​ណាបង្ហាញ​ជាក់លាក់​អំពី​មូលហេតុ​ពិតប្រាកដ ដែលបង្ក​ឱ្យកើត​ជម្ងឺ ទឹកនោមផ្អែម​នេះឡើយ។ ប៉ុន្ដែយើង​អាចដឹង​អំពី​ហេតុផល​មួយចំនួន ដែលបង្ក​ការកើត​ជម្ងឺនេះ។

១- ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទទី១

– សម្បទាសេនេទិច​ពីកំណើត ជម្ងឺទឹកនោមផ្អែម​ប្រភេទទី១​នេះ មិនមែន​កើតដោយ​ចៃដន្យ​ទៅលើ​គ្រប់មនុស្ស​នោះទេ។ ជម្ងឺនេះ កើតទៅ​លើអ្នក​ដែលមាន​លក្ខណៈ​សេនេទិច​ពិសេស ដែលមាន​ប្រតិកម្ម​តប​តទៅ​នឹងកត្ដា​បរិស្ថាន។ កត្ដាទាំង​នេះ បង្កបង្កើត ការប្រយុទ្ធ​របស់ប្រព័ន្ធ​ការពារ​ទៅនឹង​កោសិកា​លំពែង ដែលជា​អ្នកផលិត​អ័រម៉ូន​អាំងស៊ុយលីន។ ក្នុងចំណោម​កត្ដាបង្ក​ទាំងនេះ គេ សង្ស័យថា​អាចជាវីរុស និងអាច​ជាជាតិ​ប្រូតេអ៊ីន​ម្យ៉ាង ដែលមាន​នៅក្នុង​ទឹកដោះគោ។ ហើយដោយ​សារលក្ខណៈ​ពិសេស​សេនេទិច គឺជាបញ្ហា​សួរពូជ ជម្ងឺទឹកនោមផ្អែម​ប្រភេទទី១​នេះច្រើនតែ​កើតមាន​ជារឿយៗ​នៅក្នុង​ក្រុមគ្រួសារ​តែមួយ​(មួយវង្ស​ត្រកូល)។

– ការខូចលំពែង ករណីរលាក​លំពែង ដែលបណ្ដាល​មកពីជាតិ​អាល់កុល​(ស្រា ឬស្រាបៀរ) អាចបណ្ដាល​ឱ្យខូច​លំពែង បាន។ ចំពោះមហារីក​លំពែង ឬសព៌ាង្គកាយ​មានជាតិដែក​ច្រើនជ្រុល អាចបង្ក​ការ​បំផ្លិច​បំផ្លាញ​លំពែង​ផងដែរ តែជា​ករណីកម្រ។

២- ជម្ងឺទឹកនោមផ្អែម​ប្រភេទទី២

– ធាត់ មនុស្សដែល​មានជម្ងឺ​ទឹកនោមផ្អែម​ប្រភេទនេះ ភាគច្រើន​មានទម្ងន់​លើសពី​ទម្ងន់ខ្លួន​ត្រឹមត្រូវ ដល់ទៅ៣០% ឯណោះ។ ករណី​ជាតិខ្លាញ់ ជាពិសេស​នៅម្ដុំពោះ មានរុំព័ទ្ធ​សរីរាង្គ​នៅក្នុង​ពោះ និងបង្កការ​ប្រយុទ្ធ​ប្រឆាំង​របស់​ជាលិកា​ទៅនឹង​សកម្ម ភាពអ័រម៉ូន​អាំងស៊ុយលីន។ ជាហេតុនាំ​ឱ្យលំពែង​ផលិតជាតិ​អ័រម៉ូន​អាំងស៊ុយលីន​រិតតែច្រើន។ បើជាតិ​អាំងស៊ុយលីន​អស់ពីស្ដុក ឬមិន អាចមាន​បរិមាណ​គ្រប់គ្រាន់​ទៅនឹង​តម្រូវការ ជម្ងឺទឹកនោមផ្អែម​ចាប់ផ្ដើម​កើតមាន​ឡើងបាន។ អ្នកស្រាវជ្រាវ​បានទទួល​ស្គាល់ថា ធាត់ជា​ករណីសួរ​ពូជផងដែរ ដូច្នេះ​ក្នុងករណី​ជម្ងឺទឹកនោមផ្អែម​ប្រភេទទី២ ក៏អាចមាន​លក្ខណៈ​តពូជ​ផងដែរ។

– ទម្លាប់​អាក្រក់​ក្នុងជីវិត​រស់នៅ ភាពខ្ជិល​ច្រអូស មិនបញ្ចេញ​កម្លាំង ឬពលកម្ម និងការទទួល​ទានចំណី​អាហារ​ច្រើន លើសលប់ អាចបង្ក​ជាការ​ធាត់ ហើយអាច​កើតជា​ជម្ងឺ​ទឹកនោមផ្អែម​បានដែរ។

រោគសញ្ញា​ជម្ងឺទឹកនោម​ផ្អែម

គ្រូពេទ្យបាន​ឱ្យដឹងថា មានមនុស្ស​ប្រមាណ​ជា៥% ដែលកើត​ជម្ងឺទឹកនោមផ្អែម​ដោយមិនបាន​ដឹងខ្លួន ដោយសារ​ថាពួកគាត់ មិនមាន​ចេញជា​រោគសញ្ញា​ធំដុំ ជម្រុញឱ្យ​ពួកគាត់​មកជួប​ជាមួយ​គ្រូពេទ្យ​ទាន់ពេល​វេលាឡើយ។ អ្នកជម្ងឺ​អាចមាន​រោគសញ្ញា​ដូចខាង ក្រោមនេះ មួយ ឬច្រើន។

១- រោគសញ្ញាជម្ងឺទឹកនោមផ្អែម​ប្រភេទទី១

ស្រេកទឹកមិន​ឈប់ឈរ

– រត់ជុះនោមញឹកញាប់ ជួនងើប​ជុះនោម​ពេលយប់

– ដកដង្ហើមចេញចូល​ញឹកញាប់

– ចុះស្គម ឬស្រកទម្ងន់ រក​ហេតុផល​មិនឃើញ

– រមាស់នៅត្រង់​ប្រដាប់ភេទ

– ប្រអប់ជើងមាន​ជម្ងឺប្រសាទ អាច​ពិការភាព។

២- រោគសញ្ញាជម្ងឺទឹកនោម​ផ្អែមប្រភេទ​ទី២

– ដូចរោគសញ្ញាជម្ងឺទឹកនោមផ្អែម​ប្រភេទទី១​ទាំងស្រុង លើកលែង​តែករណី​ចុះស្គម ឬស្រកទម្ងន់​តិចតួច ឬច្រើន

– ព្រិលភ្នែកមួយរយៈ ឬ​យូរអង្វែង

– អស់កម្លាំងដោយស្ដែងឡើងអាការចេះតែចង់​ទទួលទាន​អាហារ បរិភោគ​រួចហើយ នៅតែគ្មាន​កម្លាំងទៀត។

ប្រការត្រូវធ្វើ​ពេលមាន​ជម្ងឺទឹកនោម​ផ្អែម

– សូមជ្រើសរើស​ទម្លាប់​ទទួលទាន​ចំណីអាហារ​ត្រឹមត្រូវ ប្រសិនបើ​លោកអ្នក​មានជម្ងឺ​ទឹកនោមផ្អែម​ប្រភេទទី២ ឬបើ លោកអ្នក​ធាត់មាន​ទម្ងន់លើស ដាច់ខាត​លោកអ្នក​ត្រូវកាត់​បន្ថយការ​ទទួលទាន​កម្រិត​កាឡូរីខ្ពស់ ជាពិសេស​ពួកចំណី​អាហារ​ខ្លាញ់សត្វ និងចំណី​អាហារ​សម្បូរណ៍​ជាតិស្ករ​(ផ្អែមពេក)។ ហេតុនេះ សូមកុំ​ពិសាស្បែក​មាន់ទា សូមលើយ​វាចេញ និងសូម​ជ្រើសរើស​សាច់ដែល ​គ្មានខ្លាញ់។ ជាការ​ប្រសើរ សូមទទួល​ទានបន្លែ ផ្លែឈើ និងផលិតផល​ជាតិទឹក​ដោះ។ សរុបមក សូមទទួល​ទានខ្លាញ់​តិច និងសារ ធាតុសរសៃ​ឱ្យច្រើន។ បើលោកអ្នក​យល់មិន​ច្បាស់ សូមពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬអ្នកជំនាញ​ខាងចំណី​អាហារ ដើម្បីជួយ​លោកអ្នក ក្នុងការ​រៀបចំ​របបចំណី​អាហារ​ត្រឹមត្រូវ។

– សូមហាត់​ប្រាណលេង​កីឡាជាប្រចាំ​ទៀងទាត់ លំហាត់​ប្រាណជួយ​ជម្រុញ​សាច់ដុំឱ្យ​ចាប់យក​ជាតិស្ករ និងជួយកាត់ បន្ថយ​ការទទួល​ទានថ្នាំ​បញ្ចុះជាតិស្ករ។ ម្យ៉ាងទៀត បែបនេះ​មានសារៈ​សំខាន់ទាំង​ខាងសុខភាព​ផ្លូវកាយ និងទាំងខាង​សុខភាព​ផ្លូវចិត្ដ ផ្លូវអារម្មណ៍។ តើលោកអ្នក​ចូលចិត្ដ​កីឡាមួយ​ណាឬទេ? បើចូលចិត្ដ លេងវាទៅ! បើមិន​ដូច្នេះទេ ការដើរ​ដោយថ្មើរ​ជើងក្នុង​១ថ្ងៃ៣០ នាទី ក៏ជាការ​គ្រប់គ្រាន់ដែរ។ ការធ្វើ​ចលនា​ទៀងទាត់​ជារៀងរាល់​ថ្ងៃ សំខាន់ខ្លាំង​ណាស់។ ប្រសិនបើ​លោកអ្នក​មានអាយុ​លើសពី ៤០ឆ្នាំ និងលោកអ្នក​ចង់ចាប់​ផ្ដើមសកម្មភាព​កីឡា ដែលលោកអ្នក​មិនធ្លាប់​ដែលលេង​ទាល់តែ​សោះ ឬលោកអ្នក​ធ្លាប់លេង​ជាយូរ មកហើយ លោកអ្នក​គប្បីទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិនទើបល្អ។

– សូមរក្សាទម្ងន់​ខ្លួនត្រឹមត្រូវ លោកអ្នក​អាចគណនា​ទម្ងន់ខ្លួន​ឯងត្រឹមត្រូវ តាមរយៈ​ការគណនា​កម្រិតម៉ាស​ខ្លួន ដោយ យកទម្ងន់​ខ្លួនដែល​ថ្លឹងឃើញ ចែកនឹង​កំពស់គុណ​នឹងកំពស់។ (ដកស្រង់ពី​សៀវភៅ ១០នាទីដើម្បី​សម្រស់​រាងកាយ និពន្ធដោយ វេជ្ជបណ្ឌិត លី ចេងហ៊ុយ)។ ទម្ងន់ខ្លួន​ត្រឹមត្រូវ ផលចែក ឬកម្រិត​ម៉ាសខ្លួន ត្រូវស្ថិតនៅ​ចន្លោះពី២០ ទៅ២៥ បើវាលើស​ពី៣០ ជា​ករណីធាត់។ ប្រសិនបើ​លោកអ្នកចង់​សម្រកទម្ងន់ លោកអ្នក​ត្រូវចាប់​យករបប​ចំណីអាហារ​សម្រកទម្ងន់​ណាមួយ បូករួម​ជាមួយ សកម្មភាព​ផ្លូវកាយ​ជាប្រចាំទៀង​ទាត់ផង​ដែរ។ ប៉ុន្ដែមុន​នឹងចាប់​ផ្ដើម សូមពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុនសិន។ ព្រោះថា​សព្វថ្ងៃនេះ ក៏មានឱសថ​ជួយសម្រក​ទម្ងន់បាន​ខ្លះដែរ។

– សូមបន្ថយ​ការពិសាសុរា និងសូមផ្អាក​ជក់បារី ទោះបីជា​ជាតិសុរា (ស្រា ឬស្រាបៀរ) និងថ្នាំជក់​មិនមែន​ជា​មូលហេតុ ផ្ទាល់របស់​ជម្ងឺទឹកនោមផ្អែម​ក៏ដោយ ក៏វាបន្ថែម​ទម្ងន់ទៅ​លើផលវិបាក​ឱ្យរិតតែ​ធ្ងន់ធ្ងរ​ផងដែរ។ សូមលោកអ្នក​ពិសាជាតិ​សុរាតែ១កូន ពែង ឬ១កែវក្នុង​១ថ្ងៃបាន​ហើយ។ ចំពោះថ្នាំជក់ បើសិនជា​លោកអ្នក​ចង់ឈប់​ជក់បារី​ដោយមាន​ការលំបាក សូមសួរ​យោបល់​របស់ គ្រូពេទ្យ ដែលលោក​អ្នកអាចជួប​ពិគ្រោះបាន។

– សូមជ្រើសរើស​ការបំបៅ​កូនដោយ​ទឹកដោះម្ដាយ តាមការ​ស្រាវជ្រាវ​បានបង្ហាញ​ថា ទឹកដោះ​របស់មេគោ គឺជាកត្ដា បង្កជម្ងឺ​ទឹកនោមផ្អែម​ប្រភេទទី១។ ប្រការសំខាន់ លោកអ្នក​ត្រូវខិតខំ​យ៉ាងណា​ទប់ស្កាត់​ជម្ងឺទឹកនោមផ្អែ​ឱ្យបាន តាមដែល​អាចធ្វើ ទៅបាន។ សូមលោកអ្នក​ជ្រើសរើស​ការចិញ្ចឹម​បុត្រធីតា​របស់លោកអ្នក តាមរយៈ​ការបំបៅ​ទឹកដោះម្ដាយ ជាពិសេស​ក្នុងករណី​ក្រុម គ្រួសារ​លោកអ្នក ទាំងខាងប្ដី ទាំងខាងប្រពន្ធ មាននរណា​ម្នាក់មាន​ជម្ងឺទឹកនោមផ្អែម។

ពេលណាត្រូវទៅ​ជួបគ្រូពេទ្យ?

លោកអ្នក​ចាំបាច់ត្រូវ​ទៅពិគ្រោះ​ជម្ងឺ បើសិនជា​លោកអ្នកមាន​រោគសញ្ញាណា​មួយរបស់​ជម្ងឺទឹកនោមផ្អែម​ទាំងពីរ​ប្រភេទ ទាំងប្រភេទ​ទី១ ទាំងប្រភេទ​ទី២ដែលបាន​រៀបរាប់​ខាងលើនេះ។

រោគសញ្ញាដំបូង​របស់ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទទី១ មានដូចជា​ចង់រត់​ទៅបត់ជើង​តូចញឹកញាប់ ស្រេកទឹកខ្លាំង​មិនឈប់ ឈរជាដើម។ បើលោក​អ្នកឃើញ​កូនរបស់​លោកអ្នក​មានរោគ​សញ្ញាបែបនេះ ក៏ត្រូវនាំ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផងដែរ។

ផ្ទុយទៅវិញ សូម​ប្រុងប្រយ័ត្ន​ជម្ងឺទឹកនោមផ្អែម​ប្រភេទទី២ មិនមាន​ស្ដែងចេញ​ជារោគ​សញ្ញាទេ។ ដូច្នេះ បើ​លោកអ្នក​គ្រាន់ តែសង្ស័យ​ក៏គួរ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យដែរ ដើម្បី​ធ្វើការ​វិភាគ​វេជ្ជសាស្ដ្រ​រួមមួយ និងដើម្បី​បញ្ចៀស​ផលអាក្រក់ ដែលបណ្ដាល​មក ពីការ​កើនឡើង​នៃជាតិស្ករ​ក្នុងឈាម​នោះ។

ការពិនិត្យជម្ងឺ និងការវិភាគ​វេជ្ជសាស្ដ្រ

ជម្ងឺទឹកនោមផ្អែម​ប្រភេទណា​ក៏ដោយ មិនអាច​ធ្វើរោគ​វិនិច្ឆ័យ​បានដោយ​ភ្នែក ការស្ដាប់ ឬដោយការ​ស្ទាបនោះទេ។ ពេល លោកអ្នក​ជួបជាមួយ​គ្រូពេទ្យ គាត់នឹង​បូមឈាម​របស់​លោកអ្នក​ទៅវិភាគ​មើលកម្រិត​ជាតិស្ករ​នៅក្នុងឈាម។ ការដឹង​កម្រិតជាតិ​ស្ករ ក្នុងឈាម​នេះ អាចធ្វើ​រោគវិនិច្ឆ័យ​បានហើយ ថាមាន​ជម្ងឺ​ទឹកនោមផ្អែម ឬក៏គ្មាន។

ដូច្នេះដំបូង​បំផុត គ្រូពេទ្យ​នឹងធ្វើការ​វិភាគឈាម និងវិភាគ​ទឹកនោម ដើម្បីរក​ឱ្យឃើញ​ការប្រែប្រួល​កម្រិតជាតិ​ស្ករក្នុង ឈាមជា​យថាហេតុ ដូចជា​កម្រិត​ជាតិស្ករ​ក្នុងឈាម​ពេលព្រឹក​មិនទាន់​ទទួលទាន​អ្វីសោះ កម្រិតជាតិ​ស្ករក្នុង​ឈាមក្រោយ​ទទួលទាន វត្ដមាន ឬកម្រិតជាតិ​ស្ករក្នុង​ទឹកនោម​ជាដើម។ ហើយកត្ដា​ផ្សេងទៀត​ពាក់ព័ន្ធ​នឹងជម្ងឺ​ទឹកនោមផ្អែម ក៏ត្រូវបាន​យកចិត្ដ​ទុកដាក់ពី គ្រូពេទ្យ​ផងដែរ ដូចជាការ​តាមដាន​កម្រិតជាតិ​ខ្លាញ់​កូឡេស្ដេរ៉ុល និងជាតិខ្លាញ់​ទ្រីគ្លីសេរីដ​ក្នុងឈាម​ជាដើម។

ផលវិបាករបស់​ជម្ងឺទឹកនោម​ផ្អែម

ទោះបីជា​ករណីជម្ងឺ​ទឹកនោមផ្អែម​ប្រភេទណា​ក៏ដោយ ក៏ផលវិបាក​យូរអង្វែង និងការ​បំផ្លិចបំផ្លាញ​សព៌ាង្គកាយ សុទ្ធតែអាច កើតមាន​ដូចគ្នា បើកម្រិត​ជាតិស្ករ​ក្នុងឈាម​កើនឡើងខ្ពស់។ ជម្ងឺទឹកនោមផ្អែម​ដែលមិន​បានព្យាបាល បង្កផល​ប៉ះពាល់ធ្ងន់ធ្ងរ។ ផល ប៉ះពាល់​ដែលជួប​ប្រទះញឹកញាប់​ជាងគេ មានដូចជា​ប៉ះពាល់​ទៅលើភ្នែក តម្រង់នោម បេះដូង សរសៃឈាម និងសរសៃ​ប្រសាទ ជាដើម។ ដោយឡែក ជម្ងឺទឹកនោមផ្អែម​ប្រភេទទី១ អាចបង្ក​ផលប៉ះពាល់​ភ្លាមៗទៅ​លើ​មេតាប៉ូលីស ដែលអាចបណ្ដាល​ឱ្យសន្លប់ ជាដើម។

ព្រោះថាកម្រិត​ជាតិស្ករ​ក្នុងឈាម​ឡើងខ្ពស់ពេក និងយូរអង្វែង អាចធ្វើឱ្យ​ខូចសរសៃឈាម​ទាំងតូច​ទាំងធំ។ ជាអាទិ វាបង្ក​ការងងឹត ឬខ្វាក់ភ្នែក ងាប់លិង្គ ឬបាត់បង់​ចំណង់ផ្លូវភេទ ជម្ងឺបេះដូង ជម្ងឺសរសៃ​ប្រសាទនៅ​ប្រអប់ជើង​(អាចកាត់ប្រអប់ជើង ​នាំឱ្យមាន​ការពិការភាព) និងខូច​តម្រង់នោម​(ដែលតម្រូវឱ្យ​លាងឈាម​ជាប្រចាំ)។

ការព្យាបាល​ជម្ងឺទឹកនោម​ផ្អែម

ជម្ងឺទឹកនោមផ្អែម​តម្រូវឱ្យ​មានការ​ព្យាបាល​រយៈពេល​យូរ និងសព្វ​ជ្រុងជ្រោយ។ ការព្យាបាល​ជាទូទៅ​មានគោលបំណង កាត់បន្ថយ​អត្រាផលវិបាក ឬផលប៉ះពាល់ ដោយ​សម្របតម្រូវ​លំនឹងកម្រិត​ជាតិស្ករ​នៅក្នុងឈាម។ របបអាហារ​សមស្របមួយ ក៏ជាករណី​ចាំបាច់ដែរ។

១- ការព្យាបាលជម្ងឺទឹកនោមផ្អែម​ប្រភេទទី១

ការព្យាបាលតម្រូវ​ឱ្យមានការ​ចាក់ថ្នាំជាតិ​អាំងស៊ុយលីន ពី១ ទៅ៣ដងក្នុង១ថ្ងៃ ជារៀងរាល់ថ្ងៃ អាចធ្វើតាម​បែបផែន ២យ៉ាង គឺការចាក់​ក្រោមស្បែក ដោយប្រើ​សេរ៉ាំង ឬស្ទីលឡូចាក់ និងការចាក់​ដោយទីប​ស្នប់ភ្ជាប់ទៅ​នឹងម្ជុល​កាតេទែ បង្កប់នៅក្រោម ស្បែកពោះ។

ជាទ្រឹស្ដី ត្រូវចាក់​ថ្នាំអាំងស៊ុយលីន​ដែលមាន​សកម្មភាព​រហ័ស មួយថ្ងៃ៣ដង រៀងរាល់​ពេលមុន​ទទួលទាន​អាហារ និងចាក់ អាំងស៊ុយលីន​ដែលមាន​សកម្មភាព​ល្មម និងយឺត ពេលព្រឹក ឬពេលល្ងាច។ ព្រោះថាថ្នាំ​អាំងស៊ុយលីន​នេះ អាចជំនួស​អ័រម៉ូនអាំង ស៊ុយលីន​ដែលផលិត​ដោយ​លំពែង។ សូមធ្វើការ​ចាក់ថ្នាំ​អាំងស៊ុយលីន​នេះឱ្យ​ទៀងទាត់​ពេលម៉ោង ប្រយោជន៍រក្សា​បានលំនឹង​កម្រិត ជាតិស្ករ​ក្នុងឈាម។ អ្នកជម្ងឺត្រូវ​ប្រកាន់ខ្ជាប់​របបអាហារ​លំនឹង​សមស្រប​ដែលមិនសូវ​មានជាតិស្ករ​ជ្រាបលឿន ពិសាបង្អែម​តិចតួច និងចាក់ថ្នាំ​អាំងស៊ុយលីន​ជាប្រចាំ​ក្នុងកម្រិត​កំណត់មួយ។ ហើយអ្នកជម្ងឺ​ត្រូវតែបង្ខំខ្លួន​ឱ្យធ្វើសកម្មភាព​ផ្លូវកាយ​ជាប្រចាំ​ផងដែរ ដូចជា ហាត់ប្រាណ លេងកីឡា​ជាដើម។

ការព្យាបាល​ពីអ្នកជម្ងឺ​ម្នាក់ទៅម្នាក់ មិនដូចគ្នា​ទាំងស្រុងទេ គឺអាស្រ័យ​ទៅលើអ្នក​ជម្ងឺម្នាក់ៗ។ ការព្យាបាល​ចង់ឱ្យកម្រិត ជាតិស្ករ​ក្នុងឈាមធ្លាក់​មកនៅ​បរិមាណ​ក្បែរធម្មតា។ សព្វថ្ងៃនេះ ដោយមាន​វិធីព្យាបាល​ទំនើប អ្នកជម្ងឺ​ទឹកនោមផ្អែម​អាចមាន​ជីវិត រស់នៅ ដូចមនុស្ស​ធម្មតាដែរ។ ក្នុងករណី​អ្នកជម្ងឺ​ទឹកនោមផ្អែម​ខូចតម្រង់នោម នៅប្រទេស​ជឿនលឿន គេអាចធ្វើ​ការប្ដូរ ឬផ្សាំ តម្រង់​នោម និងលំពែង។

២- ការព្យាបាលជម្ងឺទឹកនោមផ្អែម​ប្រភេទទី២

ការព្យាបាល​មានគោល​បំណង​តម្រូវ​កម្រិតជាតិស្ករ​ក្នុងឈាម​ឱ្យនៅ​កម្រិតធម្មតា និងទប់ស្កាត់ ឬកាត់បន្ថយ​ផលវិបាក ផ្សេងៗ។ ហើយការ​ព្យាបាល​ប្រែប្រួល​ទៅតាមអាយុ​អ្នកជម្ងឺ ទៅតាម​កម្រិត​មានតិច ឬច្រើន ឬមិនមាន​ផលវិបាក។ ការទទួលទាន ចំណីអាហារ​ដែលកំណត់​ដោយ​គ្រូពេទ្យ​ជំនាញ​(តមស្ករ ឬផ្អែម) និងសកម្មភាព​ផ្លូវកាយ​ជាប្រចាំ​(ហាត់ប្រាណ និងលេងកីឡា) អាច ជាវិធីព្យាបាល​មួយ​គ្រប់គ្រាន់ សម្រាប់​ព្យាបាល​ជម្ងឺទឹកនោមផ្អែម​ប្រភេទទី២​នេះហើយ។

ប៉ុន្ដែអ្នក​ជម្ងឺទឹកនោមផ្អែម​ប្រភេទទី២​មួយចំនួនទៀត អាចប្រើថ្នាំ​លេបបន្ថែម​ដែលជាថ្នាំ​បញ្ចុះកម្រិត​ជាតិស្ករ​នៅក្នុងឈាម ចេញវេជ្ជបញ្ជា​ដោយគ្រូពេទ្យ​ព្យាបាល។ ដំណាក់កាល​ចុងក្រោយ ការព្យាបាល​អាចតម្រូវ​ឱ្យប្រើប្រាស់​ថ្នាំ​អាំងស៊ុយលីន​ចាក់។

សរុបមក ជម្ងឺទឹកនោមផ្អែម​តម្រូវឱ្យ​មានការ​ព្យាបាល​សព្វជ្រុងជ្រោយ​មួយ។ ការកែ​តម្រូវឱ្យ​កម្រិតជាតិស្ករ​ក្នុងឈាមនៅ ធម្មតា បូករួម​នឹងការ​ព្យាបាល​ជម្ងឺដទៃ​ផ្សេងទៀត ដូចជា​ជម្ងឺលើសឈាម ការលើស​ជាតិខ្លាញ់​ក្នុងឈាម​ជាដើម។ ដូច្នេះ ការព្យាបាល ជម្ងឺទឹកនោមផ្អែម​ត្រូវធ្វើឡើង និងតាមដាន​យ៉ាងត្រឹមត្រូវ​ដោយគ្រូពេទ្យ បើមាន​ករណីណា​មួយកើតឡើង ត្រូវតែ​ទៅជួប​ជាមួយ គ្រូពេទ្យ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *