ធ្លាក់ស

នាងខ្ញុំរៀបការ​បាន២០​ឆ្នាំហើយ និងមានកូន​២នាក់។ ថ្មីៗនេះ​ចម្លែកណាស់ នាងខ្ញុំ​មានធ្លាក់ស​ជារៀងរាល់​ខែតាម​ទ្វារមាស។ តើត្រូវ​ព្យាបាល​បែបណា​ទៅ? លោកស្រី ម.គ.ស អាយុ៤៥ឆ្នាំ កំពង់ស្ពឺ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សដែល​ធ្លាក់នោះ​មានសភាព​ជាអន្លាយៗ​ដូចសម្បោរ ឬប្រៀប​ដូចជា​ផ្នែកស​នៃពងមាន់ ដែលកើត​មានឡើង​នៅ ចន្លោះពេល​មកឈាម​រដូវ មិនតម្រូវ​ឱ្យមានការ​ព្យាបាល​ឡើយ គឺជាករណី​ធ្លាក់ស​ធម្មតា។ ពីព្រោះថា សមិន​ធម្មតា​ជាទូទៅ គឺមាន លក្ខណៈដុំៗ មានពណ៌លឿង ពណ៌បៃតង ព្រមទាំង​មានរមាស់ និងក្រហាយ​នៅនឹង​ទ្វារមាស។ ការរួមភេទ​ពេលធ្លាក់ស​អាច​បង្កការ ឈឺផ្សា។ មូលហេតុ​ចម្បងដែល​អាចបង្ក​ការធ្លាក់ស គឺដោយ​មេរោគផ្សិត កង់ឌីដា អាល់ប៊ីកង់។ តែក៏ឃើញ​មានពពួក​មេរោគ ឬប៉ារ៉ាស៊ីត​ផ្សេងទៀតដែរ ដូចជា​ក្លាមីឌីយ៉ា មីកូបា្លស​ជាដើម។ បែបនេះអាច​ជាករណី​ជម្ងឺកាមរោគ​ផងដែរ។

រោគសញ្ញា និងការព្យាបាល​ជម្ងឺធ្លាក់ស មានតែ​គ្រូពេទ្យ ឬអ្នក​ជំនាញទេ ដែលអាច​ធ្វើការ​វិនិច្ឆ័យថា​ជាសធម្មតា ឬសមិន ធម្មតា និងអាចផ្ដល់​ការព្យាបាល​ត្រឹមត្រូវ។ ដូច្នេះសូម​កុំបណ្ដែត​បណ្ដោយយូរ ត្រូវរួសរាន់​ទៅជួប​គ្រូពេទ្យ​ព្យាបាល ចៀសវាង​ឱ្យ បាននូវ​គ្រោះថ្នាក់​ផ្សេងៗ ដូចជាការ​មានមេរោគ​នៅក្នុងខ្លួន​ជាដើម ដែលអាច​ជាដើមចម​នៃផលអាក្រក់​ជាច្រើនទៀត។ បើឈឺបន្ដិចបន្ដួច ឆាប់ទៅ​ពិគ្រោះ និងទទួលការ​ព្យាបាល យើងចំណេញ​គ្រប់យ៉ាង ឬច្រើនជាង​ទុកឱ្យអង្ករ​ក្លាយជាបាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *