សព្វថ្ងៃនេះ មានម្ស៉ៅលាបច្រើនបែបយ៉ាងណាស់។ អ្នកខ្លះប្រើលាបលើស្បែកក្នុង១ថ្ងៃ២ ឬ៣ដង ដូចជាពេលព្រឹកម្ដង ពេលថ្ងៃ ពេលយប់ម្ដងទៀតជាដើម។ តើការលាបជាប្រចាំនៅលើស្បែកបែបនេះ ផ្ដល់ផលល្អដល់ស្បែកឬទេ? តើគួរទុកពេលឱ្យស្បែកនៅ ទទេដែរឬទេ? អ្នកនាង អ.ម.ន អាយុ៣២ឆ្នាំ ខេត្ដសៀមរាប
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ផលិតផលសម្អាង ឬគ្រឿងសម្អាង(ផលិតផលកូស្មេទិច) បង្កើតឡើងក្នុងគោលបំណងជួយថែទាំ និងការពារស្បែក របស់យើង ព្រមទាំងជួយចិញ្ចឹមស្បែកដោយបន្សើមជាតិទឹកនៅលើស្បែក។ ដូច្នេះផលិតផលទាំងនេះមានអត្ថប្រយោជន៍ខ្លាំងណាស់ បើយើងប្រើប្រាស់វាចំគោលដៅ ឬចំតម្រូវការពិតប្រាកដរបស់ស្បែកយើង ជាអាទិមាន ផលិតផលសម្រាប់ចិញ្ចឹមស្បែកស្ងួត ឬផលិត ផលសម្រួលក្រពេញញើសសម្រាប់ស្បែកខ្លាញ់ជាដើម។
ការប្រើប្រាស់ផលិតផលទាំងនេះ ២ដង ឬ៣ដងក្នុង១ថ្ងៃ មិនឆ្លើយតបបានត្រឹមត្រូវទៅនឹងធម្មជាតិស្បែក ឬតម្រូវការពិត ប្រាកដរបស់ស្បែកឡើយ។ ហើយការប្រើប្រាស់ខុសឆ្គងអាចបង្កឥទ្ធិពលអាក្រក់ទៅលើស្បែកទៅវិញ។ ករណីត្រឹមត្រូវបំផុត មុននឹង ប្អូនស្រីសម្រេចចិត្ដប្រើប្រាស់ផលិតផលណាមួយ គួរតែប្អូនស្រីសាកសួរយោបល់ជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាមុនសិន ប្រយោជន៍ឱ្យ ដឹងថាតើប្អូនមានស្បែកប្រភេទណា និងថាតើត្រូវលាបម្សៅបែបនេះបែបនោះប៉ុន្មានដងក្នុង១ថ្ងៃ? សូមប្អូនស្រីព្យាយាមធ្វើឱ្យបាន ដើម្បីសុខភាពស្បែករបស់ប្អូនស្រី។ ពេលលាប សម្រស់របស់យើងកើនឡើងមួយកម្រិតមែន តែថ្ងៃក្រោយស្បែករបស់យើងនឹងខូច ក៏មិនល្អដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply