បច្ចុប្បន្ននេះ ភាពជឿនលឿន ស៊ីវិល័យ ទាន់សម័យ និងហ៊ឺហា មាននៅគ្រប់ស្រទាប់ប្រជាពលរដ្ឋយើងគ្រាន់តែបែងចែក ទៅតាមឋានៈ តួនាទី ប្រាក់កាស និងឱកាសហុចឱ្យតែប៉ុណ្ណោះ។ ការហូរចូលវប្បធម៌បរទេស ភាពសម្បូរបែបនៃសម្ភារៈទំនើប គឹជាការបញ្ជាក់ពីភាពជឿនលឿនរបស់សង្គមខ្មែរ បើប្រៀបធៀបទៅនឹងពេលទើបនឹងចប់សង្គ្រាម។ បើភាពជឿនលឿន ស៊ីវិល័យ ទាន់សម័យ និងហ៊ឺហានេះប្រព្រឹត្ដទៅក្នុងលក្ខណៈសមស្រប យើងអាចទទួលយកបាន ក៏ប៉ុន្ដែមានមនុស្សមួយចំនួនត្រូវបានបំពុលដោយ ភាពជឿនលឿន ធ្វើឱ្យភ្លេចខ្លួនទាំងស្រុង ទាំងផ្នែកស្មារតី ទាំងផ្នែកសម្ភារៈ។
ការបើកចំហរទីផ្សារឱ្យមានការហូរចូលនៃអ្នកវិនិយោគទុន ភ្ញៀវទេសចរ និងទំនាក់ទំនងកិច្ចការបរទេស ប្រយោជន៍ អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិឱ្យលូតលាស់ទៅមុខ។ ការភ្លើតភ្លើនត្រេកត្រអាលរបស់មនុស្សបានធ្វើឱ្យសង្គមប្រែពណ៌យ៉ាងឆាប់ រហ័ស ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបើកចំហរធ្វើឱ្យប្រទេសយើងជួបប្រទះនឹងបញ្ហាមួយចំនួនដែលអាចចាត់ទុកជាជម្ងឺមហារីករបស់សង្គម។ ជម្ងឺនេះបានកើតទ្បើងចំពោះមនុស្សគ្រប់វ័យដោយរាប់តាំងពីកុមារទ្បើងទៅ។
ការភ្លើតភ្លើនផ្នែកស្មារតី
ការហូរចូលវប្បធម៌បរទេសតាមរយៈខ្សែភាពយន្ដ កាសែតវីដេអូ សាព័ត៌មាន ទស្សនាវដ្ដីជាដើម និងការបើកទូលាយផ្នែក ប្រព័ន្ធផ្សព្វផ្សាយ ធ្វើឱ្យជនខិលខូចឆ្លៀតឱកាសកេងយកផលចំណេញ តាមរយៈការវាយលុកនូវរូបភាពអាសអាភាស បងតូចបងធំ ធ្វើឱ្យមនុស្សមើលឃើញហើយ ចង់អនុវត្ដតាម ជាពិសេសយុវវ័យដោយគិតថាទង្វើទាំងនោះនាំឱ្យគេទ្បូយ សង្ហា អ្នកផងកោតសរសើរ ។ ការធ្លាក់ចុះ ផ្នែកសីលធម៌រស់នៅរបស់មនុស្ស នាំឱ្យសង្គមមានការភ្លើតភ្លើនទាំងយុវវ័យ មនុស្សពេញវ័យ និងមនុស្សចាស់ នាំឱ្យ មានការកាប់សម្លាប់ ចងអាឃាតគ្នា ជះទឹកអាស៊ីត ការចាប់រំលោភសេពសន្ថវៈជាដើម។ ការហូរចូលនៃវប្បធម៌បរទេស បានអង្រួន យុវវ័យយើងមួយចំនួនឱ្យចង់ប្រព្រឹត្ដតាម។ វប្បធម៌ទាំងនោះសម្រាប់ប្រទេសជឿនលឿនបានទទួលយកជាទំនៀមទម្លាប់របៀបរៀប រយរស់នៅ និងបរិយាកាសសង្គមរបស់គេទៅហើយ។ ដោយឡែកសម្រាប់ប្រទេសយើងពិបាកទទួលយកខ្លាំងណាស់ តួយ៉ាងដូចជា សម្លៀកបំពាក់យុវវ័យមួយចំនួនកំពុងចម្លងបែបបស្ចិមប្រទេស លេចលើ ខើចក្រោម ចោះរន្ធត្រចៀក ពាក់ក្រវិលច្រើនពេញត្រចៀក ទាំងប្រុសទាំងស្រី មានទាំងចោះច្រមុះ បបូរមាត់ ចោះទងផ្ចិត និងសាក់រូបភាពតាមកន្លែងផ្សេងៗជាច្រើនទៀត។
ការភ្លើតភ្លើនផ្នែកសម្ភារៈ
សម្ភារៈសម្បូរបែប ដូចជាកុំព្យូទ័រ អ៊ីនធើណេត ទូរសព្ទ័ឌីជីថលទំនើប វីដេអូស៊ីឌីជាដើម ធ្វើឱ្យមានការទំនាក់ទំនងគ្នាយ៉ាង ឆាប់រហ័ស បញ្ចូនឱ្យគ្នាទៅវិញទៅមក។ ការបើកទូលាយផ្នែកប្រព័ន្ធផ្សព្វផ្សាយ ទើបបង្កឱ្យមានជនខិលខូចឆ្លៀតឱកាសបញ្ជូនព័ត៌ មានមិនសមរម្យផ្សព្វផ្សាយទូទាំងប្រទេស។ សម្ភារៈមួយចំនួនទៀត ដូចជាឡាន មាសប្រាក់ ផ្ទះ និងសម្លៀកបំពាក់ទាន់សម័យក៏បាន ធ្វើឱ្យអារម្មណ៍ត្រេកត្រអាលចង់មានចង់បានដូចគេ។ ជាហេតុនាំឱ្យមានការលក់ខ្លួន លក់សម្រស់ លួច ឆក់ប្លន់ សម្លាប់គ្នា ប្រពន្ធចុង ប្រពន្ធដើម បង្កើតជាភាពវឹកវរនៅក្នុងសង្គម។ ចំណែកគ្រឿងញៀន ដូចជាយ៉ាម៉ា អំហ្វេតាមីនជាដើម ក៏បានរួមចំណែកបង្កភាពភ្លើត ភ្លើននៅកម្ពុជាផងដែរ។ ការញៀនបានបង្កជាអំពើពាលាអាវាសែ អនាចារ និងលួចប្លន់ដើម្បីបំពេញតម្រូវការញៀន។
កុំព្យូទ័រ អ៊ីនធើណេត ទូរសព្ទ័ឌីជីថលទំនើប និងវីដេអូស៊ីឌីត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ភាពសម្បូរបែបបានធ្វើឱ្យ អ្នកខ្លះរត់ដេញតាមស៊េរីសឹងមិនទាន់ ទើបបណ្ដាលឱ្យមានការលួច និងឆក់ប្លន់គ្នា។ អ្នកខ្លះប្រើប្រាស់វាហួសកម្រិត ដូចជាពេលតែមួយ ប្រើកុំព្យូទ័រ ទូរស័ព្ទ កាសស្ដាប់ម៉ាញ៉េ ហាក់ដូចជាទំនើបជ្រុល។ អ្នកខ្លះទៀតប្រើវាសម្រាប់កាត់ត ឬបញ្ជូនរូបភាពមិនត្រឹមត្រូវទៅឱ្យ គ្នាទៅវិញទៅមក។
ម៉ូតូ និងទ្បានទំនើបបានធ្វើឱ្យអ្នកខ្លះប្រើប្រាស់វាក្នុងល្បឿនហួសកម្រិត បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ អ្នកខ្លះទៀតប្រើ វាដើម្បីការប្រណាំងនៅលើផ្លូវសាធារណៈ។ អ្នកខ្លះទៀតបើកបរបណ្ដើរ ចាក់ម៉ាញ៉េស៊ីឌីបណ្ដើរដោយសម្លេងទ្រហ៊ឹងរំខានដល់អ្នកដ ទៃ។ រូបភាពមួយចំនួនទៀត ដូចជាការប្ដូរសម្លេងស៊ីផ្លេ ភ្លើងពណ៌បំភ្លឺ និងគូសវាសរូបភាពផ្សេងៗ។
ការស្រឡាញ់គ្នា រស់នៅជាមួយគ្នាមុនរៀបការ
បើព្រមព្រៀងរស់នៅជាមួយគ្នារហូតមិនថ្វីទេ តែបើមានភាគីណាមួយបែកចិត្ដនោះ វានាំឱ្យមានអំពើអត្ថឃាត ហិង្សា កាប់សម្លាប់ និងជះទឹកអាស៊ីតទៅលើភាគីដែលក្បត់។ សម្រាប់ប្រទេសគេ ការរស់នៅជាមួយគ្នាមុនពេលរៀបការ វាជាការធម្មតា។ ភាគច្រើនពួកគេមានតុល្យភាពផ្នែកចំណេះដឹង ផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងសង្គមជាដើម។ បើភាគីទាំងសងខាងយល់ថា មិនអាចរស់ នៅជាមួយគ្នាបាន គេនឹងផ្ដាច់ទំនាក់ទំនង រួចចាប់ផ្ដើមទំនាក់ទំនងស្នេហាថ្មី។ ដោយទ្បែកសម្រាប់ប្រទេសយើងវិញ ស្ដ្រីមួយភាគធំពឹង ផ្អែកទាំងស្រុងលើសេដ្ឋកិច្ចរបស់បុរស ម្ល៉ោះហើយពេលមានបញ្ហាប្រេះឆាកើតឡើង ស្ដ្រីពិបាកនឹងទទួលយកណាស់។ មានមនុស្សចាស់ មួយចំនួនក៏ភ្លើតភ្លើនខ្លាំងដែរ ទាំងសម្លៀកបំពាក់ ទាំងការប្រើប្រាស់សម្ភារៈ ដោយមិនគិតអំពីអាយុវ័យរបស់ខ្លួន។ អ្នកខ្លះថែមទាំង លួចលាក់ចិញ្ចឹមស្រី ចិញ្ចឹមប្រុសក្មេងអាយុប្រហែលនឹងកូនរបស់ខ្លួនក៏មានដែរ។
ពីធីរៀបអាពាហ៍ពិពាហ៍
ពីធីរៀបអាពាហ៍ពិពាហ៍នាសម័យនេះមួយចំនួន ត្រូវបានរៀបចំទ្បើងដោយសង្ខេប។ ការកាត់ចោលនូវពិធីតាមបែបប្រពៃណីមួយចំនួនចេញ ដើម្បីជាការចំណេញពេលវេលា និងថវិការ។ ប៉ុន្ដែពិធីកាត់នំដែលមិនមានលក្ខណៈប្រពៃណីត្រូវបានបង្កើតទ្បើងទៅ វិញ។
ពីធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ជាពិធីបុណ្យប្រពៃណីមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋយើង។ ប៉ុន្ដែពិធីដ៏ល្អមួយនេះ ត្រូវបានអ្នកខ្លះយកជាឱកាសក្នុងការ កេងចំណេញទៅលើនារីតាមរយៈការជះទឹក និងលាបម្សៅ ហើយបន្លំបៀតបៀនរាងកាយ និងគ្រឿងអលង្ការបស់នារីទាំងនោះ។ មួយវិញទៀត ពិធីរាំវង់កំសាន្ដនៅពេលចូលឆ្នាំ ច្រើនតែមានការឈ្លោះទាស់ទែងគ្នា រហូតដល់កាប់សម្លាប់គ្នា ដោយហេតុផលបន្ដិច បន្ដួចតែប៉ុណ្ណោះ។
ដំបូន្នានអ្នកប្រឹក្សា
ការជឿនលឿនដែលនាំឱ្យមនុស្សភ្លើតភ្លើន ជាជម្ងឺរ៉ាំរ៉ៃមួយប្រភេទ ដែលដាច់ខាតយើងទាំងអស់គ្នាត្រូវចូលរួមទប់ស្ដាត់ ព្យាបាល ឫកាត់បន្ថយ។ សូមជ្រើសរើសយកអ្វីដែលជាគំរូល្អមកធ្វើតាមដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦
Leave a Reply