មនុស្សគ្រប់រូប សុទ្ធតែមានក្លិនខ្លួនមិនល្អ គ្រាន់តែអ្នកខ្លះក្លិនធម្មតាស្រាល អ្នកខ្លះទៀតមានក្លិនខ្លាំងឈួលពិបាកទ្រាំ។ មានវិធីបំបាត់ក្លិនខ្លួនជាច្រើន ដែលកំពុងប្រើប្រាស់ ដូចជាការងូតទឹកសម្អាតខ្លួនជាប្រចាំ ប្រើប្រាស់សាប៊ូក្រអូប ផលិតផលបំបាត់ក្លិនក្លៀក ការប្រើប្រាស់ទឹកអប់ជាដើម។
ទឹកអប់ជាទីពេញនិយមរបស់មនុស្សគ្រប់ជាតិសាសន៍ មិនថាស្បែកស ស្បែកខ្មៅ ឬស្បែកលឿង មិនថាអាស៊ី មិនថាអឺរ៉ុប។ មនុស្សភាគច្រើន ប្រើប្រាស់ទឹកអប់ក្នុងគោលបំណងបំបាត់ក្លិនខ្លួន និងឱ្យខ្លួនប្រាណក្រអូប។ មានទឹកអប់ច្រើនប្រភេទ ច្រើនម៉ាក ដែលដាក់លក់នៅលើទីផ្សារ ដូចជាប្រភេទលាប ប្រភេទបាញ់ជាដើម។ ទស្សនាវដ្ដី សុខភាពយើង សូមលើកយករបៀបប្រើប្រាស់ ទឹកអប់ដូចតទៅនេះ។
1- លាបទឹកអប់លើខ្លួនឯង
តើលោកអ្នកត្រូវលាបទឹកអប់នៅកន្លែងណាខ្លះ? ដើម្បីឱ្យទឹកអប់នៅរក្សាក្លិនបានយូរក្រោយពីលាបរួចហើយ លោកអ្នក ត្រូវលាបលើខ្លួនតែកន្លែងដែលលាក់កំបាំងមិនត្រូវថ្ងៃក្ដៅ ឬត្រជាក់។ នៅលើចំណុចហាលវាល ឬក្ដៅ ដូចជាកញ្ចឹងក ដៃជាដើម ទឹកអប់ឆាប់អស់ក្លិនណាស់។ សក់ក៏ដូច្នេះដែរ ពោលគឺក្រោយលាបហើយវាមិនអាចឱ្យនៅជាប់ក្លិនបានយូរទេ។ ជាការប្រសើរបំផុត នោះ គឺបាញ់ទឹកអប់នៅផ្នែកទាំងឡាយណា ដែលគ្របដណ្ដប់ជិតដោយខោអាវ ពោលគឺកន្លែងដែលមិនត្រូវថ្ងៃ មិនត្រូវខ្យល់។
2- បាញ់ទឹកអប់នៅលើខោអាវ
ជាការប្រសើរបំផុតនោះ គឺមុនពេលយកខោអាវមកស្លៀកពាក់ គេត្រូវបាញ់ទឹកអប់នៅលើផ្ទៃខាងក្នុងនៃខោអាវ។ សូម ចងចាំថាទឹកអប់ល្អតែងតែត្រូវគ្នាជាមួយជាតិឡែន សូត្រ ឬអំបោះ។ ទឹកអប់តែងមានជាតិប្រេង ដូច្នេះកាលណាប៉ះជាមួយនឹង ស្បែក វាអាចធ្វើឱ្យស្បែកមិនសូវល្អ។ ការលាបទឹកអប់តែមួយកន្លែងញឹកញាប់ពេក អាចមានប្រតិកម្មនៅលើស្បែកធ្វើឱ្យស្បែក រមាស់ ឬឡើងក្រហម។
3- ត្រូវចេះជ្រើសរើសទឹកអប់
មានទឹកអប់មួយចំនួន ពេលលាប ឬបាញ់ទៅធ្វើឱ្យមានអារម្មណ៍អស់កម្លាំងកាន់តែខ្លាំង។ កោសិកានៃច្រមុះរបស់មនុស្ស ម្នាក់ៗ ត្រូវការនូវក្លិនមួយជាកំណត់របស់វា។ ដូច្នេះកាលបើលាបប៉ះ ឬហិតទឹកអប់ណាដែលកោសិកាច្រមុះរបស់យើងមិនត្រូវការ អាចបង្កបញ្ហា។ បែបនេះត្រូវបំភ្លេចវាចោលទៅ ហើយងាកមកជ្រើសរើសយកទឹកអប់ប្រភេទថ្មីមកប្រើវិញ។
4- ទឹកអប់កូឡូញ សម្រាប់តែងខ្លួន
ទឹកអប់ប្រភេទនេះ ត្រូវបានមនុស្សភាគច្រើនស្វាគមន៍បំផុត ដោយសារតែវាមានតម្លៃទាបអាចទទួលយកបាន។ ក៏ប៉ុន្ដែ ត្រូវដឹងថាទឹកអប់កូឡូញនេះ ជាប្រភេទទឹកអប់ដែលមានក្លិនដ៏ប្រសើរ រក្សាក្លិនបានយូរ និងមិនសូវចុះប្រើឆាប់អស់ទៀតផង។ អ្វីៗ ទាំងអស់វាចំណុះទៅលើម៉ាកទឹកអប់ និងគុណភាពនៃវត្ថុធាតុដើមដែលយកមកផ្សំ។
5- គួរលាបទឹកអប់ពេញខ្លួន
ការលាបទឹកអប់ពេញរាងកាយ ត្រូវចំណាយទឹកអប់ច្រើន តែនេះជាវិធីមួយក្នុងការប្រើប្រាស់ទឹកអប់។ ម្យ៉ាងទៀត ក្លិន ក្រអូបដ៏បរិសុទ្ធដែលភាយចេញពីខ្លួននេះ ហាក់ដូចជាស្រទាប់ស្បែកទី២របស់លោកអ្នកអញ្ចឹង។ ម្យ៉ាងទៀតសូមកុំភ្លេចថា ទឹកអប់ ជួយកម្ចាត់នូវក្លិនមិនល្អចោល។ ហេតុនេះហើយ បានជាអ្នកខ្លះនិយមប្រើប្រាស់វាក្នុងការលាបឱ្យសព្វខ្លួនប្រាណ ដើម្បីជួយរក្សាក្លិន ក្រអូបទូទៅជាប់បានយូរ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply