អ្នកនាង ចន ច័ន្ទលក្ខិណា ជាតារាសម្ដែងដ៏ល្បីមួយរូប និងជាពិធីការិនីដ៏ស្រស់ស្អាតប្រចាំនៅទូរទស្សន៍ប៉ុស្ដិ៍អប្សារា។ សម្រាប់អ្នកនាង ចន ច័ន្ទលក្ខិណា ការថែរក្សាសម្ផស្ស និងសុខភាព ជារឿងចាំបាច់បំផុត ហើយអ្នកនាងតែងតែយកចិត្ដទុកដាក់ជានិច្ច ។ ពេលនេះ អ្នកនាងបានទម្លាយឱ្យដឹងអំពីអាថ៌កំបាំងនៃការថែរក្សាសម្ផស្សរបស់អ្នកនាងប្រាប់ទស្សនាវដ្ដី សុខភាពយើង។
ការថែរក្សាបបូរមាត់
បបូរមាត់ជាបញ្ហាសំខាន់គួរយកចិត្ដទុកដាក់។ អ្នកនាងជ្រើសរើសក្រែមលាបមាត់ណាដែលមានគុណភាពល្អយកមកប្រើ ប្រាស់ ដើម្បីចៀសវាងនូវការធ្វើឱ្យបបូរមាត់ឡើងខ្មៅស្រគាំ។ មិនតែប៉ុណ្ណោះ អ្នកនាងមានប្រើក្រែមវីតាមីនជំនួយបបូរមាត់ទៀត។ ពេលអ្នកនាងមិនសូវស្រួលខ្លួន ឬនៅវពេលដែលអ្នកនាងប្រើក្រែមលាបបបូរមាត់ច្រើនពេក ធ្វើឱ្យបបូរមាត់ប្រេះ ឬស្ងួត។ ដូចនេះអ្នក នាងត្រូវប្រើក្រែមនេះ ជាជំនួយបបូរមាត់។ អ្នកនាងមិនប្រើវាជាប្រចាំទេ គឺប្រើវានៅថ្ងៃណាដែលអ្នកនាងត្រូវធ្វើការផាត់មុខតែ ប៉ុណ្ណោះ។
ការថែរក្សាស្បែកមុខ
ដើម្បីថែទាំស្បែកមុខ អ្នកនាងជ្រើសរើសតែផលិតផល និងឡេណាដែលមានគុណភាពល្អប៉ុណ្ណោះ។ លក្ខិណាមានការបែង ចែកឡេសម្រាប់ប្រើប្រាស់ជាពីរសណ្ឋាន គឺឡេសម្រាប់ប្រើពេលយប់ និងឡេសម្រាប់ប្រើពេលព្រឹក។ ពេលយប់ គឺអ្នកនាងប្រើឡេ សម្រាប់ជំនួយស្បែកមុខ។ ពេលព្រឹកអ្នកនាងប្រើក្រែមសម្រាប់ការពារកម្ដៅថ្ងៃ។
ចំពោះការលាងម្សៅនៅលើផ្ទៃមុខ
លក្ខិណាមានវិធីពីរយ៉ាង។ ទីមួយ គឺអ្នកនាងប្រើជាតិឡូសិន ឬទឹកប្រេងសម្រាប់ជូត ម្សៅលើផ្ទៃមុខ។ វិធីទីពីរ គឺអ្នកនាង ប្រើទឹកម្យ៉ាងទៀតដើម្បីសម្អាតម្សៅចេញ។ ចុងក្រោយអ្នកនាងប្រើសាប៊ូលាងនៅលើផ្ទៃមុខ។
ការថែរក្សាស្បែកមុខតាមបែបធម្មជាតិ
លក្ខិណាចូលចិត្ដប្រើប៉ិគក់ ផ្លែត្រសក់ និងយ៉ាអួមកបិតនៅលើផ្ទៃមុខក្នុងមួយសប្ដាហ៍បីដង។ ការបិតនេះមិនមែនចេះតែបិត ទេ អ្នកនាងបិតពេលអ្នកនាងមានអាការក្ដៅមុខ ឬនៅក្រោយពេលស្ទីមមុខរួច។ ព្រោះថាពេលស្ទីម មុខយើងទទួលកម្ដៅ នៅពេល ចេញពីស្ទីមមុខ យើងត្រូវបិតផ្លែឈើទាំងនេះនៅលើមុខឱ្យត្រជាក់់។
ការថែរក្សាចិញ្ចើម
ចំពោះលក្ខិណា បញ្ហារោមចិញ្ចើមមិនមែនជាប្រការដែលគួរឱ្យយកចិត្ដទុកដាក់ខ្លាំងនោះទេ។ អ្នកនាងជានារីម្នាក់់ ដែល ស្រឡាញ់ចិញ្ចើមបែបធម្មជាតិ មិនសូវចូលចិត្ដកោររោមចិញ្ចើមទេ។
ការថែសម្រស់រោមភ្នែក
ការពត់រោមភ្នែកច្រើន ធ្វើឱ្យរោមភ្នែកអាចជ្រុះច្រើន។ អ្នកនាងជ្រើសរើសយកម៉ាស្ការ៉ាណាដែលល្អ ប្រើទៅមិនធ្វើឱ្យរោម ភ្នែកជ្រុះ។ អ្នកនាងមិនសូវធ្វើការពត់រោមភ្នែកទេ។ ឥឡូវនេះ អ្នកនាងជ្រើសរើសវិធីមួយ គឺការពាក់រោមភ្នែក ដើម្បីចៀសវាងនូវ ការពត់រោមភ្នែកញឹកញាប់។
ការថែទាំសក់
លក្ខិណាបានទទួលស្គាល់ថាទាំងរូបអ្នកនាង និងទាំងតារាដទៃទៀតប្រមាណជា៨០%ហើយ ដែលទទួលរងការខូចសក់ ដោយសារការធ្វើសក់ ដូចជាការកៀបសក់ ការប្ដូរពណ៌សក់ ឬហាយឡាយសក់ជាដើម ច្រើនដងពេក។ ដូច្នេះជាមធ្យោបាយការពារ សក់ អ្នកនាងបានកាត់បន្ថយការកៀបសក់ និងការហាយឡាយសក់ ដោយងាកមកប្រើក្រែមបម្រុងសក់។ អ្នកនាងជ្រើសរើសសាប៊ូ ណាដែលមានគុណភាពល្អ ដើម្បីជាជំនួយដល់សក់របស់អ្នកនាង។ ក្នុង១សប្ដាហ៍ អ្នកនាងធ្វើការអប់សក់ម្ដង។ នៅពេលកក់សក់ អ្នក នាងតែងប្រើប្រេងបន្ទន់សក់។ នៅពេលសក់ស្ងួតបន្ទាប់ពីកក់ហើយ អ្នកនាងប្រើក្រែមបម្រុងសក់ទៀត ដើម្បីជួយឱ្យសក់លូតលាស់ល្អ និងមានភាពទន់រលោង។ មុនពេលកៀបសក់ អ្នកនាងតែងប្រើប្រេងម្យ៉ាងលាបសក់ ដើម្បីកាត់បន្ថយកម្ដៅនៅពេលកៀបសក់។
ការថែរក្សាស្បែក
នៅពេលទំនេរ អ្នកនាងតែងតែទៅឆ្ពុងតាមបែបធម្មជាតិ ដើម្បីថែរក្សាស្បែក និងប្រើឡេលាបស្បែកនៅពេលព្រឹក និង ពេលល្ងាច។ សម្រាប់ពេលថ្ងៃ អ្នកនាងលាបឡេការពារកម្ដៅថ្ងៃ ប្រយោជន៍ធ្វើឱ្យស្បែកម៉ដ្ឋ។ នៅពេលយប់ លក្ខិណាប្រើឡេថែរក្សា ស្បែក និងបម្រុងស្បែក។ ឡេប្រភេទទីពីរ គឺការពារកម្ដៅថ្ងៃ និងថែរក្សាស្បែក ដើម្បីឱ្យស្បែកមានសំណើម និងសម៉ដ្ឋរលោង។
ការទទួលទានចំណីអាហារ
លក្ខិណាប្រកាន់យកនូវការទទួលទានអាហារមានការកំណត់ និងទៀងទាត់ពេលវេលា។ អ្នកនាងចូលចិត្ដបរិភោគផ្លែឈើ ដូចជាផ្លែប៉ោមពណ៌ខៀវជាដើម និងបន្លែ។
ការថែរក្សាសុខភាពរាងកាយ
ពីមុនអ្នកនាងប្រើថ្នាំលេប ដើម្បីជាជំនួយក្នុងការថែរក្សាសម្ផស្ស។ ប៉ុន្ដែឥឡូវនេះ អ្នកនាងផ្អាកប្រើប្រាស់ថ្នាំនេះ ដោយ សារអ្នកនាងគ្មានពេលវេលាគ្រប់គ្រាន់។ ការថែរក្សារាង្គកាយសម្រាប់អ្នកនាងជារឿងសំខាន់ ព្រោះថាសព្វថ្ងៃនេះ អ្នកនាងជាតារាដ៏ ល្បីមួយរូប អ្នកនាងត្រូវការប្រើប្រាស់រាង្គកាយ។ អ្នកនាងមិនញុំាអាហារតាមតែចិត្ដដែលនឹកចង់នោះទេ។ ចំពោះការទទួលទានភេសជ្ជៈ អ្នកនាងចូលចិត្ដទទួលទានទឹកបរិសុទ្ធ មិនចូលចិត្ដញុំាទឹកផ្អែមទេ។ អ្នកនាងមានគ្រូពេទ្យប្រចាំខ្លួន សម្រាប់ត្រួតពិនិត្យសុខភាព ជម្ងឺទូទៅ និងរោគស្ដ្រី។ នៅពេលមានបញ្ហាអ្វីដែលសង្ស័យ អ្នកនាងត្រូវតែទៅពិគ្រោះយោបល់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ធំ ឬធ្ងន់ ធ្ងរកើតឡើង។
បណ្ដាំផ្ញើរបស់អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាងចន ច័ន្ទលក្ខិណាសូមផ្ដាំផ្ញើថា សូមស្ដ្រីគ្រប់រូបត្រូវតែគិតគូរអំពីសុខភាព និងសម្រស់របស់ខ្លួន។ កាលណាសុខភាព យើងល្អ និងសម្រស់របស់យើងល្អហើយ ជីវិតយើងក៏មានសេចក្ដីសុខ និងសុភមង្គលដែរ។ ដូច្នេះយើងគួរតែថែទាំសុខភាពឱ្យបានទៀង ទាត់គ្រប់ពេលវេលា ទាំងការបរិភោគ ទាំងការថែរក្សាសម្រស់។ យើងត្រូវទទួលទានដំណេកឱ្យបាន១ថ្ងៃ៨ម៉ោង។ ពេលទំនេរ យើង គួរឆ្លៀតឱកាសធ្វើដំណើរកំសាន្ដ ដើម្បីឱ្យអារម្មណ៍ស្រស់ថ្លា។ នៅពេលអារម្មណ៍ស្រស់ថ្លា ការងារយើងក៏ល្អ។ អ្វីដែលសំខាន់ជាងនេះ ទៅទៀតនោះ គឺយើងត្រូវតែមានអនាម័យជាការសំខាន់បំផុត ទាំងការទទួលទានចំណីអាហារ និងការអនាម័យខ្លួនប្រាណ។ ត្រូវ ទទួលទានចំណីអាហារណាដែលល្អស្អាតមានអនាម័យ មិនត្រូវញុំាអាហារណាដែលមានរុយរោម និងមិនត្រូវបរិភោគតាមឃ្លាននោះទេ យើងគួរតែ គិតពីផលវិបាកវាទៅថ្ងៃក្រោយផងដែរ។
ប្រវត្តិរូបសង្ខេប
- ឈ្មោះ ៖ ចន ច័ន្ទលក្ខិណា
- អាជីព ៖ តារាសម្ដែង និងជាពិធីការិនី
- ថ្ងៃខែឆ្នាំកំណើត ៖ ២០ មិថុនា ១៩៨០
- បងប្អូន ៖ ៤នាក់ (ជាកូនទីមួយ)
- ស្ថានភាពគ្រួសារ ៖ មានស្វាមី
- ទំហំទាំងបី ៖ ៣៤, ២៧, ៣៦
- ទម្ងន់ ៖ ៥២គីឡូក្រាម
- កម្ពស់ ៖ ១,៦៧ម៉ែត្រ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦
Leave a Reply