ឧបករណ៍វាស់​កម្រិតជាតិ​ស្ករក្នុង​ឈាម

ជម្ងឺ​ទឹកនោមផ្អែម​ជាជម្ងឺ​ធ្ងន់ធ្ងរ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​នៅលើ​ពិភពលោក​កំពុង​ប្រឈម​មុខ និងទទួលរង។ យោងតាម​របាយការណ៍​របស់​សមាគម​ទឹកនោម​ផ្អែមកម្ពុជា ប្រជាពលរដ្ឋ​១០%​ក្នុង​ក្រុងភ្នំពេញ​បានទទួល​រងនូវ​ជម្ងឺទឹក នោមផ្អែម​ដែលតម្រូវ​ឱ្យមាន​ការព្យាបាល​អស់ពេល​មួយជីវិត។ ដើម្បីឱ្យ​អ្នកជម្ងឺ​ទឹកនោមផ្អែម​ងាយស្រួល​ក្នុងការ​តាមដាន​កម្រិតជាតិ ស្ករនៅ​ក្នុងឈាម​របស់ខ្លួន។ អ្នកវិទ្យាសាស្ដ្រ​បានខិតខំ​ស្រាវជ្រាវ​ឃើញនូវ​ឧបករណ៍វាស់​កម្រិតជាតិស្ករ​ក្នុងឈាម​យ៉ាងរហ័សមួយប្រភេទ​ដែលអ្នក​ជម្ងឺអាច​ប្រើវាស់​ដោយខ្លួន​ឯងបាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែងយល់​កាន់តែច្បាស់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពីឧបករណ៍​វាស់កម្រិត​ជាតិស្ករ​នេះតាម​រយៈកិច្ច​សម្ភាសន៍ ជាមួយ​លោក​វេជ្ជបណ្ឌិត ប៉ែន ហ៊ន ប្រធានផ្នែក​ពិនិត្យជម្ងឺ​ក្រៅនៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ។

ឧបករណ៍វាស់កម្រិត​ជាតិស្ករ​ក្នុងឈាម ជាអ្វី?

ឧបករណ៍វាស់​កម្រិតជាតិស្ករ​ក្នុងឈាម​ជាប្រភេទ​ឧបករណ៍ប្រើ​សម្រាប់វាស់​ជាតិស្ករ​ដែលអ្នក​ជម្ងឺអាច​ប្រើដោយ​ខ្លួនឯង​បានដោយ​ប្រើរយៈ​ពេលមិន​ដល់១នាទី​ផង។ ឧបករណ៍នេះ​មានច្រើន​ប្រភេទ​ណាស់នៅតាម​ទីផ្សារ ដោយទ្បែក​សម្រាប់នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ បានទទួល​ការឧបត្ថម្ភ​ពីក្រុមហ៊ុន​អាបូត្ដ (Abbott)។

គុណប្រយោជន៍របស់​ឧបករណ៍វាស់​កម្រិតជាតិស្ករ​ក្នុងឈាម

ការប្រើឧបករណ៍​នេះអាច​ធ្វើឱ្យ​អ្នកជម្ងឺ​ងាយស្រួល​ក្នុងការ​តាមដាន​ជាតិស្ករ ដើម្បី​ងាយស្រួល​ក្នុងការ​បរិភោគ​អាហារផ្សេង ៗ ក៏ដូចជា​អាចគ្រប់គ្រង​នូវរោគសញ្ញា​ដែលបញ្ជាក់​ពីកម្រិតជាតិ​ស្ករក្នុងឈាម។

វីធីប្រើឧបករណ៍វាស់​កម្រិតជាតិស្ករ​ក្នុងឈាម

ដើម្បីប្រើប្រាស់​ឧបករណ៍វាស់​កម្រិតជាតិស្ករ​ក្នុងឈាមឱ្យ​បានជោគជ័យ អ្នកជម្ងឺ​ចាំបាច់​ត្រូវចេះចាំ​ឱ្យបាន​ច្បាស់លាស់​ក្នុងវិធី ប្រើប្រាស់​ដែលមាន​ដូចតទៅ ៖

ជាដំបូង លោកអ្នក​ចំាបាច់​ត្រូវពិនិត្យ​ចុងម្រាមដៃ​ឱ្យដឹងថា​ស្ថានភាពស្បែក និងកម្រាស់ដៃ​របស់លោកអ្នក​ជាមុនសិន​ដើម្បី តម្រូវទៅ​តាមលេខ​របស់ឧបករណ៍។

  • បើស្បែកក្រាស់ អាចប្រើកម្រិត​លេខ៤ ឬលេខ៥
  • បើស្បែកមធ្យម ត្រូវប្រើកម្រិត​លេខ៣
  • បើស្បែកស្ដើង ត្រូវប្រើ​កម្រិត​លេខ២

បន្ទាប់មក ត្រូវសម្អាត​​ស្បែកដៃ​ដោយអាល់កុល រួចទុកឱ្យ​ស្ងួតតទៅទៀត។ លោកអ្នក​ត្រូវយក​ឧបករណ៍​ដាក់ម្ជុល​មកចុច លើចុងម្រាម​ដែលសម្អាតរួច ដើម្បីបាន​ឈាមទៅផ្ដិត​នឹងក្រដាស​អេទ្បិចត្រូត រួចត្រូវ​រងចាំ​លទ្ធផល​ដែលនឹង​បង្ហាញអំពី​បរិមាណជាតិ ស្ករនៅ​ក្នុងឈាម​នៅលើកញ្ចក់​ឧបករណ៍វាស់​ជាតិស្ករ​ក្នុងឈាម។ បើតួលេខ​បង្ហាញថា​ចន្លោះពី​៧៥ ទៅ១១០មីលីក្រាម​ក្នុងមួយ​ដេស៊ីលីត្រ នោះកម្រិត​ជាតិស្ករក្នុង​ឈាមធម្មតា។ ផ្ទុយទៅវិញ​បើជាតិស្ករ​ក្នុងឈាម​លើសពី១១០​មីលីក្រាម គឺលោកអ្នក​លើសជាតិ​ស្ករក្នុងឈាម។ លោកអ្នកគួរ​ប្រើ​ឧបករណ៍នេះ ក្នុងមួយថ្ងៃ​តែម្ដង​ជាការ​គ្រប់គ្រាន់ គប្បីប្រើ​នៅពេល​ព្រឹកព្រលឹម​មុនពេល​ទទួលទាន​អាហារ ។ ព្រោះថា​បើវាស់​ក្រោយពេល​ទទួលទាន​អាហារ លទ្ធផល​ដែលបាន​មិនសូវ​សុក្រិតទ្បើយ។

ប្រការគួរត្រួត​ពិនិត្យតាម​ដានជាតិ​ស្ករ

លោកអ្នក​ត្រូវឧស្សាហ៍​វាស់កម្រិត​ជាតិស្ករ​ជាប្រចាំ ដើម្បីតាមដាន​សភាពនៃ​រាងកាយ ជាពិសេស​សម្រាប់​លោកអ្នក​ដែល មានអាយុ​ច្រើនលើស​ពី៤០ឆ្នាំ និងមានរោគ​សញ្ញាមួយ​ចំនួន ដូចជា​ស្រេកទឹក​ខ្លាំង នោមច្រើន​លើសពី​៣លីត្រ​ក្នុងមួយថ្ងៃ ឃ្លានខ្លាំង បរិភោគច្រើន រមួលក្រពើ​នៅជើង វិលមុខ​ច្រើនដង មានដំបៅ​ក្រជាសះស្បើយ ធាត់ លើសទម្ងន់​ជាដើម។

ដំបូន្មាន​អ្នកជំនាញ

មុននឹង​លោកអ្នក​ជ្រើសរើស​ឧបករណ៍​សម្រាប់វាស់​ជាតិស្ករ សូមលោកអ្នក​គិតគូរ​ពីគុណភាព​ជាចម្បង។ ចំពោះ​លោកអ្នក ដែលមាន​ជម្ងឺទឹកនោមផ្អែម គប្បីមាន​ឧបករណ៍​នេះនៅតាម​ខ្លួនជាប់​ជានិច្ច។ ប្រការ​ល្អបំផុត គួរតែ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ ជំនាញ​ជាមុនសិន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៦ ខែកក្កដា ឆ្នាំ២០០៦

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *