ការរួមភេទ ពេលមាន​ផ្ទៃពោះ

រហូតមក​ដល់សព្វ​ថ្ងៃនេះ ការរួមភេទ​ពេលតាំង​គភ៌នៅ​តែជា​រឿង​លើក​លែង ឬហាមប្រាម​ដដែល។ ទំនាក់​ទំនង​ផ្លូវភេទ របស់ប្ដី​ប្រពន្ធ​ខ្មែរនៅ​ពេលតាំង​គភ៌មាន​សភាព​ថមថយ ឬរយាល​ពេល​ជាង​​​ពេល​នៅខ្លួន​ទទេ។ ទោះបី​ជាវប្បធម៌ និងសាសនា​ភាគច្រើន​បាន​បដិសេធ​ចោលការ​រួមភេទ​ពេលតាំង​គភ៌ក៏ដោយ ក៏គ្រូពេទ្យ​សម័យថ្មី​បាន​ព្រមព្រៀង​មូល​មតិគ្នា​ថាការ​សប្បាយ​រីករាយ​ខាង ផ្លូវភេទ​មិនបង្ក​គ្រោះថ្នាក់​ណាមួយ​ដល់ស្ដ្រី​ដៃគូ​ជាម្ដាយ និងទារក​ក្នុងផ្ទៃ​នោះឡើយ។ សម្រាប់គូ​ស្នេហា គភ៌​មិនមែន​ជាវាល​រហោលស្ថាន​៩ខែ​ដែល​ខ័ណ្ឌចែក​អ្នកទាំង​ពីរឡើយ។ មិនទាន់​ផុតទេ មានរយៈ​ពេលក្រោយ​សម្រាលកូន​មួយគ្រា​ទៀត ដែលតម​រួមភេទ​ដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

គភ៌ធ្វើ​ឱ្យស្ដ្រីភេទ​ប្រែប្រួល​ទាំង​បរាង​កាយទាំង​ផ្លូវចិត្ដ អ្វីៗ​ត្រូវ​ផ្លាស់ប្ដូរ​ទាំងអស់។ សម្រាប់​គូស្រករ​ទាំងពីរ​គួរតែ​គិតគូរក ជីវភាព​ផ្លូវភេទ​ថ្មីៗមក​បម្រើ​សេចក្ដី​ស្នេហា។ ការតាំងគភ៌​បែប​កាមារម្មណ៍ និងមាន​ការរួមភេទ​ពិតជា​អនុញ្ញាត ស្ដ្រីមាន​ផ្ទៃពោះ​ក៏ត្រូវ តែតុបតែង​ខ្លួនប្រាណ​ផងដែរ។ ដើម្បី​ចូលរួម​ចំណែក​ជួយ​ថែទាំគ្រឹះ​ស្នេហា​របស់​មិត្ដអ្នកអាន ទស្សនាវដ្ដី​សុខភាពយើង សូមលើក​មក ជម្រាប​ជូនលោកអ្នក​អានអំពី​ការរួម​សុខរួម​ទុក្ខជីវភាព​ផ្លូវភេទ​ជាមួយគ្នា រវាងប្ដី​ប្រពន្ធ និងទារក​ក្នុងផ្ទៃ ក្នុងរយៈពេល​៩ខែដ៏វែង អន្លាយ។

ជីវិតប្ដី​ប្រពន្ធ​ក្រឡាប់ចាក់

ពេលរង់ចាំ​ទារក​សម្រាលរយៈ​ពេល៩ខែ​នេះ បានធ្វើ​ឱ្យជីវិត​អ្នក​ទាំងពីរ​ប្រែប្រួល​ក្រឡាប់​ចាក់អស់​ហើយ ជាពិសេស​លើជីវភាព​ផ្លូវភេទ។ ការប្រែប្រួល​រូបរាងកាយ​ពោះកំពីង​កំប៉ោង បើកច្រក​ឱ្យប្ដី​ប្រពន្ធ​ងាកទៅ​រកស្ថានភាព​ថ្មីមួយ ស្ដ្រីជា​ដៃគូស្នេហា​ក្លាយ ទៅជាម្ដាយ ឯបុរស​ក្លាយទៅ​ជាឪពុក។ ជាអាទិការ​វិវឌ្ឍន៍​ផ្នែក​ផ្លូវភេទ ជារឿយៗ​បកស្រាយ​ឡើងដោយ​ការភ័យខ្លាច​របួស​ស្នាមដល់ ទារក​ក្នុងផ្ទៃ។ ម្យ៉ាងទៀត​នៅក្នុង​គ្របខ័ណ្ឌ​គភ៌ធម្មតា​ដែលគ្មាន​គ្រោះថ្នាក់​ដល់ការ​សម្រាល​មិនគ្រប់ខែ ការរួមភេទ​មិនបង្ក​គ្រោះថ្នាក់ ណាមួយ​ដល់ទារក​ឡើយ។ ហេតុផល​នេះត្រូវ​បានអះអាង​ដោយការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន។ តាមពិត​ទារក​ត្រូវបាន​ថែរក្សា និងការ ពារយ៉ាងល្អ​ដោយថង់​ទឹកភ្លោះ​នៅក្នុងស្បូន ឆ្នុក ឬគម្រប​ភ្នាសមុយកឺ​នៅនឹង​មាត់ស្បូន​ក៏អាច​បាំងចែក​ទារក និងទ្វារមាស​ផងដែរ។ ទោះជា​បែបណា​ក្ដីតោងគិត​ថាទារក​កគឺជា​សក្ខីភាព​នៃសេចក្ដី​ស្នេហា និងជា​ផ្លែផ្កា​នៃការ​រួមភេទ​របស់អ្នក​ទាំងពីរ។

តម្រេកកាម​នៅតែ​កើតមាន ពេលមាន​ផ្ទៃពោះ

តម្រេកកាម​មានការ​ប្រែប្រួល​ពីមួយ​ត្រីមាស​ទៅមួយ​ត្រីមាស។ នៅត្រីមាស​ទី១ ដោយសារ​អស់កម្លាំង ក្អួតចង្អោរ និង ការរីក​ប៉ោងនៃ​សុដន់ដែល​ជួនកាល​មានការ​ឈឺចាប់​ទៀតផងនោះ ការរួមភេទ​ពិតជា​មិនផ្ដល់​ឱកាស​ល្អឡើយ។ ផ្ទុយទៅ​វិញ ចាប់ពី ដើម​ត្រីមាស​ទី២ទៅ ស្ដ្រីភាគច្រើន​ចាប់អារម្មណ៍​ចង់ទទួល​ការសប្បាយ​រីករាយ​ខាងផ្លូវកាម​ផ្លូវភេទ។ ការហូរ​ឈាមទៅ​ច្រាលនៅ ក្នុងអាង​ត្រគាក និងការរួម​ត្បៀតនៃ​ទ្វារមាស បង្កបង្កើន​កាមារម្មណ៍​ប្លែកពី​ធម្មតា​ពេលមាន​ការស៊ក​បញ្ចូលលិង្គ។

ពេលឈាន​ចូលដល់​ត្រីមាសទី៣ ទំហំពោះ​ចាប់ផ្ដើម​ធំឡើង ព្រមទាំង​មានអាការ​មិនស្រួលខ្លួន​មួយចំនួន​ទៀត ដូចជាដង្ហើម ដង្ហក់ ឈឺសៀតពោះ ឈឺនៅមាត់​ទ្វារមាស​ជាដើម។ រយៈពេល​នេះហើយ​ដែលតម្រូវ​ឱ្យគូស្នេហ៍​ទាំងពីរ​ចាប់គិតគូ​ធ្វើវិញ្ញាសា​ច្នៃប្រឌិត ដូចជា​ថាតើ​ត្រូវរួមភេទ​ដោយកាយ​វិការ ក្បាច់ ឬជំហរ​រួមភេទ​បែបណា​ទើបត្រឹមត្រូវ។ ចំណង់​ផ្លូវភេទ​ចាប់ផ្ដើម​តឹងតែង​មែនទែន ហើយ ប៉ុន្ដែ​យ៉ាងហោច​ណាស់រសជាតិ​សប្បាយខាង​ផ្លូវភេទ​ដោយការថើប បបោស​អង្អែល នែបនិត្យ និងការ​ថ្នាក់ថ្នម​ខ្លួនប្រាណនៅ តែអាច​ធ្វើឡើង​បានគ្រប់​កាលៈទេសៈ។

ប្ដីប្រពន្ធ​នៅតែត្រូវ​ការការ​រួមភេទ​ពេលមាន​គភ៌

ចំណង់ផ្លូវភេទ​របស់ដៃគូ​ទាំងពីរ​អាចប្រែប្រួល​នៅពេល​មានគភ៌។ ការសិក្សា​ជាច្រើន​ទាក់ទង​នឹងបញ្ហា​នេះ បានបង្ហាញនូវ ការ​បម្រែ​បម្រួល​គួរឱ្យកត់​សម្គាល់។ អ្នកខ្លះ​មានចំណង់​ភេទមិន​ផ្លាស់ប្ដូរទេ អ្នកខ្លះ​កើនឡើង អ្នកខ្លះ​ទៀតថយចុះ។ ជួនធ្វើ​ឱ្យម្នាក់ មានចំណង់​ភេទថយចុះ តែធ្វើឱ្យ​ម្នាក់ទៀត​មានចំណង់​ភេទកើន​ឡើង។ បុរសខ្លះ​រក្សាចំណង់​ភេទយ៉ាងស្អិត​រមួតប្រកៀក​ប្រកើយ ហើយជួន​ដើរចោល​ស្ដ្រីដែល​ជាភរិយាកំពុង​ក្លាយទៅ​ជាមាតាម្នាក់​ទៀតផង។ ស្ដ្រីមួយ​ចំនួនក៏​មិនចង់​នៅក្បែរ​បុរសជា​ស្វាមីដែរ យក ចិត្ដទុក​ដាក់យ៉ាងខ្លាំង​នឹងគភ៌ ភ្លេចគិត​រឿងផ្សេង។ ការយោគយល់ និងស្ដាប់គ្នា​ជាចំណុច​សំខាន់​ចាំបាច់។ ទោះបី​ជាចំណង់​ភេទមិនមែន ជាកម្មសិទ្ធិ​ដាច់ថ្លៃផ្ដាច់​មុខរបស់​អ្នកនេះ ឬជារបស់​អ្នកនោះ​ក៏ដោយ ក៏ស្វាមីភរិយា​ត្រូវនៅ​នែបនិត្យ​ជាមួយគ្នា បើអាចជួយ​សម្រេចផ្លូវ ភេទឱ្យ​គ្នាទៅវិញ​ទៅមក​តាមរយៈការ​បបោសអង្អែល​ផ្លូវភេទឱ្យ​គ្នាជាដើម រិតតែ​ប្រសើរ។

ប្រការគួរចៀស​វាងរួមភេទ នៅពេល​មានគភ៌

ក្នុងករណី​ពិសេស​មួយចំនួន គ្រូពេទ្យ​ព្យាបាល​អាចណែនាំ​លោកអ្នក​ថាការអាច​រួមភេទបាន ឬមិនបាន។ ក្នុង​គ្របខ័ណ្ឌ​នោះ ការពិគ្រោះ​ជម្ងឺគួរតែ​ធ្វើឡើង ដើម្បី​ស្វែងយល់ និងធ្វើការ​សម្រេចចិត្ដ។ ការរួមភេទ​ត្រូវបាន​ហាមប្រាម ក្នុងករណី​ដូចតទៅ

  • គម្រាម​កំហែងការ​សម្រាល​កូនមិន​គ្រប់ខែ ៖ កាលណា​មានការ​កន្ដ្រាក់ស្បូន​ជាខ្លាំង ដែលធ្វើឱ្យ​មានការ​ប្រែប្រួល​មាត់ស្បូន បិទ ឬបើក​ដែលជា​បច្ច័យ​បង្កការ​សម្រាល​ទារកមិន​គ្រប់ខែ។
  • បើលោកអ្នក​ធ្លាប់មាន​ប្រវត្ដិរលូត ឬធ្លាក់កូន ៖ ត្រូវសាកសួរ​យោបល់​គ្រូពេទ្យ ព្រោះថា​មានតែ​គ្រូពេទ្យ​ទេទើប​អាច ប្រាប់ឱ្យ​លោកអ្នក​តមការ​រួមភេទ​ប៉ុន្មានខែ​ដំបូង​ជាដើម អាចរួមភេទ​បាន​ពេលទារក ឬគភ៌​បោះទីតាំង​បានល្អ។
  • ករណីសុកបាំង​មាត់ស្បូន ៖ ប្រសិនបើ​សុកមក​នៅត្រង់​មាត់ស្បូន លោកអ្នក​មិនអាច​រួមភេទ​បានទេ ព្រោះវា​អាចបង្កការ ហូរឈាម។ បើមាន​ហូរឈាម​សូមទៅជួប​គ្រូពេទ្យ​ជាបន្ទាន់។
  • ពេលដែល​លោកអ្នក​មានទឹកជ្រាប ឬទឹកហូរ​ចេញតាម​ទ្វារមាស ៖ ដែលជា​សញ្ញារហែក​ថង់ទឹកភ្លោះ ករណីនេះ​កើតជាទូ ទៅនៅ​ពេលជិត​សម្រាល លោកអ្នក​មិនត្រូវ​រួមភេទ​ឡើយ។ ការរួមភេទ​អាចបង្កការ​ឆ្លងរោគ។ នៅខណៈនេះ គួរតែទៅ​មន្ទីរពេទ្យ ឬ កន្លែងសម្ភព​ឱ្យបាន​រួសរាន់​បំផុត។

ម្យ៉ាងទៀត​ក៏ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ផងដែរ ករណីបុរស​ជាប្ដី ឬជាដៃគូ​មានផ្ទុក​ជម្ងឺរើម ឬអែបប៉េស​លើប្រដាប់​ភេទ។ ព្រោះថា​ត្រូវចៀសវាង​ការដុះ ឬកើតរោម​លើស្ដ្រីមាន​ផ្ទៃពោះ ជាពិសេស​ពេលសម្រាល។ សូមកុំ​ធ្វើការ​រួមភេទអី​បើសង្ស័យ ព្រោះថា ការប្រើ​ស្រោមអនាម័យ​ជួនមិនអាច​ការពារ​ស្ដ្រីបាន​ទាំងស្រុងទេ។ ជារឿយៗ ការឈឺចាប់​ពេលកើត​រើមគ្រប់គ្រាន់​សម្រាប់ធ្វើ​ឱ្យបាត់ បង់តម្រេក​តណ្ហារួច​ស្រេចទៅ​ហើយ។

ការរួមភេទ​ដែលអាច​បង្កការ​ឆ្លងជម្ងឺ​កាមរោគ ស្វាយប្រមេះ ឬជម្ងឺអេដស៍ ក៏គួរតែ​ចៀសវាង​ផងដែរ។ ក្នុងករណី​សង្ស័យ សូមណែនាំ​ឱ្យដៃគូ​ទៅធ្វើការ​វិភាគជម្ងឺ​រកមេរោគ​ជាមុនសិន ឬប្រើប្រាស់​ស្រោមអនាម័យ។

ផ្ទុយទៅវិញ ក្នុងករណី​ស្ដ្រីមានគភ៌​លើខែ ជួនកាល​គ្រូពេទ្យ​អាចណែនាំ​ឱ្យមានការ​រួមភេទ ប្រយោជន៍​ជម្រុញឱ្យ​មានការ សម្រាល ព្រោះថា​នៅក្នុង​ទឹកកាម​មានជាតិ​ប្រូស្ដាក្លង់ឌីន ដែលបង្ក​ការបើក​មាត់ស្បូន និងបង្ករ​ការកន្ដ្រាក់​មាត់ស្បូន។ ការ​សិក្សាស្រាវ ជ្រាវមិនទាន់​ធ្លាប់ដែល​បានបកស្រាយ​វិធីនេះទាល់​តែសោះ ទោះបី​ជាប្រសិទ្ធភាព​ស្ថិតនៅក្នុង​ការសង្ស័យក្ដី វិធីនេះ​ក៏មិនមាន​ការបង្ក គ្រោះថ្នាក់​ដល់ស្ដ្រី​ជាម្ដាយ និងទារក​ឡើយ។

បណ្ដាំ​អ្នកនិពន្ធ

លោកអ្នក​មិនត្រូវ​រារែក​មិនហ៊ាន​សាកសួរ​គ្រូពេទ្យ​ដែលតាមដាន​ផ្ទៃពោះ​របស់លោកស្រី​អ្នកនាងឡើយ។ ការនិយាយគ្នា ឬ ពិភាក្សា​គ្នារវាង​ប្ដីប្រពន្ធ ក៏ជាប្រការ​សំខាន់ដែរ។ ជាទូទៅ​គភ៌របស់​លោកស្រី​អ្នកនាង​វិវឌ្ឍន៍ទៅ​បានល្អ​ជាធម្មជាតិ កម្រមាន​បញ្ហាអា ក្រក់កើត​ឡើងណាស់។

សូមរង់ចាំ​អានបន្ដ​ផែនការ​សកម្មភាព​ផ្លូវភេទ និងក្បាច់រួមភេទ​នៅពេលមាន​ផ្ទៃពោះនៅ​ទស្សនាវដ្ដី​សុខភាពយើង លេខ ក្រោយទៀត​ដោយ​អនុគ្រោះ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *