របៀបផាត់​ម្សៅលើ​ច្រមុះ

នៅជាមួយ​ទីតាំង​ដែលស្ថិត​នៅចំ​កណ្ដាលមុខ ច្រមុះ​បានធ្វើ​ឱ្យរង្វង់​ភ្រ័ក្ដកាន់​តែមាន​សម្រស់​ថែមទៀត។ គ្មានអ្វី​ស្អាតស្មើ បើសិន​ជាសុភាពនារី​មានច្រមុះ​មួយខ្ពស់ ហើយត្រង់។ រង្វង់មុខ​ទោះបី​ជាស្អាត​យ៉ាងណា​ក៏ដោយ បើសិន​អ្នកនាង​កញ្ញាមាន​ច្រមុះ​រីកធំ ខើចអាច​ប្រែជា​អាក្រក់​មើល​ទៅវិញ។ ចំណុចនេះ អាចបញ្ជាក់​បានថា​ច្រមុះក៏​ជាមូលដ្ឋាន​កំណត់សម្រស់​របស់​វង់ភ្រ័ក្ដ​ដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីជា​ជំនួយដល់​សុភាពនារី​ទាំងអស់​ក្នុងការ​តុបតែង​ច្រមុះឱ្យ​សក្ដិសម ទស្សនាវដ្ដី សុខភាពយើង សូមលើក​មកជម្រាប ជូនសុភាព​នារីទាំងទ្បាយ​ពីវិធី​ក្នុងការ​តុបតែង​ច្រមុះដោយ​ការជួប​សម្ភាសន៍​ជាមួយ​លោកស្រី លីរ៉ា នីរ៉ាន់ អ្នកជំនាញ​នៅហាង​សម្រស់ ភ្នំពេញ។

បច្ជេកទេស​តុបតែង​ច្រមុះ

ការផាត់ម្សៅ​នៅលើ​ច្រមុះក៏​ត្រូវមាន​របៀប​ផាត់ ឬលាប ដូចជា​ការផាត់​ម្សៅនៅ​កន្លែងផ្សេង​ទៀតនៃ​មុខដែរ។ ស្បែក ច្រមុះ​ច្រើនរអិល​ជាង​ស្បែកមុខ។ ដូចនេះ​សុភាពនារី​ទាំងទ្បាយ​ត្រូវប្រើ​ក្រែមស្ងួត​ដើម្បីលាប​មុខមុនពេល​ផាត់ម្សៅ។ ករណីដែល ច្រមុះធំ និងរីក គួរតែ​ប្រើម្សៅ​ពណ៌ដាក់​សងខាង​ច្រមុះតាម​បណ្ដោយ​ច្រមុះ។ បើសិន​ជាសុភាពនារី​មានច្រមុះ​វែង គប្បីប្រើ​ម្សៅលាប ថ្ពាល់​ពណ៌ផ្កាឈូក ផាត់ច្រមុះ​ឱ្យក្រាស់​បន្ដិច។ ក្នុងករណី​ដែលអ្នក​នាងកញ្ញា​មានច្រមុះ​មិនសូវខ្ពស់ គួរតែ​លាបម្សៅ​ត្រង់ច្រមុះ​ពណ៌ស ឬក៏ពណ៌​ទឹកប្រាក់​ឱ្យក្រាស់​នៅសង​ខាងច្រមុះ រួមជាមួយ​នឹងពណ៌​សូកូទ្បា​ត្រង់ខ្ទង់​ច្រមុះ ទើបមើល​ឃើញច្រមុះ​ខ្ពស់។ ទោះបី​ជាយ៉ាង ណាសម្រាប់​អ្នកនាងកញ្ញា​ដែលមានច្រមុះ​កំពិតនោះ ពិតជា​ពិបាករក​វិធីតុបតែង​ខ្លាំងណាស់។ បច្ចុប្បន្ននេះ​ដោយសារការ​រីកចម្រើន ផ្នែកវិស័យ​កែសម្ផស្សនោះ មាន​ផលិតផល​សម្រាប់​វះកាត់​បង្កើន​កម្ពស់ និងរូបរាង​របស់​ច្រមុះ ដោយបាន​ផលិតនូវ​ច្រមុះជ័រ​ដែលដូចគ្នា បេះបិទ​នឹងច្រមុះ​ធម្មតា ឬក៏អាច​ធ្វើច្រមុះ​ពិតមួយ​តែម្ដង​ដោយយក​សាច់ដៃ ឬពោះ​ជាដើម​មកវះកាត់​ច្នៃប្រឌិត។

វិធីថែរក្សា​ច្រមុះ

បន្ថែម​ពីលើ​របៀប​ផាត់ម្សៅ​លើខ្ទង់​ច្រមុះនោះ ក៏ត្រូវយក​ចិត្ដទុកដាក់​ផងដែរ ចំពោះការ​ថែរក្សា​ច្រមុះ។ ច្រមុះ​មិន​ត្រឹមតែ មានសារៈ​សំខាន់​ផ្នែក​សោភ័ណភាព​ប៉ុណ្ណោះទេ ច្រមុះ​អាចប៉ះពាល់​នូវសុខភាព​រាងកាយ​ទៀតផង។ ប្រការល្អ សូម​ប្រុងប្រយ័ត្ន​រាល់ ការប៉ះ​ទង្គិចផ្សេងៗ​នៅលើច្រមុះ។ ក្រៅពីការ​ឈឺចាប់ និងឈាមចេញ​តាមច្រមុះ​នោះ មានករណី​ធ្ងន់ធ្ងរ ដូចជា​ការបាក់​ច្រមុះ​តែម្ដង ជាដើម។

ដំបូន្មានអ្នក​ជំនាញ

ត្រូវប្រុងប្រយ័ត្ន​ក្នុងការ​តុបតែង​ច្រមុះ បើ​អ្នកនាងកញ្ញា​មិនប្រាកដ​ក្នុងចិត្ដទេ សូមរក​អ្នកជំនាញ​ដើម្បី​តុបតែង ព្រោះថាបើ តុបតែង​មិនបាន​ល្អអាចធ្វើ​ឱ្យអាក្រក់​លើសដើម​ក៏ថាបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories:

Leave a Reply

Your email address will not be published. Required fields are marked *