បើប្តី​​​ខឹងឲ្យ​​​ប្រពន្ធ​​​អត់ ប្តីអំណត់​​​ពេល​​​ប្រពន្ធខឹង

ជីវិត​ប្ដីប្រពន្ធ គឺជាជីវិត​ល្អិតល្អន់​បំផុត។ នៅពេល​ដែល​កសាង​គ្រួសារ លោកអ្នក​ត្រូវតែ​យល់ដឹង​នូវការ​លំបាក​ស្មុគស្មាញទាំងឡាយ​ក្នុងជីវិត​គ្រួសារ នោះទើប​លោកអ្នក​ទទួលបាន​នូវសុភមង្គល​ពិតប្រាកដ​ដូចបំណង​ប៉ងប្រាថ្នា។ ជារឿង​ធម្មតាទេ​ដែលគូស្វា មីភរិយា​តែងតែ​មានរឿង​ឈ្លោះ​ប្រកែកគ្នា គ្រាន់តែ​តិចតួច ឬធំដុំ​ប៉ុណ្ណោះ វាមិន​ខុសពី​ចានក្នុង​រាវគឺរមែង​តែងរណ្ដំ​គ្នា ឬប៉ះទង្គិច​គ្នាជានិច្ច។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បីកាត់បន្ថយ ឬទប់ស្កាត់​ការឈ្លោះ​ទាស់ទែង​គ្នា ដែលយូរ​ទៅជា​សញ្ញានៃ​ការបែក​បាក់ចែក​ផ្លូវគ្នា​នោះ ទស្សនាវដ្ដី សុខ ភាពយើង សូមលើក​យកនូវ​គន្លឹះជំនួយ​ខ្លះៗដែល​គូស្វាមី​ភរិយា​ចាំបាច់​ត្រូវតែ​ព្យាយាម​អនុវត្ដ ដើម្បីឱ្យ​មាន​សុភមង្គល។

តួនាទីរបស់​ស្វាមីក្នុងការ​កាត់បន្ថយ​ជម្លោះ

ស្វាមីដ៏ល្អ​នៅក្នុង​គ្រួសារគប្បី​ប្រតិបត្ដិខ្លួន និងចៀសវាង​ឱ្យបាននូវ​ប្រការមួយ​ចំនួនដូចជាៈ

1. កុំចង្អៀត​ចង្អល់ និងកំប៉ិក​កំប៉ុក​ពេក ៖ ក្នុងគ្រួសារ ស្វាមីត្រូវ​មានចិត្ដ​ទូលាយ​ទាំង​ប្រាក់កាស និងពេល​វេលា មិនត្រូវ កំណាញ់ស្វិត​ចំពោះ​ប្រពន្ធកូន​ឡើយ ព្រោះអាច​ធ្វើឱ្យ​ភរិយា​អន់ចិត្ដ​មានគំនិត​ប្រៀបធៀប​ខ្លួនឯង និងអ្នកដទៃ។ ស្ដ្រីដែល​មានប្ដីភាគ ច្រើន អនាគត​របស់នាង​ផ្ញើលើប្ដី​ទាំងស្រុង ហើយនាង​តែងសង្ឃឹមថា​ជីវិតនាង​នឹងមាន​សេចក្ដីសុខ។ មនុស្សស្ទើរ​គ្រប់គ្នា​សុទ្ធតែ​បានដឹង ហើយថា​នៅក្នុង​គ្រួសារ​មនោសញ្ចេតនា​សំខាន់ជាង​សម្ភារៈ ប៉ុន្ដែពេល​ខ្លះមនោសញ្ចេតនា​មិនអាចជំនួស​សម្ភារៈទាំងស្រុង​បានទេ ទាល់ តែមាន​សម្ភារៈ​សមរម្យ​ល្មមទើបអាច​នឹងនចិត្ដ កសាង​សុភមង្គល​សម្រាប់​គ្រួសារ​បានល្អ។ បុរសត្រូវ​បង្ហាញពី​ចរិតជា​មនុស្សល្អ​របស់ខ្លួន បើសិន​ជាលោកអ្នក​មើលឃើញ​បញ្ហាលុយកាក់​ជាធំ មើលស្រាល​មនោសញ្ចេតនា នោះសុភមង្គល​របស់លោកអ្នក​ពិបាកក្នុង​ការរក្សា បាន​ណាស់។

2. កុំរំលោភ​សិទ្ធិប្រពន្ធ ៖ ពេលកសាង​គ្រួសារ ត្រូវគិតថា​ប្ដីប្រពន្ធ​មានសិទ្ធិ​ដូចគ្នា​ចាត់ទុក​គ្នាដូចជា​មិត្ដដ៏​ស្មោះត្រង់ មិនត្រូវ គិតថា​ប្ដីជាអ្វីៗ​ទាំងអស់ទេ ហើយមើល​ស្រាលប្រពន្ធ​ខ្លួនឯង ចាត់ទុក​ជាអ្នក​បំរើ ឬអ្នកនៅ​ក្រោមបញ្ជា​របស់ខ្លួន នោះគឺជា​ប្រការខុស ឆ្គងដ៏មាន​គ្រោះថ្នាក់​បំផុត។ វាជាការ​ពិតដែល​បុរសជា​អ្នកធ្វើការ​រកលុយ​ជួយគ្រួសារ ប៉ុន្ដែ​លោកអ្នក​ក៏មិនត្រូវ​មានទស្សនៈ​ថាលោក អ្នកមាន​អំណាចតែ​ម្នាក់ឯង​ក្នុងគ្រួសារ​នោះទេ។ ទស្សនៈអញ​និយមនឹង​នាំលោកអ្នក​ទៅរក​ការ​បាត់បង់​ប្រពន្ធកូន។ ជាប្ដីប្រពន្ធ​នឹងគ្នា មិនចាំបាច់​អ្នកណា​មានអំណាច​ជាងអ្នក​ណាទេ សំខាន់គឺ​ត្រូវគោរពគ្នា​ទៅវិញ​ទៅមក។ ថ្វីត្បិត​ស្ដ្រីធ្វើ​ការងារ​ផ្ទះគ្មាន​ប្រាក់​ចំណូលក៏ ពិតមែន ក៏ប៉ុន្ដែ​វាមាន​តម្លៃស្មើនឹង​ប្រាក់ចំណូល​ដែលលោកអ្នក​រកបាន​ពីក្រៅ។ ពីព្រោះ​បើលោកអ្នក​គ្មានប្រពន្ធ​សម្រាប់ធ្វើ​កិច្ចការ​ទាំង នេះទេ លោកអ្នក​ប្រាកដជា​ត្រូវជួលគេ នោះហើយ​ជាចំណូល​នៃកិច្ចការផ្ទះ។ ធ្វើដូច្នេះ​វាគ្មាន​ប្រយោជន៍​អ្វីទេ ផ្ទុយទៅ​វិញចរិត​ផ្ដាច់ការ និងអភិរក្ស​របស់ប្ដី បើមិនឆាប់​ជម្រុះឱ្យ​អស់ទេ វាងាយឱ្យ​មនោសញ្ចេតនា​ប្រេះឆា​ធុញទ្រាំ ហើយឈាន​ទៅដល់ការ​ឃ្លាតឆ្ងាយ​ពីគ្នា។

3. កុំមើល​ស្រាលខាង​ប្រពន្ធ ៖ បុរសជាប្ដី​កុំធ្ងន់ស្រាល​មនោសញ្ចេតនា​ម្ខាងៗ មានន័យថា​កុំធ្ងន់មក​លើគ្រួសារ​ខ្លួនឯងពេក ហើយមើល​ស្រាលខាង​ប្រពន្ធ។ ស្វាមីមាននាទី​ឈរនៅកណ្ដាល​រវាងក្រុម​គ្រួសារទាំង​សងខាង។ ឪពុកម្ដាយ​បងប្អូន​របស់​លោកអ្នកក៏ ដូចជា​ឪពុកម្ដាយ​បងប្អូន​ខាង​ប្រពន្ធដែរ។ បើចង់​ទិញអ្វីជូន ត្រូវទិញជូន​ទាំងសងខាង បើជូនតែ​ខាងខ្លួនឯង ប្រពន្ធ​លោកអ្នក​នឹងពិបាក ចិត្ដ គិតថា​លោកមិន​ស្មោះត្រង់ ហើយមើល​ស្រាលខាង​ប្រពន្ធ។ ពេលដែល​រួមរស់​ជាប្ដីប្រពន្ធ​ជាមួយគ្នា ឱ្យតែមាន​គំនិត​លម្អៀងមក ម្ខាង នោះនឹង​មានប្រការ​មិនល្អ​កើតឡើង។ ជាលទ្ធផល​ស្នេហា និងសុភមង្គល​គ្រួសារ​មានសញ្ញា​ពិបាក​ថែរក្សា។

4. សូមប្រយ័ត្ន​ប្រយែង​ក្នុងការ​និយាយស្ដី ៖ បុរសជាស្វាមី​សូមប្រយ័ត្ន​ក្នុងការនិយាយ​ស្ដីសូម្បី​តែពេល​ខឹងក៏ដោយ។ វាជា ការពិត​ដែលពេល​ខឹងពិបាក​នឹងរក្សាភាព​នឹងន​បានណាស់។ តែទោះ​បីជា​យ៉ាងណា ប្រសិនបើ​លោកអ្នក​មានអារម្មណ៍​ខឹងម៉ួម៉ៅ​ក្ដៅក្រ ហាយ​ប៉ុណ្ណាក៏ដោយ លោកអ្នក​ត្រូវចាំថា​ខឹងខុស ខឹងខូច ខឹងខាត លោកអ្នក​មិនត្រូវ​ប្រើពាក្យ​សម្ដីព្រហើន​ទ្បើយ ជាពិសេស​ប៉ះពាល់ ដល់អ្នកមាន​គុណខាង​ភរិយា។ សម្ដីរបស់​លោកអ្នក​ជាកំហុសឆ្គង​មួយយ៉ាងធំ ហើយអាច​ធ្វើឱ្យស្នេហា​ប្ដីប្រពន្ធ​ប្រេះឆាបាន។ មានបុរស ខ្លះ ពេលខឹង​ខ្លាំងពេក​មិនបាន​គិតដល់​លទ្ធផល​អាក្រក់​នោះឡើយ គេបាន​ធ្វើឱ្យ​ភរិយា​ឈឺចាប់ ហើយស្ដែង​ចេញនូវ​លក្ខណៈមិន​ស័ក្ដសម ជាស្វាមី ព្រោះការ​មិនចេះ​ទប់ចិត្ដ។ ពេលរស់​នៅជា​មួយគ្នា បើលោកអ្នក​ធ្វើឱ្យភរិយា​ឈឺចាប់​ធុញទ្រាន់​ដោយសារ​ចរិតរបស់​លោកអ្នក នាងប្រាកដ​ជាតូចចិត្ដ​ខ្លាំងណាស់។ ពេលដែល​ភរិយា​ទោមនស្ស​ហើយ ក៏ចាប់ផ្ដើម​ប្រៀបធៀប​នឹងគ្រួសារ​អ្នកជិតខាង ពេលនោះ​សរសរ​ជ្រោង​សុភមង្គល​លែងរឹងមាំ​ទៀតហើយ។ ទោះបី​ជាមិនមាន​ការបែកបាក់​ក៏ដោយ តែ​មនោសញ្ចេតនា​បានប្រេះស្រាំ​រួចទៅហើយ ទោះបី​ខិតខំ​យ៉ាងណា​ក៏មិនអាច​បានដូច​ដើមដែរ។

5. ការផ្ដល់​ពេលវេលា ៖ ដោយសារ​បញ្ហា​ជីវភាព ទើបបុរស​មួយចំនួន​លះបង់​ពេលវេលា​ជួបជុំ​គ្រួសារ។ ប៉ុន្ដែ​លោកអ្នក ត្រូវរំឡែក​ពេលវេលា​ខ្លះ ដើម្បីជួប​ជាមួយ​ប្រពន្ធកូន​សាងបរិយាកាស​រីករាយ​ក្នុងគ្រួសារ ដូចជា​ការដើរកម្សាន្ដ​ចុងសប្ដាហ៍ ការជជែក គ្នាដោយ​ភាពស្និទ្ធស្នាល មានពេល​វេលាក្នុងការ​អប់រំកូន​ជាដើម​ខ្លះផង។ បើរិតតែ​ប្រសើរ​ថែមទៀត ត្រូវចេះចែក​រំលែក​ការងារ​ផ្ទះ សម្បែង មិនត្រូវ​ប្រកាន់ថា​ជា​ការងារស្រី ឬបុរស​នោះទ្បើយ។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីរបស់​ភរិយាក្នុងការ​កាត់បន្ថយ​ជម្លោះ

ក្នុងជីវិតគ្រួសារ ភរិយា​ទាំងឡាយ​ចាំបាច់​ត្រូវប្រព្រឹត្ដ​ខ្លួន ដូចតទៅៈ

1. កុំនិយាយ​ច្រើនពេក ៖ ប្រការចាំបាច់​គួរចៀសវាង​បំផុត​របស់ស្ដ្រី គឺកុំនិយាយ​ច្រើនពេក។ ក្នុងចំណោម​បុរស១០​នាក់ មាន៩នាក់​ហើយដែល​មិនចូលចិត្ដ​ស្ដ្រីនិយាយ​ច្រើន។ ចរិតលក្ខណៈ​របស់មនុស្ស​ស្រីមាន​ទម្លាប់​អាក្រក់មួយ​នេះមិនអាច​កែបាន​ឡើយ។ ក្នុងគ្រួសារ ស្ដ្រីច្រើន​ធ្វើឱ្យ​ស្វាមី​ធុញទ្រាន់ ព្រោះតែការ​និយាយច្រើន។ ជាប្រពន្ធ​ក្នុងគ្រួសារ​ត្រូវចេះយល់​ចិត្ដប្ដី កុំនិយាយ​ច្រើនពេក ជាពិសេស​រឿងអ្នកដទៃ រឿងឥត​ប្រយោជន៍ ដែលគ្មានពាក់ព័ន្ធ​អ្វីដល់ខ្លួន។ ហើយពេល​មានរឿង​ពិបាកចិត្ដ ស្ដ្រីដែលឆ្លាត​ត្រូវនៅឱ្យ ស្ងៀម បើសិន​ជានិយាយច្រើន​ដោយចង់​រំលោភ​យកតែ​ឈ្នះប្ដី ដើម្បីសម្ដែង​ការឆ្លាត​របស់ខ្លួននោះ គឺជាប្រការ​គ្រោះថ្នាក់​បំផុត។ ស្ដ្រី ឆ្លាតវៃ​មិនគួរ​និយាយ​ច្រើនទេ។ តែនៅពេល​ដែលនិយាយ​ត្រូវតែចេះ​សង្កេតអាកប្ប​កិរិយា​របស់ប្ដី​ជាមុនសិន ជាពិសេស​ពេលណា​ដែល ប្ដីកំពុងខឹង មិនសប្បាយចិត្ដ លោកស្រី​ត្រូវនៅ​ឱ្យស្ងៀម​ដើម្បី​ចៀសវាង​ប្រការ​មិនល្អ​កើតឡើង។

2. កុំឡូឡា​ឈ្លោះប្រកែក ៖ នៅក្នុង​គ្រួសារ ពេលមានរឿង​មិនពេញ​ចិត្ដកើតឡើង ប្ដីច្រើន​បន្ទោសប្រពន្ធ។ ទោះបី​ជាប្ដីប្រ ពន្ធមានសិទ្ធិ​ស្មើគ្នា​ក៏ដោយ ក៏ប្រពន្ធដ៏​ល្អមួយរូប​ត្រូវនៅឱ្យ​ស្ងៀមកុំ​តមតឡូឡា​ឈ្លោះប្រកែក។ នេះជា​ការអត់ឱន និងអត់ធ្មត់​របស់ ប្រពន្ធ ហើយវា​មានឥទ្ធិពល​ខ្លាំងណាស់​ចំពោះប្ដី។ បើឡូឡា​ឈ្លោះប្រកែក​គ្នាបាន​ត្រឹមតែ​កើតរឿង​ធំ ខ្មាស់គេ ជួនកាល​ដល់ថ្នាក់​វាយ តប់គ្នា​ក៏មាន។

3. ការផ្ដល់​កិត្ដិយស​ឱ្យស្វាមី មនុស្សម្នាក់ៗ​នរណាក៏ចង់​បានកិត្ដិយស​ដែរ។ ហេតុដូច​នេះស្ដ្រី​មានស្វាមី​ទាំងទ្បាយ​មុននឹង ធ្វើអ្វីមួយ​ត្រូវផ្ដល់​កិត្ដិយសឱ្យ​ស្វាមីបាន​រួមចំណែកផង ដូចជាយោបល់ ឬក៏ការ​សម្រេចចិត្ដ។ ទង្វើផ្សេងៗ​របស់ភរិយា​ពិតជាអាច​ធ្វើឱ្យ អ្នកផង​ទាំងពួង​វាយតម្លៃ​អំពីកិត្ដិយស​របស់លោកស្រី​ផ្ទាល់ព្រម​ជាមួយ​នឹងស្វាមី។ រាល់ការ​ទំនាក់ទំនង​ខាងក្រៅ សម្លៀក​បំពាក់ការងារ​ជាដើម សុទ្ធតែ​ត្រូវប្រព្រឹត្ដ​ឱ្យបាន​សមស្រប។

4. បំពេញតួនាទី​ជាស្ដ្រី​មេផ្ទះ ៖ បុរសណាក៏​ចង់បាន​ភរិយាម្នាក់​ដែលចេះ​ប្រតិបត្ដិ​ខ្លួនជាស្ដ្រី​មេផ្ទះ​បានល្អ រៀបចំ​ផ្ទះសម្បែង ថែរក្សា​កូនបានល្អ។ ភរិយាដ៏ល្អ​ត្រូវចេះរៀប​ចំផែនការ​គ្រួសារក្នុង​ការចាយ​វាយប្រាក់​កាស មិនត្រូវ​ខ្ចះខ្ជាយ​ឥតប្រយោជន៍ ដែលគេ ច្រើននិយម​ហៅថាស្រី​កញ្ជើធ្លុះនោះ មិនល្អឡើយ។ ទន្ទឹមនឹងនោះ​ក៏មិន​ត្រូវ​ត្បិតត្បៀត​ហួសហេតុ​ពេកដែរ។

5. ត្រូវចេះលេប​បញ្ហា ៖ ក្នុងនាម​ជាភរិយាដ៏​ល្អម្នាក់ត្រូវ​ចេះអត់ធ្មត់​ឱ្យបានច្រើន ព្រោះពេលខ្លះ​មិនអាច​ធ្វើអ្វីទៅ​តាមអារម្មណ៍​ខ្លួនឯង​បានទេ ចាំបាច់​ត្រូវគិត​ពីចិត្ដស្វាមី ឪពុកម្ដាយក្មេក បងប្អូន​ខាងស្វាមី។ ចំណុច​ទាំងនេះ​មិនមែន​បង្រៀនឱ្យ​លោកស្រី​ជាភរិយា ខ្លាចគេ​នោះទេ ក៏ប៉ុន្ដែ​វាចាំបាច់​ខ្លាំងណាស់​ដែលភរិយា​ត្រូវចេះ​លេបបញ្ហា ត្រូវចេះ​ធ្វើរឿងធំ​ឱ្យក្លាយជា​រឿងតូច រឿងតូច​ក្លាយជា​គ្មាន រឿង។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីរបស់ស្វាមី​ភរិយានៅពេល​មានទំនាស់

ប្រសិនបើទប់​អារម្មណ៍មិនបាន​ជ្រុលជា​មានរឿង​ឈ្លោះ​ប្រកែកគ្នា ភាគីទាំង​សងខាង​ត្រូវស្វែងយល់​ពីគ្នាទៅវិញ​ទៅមក។

  • លោកអ្នកមិន​ត្រូវយល់​ព្រម ឬព្រមព្រៀង​គ្នាដោយ​ប្រការណា​មួយក្នុងពេល​ដែលភាគី​ម្ខាងទៀត​កំពុងមាន​អារម្មណ៍​ក្រៀវក្រោធ​នោះឡើយ។ គួរព្យាយាម​រម្ងាប់កំហឹង​ជាមុនសិន ដោយការ​រាប់ពីមួយ​ដល់មួយរយ និងត្រូវគិត​ដល់កំហឹង​ខូចខាត​ទាំងនោះ ផង ឬក៏​លោកអ្នក​អាចប្រើ​វិធីដក​ខ្លួនចេញ​ពីមុខគូ​ទំនាស់មួយ​រយៈសិនក៏បាន រងចាំដល់​អារម្មណ៍​មួហ្មង​អស់ពីខ្លួន សឹមត្រឡប់​មកវិញ ហើយកុំភ្លេច​យកនូវ​ស្នាមញញឹម​មក​ជាមួយផង។
  • នៅពេល​ដែលភាគី​ទាំងសង​ខាងស្ងប់​អារម្មណ៍​មួហ្មងក្នុងចិត្ដ​អស់ហើយ ត្រូវងាក​មកញញឹម​ដាក់គ្នា ហើយចូល​បើកបង្ហាញ​ពីអារម្មណ៍ និងគំនិត​របស់ខ្លួនឯង​ឱ្យភាគីម្ខាង​ទៀតយក​ចិត្ដទុកដាក់​ស្ដាប់ការ​បកស្រាយ​នោះផង។ មិនគួរ​ប្រកាន់ជំហ​អស្មិមានៈ ឬ យល់ថា​គេខុស​រហូត​នោះទេ ត្រូវទុក​ឱកាស​ឱ្យប្ដី ឬប្រពន្ធ​បញ្ចេញមតិ ព្រោះអ្នក​ទាំងពីរ​ពិតជាមាន​សិទ្ធិស្មើគ្នា ត្រូវគោរព​គ្នា យោគ យល់ និងសន្ដោសគ្នា ថែមទាំង​ត្រូវផ្ដល់​កិត្ដិយស​ឱ្យគ្នា​ទៅវិញ​ទៅមក។
  • ការជជែកវែក​ញែកគ្នា រមែង​មានការ​ឈ្លោះ​ប្រកែក ឬប៉ះមាត់ក​ជាមួយគ្នា​មួយសារ​ទៀត តែដើម្បី​ភាពយល់​ចិត្ដគ្នាឱ្យ កាន់តែ​ច្បាស់នោះ លោកអ្នក​គួរប្រកាន់​ជំហរមិនយក​ឈ្នះគ្នាទៅវិញ​ទៅមក។ បើមិន​ដូច្នេះទេ​រឿងកាន់​តែរាលដាល និងវែងឆ្ងាយ​រកទី បញ្ចប់គ្មាន។ តែក្នុងនោះ​ក៏មានមនុស្ស​មួយចំនួន​មិនចូលចិត្ដ​ធ្វើការ​វែកញែក ឬបកស្រាយ​អ្វីបន្ដទៀត​ឡើយ ប្រការដែល​ល្អនោះ​លោក អ្នកធ្វើ​ដូចជាពុំមាន​រឿងអ្វីក្នុង​អារម្មណ៍ក៏​បានដែរ តែត្រូវរក្សា​ចំណងស្នេហា​ដែលធ្លាប់មាន​ដូចពីមុន​ដដែល។
  • ទាំងប្ដី​ទាំងប្រពន្ធ​គួរព្យាយាម​រកចំណុច​បញ្ចប់ជម្លោះ​វិវាទ ដោយ​ព្រមព្រៀង​គ្នារក​ច្រកចេញ​ដោយ​សមហេតុ​ផលបំផុត តាមដែល​អាចធ្វើ​ទៅបាន។ រាល់ជម្លោះ​ទាស់ទែង​ខ្វែងគំនិតគ្នា​នឹងមិនអាច​រីករាលដាល​ធ្ងន់ធ្ងរ​បានឡើយ បើប្ដីប្រពន្ធ​មានការ​អត់ឱន មិនប្រកាន់​ទោសពៃរ៍ និងមានចិត្ដ​សណ្ដោស​ប្រណី ដោយពុំ​មានចិត្ដ​ចង់ឈ្លោះគ្នា​ទៅវិញ​ទៅមកនោះ។

ទម្រាំតែ​គូស្វាមី​ភរិយា​យល់ព្រម​ប្រើជីវិតរួម​រស់ជាក្រុម​គ្រួសារតែមួយ​បាននោះ ពិតជា​ពុំមែន​ត្រូវប្រើពេល​វេលា​តិចតួច នោះឡើយ។ ដូច្នេះ​លោកអ្នក​មិនគួរ​ប្រើអារម្មណ៍​តែមួយវឹប ឬបណ្ដោយឱ្យ​អារម្មណ៍​ក្រៀវក្រោធ​ទាំងនោះ មកគ្រប​ដណ្ដប់​លើសតិ សម្បជញ្ញៈ​របស់លោកអ្នក​ដោយសារ​តែរឿង​កំប៉ិកកំប៉ុក។

ចំណុចដែល​លើកយក​មកជម្រាប​ជូនខាង​លើនេះ ថ្វីត្បិត​មិនទាន់បាន​ទូលំទូលាយ ប៉ុន្ដែយើង​ខ្ញុំសង្ឃឹមជឿ​ជាក់ថាបើ​គ្រប់គូ ស្វាមីភរិយា​ទាំងអស់​ប្រតិបត្ដិតាម រាល់ជម្លោះ​វិវាទទាំងឡាយ​នឹងត្រូវកាត់​បន្ថយ ទោះបីជា​នៅតែ​កើតមាន ក៏ក្នុងកម្រិត​តិចតួច បំផុត។ បើចង់ស្វែង​យល់អំពី​តួនាទី​របស់បុរស​ជាស្វាមីស្ដ្រី​ជាភរិយាសូម​អានអត្ថបទ “ទុក្ខស្រី ប្ដីកាន់លុយ” ដែលបាន​ចុះផ្សាយ​នៅក្នុង ទស្សនាវដ្ដី សុខភាពយើង លេខ០០៣ ខែមេសា ២០០៦។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *