សួនច្បារមានស្ទើរតែនៅគ្រប់ទីកន្លែង ដូចជានៅតាមលំនៅដ្ឋាន នៅតាមទីសាធារណៈនានាជាដើម។ យើងតែងតែគិតថាសួនច្បារធ្វើឡើងដើម្បីជាការលម្អរលំនៅដ្ឋានតែប៉ុណ្ណោះ។ ប្រសិនបើគិតឱ្យបានដិតដល់ទៅ សួនច្បារមានសារៈប្រយោជន៍សំខាន់ណាស់សម្រាប់សុខភាព។ មនុស្សរស់នៅត្រូវការជាចាំបាច់នូវការសម្រាកកម្សាន្ដ ដើ់ម្បីបន្ធូរបន្ថយនូវភាពតានតឹងមួយចំនួនដែលកើត មានឡើងក្នុងពេលបំពេញកិច្ចការងារនឿយហត់ពេញមួយថ្ងៃ។
ទស្សនាវដ្ដី សុខភាពយើង សូមណែនាំលោកអ្នកអានឱ្យបានស្វែងយល់ពីរបៀបតុបតែង និងអត្ថប្រយោជន៍នៃសួនច្បារ ដោយជួបសម្ភាសន៍ជាមួយលោកស្រី ប្រាក់ បូថាវី ស្ថាបត្យករ នៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
គួរតុបតែងសួនច្បារ ដូចម្ដេច?
ពាក្យថាសួនច្បារមិនមែនសំដៅទៅលើតែសួនមួយដែលមានទៅដោយរុក្ខជាតិ និងផ្កាគ្រប់ពណ៌នោះទេ។ សួនច្បារមាន ច្រើនប្រភេទ និងច្រើនរូបភាពទៅតាមការនិយមរបស់មនុស្ស និងទីតាំងនៃអាគារ។ ប្រសិនបើអាគារនោះមានលក្ខណៈតូចចង្អៀត ដូចជាផ្ទះល្វែងជាដើមនោះ សួនច្បារអាចជំនួសដោយការប្រើថូ ឬផើងផ្កាមកជំនួសបាន ដោយដាក់វានៅខាងក្នុងផ្ទះ។ ប៉ុន្ដែសូមចៀស វាងនូវការយកវត្ថុមិនពិតមកជំនួស ដូចជាផ្កាជ័រជាដើម។ ការដាក់រុក្ខជាតិនៅក្នុងផ្ទះបែបនេះ វាអាចក្លាយទៅជាការតុបតែងលំនៅដ្ឋាននៅផ្នែកខាងក្នុងមួយដែរ។ ជាធម្មតា គួរដាក់ថូ ឬដើមឈើទាំងនោះនៅទីកន្លែងដែលមានមនុស្សចេញចូលច្រើន ឧទាហរណ៍ នៅ បន្ទប់ទទួលភ្ញៀវ ដើម្បីឱ្យសាធារណជនទូទៅមើលឃើញថាវាល្អស្អាត ហើយនិងប្លែកភ្នែកផង។
រុក្ខជាតិដែលត្រូវយកមកដាក់នៅទីនោះ គួរយករុក្ខជាតិដែលមានពណ៌បៃតង។ គេពុំសូវយកផ្កាដែលមានពណ៌ឆើតឆាយ មកប្រើទេ ព្រោះវាមិនត្រជាក់ភ្នែក បែរទៅជាច្រាលភ្នែកទៅវិញ។ ពណ៌រុក្ខជាតិដែលល្អបំផុតសម្រាប់គេហដ្ឋាន គឺពណ៌បៃតង។ នៅក្នុងម្លប់ យើងមិនអាចដាក់ផ្កាដែលមានពណ៌ចម្រុះគ្នានោះទេ។ អាចដាក់ផ្កាដែលមានពណ៌បានខ្លះផងដែរ ប៉ុន្ដែគួរជ្រើសរើសផ្កាណា ដែលអាចរស់នៅក្នុងផ្ទះបានផងដែរ។
ចំពោះអ្នកដែលមានផ្ទះធំ មិនមែនមានន័យថាអាចធ្វើសួនច្បារតាមចិត្ដចង់បាននោះទេ។ អ្នកខ្លះធ្វើជាលម្ហនៅក្នុងផ្ទះរបស់ គេ គេធ្វើជាសួនតូចមួយនៅទីនោះ។ ខាងក្រៅផ្ទះក៏មានសួនច្បារមួយដែរ។ ដូច្នេះការរស់នៅរបស់គេ ទាំងខាងក្នុងទាំងខាងក្រៅផ្ទះ មានលក្ខណៈធម្មជាតិ។ គប្បីត្រូវសិក្សាផងដែរពីទីតាំង ភូមិសាស្ដ្រ ថាតើកន្លែងណាដែលគួរដាំរុក្ខជាតិធំ និងតូចបាន តើវាប៉ះពាល់ដែរ ឬទេដល់ប្រព័ន្ធលូ នៅពេលដែលដើមឈើនោះចាកឬសទៅជាដើម។
ការតុបតែងរៀបចំសួនច្បារមានច្រើនប្រភេទទៅតាមការនិយមរបស់មនុស្សម្នាក់ៗ។ អ្នកខ្លះធ្វើសួនច្បារដែលមានទឹកនៅ នឹង ទឹកហូរ ឬទឹកបាញ់។ មិនចាំបាច់ប្រើទឹក ក៏អាចឱ្យសួនច្បារមានសោភ័ណភាពរស់រវើកផងដែរ។ សួនច្បារតុបតែងឱ្យមានផ្កាច្រើន ពេក ធ្វើឱ្យសួនច្បារទៅជាបាត់បង់សោភ័ណភាពទៅវិញទេ។ អាចកាត់ដើមឈើដែលនៅក្នុងសួនជារាងសត្វផ្សេងតាមការស្រឡាញ់ ចូលចិត្ដ។ ជាទូទៅ សួនច្បារធំគួរដាក់វានៅទិសខាងលិចជាការល្អ ព្រោះវាអាចជួយបាំងកម្ដៅថ្ងៃដែលចាំងមកលើផ្ទះបានខ្លះដែរ។ រុក្ខ ជាតិសម្រាប់យកមកតុបតែងធ្វើសួនច្បារមានច្រើនទៅតាមចំណង់ចំណូលចិត្ដ។
របៀបថែទាំរុក្ខជាតិក្នុងសួនច្បារ
ត្រូវថែទាំរុក្ខជាតិជាប្រចាំផងដែរ។ គួរយកផើងរុក្ខជាតិ ឬផ្កាដែលដាក់នៅក្នុងផ្ទះនោះ មកហាលថ្ងៃឱ្យបានម្ដងម្កាលផងដែរ ព្រោះរុក្ខជាតិត្រូវការកម្ដៅថ្ងៃផងដែរ។ ចំពោះរុក្ខជាតិដែលនៅត្រាំទឹក មិនគួរឧស្សាហ៍ប្ដូរទឹកញឹកញាប់ពេកទេនាំឱ្យរុក្ខជាតិលូតលាស់ មិនបានល្អ។ ម្ចាស់សួនច្បារត្រូវមានថ្នាំសម្រាប់បាញ់សម្លាប់សត្វល្អិតដែលមាននៅក្នុងផើងរុក្ខជាតិផងដែរ ដើម្បីចៀសវាងនូវការកកផ្ដុំ មេរោគ ឬកុំជារោគផ្សេងៗ។ សម្រាប់រុក្ខជាតិមួយចំនួន ក៏គួរឧស្សាហ៍កាត់តម្រឹមស្លឹកវាឱ្យបានល្អប្រសើរផងដែរ។
អត្ថប្រយោជន៍សួនច្បារ
សួនច្បារមានសារៈប្រយោជន៍ណាស់សម្រាប់ការរស់នៅ វានាំមកនូវខ្យល់អាកាសល្អផង សម្រាប់ជាសោភ័ណភាពផង។ វា ធ្វើឱ្យជីវិតស្រស់ស្រាយ ផ្សារភ្ជាប់ជាមួយធម្មជាតិ។ សួនច្បារមិនមែនចាំបាច់តែសម្រាប់តែលម្អនៅតាមគេហដ្ឋានតែប៉ុណ្ណោះទេ សម្រាប់នៅក្នុងការិយាល័យធ្វើការ សណ្ឋាគារ ភោជនីយដ្ឋាន ឬនៅតាមទីកន្លែងសាធារណៈផ្សេងៗ ក៏មានសួនច្បារផងដែរ។ នៅប្រទេសជឿនលឿននានា សួនច្បារនៅក្នុងការិយាល័យត្រូវបានគេនិយមធ្វើផងដែរ។ ប្រសិនបើគ្មានថវិកាគ្រប់គ្រាន់ក្នុងការធ្វើសួនទេ នោះ លោកអ្នកអាចដាំត្រឹមដើមឈើក៏បានដែរ។ ដោយហេតុថានៅកន្លែងធ្វើការ យើងត្រូវការកន្លែងមានពណ៌បៃតង ដើមឈើអាច ផ្ដល់នូវម្លប់សម្រាប់ជាកន្លែងចតឡានផង កន្លែងលំហែ និងសម្រាកកម្សាន្ដផង។ អាចតុបតែងសួនដោយដាំរុក្ខជាតិតូចៗ ដូចជាផ្កា ព្យួរនៅចន្លោះដើមឈើទាំងនោះក៏បាន ដើម្បីទុកប្រើប្រាស់ផង និងដើម្បីជាសោភ័ណភាពផង។ ម្យ៉ាងទៀត អាចរៀបជាកៅអី ឬបង់ សម្រាប់អង្គុយលេងក៏បាន។ ដូចនេះឃើញថាសួនច្បារមានសារៈសំខាន់ណាស់។ នៅតាមទីក្រុង គេឃើញមានសួនច្បារសម្រាប់សម្រា កលំហែកាយ ក៏ដូចជាសម្រាប់ហាត់ប្រាណដើម្បីសុខភាពផងដែរ។
ដំបូន្មានអ្នកប្រឹក្សា
វប្បធម៌នៃការរៀបចំសួនច្បារមិនថានៅតាមទីលំនៅដ្ឋានក្ដី នៅកន្លែងធ្វើការក្ដី ត្រូវរៀបចំឱ្យមានរបៀបរៀបរយ ព្រោះវា មានសារៈប្រយោជន៍ច្រើនដល់ការរស់នៅ ជាពិសេសសុខភាព។ ការតុបតែងសួនច្បារមានច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្ដ របស់លោកអ្នក។ សម្រាប់អ្នកនៅទីក្រុងដែលមានផ្ទះគ្មានសួនច្បារនោះ ហើយដែលប្រកបអាជីវកម្មហត់នឿយ គួរចេញយកខ្យល់អា កាសនៅទីសួនសាធារណៈ។ សួនច្បារសារធារណៈមិនមែនធ្វើសម្រាប់តែល្អមើលប៉ុណ្ណោះទេ គឺធ្វើឡើងដើម្បីបម្រើឱ្យសង្គមជាតិផង ដែរ។ ជាឧទាហរណ៍ សួនច្បារនៅមាត់ទន្លេជាកន្លែងសម្រាប់ហាត់ប្រាណផង មានកន្លែងអង្គុយកម្សាន្ដលំហែកាយ និងជាកន្លែង សម្រាប់ជួបជុំគ្នាផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៧ ខែសីហា ឆ្នាំ២០០៦
Leave a Reply