នរណាមិនចង់រក្សាវ័យក្មេងរបស់ខ្លួនឱ្យបានយូរអង្វែង។ ចំណង់នេះមិនទាន់មាននរណាបានសម្រេចទ្បើយ ទោះប្រើវិធីអ្វីក៏ដោយ គ្រាន់តែឆាប់ចាស់ និងក្រចាស់ប៉ុណ្ណោះ។ អាយុកាន់តែកើនស្នាមជ្រីវជ្រួញមានកាន់តែច្រើន។ ស្នាមជ្រីវជ្រួញច្រើនលេចចេញនៅត្រង់កន្ទុយភ្នែក ក្រោមត្របកភ្នែក គែមមាត់ជាដើម។ តើមានវិធីព្យាបាល និងទប់ស្កាត់ស្នាមជ្រីវជ្រួញនេះ មានប្រសិទ្ធភាពឬទេ ?
ដោយសារការជ្រីវជ្រួញមានច្រើនកន្លែងនោះ សម្រាប់លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកវិធីទប់ស្ដាត់ស្នាម ជ្រីវជ្រួញនៅត្រង់កន្ទុយភ្នែកមកជម្រាបជូនលោកអ្នកស្វែងយល់មុនគេ តាមរយៈការបកស្រាយរបស់លោកវេជ្ជបណ្ឌិតថៃ គា អ្នកឯក ទេសជម្ងឺសើស្បែក។
ស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក ជាអ្វី?
រាល់ស្បែកដែលមានស្នាមនៅត្រង់កន្ទុយភ្នែកប្រៀបដូចជាប៉េងប៉ោងដែលបញ្ចូលខ្យល់ ហើយបន្ធូរវិញដូច្នេះដែរ។ កន្ទុយ ភ្នែកងាយជ្រួញជាងកន្លែងផ្សេងទៀត ដោយសារកន្ទុយភ្នែករងនូវចលនាបិទបើកនៃសាច់ដុំភ្នែក។ ស្នាមជ្រីវជ្រួញនេះច្រើនលេចចេញ នៅពេលដែលលោកអ្នកចូលដល់វ័យ៤០ឆ្នាំ។
មូលហេតុបង្កស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក
មានមូលហេតុជាច្រើនយ៉ាងណាស់ដែលនាំឱ្យមានស្នាមជ្រួញត្រង់កន្ទុយភ្នែក។
- ការវិវឌ្ឍន៍របស់វ័យដែលនាំឱ្យស្បែកយារ ស្បែកចាស់។ ដោយសារនៅពេលមានវ័យកាន់តែច្រើន ស្បែកច្រើនខ្វះជាតិ ទឹក ជួនកាលក៏អាចបណ្ដាលមកពីសុខភាពរបស់លោកអ្នកផ្ទាល់ផងដែរ។ បើជាមនុស្សមានរាងកាយស្គមស្គាំង លោកអ្នកនឹងងាយរង នូវការជ្រីវជ្រួញជាងអ្នកដែលមានរូបរាងកាយសមល្មម ឬក៏ធាត់។
- ការរងពន្លឺព្រះអាទិត្យច្រើនពេកអាចឱ្យលេចចេញជាស្នាមពណ៌ខ្មៅស្រអាប់ បន្ទាប់មកក៏ក្លាយទៅជាស្នាមជ្រីវជ្រួញ ដោយសារតែពន្លឺថ្ងៃធ្វើឱ្យខូចកោសិកាស្បែក។
- ការចូលចិត្ដធ្វើទឹកមុខស្រពាប់ស្រពោន ជ្រួញចិញ្ចើមក៏អាចជាដើមចមនៃការមានស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែកផងដែរ ។
វិធីព្យាបាលស្នាមជ្រីវជ្រួញត្រង់កន្ទុយភ្នែក
មានការព្យាបាលពីរប្រភេទដែលត្រូវបានលើកយកមកប្រើ គឺការប្រើថ្នាំលាប ឬថ្នាំចាក់ និងការប្រើកាំរស្មីឡាស៊ែ។
- ការប្រើថ្នាំលាប ឬចាក់ ៖ ចំពោះថ្នាំលាប ត្រូវប្រើពេលវេលាយូរ ប៉ុន្ដែមានប្រសិទ្ធភាពខ្ពស់ បានរយៈពេលយូរមុននឹង លេចស្នាមជ្រីវជ្រួញមកវិញ។ ម្យ៉ាងទៀតថ្នាំមានប្រសិទ្ធភាពយ៉ាងឆាប់រហ័សទាន់ចិត្ដតែម្ដង ប៉ុន្ដែស្នាមជ្រីវជ្រួញទាំងនោះអាចត្រទ្បប់ មកវិញ។ ជួនកាលទៀតដោយសារការចាក់ថ្នាំមិនប្រុងប្រយ័ត្ន មិនស្មើដៃល្អ ធ្វើឱ្យកន្ទុយភ្នែកកន្លែងខ្លះរាប ខ្លះហើម និងពេលខ្លះទៀត អាចមានប្រតិកម្ម ជាពិសេសពេលដែលលោកអ្នកប្រើថ្នាំផ្សេងដែរ។ ទង្វើទាំងនេះអាចធ្វើឱ្យលោកអ្នកអាក្រក់លើសដើមក៏ថាបាន។
- ការប្រើកាំរស្មីឡាស៊ែ ៖ មិនសូវជាទទួលបានលទ្ធផលល្អប៉ុន្មានទេ ហើយត្រូវចំណាយពេលធ្វើជាញឹកញាប់ នាំឱ្យលោក អ្នកត្រូវចំណយថវិការអស់ច្រើន។
វិធីទប់ស្កាត់ស្នាមជ្រីវជ្រួញកន្ទុយភ្នែក
ទោះបីជាមិនអាចគេចផុតពីស្នាមជ្រួញទាំងនេះក្ដី ក៏លោកអ្នកអាចពន្យារពេលកកើតរបស់វាបានខ្ងះតាមរយៈប្រការមួយចំនួនដូចតទៅនេះ។
- សូមទទួលទានទឹកឱ្យបានច្រើនយ៉ាងហោចណាស់ឱ្យបាន២លីត្រក្នុងមួយថ្ងៃ
- សូមពិសាបន្លែ និងផ្លែឈើឱ្យបានច្រើន។ ជាពិសេសបន្លែ និងផ្លែឈើណាដែលមានពណ៌បៃតង លឿង ក្រហម ទឹកក្រូច ជាដើម។
- សូមចៀសវាងការរងនូវកម្ដៅថ្ងៃខ្លាំង និងយូរពេក
- សូមចៀសវាងការប្រើផលិតផលដែលលាបលើបរិវេណភ្នែក ព្រោះជាតិថ្នាំដែលមានក្នុងផលិតផលទាំងនោះអាចជ្រាបចូលដល់ភ្នែក ធ្វើឱ្យភ្នែករងនូវប្រតិកម្មផ្សេងៗ មិនមែនត្រឹមតែជ្រីញជ្រួញប៉ុណ្ណោះទេ។
- សូមព្យាយាមធ្វើចិត្ដឱ្យសប្បាយរីករាយ សើចឱ្យបានច្រើន ព្រោះការសើចមិនត្រឹមតែធ្វើឱ្យកើនអាយុប៉ុណ្ណោះទេ វាថែម ទាំងធ្វើឱ្យលោកអ្នកមិនអាចលេចចេញនូវស្នាមជ្រីវជ្រួញទៀតផង។
ដំបូន្មានអ្នកជំនាញ
ស្នាមជ្រីវជ្រួញលើស្បែកមិនថាកន្លែងណាទេ វាមិនបង្កឱ្យមានគ្រោះថ្នាក់អ្វីដល់សុខភាពទ្បើយ ក្រៅពីការរំខានផ្នែក សម្រស់ សម្ផស្ស និងសោភ័ណភាព។ បើលោកអ្នកចំណាយលុយកាក់ទៅកែលម្អច្រើនពេក ក៏មិនអាចធ្វើការព្យាបាលជាសះស្បើយ ហើយក៏មិនអាចឱ្យលោកអ្នកមានស្បែកស្អាតដូចវ័យក្មេងដែរ។ ដូចនេះលោកអ្នកត្រូវពិចារណាមុននឹងទៅរកការព្យាបាលណាមួយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply