សម្លេងស្រទន់ពិរោះគួបផ្សំនឹងរូបសម្ផស្សដ៏ស្រស់ស្អាត ដែលលោកអ្នកធ្លាប់បានស្ដាប់ និងទស្សនាជាច្រើនឆ្នាំមកហើយនោះ ម្ចាស់រូបពិតគឺលោកស្រី សុខា សុធានី។ លោកស្រីគឺជាពិធីការិនីប្រចាំស្ថានីយ៍់ទូរទស្សន៍រាជធានីភ្នំពេញប៉ុស្ដិ៍លេខ៣ មិនតែប៉ុណ្ណោះលោកស្រីក៏ជាវេជ្ជបណ្ឌិតមួយរូបផ្នែកជម្ងឺទូទៅទៀតផង។ ពិតជារវល់ខ្លាំងណាស់សម្រាប់អាជីពជាច្រើនរបស់លោកស្រី ប៉ុន្ដែរូបសម្រស់និងសុខភាពរបស់លោកស្រីនៅតែស្អាត ហើយមាំមួនដែលមិនអាចមាននរណាម្នាក់ជឿថាលោកស្រីមានវយ័៣១ឆ្នាំ និងមានបុត្រីមួយនាក់រួចទៅហើយ។ តើមានរូបមន្ដអ្វីដែលលោកស្រីអាចរក្សាសម្រស់ និងសុខភាពបានល្អបែបនេះ លោកអ្នកចង់ដឹងទេ?
អាថ៌កំបាំងនេះ លោកស្រីពេញចិត្ដនឹងរៀបរាប់ប្រាប់មិត្ដអ្នកអាន តាមរយៈទស្សនាវដ្ដីសុខភាពយើង ទុកជាការស្វែងយល់ និងជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អសម្រាប់សម្រស់ និងសុខភាព។
ការតុបតែងចិញ្ចើមនិងរោមភ្នែក
លោកស្រីសុធានីជាស្ដ្រីដែលចូលចិត្ដតុបតែងខ្លួនតាមបែបសាមញ្ញ លោកស្រីមិនចូលចិត្ដដករោមចិញ្ចើមទេ គ្រាន់តែកោររោមចិញ្ចើមតិចៗប៉ុណ្ណោះ។ សម្រាប់ការតុបតែងរោមភ្នែកវិញលោកស្រីប្រើម៉ាស្ការ៉ាធម្មតាមានពណ៌ខ្មៅ។ ម៉ាស្ការ៉ាដែលលោកស្រីយកមកប្រើគឺងាយស្រួលនៅពេលលុបលាងមុខ គឺវារលាយដោយខ្លួនវាមិនធ្វើឱ្យរោមភ្នែកជ្រុះ និងមិនប៉ះពាល់ដល់កែវភ្នែកទេ។
ការថែរក្សាបបូរមាត់
នៅផ្ទះលោកស្រីមិនលាបបបូរមាត់ទេ។ នៅពេលចេញទៅធ្វើការទើបលោកស្រីលាបក្រែមនៅបបូរមាត់បន្ដិចបន្ដួច ដើម្បីកុំឱ្យមើលទៅឃើញស្លេកស្លាំងពេក។ លោកស្រីប្រើក្រែមដែលមានជាតិសំណើមធ្វើឱ្យបបូរមាត់មានភាពរអិលបន្ដិច និងមិនធ្វើឱ្យបបូរមាត់ប្រេះ។ នៅពេលដែលធ្វើការហត់នឿយខ្លាំង ឬនៅរដូវរងារបបូរមាត់លោកស្រីងាយនឹងប្រេះ។ ដូច្នេះលោកស្រីតែងយកទឹកឃ្មុំលាបលើបបូរមាត់ ព្រោះលោកស្រីយល់ថាទឹកឃ្មុំជួយដល់ស្បែកធ្វើឱ្យស្បែកមានសំណើម។
ការថែរក្សាផ្ទៃមុខ
សម្រាប់ការថែរក្សាផ្ទៃមុខវិញ លោកស្រីមិនធ្លាប់ស្ទីមឬម៉ាស្សាមុខឡើយ។ លោកស្រីគ្រាន់តែលាងសម្អាតផ្ទៃមុខជាមួយទឹកដាំពុះធម្មតា ឬប្រើហ្វមលាងមុខធម្មតាប៉ុណ្ណោះ។ ចំពោះឡេសម្រាប់លាបពេលយប់ឬពេលថ្ងៃ ក៏លោកស្រីមិនប្រើដែរ ប៉ុន្ដែលោកស្រីប្រើម្សៅទ្រនាប់សម្រាប់ផាត់មុខនៅពេលដែលលោកស្រីឡើងកម្មវិធីទូរទស្សន៍ និងពេលចូលទៅក្នុងពិធីផ្សេងៗ ដូចជាពិធីអាពាហ៍ពិពាហ៍ជាដើម។ លោកស្រីយល់ថាស្បែកមុខត្រូវការដំណកដង្ហើម បើយើងយកអ្វីមកបិទបាំងឱ្យជិតជារៀងរាល់ពេលនោះក៏មិនល្អដែរ។ លោកស្រីចង់ឱ្យផ្ទៃមុខមានខ្យល់ចេញចូលតាមលក្ខណៈធម្មជាតិ។ និយាយរួម លោកស្រីចូលចិត្ដថែរក្សាសម្ផស្សតាមបែបសាមញ្ញធម្មតា។ លោកស្រីថែរក្សាស្បែកតាមរយៈការទទួលទានចំណីអាហារ។
ការថែរក្សាស្បែកដងខ្លួន
នៅក្រោយពេលលោកស្រីសម្រាលបុត្ររួច លោកស្រីឆ្ពង់រយៈពេល១០ថ្ងៃដើម្បីឱ្យស្បែកស្អាត។ ចំពោះឡេលាបខ្លួនលោកស្រីលាបតែនៅពេលឡើងកម្មវិធីទូរទស្សន៍ ឬចូលរួមពិធីអាពាហ៍ពិពាហ៍តែប៉ុណ្ណោះ ជាពិសេសនៅពេលដែលពាក់អាវវាលដើម្បីឱ្យមើលទៅឃើញស្បែកមានសំណើម ឬលាបនៅរដូវរងារការពារកុំឱ្យបែកស្រកា។ ការពិតលោកស្រីក៏ចង់ប្រើឡេដើម្បីជំនួយដល់ស្បែកផងដែរ ប៉ុន្ដែលោកស្រីពុំមានពេលវេលាគ្រប់គ្រាន់។ ផ្ទុយទៅវិញលោកស្រីយល់ថាការសម្រាកបំបាត់ស្ដ្រេស្ស ការសប្បាយចិត្ដ ការទទួលទានទឹកច្រើន របបអាហារគ្រប់គ្រាន់ និងទៀងទាត់ធ្វើឱ្យមានសុខភាពល្អ ស្បែកស្អាតតាមបែបធម្មជាតិទៅហើយ និងវាអាចបន្ថយនូវការចាស់ជាងវ័យមួយផ្នែកផងដែរ។
វិធីបំបាត់ស្ដ្រេស្ស
លោកស្រីជាមនុស្សសប្បាយចិត្ដជាមួយនឹងការងារ។ ម្យ៉ាងទៀត ដោយសារលោកស្រីជាគ្រូពេទ្យស្រាប់ នៅពេលដែលអ្នក ជម្ងឺមានការធូរស្រាលពីជម្ងឺ លោកស្រីសប្បាយចិត្ដ ការនឿយហត់ទាំងប៉ុន្មានក៏បែរជាធូរស្រាលទៅដែរ។ នៅចុងសប្ដាហ៍ លោកស្រី តែងចេញទៅជួបពិភាក្សាការងារជាមួយមិត្ដភក្ដិ ដើម្បីដោះដូរបទពិសោធន៍ការងារ និងដើម្បីជជែកគ្នាបំបាត់ការអផ្សុកផងដែរ។ ទាំងនេះពិតជាជួយបំបាត់ស្ដ្រេស្សបាន។
ការទទួលទានចំណីអាហារ
លោកស្រីចូលចិត្ដទទួលទានម្ហូបខ្មែរ ជាពិសេសប្រភេទម្ហូបដែលមានអន្លក់ច្រើន។ លោកស្រីចូលចិត្ដទទួលទានបន្លែ ក្នុង មួយសប្ដាហ៍ លោកស្រីទទួលទានបន្លែស្ទើរតែរាល់ថ្ងៃ។ លោកស្រីមិនទទួលទានសាច់ណាដែលមានខ្លាញ់ច្រើននោះទេ។ លោកស្រីចូល ចិត្ដទទួលទានផ្លែឈើដែលមានពណ៌លឿង មានរសជាតិជូរ ព្រោះលោកស្រីយល់ថាវាអាចជំនួយដល់ភ្នែក សក់ ស្បែក និងជាតិអង់ទីគ័រសំខាន់សម្រាប់ជួយឱ្យសុខភាពមានភាពមាំទាំ។
ការថែរក្សាសុខភាពមាត់ធ្មេញ
សុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់ តាំងពីតូចរហូតមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីទទួលទានអាហាររួច លោកស្រីតែងតែដុសសម្អាតធ្មេញ។ ទោះនៅកន្លែងធ្វើការក្ដី ក៏លោកស្រីយកថ្នាំដុះធ្មេញ និងច្រាសទៅជាមួយផងដែរ។ រាល់៣ ឬ៦ខែម្ដង លោក ស្រីតែងតែទៅសម្អាតធ្មេញនៅគ្លីនិកព្យាបាល។
ការហាត់ប្រាណ
លោកស្រីហាត់ប្រាណបន្ដិចបន្ដួចប៉ុណ្ណោះ គឺប្រមាណជារយៈពេល១០នាទី តែរាល់ពេលព្រឹក ឬល្ងាច។ លោកស្រីហាត់ដើរ ឱ្យបានច្រើន ដូចជាឡើងចុះជណ្ដើរញឹកញាប់ លើកដៃលើកជើងបន្ដិបន្ដួចជាដើម។ ធ្វើបែបនេះ ដើម្បីឱ្យមានសុខភាពល្អ រាងកាយ ស្អាត ជាពិសេសធ្វើឱ្យត្រគាកមិនធ្លាក់។
ការថែទាំខ្លួនក្រោយសម្រាលកូន
ក្រោយពេលសម្រាលកូនហើយ ស្ដ្រីទាំងឡាយគួរសម្អាតខ្លួនប្រាណដោយងូតទឹក។ ប្រសិនបើខ្លាចត្រជាក់ អាចងូតជាមួយ ទឹកក្ដៅបានដើម្បីកុំឱ្យមានមេរោគ និងកុំឱ្យមានក្លិនឆ្អេះឆ្អាបផងដែរ។ ចំពោះលោកស្រីសុធានីឆ្លងទន្លេបានតែមួយខែកន្លះ ក៏មកធ្វើការ វិញ ក៏ប៉ុន្ដែលោកស្រីមានសុខភាពល្អ លោកស្រីដឹងខ្លួនថាដូចមិនមានភាពទ្រុឌទ្រោមឡើយ។ ប្រការទាំងនេះលោកស្រីយល់ថាទាក់ទងនឹងរបបទទួលអាហារបានគ្រប់គ្រាន់ ទម្លាប់រស់នៅល្អធ្វើឱ្យមានសុខភាពល្អ ដែលផ្ទុយពីស្ដ្រីមួយចំនួនក្រោយពេលសម្រាលកូន ហើយច្រើនតែតមអាហារ។ លោកស្រីថែទាំខ្លួនតាមបែបវេជ្ជសាស្ដ្រ ដែលមិនតម្រូវឱ្យមានការតបអាហារក្រោយពេលឆ្លងទន្លេឡើយ ។ ដោយហេតុថានៅពេលឆ្លងទន្លេ ស្ដ្រីបាត់បង់ឈាមច្រើន ហើយមិនមានពេលសម្រាកគ្រប់គ្រាន់ ព្រោះកូននៅតូច គួបផ្សំនឹងទទួល ទានអាហារមិនគ្រប់គ្រាន់ទៀត នាំឱ្យសុខភាពស្ដ្រីជាម្ដាយច្រើនមានសភាពទ្រុឌទ្រោម។
បណ្ដាំផ្ញើរបស់សុខា សុធានី
សុភាពនារីទាំងអស់ គួរតែជ្រើសរើសរបៀបលាបម្សៅឱ្យដឹងពេលកំណត់ត្រឹមត្រូវ ថ្វីត្បិតការលាបម្សៅបានបិទបាំងនូវ ស្នាមខ្មៅដែលមាននៅលើផ្ទៃមុខយើង និងធ្វើឱ្យផ្ទៃមុខយើងសស្អាតផូរផង់មែន ក៏ប៉ុន្ដែប្រសិនបើយើងលាបវាជាដរាបមិនមានពេល លុបចេញនោះ ផ្ទៃមុខអាចចេញមុន ឬជាំបាន។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សុខា សុធានី
- អាយុ ៖ ៣១ឆ្នាំ
- អាជីព ៖ វេជ្ជបណ្ឌិត ពិធីការិនី និងជាអ្នកសម្របសម្រួលនៅអង្គការ CHEC
- កម្ពស់ ៖ ១,៦១ម៉ែត្រ
- ទម្ងន់ ៖ ៤៨គីឡូក្រាម
- ទំហំទាំងបី ៖ ទ្រូង៣២, ចង្កេះ២៤, ត្រគាក៣៦
- ស្ថានភាពគ្រួសារ ៖ រៀបការរួចមានបុត្រី១នាក់
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply