ផែនការ​ផ្លូវភេទ ពេលមាន​ផ្ទៃពោះ

កាល​ពីលេខមុន លោកអ្នក​អានបាន​ជ្រាបរួច​មកហើយ​អំពីចំណុច​មួយចំនួន​ទាក់ទង​នឹងការ​រួមភេទ​ពេលមានគភ៌។ នៅលេខនេះ ការវិវឌ្ឍន៍​នៃសេចក្ដី​សុខផ្លូវភេទ ជម្ងឺ​ដង្កាត់ និង​​​ផែនការ​ផ្លូវភេទ​ដែល​​​អាច​អនុវត្ដបាន​នៅពេលមាន​ផ្ទៃពោះ​នឹងត្រូវ​លើកមកបកស្រាយបន្ដ។ សូមបន្ដ​ស្វែងយល់​តាមការគួរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការវិវឌ្ឍន៍​នៃសេចក្ដី​សុខផ្លូវភេទ ពេលមាន​ផ្ទៃពោះ

តម្រេក​តណ្ហា សេចក្ដី​សុខដល់​កំពូល និង​ការពេញចិត្ដ​ពេញថ្លើម​ខាងផ្លូវភេទ ពិតជា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​ពីស្ដ្រីម្នាក់ ទៅស្ដ្រី​ម្នាក់ទៀត។ ស្ដ្រីមួយ​ចំនួន​មានការ​ថយចុះ​នៃសេចក្ដី​សុខផ្លូវភេទ រីឯអ្នកខ្លះ​ទៀតមាន​អារម្មណ៍​ត្រេកត្រអាល​រិតតែ​ខ្លាំងក្លា។ ស្ដ្រីខ្លះ​បានពោល​ថាខ្លួន​ទទួល​បានសេចក្ដី​សុខដល់​កំពូល​ខាងផ្លូវ​ភេទលើក​ដំបូង​នៅពេលមាន​ផ្ទៃពោះនេះ​តែម្ដង ជាពិសេស​នៅត្រីមាស ទី៣​នៃការ​តាំងគភ៌។ ស្ដ្រីខ្លះ​ទៀតបាន​ទទួល​បរមសុខ​ផ្លូវភេទ​ដល់កំពូល​នេះ នៅពេល​សម្រាល​បុត្រ។

ទោះបី​ជាសព្វ​ថ្ងៃនេះ មិនទាន់​មានមាត្រដ្ឋាន​ណាមួយ​ពិតប្រាកដ​របស់សម្ថភាព​ផ្លូវភេទ​នេះក៏ដោយ សំខាន់​បំផុត​ត្រូវស្វែង យល់អំពី​ការប្រែប្រួល ឬ​ការវិវឌ្ឍន៍​នៃធម្មជាតិ ហើយ​ដែលមាន​តែគ្រូពេទ្យទេ ដែល​បានស្ដាប់​ឮ​សំណួរ និង​ការត្អូញត្អែរ​របស់អ្នកជម្ងឺ ជារៀង​រាល់ថ្ងៃ​ផ្ទាល់​ត្រចៀក។ ជាដំបូន្មាន ការរួមភេទ​គួរតែបន្ដ​ធ្វើជាធម្មតា​ប្រសិនបើ​ជាករណី​គភ៌ធម្មតា ហើយនិង​មិនមាន​ការថមថយ​ខាងតម្រេក​តណ្ហា ឬ​ការត្រេក​ត្រអាល។

ករណី​មានកាមរោគ និង​ជម្ងឺឆ្លង​ផ្សេងទៀត

1. មេរោគ​អេដស៍ និង​ជម្ងឺអេដស៍

ដោយសារ​សព្វថ្ងៃនេះ នៅ​កម្ពុជា​មានកម្មវិធី​កាត់បន្ថយ​ការឆ្លង​ពីម្ដាយទៅកូន ជាឱកាស​អាចឱ្យ​ស្ដ្រីមាន​ផ្ទុកមេរោគ​អេដស៍ អាចមាន​ផ្ទៃពោះបាន។ ចំពោះស្ដ្រី​ដែលមាន​ផ្ទុកមេរោគ​អេដស៍ ហើយ​ដែលបាន​ទទួលកម្ម​វិធីកាត់​បន្ថយ​ការឆ្លង​ពីម្ដាយ​ទៅកូន កម្រិត នៃការឆ្លង​មេរោគអេដស៍​ពីស្ដ្រីនោះ​ទៅកូន​របស់ខ្លួន អាចធ្លាក់​នៅត្រឹម​កម្រិតទាប​ត្រឹម៥% ឬ​ទាបជាង​នេះ។ កម្រិត​ឆ្លងទាប​បែបនេះ លុះត្រា​តែកម្ម​វិធីបង្ការ​កាត់បន្ថយ​ការឆ្លង​មានការអនុវត្ដ​ប្រកបដោយ​ប្រសិទ្ធភាព និងដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​ត្រឹមត្រូវ។ ចំពោះ ពេលឆ្លង និង​យន្ដការ​នៃការឆ្លង​មេរោគ​ទៅទារក ឬ​កុមារ នៅតែ​មានចំណុច​មួយចំនួន​មិនទាន់​មានការពន្យល់​បានច្បាស់​លាស់នៅ ឡើយទេ។ ដូច្នេះ បើសិន​ជាបុរស​ជាដៃគូ​មានផ្ទុក​មេរោគ​អេដស៍ ឬ​សង្ស័យ​ថាមានផ្ទុក​មេរោគ​អេដស៍ សូមប្រើ និង​បន្ដប្រើ​ស្រោម​អនាម័យ​ឱ្យខាង​តែបាន។ សូម​ទទួលយក​តែការរួមភេទ​ណាដែល​មានសុវត្ថិភាព ឬ​បង្ការ​បាន​ត្រឹមត្រូវ។

2. ជម្ងឺអែបប៉ែស ឬ​រើម

ករណី​មានជម្ងឺ​អែបប៉ែស ឬ​រើមលើ​ប្រដាប់​ភេទថ្មីៗ មុខជាអាច​មានការ​បង្កការ​ចម្លងមេរោគ​ទៅភ្នែក​របស់ទារក ដែល ទើបនឹង​កើតនៅ​ពេល​សម្រាល ដែលអាច​បង្កជាផលវិបាក​ធ្ងន់ធ្ងរ ដូចជា​រលាក​កែវភ្នែក​ដោយ​មេរោគ​អែបប៉ែស​ជាដើម។ បើមាន ករណី​នេះមែន ទារក​មិនអាច​សម្រាល​តាមទ្វារមាស​បានទេ តម្រូវ​ឱ្យធ្វើការ​វះកាត់​យកទារក​ចេញ ប្រយោជន៍​បញ្ចៀស​ការឆ្លង​មេរោគ វីរុស​អែបប៉ែស​ទៅលើភ្នែក​ទារក។

3. ជម្ងឺបង្ក​ដោយមេរោគ​ឆ្លងផ្សេង​ទៀត

ជម្ងឺបង្ក​ដោយ​មេរោគឆ្លង​ធម្មតា នៅតាម​ផ្លូវនោម ឬ​តាមទ្វារមាស ហាក់ដូច​ជាមិនសូវ​កើតមាន​លើស្ដ្រី​ដែលមាន​ការរួម ភេទពេល​មានផ្ទៃពោះ​ឡើយ។ ផ្ទុយ​ទៅវិញ ការលេច​ឡើងជា​រោគសញ្ញា​ដែលបង្ក​ជាការឆ្លង​មេរោគ ដូចជា​ការហូរ​ទឹកបាយ ធ្លាក់ស ក្រហាយ​ផ្លូវនោម ឬ​ក្រហាយ​ទ្វារមាស តម្រូវ​ឱ្យស្ដ្រី​នោះត្រូវ​ទៅធ្វើការ​ព្យាបាល ឬ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាដាច់​ខាត។

បើចង់​ស្វែងយល់​លម្អិត​អំពីរបៀបឆ្លង ការបង្ការ ដំបូន្មាន​ល្អៗគួរ​ប្រតិបត្ដិ និង​ផលប៉ះពាល់​នៃជម្ងឺ​កាមរោគ សូមអាន​អត្ថបទ ការរួមភេទ​បង្កជម្ងឺ​កាមរោគ ដែលបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី​សុខភាពយើង លេខ០០២ ខែមីនា ២០០៦។

ផែនការ​ផ្លូវភេទ ពេល​មានគភ៌

ការប្រែប្រួល​រូបរាងកាយ​ដែលបង្ក​ឡើងដោយ​គភ៌ ជះឥទ្ធិពល​ទៅលើជីវភាព​ផ្លូវភេទ។

1. ជីវភាព​ផ្លូវភេទ​នៅត្រីមាសទី១ ស្ដ្រីចាប់​ផ្ដើមមាន​អាការអស់​កម្លាំង ក្អួតចង្អោរ សុដន់​រីកប៉ោង ហើយ​ដែលជួនកាល មានការ​ឈឺចាប់​ទៀត​ផងនោះ ព្រមទាំង​មានការ​ភ័យខ្លាច​ការធ្លាក់កូន។ អាការ​ទាំងនេះ​អាចកាត់​បន្ថយ​តម្រេក​តណ្ហា ឬ​កាមកិលេស។ ការភ័យខ្លាច​នេះពិតជា​មិនត្រឹម​ត្រូវទេ ពីព្រោះ​នៅក្នុង​ដំណាក់​កាលនេះ ការធ្លាក់កូន ឬ​រលូតកូន​បណ្ដាល​មកពីភាព​មិនប្រក្រតីនៃ ក្រូម៉ូស្យូម​របស់​អំប្រ៊ីយ៉ុង​ឯណោះ​វិញទេ។

ពេលមាន​ទំនាក់ទំនង​ផ្លូវភេទ ការរីកប៉ោង​នៃទំហំ​សុដន់​ដោយការ​មានផ្ទៃពោះ បន្ថែម​ទៅលើ​ការរួម​ត្បៀត​សរសៃ​ឈាម ដែល​បណ្ដាល​មកពីការ​ស្រើបស្រាល​ខាងផ្លូវភេទ បង្កបង្កើត​ឱ្យមានការ​តឹងណែន​សុដន់​ជាស្ថានភាព​មិនសុខ​ស្រួល ហើយ​ជួនមានការ ឈឺចុក​ចាប់ទៀតផង។ បាតុភូត​នេះបាត់​ទៅវិញនៅ​ត្រីមាសទី២ និង​ត្រីមាស​ទី៣ ព្រោះថា​នៅដំណាក់​កាលនេះ សុដន់​ឆ្លើយតប​ទៅនឹង ការ​ស្រើបស្រាល​ផ្លូវភេទ។ ទោះបី​ជានៅត្រីមាស​ទីមួយនេះ​មិនផ្ដល់ឱកាស​ដល់ការ​រួមភេទក្ដី ក៏ការរួមភេទ​អាចដំណើរ​ការបានជា ធម្មតា។

2. ជីវភាពផ្លូវភេទ​នៅត្រីមាសទី២ ជាដំណាក់កាល​ដ៏រីករាយ​បំផុតពេល​មានគភ៌ ស្ដ្រីមាន​អារម្មណ៍​ថាទារក​កម្រើក ពោះ មិនទាន់​មានទំហំធំ​នៅឡើយទេ។ ស្ដ្រីភាគ​ច្រើនចាប់​អារម្មណ៍​ចង់ទទួល​ការសប្បាយ​រីករាយ​ខាងផ្លូវភេទ។ ការកើន​ឡើងនៃ​ចំណង់​ផ្លូវភេទ ឬ​តម្រេក​កាមតណ្ហា​ពេលនេះ កើត​មានឡើង​ដោយសារ​ការកើនឡើង​នៃចរន្ដសរសៃ​ឈាមនៅ​ក្នុងអាង​ត្រគាក។ ការរួមត្បៀត សរសៃនេះ បានបង្រួម​ទំហំប្រហោង​ទ្វារមាស បង្កឱ្យ​កាមារម្មណ៍​រិតតែពុះ​កញ្ជ្រោល។ ដូចនេះ ការហូរ​ឈាមទៅ​ច្រាលនៅ​ក្នុងអាង ត្រគាក និង​ការរួមតូច​នៃទ្វារមាស បង្កបង្កើន​កាមារម្មណ៍​ប្លែកពីធម្មតា ពេល​មានការ​ស៊កបញ្ចូល​លិង្គទៅក្នុង​ទ្វារមាស។

ស្ដ្រីងាយ​ទទួលអារម្មណ៍​សុខស្រួល​ដល់កំពូល ដោយសារ​ការកន្ដ្រាក់​របស់ស្បូន។ ការកន្ដ្រាក់​នេះមាន​កម្រិត​តិចតួច​ប៉ុណ្ណោះ មិនបង្ក​ផលប៉ះ​ពាល់ទៅ​ដល់ទារក ឬ​គភ៌ក្នុង​ផ្ទៃដែល​មានសុខភាព​ល្អនោះ​ឡើយ។ ការកន្ដ្រាក់​ស្បូននេះ​ខុសគ្នា​ពីការកន្ដ្រាក់​ស្បូនពេល ឆ្លងទន្លេ។

3. ជីវភាព​ផ្លូវភេទ​នៅត្រីមាស​ទី៣ ជួនកាល​មិនសូវ​ជាមាន​អារម្មណ៍​ល្អប៉ុន្មានទេ ដោយពោះ​មានទំហំធំ។ ប៉ុន្ដែ​ការរួមភេទ​នៅតែអាច​បន្ដបាន​ជាដដែលទេ។ បើសិន​ជាបណ្ដែត​បណ្ដោយ​ឱ្យទំហំពោះ និង​អាការ​មិនស្រួលខ្លួន ដូចជា​ដង្ហើមដង្ហក់ ឈឺសៀត ពោះ ឈឺនៅ​មាត់ទ្វារមាស​ជាដើម ឱ្យរំខាន​ដល់ការ​រួមភេទ ឬ​ទំនាក់​ទំនង​ផ្លូវភេទ ពិត​ជាមិន​គួរទទួក​យកដោយ​ស្ងៀមស្ងាត់​ឡើយ។ ព្រោះថា​ជីវភាពផ្លូវភេទ​រីករាយ​ពេលមាន​ផ្ទៃពោះ អាចកាត់​បន្ថយគម្លាត​ឆ្ងាយពីគ្នា​រវាងប្ដីប្រពន្ធ​ក្រោយពេល​សម្រាល ហើយ​ក៏មិនមាន​ការបែក​បាក់ ឬ កាត់ផ្ដាច់​នៅក្នុងទំនាក់​ទំនង ឬ​សម្ព័ន្ធភាព​ស្នេហា​ឡើយ។

រយៈពេល​នេះហើយ​ដែលតម្រូវ​ឱ្យគូស្នេហ៍​ទាំងពីរ​ចាប់ផ្ដើម​គិតគូធ្វើ​វិញ្ញាសារ​ច្នៃប្រឌិត ឬ​ផ្លាស់ប្ដូរ​ជីវភាព​ផ្លូវភេទ ដូចជាថា តើត្រូវ​រួមភេទ​ដោយកាយ​វិការក្បាច់ ឬ​ជំហរ​រួមភេទ​បែបណា​ទើបត្រឹមត្រូវ។ មិនត្រូវ​ឱ្យការ​តានតឹង​នៃចំណង់​ផ្លូវភេទ ក្លាយ​ជារបាំង កាត់ផ្ដាច់​ចំណង​ស្នេហា​របស់លោក​អ្នកឡើយ។ យ៉ាងហោច​ណាស់ រសជាតិ​សប្បាយ​ខាងផ្លូវភេទ​ដោយការថើប ការ​បបោស​អង្អែល នែបនិត្យ និង​ការថ្នាក់ថ្នម​គ្នាទៅវិញ​ទៅមក នៅតែ​អាចធ្វើ​ឡើងបាន​គ្រប់កាលៈ​ទេសៈ។

បណ្ដាំ​អ្នកនិពន្ធ

នៅទីបញ្ចប់​នៃគភ៌ ពោលគឺ​ពេលសម្រាល បុរស​ជាប្ដីគួរ​តែនៅ​ក្បែរភរិយា​ឱ្យបានច្រើន។ ប៉ុន្ដែ​បុរសខ្លះ​មិនហ៊ាន​មើលភរិយា សម្រាល​បុត្រឡើយ គួរតែ​មានការ​អនុគ្រោះ​ដល់គាត់​ផងដែរ។ តែទោះ​ជាយ៉ាង​ណាក្ដី បុរស​ជាប្ដី​ត្រូវតែ​ខំធ្វើឱ្យ​បានដើម្បី​បង្ហាញពី សេចក្ដី​ស្រឡាញ់ នោះស្ដ្រី​ជាប្រពន្ធ​នឹងប្ដូរផ្ដាច់​ជាមួយ​លោកជាប្ដី មិនបែក​បែរឡើយ។ កុំឱ្យ​ដូចពាក្យ​ថាលោកត្រូវ​ការតែខ្លួន​ប្រាណ គាត់ដើម្បី​តែផ្លូវភេទ​តែមួយមុខ​ប៉ុណ្ណោះ។

នៅលេខ​ក្រោយ យើងខ្ញុំ​នឹងបង្ហាញ​អំពីក្បាច់​រួមភេទពេល​មានផ្ទៃពោះ។

ដោយ វេជ្ជ. លី ចេងហ៊ុយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *