ដោយសារការស្រវាស្រទេញផ្នែកជីវភាពរស់នៅ ទើបបង្កឱ្យមានចំណាកស្រុកកើនឡើងជាលំដាប់។ មកដល់ពេលនេះ មានកម្មករកម្មការិនីប្រមាណជាជាង២០ម៉ឺននាក់ កំពុងបម្រើការងារតាមរោងចក្រសហគ្រាសនានាក្នុងទីក្រុងភ្នំពេញ។ ចំណាកស្រុក បានធ្វើឱ្យស្ដ្រីខ្មែរមួយចំនួនត្រូវរងគ្រោះដោយសារការបោកប្រាស់របស់ជនខិលខូច ដែលឆ្លៀតឱកាសរកផលចំណេញ។
ស្ដ្រីងាយរងគ្រោះជាប្រធានបទដែលទស្សនាវដ្ដីសុខភាពយើង លើកមកបកស្រាយតាមរយៈកិច្ចសម្ភាសន៍ជាមួយលោក ស្រី និត សូផា ប្រធានកម្មវិធីផ្នែកស្ដ្រីប្រឈមមុខនឹងគ្រោះថ្នាក់ នៃអង្គការសុខភាពគ្រួសារអន្ដរជាតិនៅកម្ពុជា។
ស្ដ្រីងាយរងគ្រោះ
ជាទូទៅពាក្យថាងាយរងគ្រោះ គឺមានន័យថាងាយទទួលគ្រោះថ្នាក់សព្វបែបយ៉ាង។ អ្នកដែលងាយរងគ្រោះផ្ដោតសំខាន់ ទៅលើកុមារដែលរស់នៅតាមចិញ្ចើមថ្នល់ និងស្ដ្រីដែលធ្វើចំណាកស្រុក(ចេញពីស្រុកកំណើតមករស់នៅកន្លែងផ្សេង)។ ពួកគាត់សុទ្ធ តែជាក្រុមដែលងាយរងគ្រោះ ងាយរងនូវសម្ពាធ បរិយាកាសជុំវិញខ្លួន ដោយការឆាប់ជឿទុកចិត្ដគេ ងាយរងនូវការបោកបញ្ឆោត។
មូលហេតុដែលនាំឱ្យរងគ្រោះ
ភាគច្រើននៃស្ដ្រីដែលងាយរងគ្រោះ ច្រើនតែមានមូលហេតុផ្សេងៗជាច្រើន ដូចជា ៖
- តម្រូវការការងារធ្វើ ៖ ស្ដ្រីនៅតាមជនបទភាគច្រើនត្រូវបានពួកមេខ្យល់បោកប្រាស់តាមរូបភាពរកការងារឱ្យធ្វើ ដែល កុហកថាបានប្រាក់កម្រៃពលកម្មខ្ពស់ ឬក៏យកមកជាមួយដោយការចាត់ទុកដូចជាសាច់ញ្ញាតិ ឬក៏តាមរយៈមិត្ដភ័ក្ដ្របោកប្រាស់យក ទៅលក់នៅផ្ទះបនតែម្ដង។
- មហិច្ឆិតា ៖ ការលោភលន់បាននាំឱ្យស្ដ្រីវ័យក្មេងទាំងឡាយងាយធ្លាក់ក្នុងគ្រោះថ្នាក់ ដោយសារការចង់មានចង់បានដូចគេ ដូចជាសម្លៀកបំពាក់ល្អៗ របស់របរទំនើប ទូរស័ព្ទ គ្រឿងអលង្កាជាដើម។ ទោះបីជាបានដឹងហើយថាជាមុខរបបមិនប្រពៃក៏ដោយ ក៏ ពួកគាត់ស្ម័គ្រចិត្ដ ដើម្បីភាពហ៊ឺហា និងឆើតឆាយ ដោយគ្មាននរណាបោកបញ្ឆោតឡើយ។
- ភាពក្រីក្រ និងអំពើហិង្សាក្នុងគ្រួសារ ៖ ជួនកាលការរងគ្រោះបណ្ដាលមកពីជីវភាពគ្រួសារក្រីក្រខ្លាំងពេក ទើបបង្ខំចិត្ដប្រព្រឹត្ដ ឬដោយសារក្នុងគ្រួសារមានអំពើហិង្សាខ្វះភាពកក់ក្ដៅបានធ្វើឱ្យក្មេងស្រីចង់ចៀសផុតពីសោកនាដកម្មនេះ ទើបងាយក្លាយជា នុយរបស់ពួកឱកាសនិយម។ ម្យ៉ាងទៀត ការរងនូវការរំលោភបំពានរាងកាយដូចមានករណីខ្លះ ក្នុងគ្រួសារមានឪពុកចាប់រំលោភសេពសន្ថវៈ ដែលជាកត្ដាមួយជំរុញឱ្យក្មេងស្រីចាកចេញពីផ្ទះ។
- ស្នេហាបែកបាក់ ៖ មានយុវតីមួយចំនួន ដោយសារតែមានបញ្ហាជាមួយគូសង្សារ ឬក៏ត្រូវសង្សារបោះបង់ចោលឈឺចិត្ដ រួចក៏ជ្រើសរើសយកផ្លូវដើរខុសដើម្បីមកដោះស្រាយដោយគិតថាអាចបញ្ឈឺចិត្ដសង្សារ ឬក៏បញ្ឈឺខ្លួនឯងបាន។
ផលប៉ះពាល់នៃការងាយរងគ្រោះ
មានស្ដ្រីភាគច្រើនទទួលការរងគ្រោះ និងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្លូវកាយផ្លូវចិត្ដ រួមជាមួយនឹងសង្គមទាំងមូលផងដែរ ។ ស្ដ្រីទាំងនេះអាចប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួនដូចតទៅនេះ។
- ផលប៉ះពាល់ខាងផ្នែករាងកាយ ៖ មានស្ដ្រីរងគ្រោះខ្លះលង់ខ្លួនកាន់តែជ្រៅ ទៅជាប្រព្រឹត្ដនូវអំពើអនាចារ ដើរហើរពាសវាលពាសកាល សេពគ្រឿនញៀន ចូលរួមជាមួយបងតូចបងធំបង្កទៅជាការលួចឆក់ប្លន់ជាដើម។ ក្រៅពីនេះ ក៏មានស្ដ្រីមួយចំនួនគិត ថាបើជ្រុលក្បាលក្រពើទៅហើយធ្វើអ្វីក៏បានដែរ ជំរុញឱ្យពួកគេកាន់តែមានចិត្ដក្លាហាន ទោះបីជាអំពើផ្ទុយពីច្បាប់រដ្ឋក៏ហ៊ានប្រព្រឹត្ដ។ ស្ដ្រីរងគ្រោះភាគច្រើនត្រូវឆ្លងជម្ងឺអេដស៍ថែមទៀត ដែលជាបន្ទុកធ្ងន់ធ្ងរមួយកម្រិតទៀត ធ្វើឱ្យពួកគេរិតតែខ្មាសអៀនមិនហ៊ានចូល រួមជាមួយសង្គម។
- ផលប៉ះពាល់ខាងផ្នែកផ្លូវចិត្ដ ៖ ជាធម្មតា មនុស្សតែងតែគិតពីបញ្ហាជីវិតទៅថ្ងៃអនាគត ប៉ុន្ដែសម្រាប់ស្ដ្រីរងគ្រោះទាំង នោះលែងគិតពីបញ្ហាទាំងអស់នេះហើយ ព្រោះគាត់គិតថាជីវិតរបស់គាត់អស់តម្លៃ ធ្វើឱ្យពួកគាត់លែងគិតពីរយៈពេលនៃការរស់នៅ ក្នុងជីវិត។ រហូតដល់មានស្ដ្រីរងគ្រោះមួយចំនួនដែលធ្លាក់ខ្លួនផ្ទុកមេរោគអេដស៍ គាត់បែរជាចង់គំនុំនឹងបុរសភេទ ដោយគិតថាបុរស ទាំងនោះហើយដែលជាអ្នកជំរុញឱ្យគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះ ម្ល៉េះហើយគាត់គិតតែពីចម្លងមេរោគអេដស៍ដ៏សាហាវនេះឱ្យទៅបុរស ផ្សេងទៀត ដោយមិនរើសមុខ។ មានស្ដ្រីមិនតិចនាក់ទេ ដែលស្រមោលនៃការរងគ្រោះបានលងបន្លាចគាត់ជានិច្ច ធ្វើឱ្យគាត់ដេកមិនលក់ ឆាប់ភ័យខ្លាច មិនហ៊ាននិយាយស្ដី ខ្លាចមនុស្សគ្រប់ប្រភេទទាំងនេះ ដោយសារតែទារុណកម្មដែលគាត់បានទទួលនៅពេលដែល គាត់ត្រូវគេបោកប្រាស់យកទៅលក់នៅផ្ទះបន។
- ផលប៉ះពាល់ខាងផ្នែកសង្គម ៖ យើងដឹងហើយថាក្នុងសង្គម ធនធានមនុស្សជាកត្ដាសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រទេស ជាតិ។ ផ្ទុយទៅវិញ បើស្ដ្រីជាមាតានៃប្រទេសជាតិត្រូវរងគ្រោះដោយប្រការផ្សេងៗ តើការលូតលាស់របស់សង្គមមានភាពរលូន ឬទេ ? បើប្រៀបធៀបជាមួយនឹងការលូតលាស់នៃដើមដូងមួយដើម ទោះបីជាខំប្រឹងលូតលាស់យ៉ាងណា បើមានដួង ឬសត្វល្អិតផ្សេងៗរង់ ចាំបំផ្លាញ តើការលូតលាស់អាចបានល្អទេ?
ប្រការគួរចៀសវាង ដើមី្បគេចផុតពីការរងគ្រោះ
សម្រាប់ឪពុកម្ដាយ និងអាណាព្យាបាល ក៏ដូចជាស្ដ្រីផ្ទាល់ខ្លួន ត្រូវព្យាយាមប្រកាន់នូវគោលជំហរមួយចំនួនដើម្បីចៀសឱ្យ ផុតពីការរងគ្រោះ។
- ឪពុកម្ដាយទាំងឡាយត្រូវផ្ដល់ការអប់រំដល់កូនស្រី តាមរយៈការបញ្ជូនកូនទៅសាលារៀនឱ្យបានយ៉ាងតិចត្រឹមថ្នាក់ទី៧ ដែលរដ្ឋាភិបាលបានកំណត់ ក៏ដូចជាសំណូមពរ។ ព្រោះបើកូនស្រីរៀនសូត្របានច្រើន ពួកនាងងាយស្រួលក្នុងការពិចារណាបែងចែក ខុសត្រូវ គួរធ្វើ ឬមិនគួរធ្វើ ដើម្បីចៀសផុតពីការចាញ់បោកបញ្ឆោតរបស់ពួកឱកាសនិយម។
- បើចៀសមិនផុតពីការដែលកូនស្រីចាកចេញឆ្ងាយ ឪពុកម្ដាយទាំងឡាយគប្បីដឹងពីកន្លែងរស់នៅ និងមុខរបរពិតប្រាកដ របស់កូន។ សូមមេត្ដាព្យាយាមតាមដានរាល់ការសេពគប់មិត្ដភក្ដិរបស់កូនស្រីឱ្យបានទៀងទាត់ ពីព្រោះថាបើកូនស្រីលោកអ្នកសេពគប់ជាមួយនឹងមិត្ដភក្ដិមិនល្អ នោះកូនរបស់លោកអ្នកងាយប្រឈមមុខនឹងគ្រោះថ្នាក់ណាស់។
- សូមព្យាយាមពន្យល់កូនឱ្យបានល្អិតល្អន់នូវផលអវិជ្ជមានទាំងឡាយដែលអាចកើតមានឡើងចំពោះកូនស្រី ព្រោះឪពុក ម្ដាយ ផ្ទះជាគំរូ និងជាសាលារៀនទីមួយរបស់កូន។ ឪពុកម្ដាយត្រូវពិចារណាឱ្យបានម៉ត់ចត់ មុននឹងឱ្យកូនស្រីទៅនៅជាមួយនរណា ម្នាក់។
ដំបូន្មានអ្នកជំនាញ
ក្នុងនាមជាស្ដ្រីខ្មែរ និងជាអ្នកម្ដាយមួយរូប លោកស្រី និត សូផា មានសំណូមពរសុំឱ្យឪពុកម្ដាយទាំងឡាយធ្វើជាគំរូល្អដល់ កូន កុំចង់បានត្រឹមតែប្រាក់ពីកូន ដោយមិនគិតពីទុក្ខវេទនារបស់កូន។ បើអាចធ្វើទៅបាន សូមខិតខំជួយសម្រួលដល់ការលំបាករបស់ កូន តែកុំព្យាយាមបន្ថែមបន្ទុកដល់កូន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦
Leave a Reply