មុខជាំ គឺជាបញ្ហាស្បែកមួយដែលធ្វើឱ្យបុរសស្ដ្រីគ្រប់វ័យទាំងអស់រមែងព្រួយបារម្ភ មិនចង់ឱ្យកើតមាននៅលើផ្ទៃមុខរបស់ខ្លួនទ្បើយ។ ស្នាមជាំនៅលើមុខជាបញ្ហារំខានដែលធ្វើឱ្យលោកអ្នកពិបាកទ្រាំ។ ប៉ុន្ដែអាការធ្ងន់ធ្ងរច្រើន ឬតិចរបស់ស្នាមជាំអាស្រ័យ ទៅលើមូលហេតុនៃស្នាមជាំទាំងនោះ។
ដើម្បីជាជំនួយដល់មិត្ដអ្នកអានក្នុងការស្វែងយល់អំពីបញ្ហាផ្សេងៗដែលទាក់ទងនឹងការជាំមុខ ទស្សនាវដ្ដី សុខភាពយើង សូមនាំមកជូននូវការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសជម្ងឺសើស្បែក។
ស្នាមជាំនៅលើមុខ ជាអ្វី?
ស្នាមជាំនៅលើមុខ ឬមុខជាំ គឺសំដៅដល់ស្លាកស្នាមទាំងទ្បាយណាដែលមានពណ៌ក្រម៉ៅជាងស្បែកធម្មតា ដោយរាប់ចាប់ពី ចំណុចតូចៗទ្បើងទៅ។
មូលហេតុដែលនាំឱ្យជាំមុខ
ជាំមុខស្ដែងចេញមកពីមូលហេតុច្រើនប្រការណាស់។ ប៉ុន្ដែសម្រាប់ពេលនេះ សូមលើកយកតែមូលហេតុបីចម្បងមក ជម្រាបជូនដែលឧស្សាហ៍ជួបប្រទះជាងគេនាពេលបច្ចុប្បន្ននេះ។
- ស្បែកមុខជាំដោយសារមានផ្ទៃពោះ ៖ វាជារឿងធម្មតា ព្រោះអ័រម៉ូននៅក្នុងរាងកាយស្ដ្រីត្រូវបានប្រែប្រួល នាំឱ្យមាន បាតុភូតផ្សេងៗ រមែងលេចចេញ ជាពិសេសលើស្បែកនៅពេលមានផ្ទៃពោះនូវស្នាមស្បែក ដូចជាបែកសង្វា ជាំមុខជាដើម។
- ស្បែកមុខជាំដោយសារកម្ដៅថ្ងៃ ៖ ការធ្វេសប្រហែស និងការមើលស្រាលចំពោះកម្ដៅថ្ងៃដែលចែងចាំងមកលើស្បែក អាចបណ្ដាលឱ្យមានអាការជាំមុខទាំងផ្ទាំងៗតែម្ដង។ កម្ដៅថ្ងៃបន្ដិចម្ដងៗបានធ្វើឱ្យលោកអ្នកដែលមានការងារនៅក្រោមកម្ដៅ ទោះ មាន ឬមិនមានអ្វីមកបិតបាំងដើម្បីទប់ទល់នឹងកម្ដៅថ្ងៃ ជាមួយនឹងការមិនបានប្រើប្រាស់ផលិតផលការពារកម្ដៅផងនោះ បានធ្វើឱ្យ ស្បែកផ្ទៃមុខរងការជាំ ឬស្រអាប់។ មិនតែប៉ុណ្ណោះ កន្លែងផ្សេងដែលរងកម្ដៅក៏ជាំខ្មៅដូចគ្នាដែរ គ្រាន់តែកម្រិតខុសគ្នាតិច ឬច្រើន ។ ទោះបីជាយ៉ាងណា ស្បែកមុខងាយរងកម្ដៅថ្ងៃច្រើនជាងស្បែកនៅកន្លែងផ្សេងៗទៀត។
- ស្បែកមុខជាំដោយសារការប្រើប្រាស់ឱសថ ឬផលិតផល ៖ ផលិតផលរក្សាសម្រស់មួយចំនួនធំដែលផ្ទុកសារធាតុគីមីមិន ថាប្រេង ឬជែល(ចាហួយ) ទ្បេ ក្រែម ម្សៅជាដើម សុទ្ធតែជាដើមចមនៃការជាំមុខទាំងអស់ គ្រាន់តែតិច ឬច្រើនអាស្រ័យទៅលើសមាសធាតុផ្សំរបស់វាតែប៉ុណ្ណោះ។ ដូចលោកអ្នកជ្រាបស្រាប់រួចមកហើយតាមរយៈការឃោសនាពាណិជ្ចកម្មដែលច្រើនរៀបរាប់ពីការ ប្រើផលិតផលក្នុងរយៈពេលខ្លី តែអាចធ្វើឱ្យស្បែកសបាន។ ផលិតផលទាំងអស់នោះហើយ នៅពេលប្រើដំបូង លោកអ្នកប្រាកដជាបាន ទទួលនូវស្បែកសស្រស់ស្អាតរលោងគួរឱ្យចង់ថ្នាក់ថ្នមមិនខានទ្បើយ។ មិនមាននរណាគិតស្មានថាភាពស្រស់ស្អាតរលោងនេះប្រែក្លាយ ទៅជាជាំស្រអាប់ មិនគួរឱ្យចង់សម្លឹងមើលទៅវិញ។ ក្រៅពីនេះមានឱសថប្រភេទខ្លះដែលមានផ្សំពីសារធាតុអ័រម៉ូន នៅពេលប្រើ ប្រាស់យូរទៅនឹងអាចមានផលប៉ះពាល់ដល់ស្បែកមុខ ដូចជាកើតមុន ឬជាំផ្ទៃមុខតែម្ដង។
វិធីព្យាបាលស្បែកមុខជាំ
មិនមានឱសថសក្ដិសិទ្ធណាមួយអាចព្យាបាលមុខជាំឱ្យជាដាច់ស្រឡះបានទេ។ ការព្យាបាលមុខជាំត្រូវធ្វើទ្បើងទៅតាមមូល ហេតុ ឬក៏សណ្ឋានរបស់ស្បែកដែលជាំ។
- ប្រសិនបើស្បែកមុខជាំដោយសារការមានផ្ទៃពោះ មិនចាំបាច់បារម្ភ ហើយស្វះស្វែងរកថ្នាំសម្រាប់ព្យាបាលនោះទេ ពី ព្រោះមុខជាំនេះនឹងបាត់ទៅវិញ នៅក្រោយពេលសម្រាលបាន៤ ឬ៥ខែ។
- ប្រសិនបើស្បែកមុខជាំដោយសារកម្ដៅថ្ងៃ ចាំបាច់ត្រូវតែព្យាបាល។ វិធីល្អបំផុត ត្រូវគេចចេញពីកម្ដៅថ្ងៃឱ្យបានច្រើន បំផុត រួចទៅរកគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
- មួយវិញទៀត បើស្បែកមុខជាំដោយសារការប្រើផលិតផល ឬឱសថនោះ ពិតជាពិបាកហើយ។ មិនមានការស្រាវជ្រាវ ខាងផ្នែកវេជ្ជសាស្ដ្រណាមួយដែលបង្ហាញថាសម្រាប់ព្យាបាលមុខជាំប្រភេទនេះទេ។ មានវិធីតែមួយគត់ គឺបញ្ឈប់ជាបន្ទាន់នូវការប្រើ ប្រាស់ផលិតផលទាំងនោះ ឬក៏ថ្នាំដែលមានផ្ទុកសារធាតុអ័រម៉ូន។ លោកអ្នកចាំបាច់ត្រូវជ្រាបថាផលិតផលរក្សាសម្រស់ក៏ជាឱសថដែរ ដោយគ្រាន់តែត្រូវបានកែច្នៃក្រោមរូបភាពផ្សេងៗគ្នា ដូចជាប្រេង ទ្បេ ក្រែម ម្សៅជាដើម។ សំខាន់ជាងនេះទៅទៀត ប្រការគ្រោះ ថ្នាក់បំផុតនៅពេលដែលលោកអ្នកយកផលិតផលទាំងនោះទៅលាយបញ្ចូលគ្នា ប្រៀបដូចជាលោកអ្នកកំពុងបំផ្លាញភាពស្រស់ស្អាត របស់ខ្លួនឯងដូច្នោះដែរ។ សូមកុំជឿការឃោសនាមួយចំនួនដែលថាអាចព្យាបាលមុខជាំបានឱ្យសោះ បើទោះជាបានមែនក៏ត្រឹមតែមួយ រយៈពេលខ្លី រួចផ្ទៃមុខនឹងត្រទ្បប់មកដូចដើមវិញ អ្វីដែលគួរឱ្យបារម្ភនោះ គឺអាក្រក់លើសដើម។
វិធីបង្ការជាំមុខ
ថ្វីត្បិតតែមុខជាំមិនមានវិធីសម្រាប់ព្យាបាលបាន ប៉ុន្ដែវាពិតជាមានវិធីសម្រាប់បង្ការកុំឱ្យជាំមុខបាន។ វិធីងាយមួយចំនួន ទាមទារឱ្យលោកអ្នកអនុវត្ដឱ្យបាន ដើម្បីរូបសម្ផស្សរបស់លោកអ្នក។
1. ចំណុចទី១ ៖ លោកអ្នកគប្បីចៀសវាងឱ្យបាននូវពន្លឺព្រះអាទិត្យ ព្រោះថាកម្ដៅថ្ងៃនៅប្រទេសយើងសព្វថ្ងៃនេះក្ដៅខ្លាំង ណាស់ ដែលអាចបង្កបញ្ហាដល់ស្បែកយ៉ាងច្រើន។ ករណីមិនអាចចៀសវាងបាន លោកអ្នកត្រូវបិតបាំងគ្រប់ផ្នែកទាំងអស់នៃរាងកាយ ដែលរងកម្ដៅ ជាពិសេសផ្ទៃមុខ ព្រោះផ្ទៃមុខងាយរងកម្ដៅជាងកន្លែងណាៗទាំងអស់។ ម្យ៉ាងទៀតលោកអ្នកគួរតែប្រើផលិតផលការពារកម្ដៅថ្ងៃរាល់ពេលដែលលោកអ្នកចេញហាលថ្ងៃ ដោយប្រើមួក ឬឆ័ត្រដើម្បីទប់ស្កាត់កម្ដៅ។ ចំពោះការប្រើប្រាស់ផលិតផលការពារកម្ដៅថ្ងៃ លោកអ្នកត្រូវប្រយ័ត្នប្រយែង បើមិនដូច្នោះទេ វារិតតែធ្វើឱ្យផ្ទៃមុខរបស់លោកអ្នកអាក្រក់លើសដើម ដែលនិយមហៅ ថាមុខខ្លោច។ លោកអ្នកមិនគួរនៅក្រោមកម្ដៅថ្ងៃលើសពី១៥នាទីទេ។
2. ចំណុចទី២ ៖ លោកអ្នកមិនត្រូវចេះតែប្រើផលិតផលរក្សាសម្រស់ផ្ដេសផ្ដាសនោះទេ។ ការប្រើប្រាស់ផលិតផលទាំងនោះ អាចធ្វើឱ្យលោកអ្នកសោកស្ដាយអស់មួយជីវិត។ ប៉ុន្ដែប្រើភ្លាមមិនធ្វើឱ្យខូចមុខភ្លាមនោះទេ ទាល់តែប្រើរយៈពេលយូរ ទើប លេចចេញជារូបរាង។
តាមការសង្កេតជាទូទៅ នៅពេលបច្ចុប្បន្ននេះ មានស្ដ្រីជាម្ដាយវ័យក្មេងមួយចំនួនដែលមានបំណងចង់ឱ្យកូនស្អាត ទាំងកូន ប្រុស និងកូនស្រីទើបនឹងមានវ័យជំទង់សោះ ខំជំរុញឱ្យពួកគេប្រើប្រាស់ផលិតផលទាំងនោះ។ ជាលទ្ធផល ធ្វើឱ្យស្បែកដ៏ស្អាតរបស់ ក្មេងទទួលរងនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជួនកាលបណ្ដាលឱ្យកើតមហារីកស្បែកទៀតផង។ លោកវេជ្ជបណ្ឌិត ថៃ គា បានបន្ថែមថាកាលពីមុនការជាំមុខ ច្រើនតែកើតមានចំពោះអ្នកដែលមានវ័យពី៣០ទ្បើងទៅ ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ ក្មេងត្រឹមអាយុ១៥ឆ្នាំក៏កើត ជាំមុខដែរ។
ដំបូន្មានអ្នកជំនាញ
មុននឹងសម្រេចចិត្ដប្រើប្រាស់ផលិតផលអ្វីមួយ សូមគិតពីផលប៉ះពាល់របស់វាជាមុនសិន។ ប្រការប្រសើរ គួរទៅជួបជាមួយ គ្រូពេទ្យជំនាញជាមុនសិន ដើម្បីឱ្យច្បាស់ថាប្រភេទស្បែករបស់លោកអ្នកសក្ដិសមនឹងផលិតផលបែបណា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply