ស្ថិតនៅក្នុងវ័យ៤០ផ្លាយ លោកទេព រិន្ទដារ៉ូ ជាតារាភាពយន្ដជើងចាស់ដែលឈរនៅក្នុងលំដាប់ជួរមុខ ខាងការសម្ដែងបាន ល្អពីរបីជំនាន់ជាប់គ្នា។ រហូតមកដល់សព្វថ្ងៃនេះ លោក ទេព រិន្ទដារ៉ូ នៅតែទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលនិយម ចូលចិត្ដទស្សនាភាពយន្ដខ្មែរគ្រប់វ័យ។ តាមពិត លោកបញ្ចប់ការសិក្សាជាអ្នកបើកបរយន្ដហោះមកពីប្រទេសរុស្ស៊ី និងធ្លាប់ចុះធ្វើកម្ម សិក្សានៅប្រទេសវៀតណាម។ តែលោកបែរជា ចាប់អាជីពជាតារាភាពយន្ដជំនួសឯកទេសអ្នកបើកបរយន្ដហោះទៅវិញ។ ភាពលេចធ្លោទាំងនេះបានមកពីទេពកោសល្យនៃការសម្ដែង ពីធម្មជាតិ ការយកចិត្ដទុកដាក់ថែទាំសុខភាពរាងកាយ និងរូបសម្ផស្ស។
សម្រាប់លោក ទេព រិន្ទដារ៉ូ ការទទួលទានចំណីអាហារ ការលេងកីឡា និងការបញ្ចេញពលកម្ម គឺជាអត្ថិភាពនៅក្នុងការថែរក្សាសុខភាពរូបរាងកាយ។ លោកក៏បានបង្ហើបប្រាប់ទស្សនាវដ្ដី សុខភាពយើង ថាគ្រប់ផ្នែកនៃសព៌ាង្គកាយទាំងអស់សុទ្ធតែសំខាន់ ដូច្នេះត្រូវយកចិត្ដទុកដាក់ថែរក្សា។
ការថែរក្សាស្បែកមុខ
ក្នុងអាជីពជាតារាសម្ដែង ត្រូវប្រឈមមុខនឹងកម្ដៅថ្ងៃរាល់ពេលចេញទៅថត លោកទេព រិន្ទដារ៉ូ បានជ្រើសរើសក្រែមការពារកម្ដៅថ្ងៃមកលាបលើផ្ទៃមុខមុនពេលដែលលាបម្សៅតុបតែង។ ពេលខ្លះ លោកត្រូវទ្រាំជាមួយនឹងម្សៅផាត់មុខរយៈពេលស្ទើរ ពេញមួយថ្ងៃ។ បន្ទាប់ពីបញ្ចប់ការថត លោកលាងមុខជាប្រចាំដោយសាប៊ូសម្រាប់លាងមុខ ហើយពេលយប់លោកប្រើក្រែមសម្រាប់ លាបពេលយប់ជាប្រភេទផ្ដល់សំណើម និងបំប៉នស្បែក។
ការថែរក្សាស្បែកខ្លួន
ដោយមានការណែនាំពីមិត្ដភក្ដិ លោកដារ៉ូចេះប្រើប្រេង ឬឡូសិនសម្រាប់ថែរក្សាស្បែកតាំងពីឆ្នាំ១៩៩០ ហើយលោកបន្ដ ប្រើជាប្រចាំរហូតមកដល់សព្វថ្ងៃ។
ការថែរក្សាសក់
តាមធម្មតា លោកដារ៉ូចូលចិត្ដប្រើសាប៊ូកក់សក់មួយប្រភេទដែលសក្ដិសមជាមួយនឹងសរសៃសក់របស់លោក។ លោក ទម្លាប់កក់រាល់ពេលងូតទឹក ជាពិសេសពេលព្រឹក។ សម្រាប់ម៉ូដសក់ លោកមានជាងកាត់សក់ផ្ទាល់ខ្លួនជាអ្នកចេញម៉ូដឱ្យលោកជាប្រចាំ ។
ការថែរក្សាសុខភាពមាត់ធ្មេញ
ដោយសារមានម្ដាយជាគ្រូពេទ្យស្រាប់ លោកបានទទួលការណែនាំឱ្យថែរក្សាធ្មេញដោយការដុសធ្មេញតាំងពីតូចមកម្ល៉េះ។ ក្នុងមួយថ្ងៃត្រូវដុស៣ដង ជាពិសេសបន្ទាប់ពីទទួលទានចំណីអាហារ។ ដុសតាមបច្ចេកទេសត្រឹមត្រូវ ជួយការពារធ្មេញឱ្យមានសុខ ភាពល្អ។ លោកបានបង្ហើបឱ្យដឹងថាសូម្បីតែនៅជំនាន់ប៉ុលពត ក៏លោកលាក់ច្រាសដុសធ្មេញមួយសម្រាប់ដុសដែរ។ លោកឧស្សាហ៍ទៅ កាន់គ្លីនិកធ្មេញក្នុងរយៈពេល៣ ឬ៦ខែម្ដង ដើម្បីឱ្យពេទ្យសម្អាតធ្មេញ។ រហូតមកទល់នឹងពេលនេះ ធ្មេញរបស់លោកដារ៉ូមិនដែល មានបញ្ហាពីរឿងធ្មេញទេ លោកធ្លាប់បាក់ត្រឹមតែធ្មេញមួយតែប៉ុណ្ណោះ។
ការថែរក្សាភ្នែក
ពេលថត ត្រូវរងនូវការចាំងពន្លឺខ្លាំងចូលភ្នែក។ ពេលថ្ងៃក្ដៅខ្លាំងលោកជ្រើសរើសការពាក់វែនតា និងបន្ដក់ថ្នាំជំនួយភ្នែក។
ការទទួលទានអាហារ
ដោយមានការណែនាំពីអ្នកម្ដាយដែលជាគ្រូពេទ្យ អំពីសារសំខាន់នៃចំណីអាហារ លោកមានទម្លាប់ជ្រើសរើសតែចំណីអាហារណាដែលមានប្រយោជន៍ចំពោះរាងកាយមកទទួលទាន។ ពេលចេញទៅសម្ដែងនៅខាងក្រៅ ជាពិសេសនៅតាមខេត្ដឆ្ងាយៗ លោកទទួលទានមិនសូវទៀងទាត់ទេ ទើបពេលខ្លះ លោកមានត្រៀមអាហារបម្រុងជាប្រភេទអាហារទាន់ចិត្ដមួយចំនួន ដូចជានំប៉័ង ចាខ្វៃ សាំងវ៉ិចជាដើម។ ដោយសារមានបទពិសោធន៍ធ្លាប់ជួបបញ្ហាជាច្រើនដងជាមួយនឹងចំណីអាហារមិនមានអនាម័យដែលលក់នៅ ក្បែរកន្លែងថត ទើបធ្វើឱ្យលោកត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើសចំណីអាហារសាធារណៈ សម្រាប់យកមកទទួលទាន។
ការហាត់កីឡា
ពេលទំនេរបន្ទាប់ពីការថត លោកដារ៉ូយកចិត្ដទុកដាក់ថែរក្សាសាច់ដុំដោយការហាត់កីឡាលើកដុំដែក ស្ទើរគ្រប់ចលនាសាច់ដុំ ដើម្បីថែរក្សាសាច់ដុំឱ្យរឹងមាំល្អ។ លោកចូលចិត្ដកីឡាមួយចំនួន ដូចជាហាត់លើកដុំដែក ហែលទឹកជាដើម។ លោកបានចុះឈ្មោះជា សមាជិកក្លឹបហាត់កីឡាដើម្បីងាយស្រួលជ្រើសរើសកីឡាហាត់។ លោកមានម៉ាស៊ីនរត់ផ្ទាល់ខ្លួននៅផ្ទះ ដែលងាយស្រួលសម្រាប់ហាត់ រត់រាល់ពេលទំនេរ។
ការទទួលទានដំណេក
ដោយសារជាប់រវល់ការងារថត ការទទួលទានដំណេកក៏មិនសូវបានទៀងទាត់ដែរ ជួនកាលត្រូវរវល់ថតរហូតដល់ទៅ២៤ ម៉ោង។ ជួនអាចបណ្ដាលមកពីការទទួលទានកាហ្វេច្រើនពេក ទើបលោកមិនមានអាការងងុយគេង។ តែពេលដែលរាងកាយហត់ តម្រូវឱ្យគេង លោកតែងគេងសងបង្គ្រប់វិញដោយស្វ័យប្រវត្ដិ បែបនេះទើបលោកមានអារម្មណ៍ថាមានកម្លាំងកំហែងដូចធម្មតា។
បណ្ដាំផ្ញើរបស់ទេព រិន្ទដារ៉ូ
លោកទេព រិន្ទដារ៉ូ សូមផ្ដាំផ្ញើដល់មិត្ដអ្នកអាន សូមទទួលទានចំណីអាហារណាដែលមានអនាម័យ និងហាត់ប្រាណឱ្យបាន ទៀងទាត់ ព្រោះវាសំខាន់ណាស់នៅក្នុងជីវភាពរស់នៅរបស់យើង។ ហាត់ប្រាណជួយឱ្យសុខភាពបានរឹងមាំ និងអាចជួយបញ្ចេញជាតិ ពុលពីក្នុងខ្លួន។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ ទេព រិន្ទដារ៉ូ
- កម្ពស់ ៖ ១.៧៩ ម៉ែត្រ
- ទម្ងន់ ៖ ៧៤ គីឡូក្រាម
- ថ្ងៃខែឆ្នាំកំណើត ៖ ២១ មករា ១៩៦៣
- ស្រុកកំណើត ៖ ខេត្ដបាត់ដំបង
- ចាប់អាជីពការងារ ៖ ឆ្នាំ១៩៨៩
- អាជីព ៖ តារាសម្ដែង
- គោលបំណងអនាគត ៖ ម្ចាស់កសិដ្ឋាន
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply