ការរក្សាសម្រស់ជាផ្នែកមួយយ៉ាងសំខាន់ដែលមនុស្សតែងតែយកចិត្ដទុកដាក់ ជាពិសេសសម្រាប់យុវជនសម័យថ្មីដែលចាប់ អារម្មណ៍ពីភាពស្រស់ស្អាត។ សម្រស់នៅលើផ្ទៃមុខ គឺជាគ្រឿងទាក់ទាញយ៉ាងពិសេស ទន្ទឹមនឹងនោះ ការរចនាម៉ូដសក់ឱ្យបានស្រស់ ស្អាត សក្ដិសមក៏ជារឿងសំខាន់សម្រាប់បុរសផងដែរ។ ព្រោះថាការរៀបចំសក់ឱ្យស្របទៅតាមពេលវេលា ឬសម័យកាល ជាមធ្យោបាយមួយសម្រាប់ទាក់ទាញអារម្មណ៍អ្នកដែលនៅជុំវិញខ្លួន។
លោកវាស្នា គ្រូបង្ហាត់កាត់សក់នៅហាងកាត់សក់ណាតាលី បានបកស្រាយ និងជួយបង្ហាញផ្លូវយុវជនសម័យថ្មី ជាពិសេស បុរសដែលនិយមម៉ូដសក់ តាមរយៈទស្សនាវដ្ដី សុខភាពយើង។
ទម្រង់មុខ និងម៉ូដសក់
មិនថាស្ដ្រី ឬបុរស មនុស្សមានទម្រង់មុខខុសៗគ្នាទៅតាមលក្ខណៈធម្មជាតិដែលផ្ដល់ឱ្យ។ អ្នកខ្លះមានមុខមូល ខ្លះមានមុខ ជ្រុង ខ្លះមុខវែង ខ្លះមានថ្ងាសធំ ខ្លះថ្គាមខ្លា ខ្លះមុខធំ ខ្លះឆ្អឹងផតនៅត្រង់សៀតផ្កាជាដើម។ ជាមួយទម្រង់មុខខុសប្លែកគ្នានេះ ទាំង បុរសទាំងស្ដ្រីពេលខ្លះមិនអាចជ្រើសរើសម៉ូដសក់តាមតែការចូលចិត្ដរបស់ខ្លួន ឬមើលឃើញគេកាត់បែបនេះស្រស់ស្អាត ហើយកាត់ដូច គេ ដោយមិនគិតពីទម្រង់មុខរបស់ខ្លួនបានឡើយ។ ព្រោះពេលខ្លះធ្វើឱ្យមុខបាត់បង់សោភ័ណភាពទៅវិញក៏មាន។ តើបុរសគួរជ្រើស រើសម៉ូដសក់បែបណាដើម្បីឱ្យសមទៅនឹងទម្រង់មុខរបស់ខ្លួន ឱ្យទទួលបាននូវភាពស្រស់ស្អាត និងជួយបង្កើនសម្រស់?
បុរសមានទម្រង់មុខមូល
សម្រាប់បុរសដែលមានមុខរាងមូល គឺមានភាពងាយស្រួលក្នុងការរចនាម៉ូដសក់។ ពួកគាត់អាចធ្វើម៉ូដសក់ដែលមានរាងជា ទឹករលក ប៉ុន្ដែកុំឱ្យវែងពេក ហើយក៏កុំខ្លីពេកដែរ។ ព្រោះថាម៉ូដទឹករលកនេះ ជាម៉ូដដែលកំពុងពេញនិយមទូទាំងព្រះរាជាណាចក្រ កម្ពុជា ហើយវាសក្ដិសមបំផុតសម្រាប់បុរសដែលមានទម្រង់មុខមូល។ ម្យ៉ាងទៀតសម្រាប់ម៉ូដសក់នេះ មិនចាំបាច់អ៊ុតឱ្យរួញនោះទេ គ្រាន់តែលាបប្រេងជំនួយសក់ ដូចជាប្រេងលាបឱ្យសក់រលោង ប្រេងលាបឱ្យសក់មានសំណើមជាដើម ហើយសិតទម្លាក់ជារាងដឺមី (សក់សេះ)នោះ នឹងបានម៉ូដសក់ដ៏ស្រស់ស្អាត សមនឹងទម្រង់មុខថែមទៀតផង។
បុរសមានថ្ងាសធំ
សម្រាប់បុរសដែលមានទម្រង់មុខប្រភេទនេះ ជាចាំបាច់មិនត្រូវកាត់សក់ឱ្យខ្លីនោះទេ ពិសេសបំផុតមិនត្រូវសិតសក់បក ទៅក្រោយ។ ព្រោះថាការសិតសក់បកទៅក្រោយ និងកាត់សក់ឱ្យខ្លីនេះ វារិតតែធ្វើឱ្យមើលឃើញថ្ងាសកាន់តែធំឡើង ហើយមុខកាន់ តែខ្លី។ ប៉ុន្ដែដើម្បីឱ្យមានភាពស្រស់ស្អាត បុរសដែលមានថ្ងាសធំបែបនេះអាចកាត់សក់ជារបៀបវែងបន្ដិច ហើយត្រង់ចំណុចលើជើង សក់ និងសក់ផ្នែកខាងលើត្រង់ប្រជុំចិញ្ចើម គួររក្សាទុកឱ្យស្មើគ្នា ធ្វើបែបនេះ ដើម្បីឱ្យពេលសិតទៅអាចបិទបាំងត្រង់ថ្ងាសបានបន្ដិច ជា ម៉ូដសក់មួយបែបដែលស្រស់ស្អាត។
បុរសមានទម្រង់មុខវែង
សម្រាប់បុរសដែលមានទម្រង់មុខវែង គឺពិតជាមានការពិបាកណាស់សម្រាប់ជ្រើសរើសម៉ូដសក់។ ព្រោះបុរសដែលមាន ទម្រង់មុខដូចនេះ គឺត្រូវកាត់សក់ ឬទុកសក់រាងវែងបន្ដិច ដើម្បីលប់កុំឱ្យមើលទៅឃើញវែងពេក។ ម្យ៉ាងទៀត មិនត្រូវឈូសជើង សក់ឡើងលើពេកទេ ហើយក៏មិនត្រូវកាត់រះសក់ខាងលើចោលដែរ តែយើងអាចកាត់សក់របៀបជាសក់អយ ឬជើងសក់អយ អាច អយខ្លី ឬអយវែងតាមចំណូលចិត្ដ។
បុរសមានទម្រង់មុខជ្រុង
ចំពោះបុរសដែលមានទម្រង់មុខជ្រុង ភាគច្រើនមានសៀតផ្ការាងផត។ ដូចនេះត្រូវកាត់សក់ត្រង់កន្លែងសៀតផ្កានោះឱ្យ មានរាងស្ដើងបន្ដិច ប៉ុន្ដែអាចទុកឱ្យក្រាស់បន្ដិចចាប់ពីលើសៀតផ្កាទៅ។ ឯជើងសក់ខាងក្រោយអាចកាត់ជារាងអយបន្ដិច នោះនឹង ទទួលបាននូវភាពស្រស់ស្អាតជាក់ជាមិនខាន។
បុរសមានសក់រួញ
សម្រាប់បុរសទាំងឡាយដែលមានសក់រួញ គួរប្រុងប្រយ័ត្នក្នុងការជ្រើសរើសម៉ូដសក់។ គួរជ្រើសរើសម៉ូដសក់ខ្លីៗ ឬកាត់ជា របៀបរាបៗ ធ្វើបែបនេះដើម្បីកុំឱ្យមើលឃើញសក់សំពោង និងរួញខ្លាំង។
បុរសមានសក់អង្គាដី
មានម៉ូដសក់ច្រើនសម្រាប់បុរសដែលមានសក់អង្គាដី។ ប៉ុន្ដែដើម្បីភាពស្រស់ស្អាត បុរសគួរកាត់សក់ឱ្យខ្លីបន្ដិចដើម្បីឱ្យមើល ឃើញសក់ត្រង់បន្ដិច មិនរួញពេញ។ រួចមកអាចប្រើប្រេងលាបសក់ដើម្បីកែច្នៃម៉ូដទៅតាមចំណូលចិត្ដ ដូចជាចាប់ជារាង ឬសិតលើក ឡើងលើ ហើយដែលពេញនិយមនោះ គឺម៉ូដសក់បះ ឬច្រោង។
បុរសមានសក់ស្លូតត្រង់
សម្រាប់បុរសដែលមានសក់ស្លូត ឬត្រង់នោះ គឺមានភាពងាយស្រួលបំផុត ហើយក៏មានម៉ូដសក់ច្រើនប្រភេទណាស់ដែរ ដែលបុរសប្រភេទនេះអាចជ្រើសរើសតាមតម្រូវការ។ សក់ប្រភេទនេះអាចជ្រើសរើសម៉ូដសក់ជារបៀបសក់វែង ខ្លី ឬទឹករលក ព្រោះ វាមានលក្ខណៈសក្ដិសមសម្រាប់គ្រប់ទម្រង់មុខ។ ដើម្បីឱ្យកាន់តែស្រស់ស្អាត និងទាន់សម័យ បុរសគួរទុកសក់ឱ្យវែងបន្ដិច ហើយកាត់ ជារៀងទឹករលកដោយលាបប្រេងសក់ អាចកាត់ជារបៀបសក់បះឡើង និងជារបៀបសក់ក្ដោប។
ម៉ូដសក់ពេញនិយមសម្រាប់យុវជនសម័យថ្មី
មានម៉ូដសក់ច្រើនប្រភេទណាស់ដែលគេនិយមកាត់ទៅតាមសម័យកាលនីមួយៗ ដូចជាម៉ូដសក់ប៉េអឹម ម៉ូដសក់ឡុងសុង (ឡុងសុងខ្មែរ និងឡុងសុងថៃ)ជាដើម។ ហើយមានម៉ូដសក់ជាច្រើនទៀតដែលគេបានដាក់ឈ្មោះឱ្យទៅតាមឈ្មោះតារាភាពយន្ដ តារាចម្រៀង ឬតារាល្បីល្បាញណាមួយ ដូចជាម៉ូដសក់លីយ៉ុងចេ ម៉ូដសក់បេកខេមជាដើម។ សម្រាប់យុវជនកម្ពុជា ម៉ូដសក់ដែលគេ ពេញនិយមបំផុតបច្ចុប្បន្ន គឺម៉ូដសក់ដែលមានរាងខ្លីខាងលើ វែងជើងសក់មុខ និងជើងសក់ក្រោយ ហើយក៏មានខ្លះជាប្រភេទម៉ូដសក់ ដែលមានដឺមី(សក់សេះ វែង ឬខ្លីទៅតាមចំណូលចិត្ដ។
ដំបូន្មានអ្នកប្រឹក្សា
សូមផ្ដាំផ្ញើដល់បុរសទាំងអស់ ជាពិសេសយុវជនដែលនិយមចូលចិត្ដលេងម៉ូដសក់តាមបែបសម័យថ្មី គួរជ្រើសរើសម៉ូដណា ដែលសក្ដិសមនឹងទម្រង់មុខ។ ព្រោះពេលខ្លះការពេញចិត្ដម៉ូដសក់ វាមិនស៊ីគ្នានិងមុខ ដែលធ្វើឱ្យត្រូវបាត់បង់នូវភាពស្រស់ស្អាតមួយ កម្រិត។ ប្រការសំខាន់ គួរទុកឱកាសឱ្យអ្នកជំនាញជួយជ្រើសរើសម៉ូដសក់ ដើម្បីឱ្យទទួលបាននូវភាពស្រស់ស្អាត សក្ដិសម ទាំងទម្រង់ មុខ និងសណ្ឋានសក់។ ប្រការដ៏សំខាន់មួយទៀតដែលគួរយកចិត្ដទុកដាក់នោះ គឺត្រូវថែរក្សាសក់ឱ្យមានសុខភាពល្អ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខលេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply