ភរិយាគ្រប់លក្ខណ៍របស់នាយមានន្ទក្នុងរឿងជំរះបញ្ជីចាស់ដែលផ្សាយតាមរយៈទូរទស្សន៍ ស៊ី ធី អ៊ិន លោកអ្នកបានឃើញ ទេពកោសល្យសម្ដែងរបស់អ្នកនាង លី ម៉ារីណា ក៏ដូចជារូបសម្រស់របស់នាង។ ពិតជាស្រស់ស្អាតណាស់ ស្បែកសរលោងដូចពងមាន់ បក មាននារីមិនតិចទេដែលប្រាថ្នាចង់បានបែបនេះ។ តើមានអាថ៌កំបាំងអ្វីពិសេសទេ?
ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់តារាដ៏ស្រស់ស្អាត លី ម៉ារីណា ទស្សនាវដ្ដី សុខភាព យើង បានទៅជួបសម្ភាសន៍ជាមួយអ្នកនាងផ្ទាល់។
ការថែរក្សាសក់
អ្នកនាងម៉ារីណាពិតជាមានសរសៃសក់ស្អាត សក់វែងត្រឹមពាក់កណា្ដលខ្នង ហើយខ្មៅរលើបតែម្ដង។ ជារឿងធម្មតា សម្រាប់តារាសម្ដែង សក់របស់ម៉ារីណាត្រូវបានតុបតែងតាមម៉ូដផ្សេងៗឱ្យសមនឹងសាច់រឿង ជួនកាលកៀបសក់ បួងសក់ បាញ់នូវ ផលិតផលតុបតែងផ្សេងៗជាដើម រួមជាមួយនឹងកម្ដៅថ្ងៃជាហេតុធ្វើឱ្យសរសៃសក់របស់ម៉ារីណាស្រួយ បែកចុង និងគ្មានទម្ងន់។ ដូច នេះហើយទើបម៉ារីណាមានវិធីថែទាំសក់យ៉ាងពិសេស គឺនៅពេលដែលនាងកក់សក់រៀងរាល់ពីរថ្ងៃម្ដង នាងតែងតែអប់សក់ជាប្រចាំ ដើម្បីជំនួយដល់សរសៃសក់។ មានវិធីពិសេសម្យ៉ាងទៀតនោះ គឺអប់សក់ជាមួយស្រាបៀររៀងរាល់សប្ដាហ៍ ដោយសារម៉ារីណាយល់ថាស្រាបៀរអាចជួយឱ្យសរសៃសក់នាងដុះឡើងវិញ សរសៃសក់មានទម្ងន់ ទន់ភ្លឺរលោង រលាស់មិនជំពាក់គ្នាជាដើម។
ការថែរក្សាស្បែកមុខ
ស្បែកមុខរបស់តារាសម្ដែងម៉ារីណាត្រូវទទួលរងនូវកម្ដៅថ្ងៃ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ បន្ទាប់ពីការតុបតែងក្នុង ពេលសម្ដែង ម៉ារីណាត្រូវតែប្រញាប់លាងសម្អាតមុខ ព្រោះការទុកគ្រឿងសម្អាងនៅលើមុខក្នុងរយៈពេលយូរ វាជារឿងមិនល្អ សម្រាប់ស្បែកមុខ។ ចំពោះការថែរក្សាស្បែកមុខវិញ ម៉ារីណាមានវិធីផ្ទាល់ខ្លួនដោយឡែករបស់នាង គឺជារៀងរាល់យប់មុនពេលចូល ទទួលទានដំណេក នាងតែងតែយកទឹកឃ្មុំមកលាបលើស្បែកមុខជាប្រចាំដោយទុករយៈពេលពី២០ទៅ៣០នាទី ទើបលាងសម្អាត ដោយទឹកស្អាតជាការស្រេច។ សម្រាប់ម៉ារីណា ទឹកឃ្មុំអាចជួយឱ្យស្បែកមុខរបស់នាងមានសំណើម មិនកើតមុន និងមិនជ្រីវជ្រួញ។ ក្រៅពីការសម្ដែង ម៉ារីណាតែងតែទុកស្បែកមុខឱ្យនៅទំនេរដោយមិនប៉ះពាល់ជាមួយផលិតផលអ្វីឡើយ។ ម៉ារីណាចូលចិត្ដការតុបតែងមុខតាមបែបធម្មជាតិជាប្រចាំថ្ងៃដោយលាបម្សៅស្រាលៗ។
ការថែរក្សាស្បែកខ្លួន
កម្ដៅថ្ងៃមានឥទ្ធិពលមកលើស្បែកច្រើនប្រការណាស់ ហេតុនេះហើយទើបតារាសម្ដែងម៉ារីណាតែងតែប្រុងប្រយ័ត្នបំផុត ដើម្បីការពារស្បែករបស់នាងឱ្យស្រស់ស្អាតជានិច្ច។ ម៉ារីណាជាមនុស្សស្រឡាញ់ស្បែកបំផុត ដោយតែងតែទម្លាប់ពាក់អាវដៃវែងជា ប្រចាំ ដើម្បីបញ្ជៀសស្បែកពីកម្ដៅថ្ងៃ។ ជាងនេះទៅទៀត ម៉ារីណាបានជ្រើសរើសឡេពីរប្រភេទសម្រាប់លាបលើស្បែកជារៀងរាល់ ថ្ងៃ គឺឡេសម្រាប់ការពារកម្ដៅថ្ងៃ និងឡេសម្រាប់បំប៉នសំណើមដល់ស្បែក។ នៅពេលសម្ដែងក្រោមពន្លឺថ្ងៃ ម៉ារីណាក្រៅពីលាបឡេ ការពារកម្ដៅថ្ងៃដែលមានកម្រិតការពារច្រើនជាន់ហើយនោះ ម៉ារីណាតែងតែលាបម្សៅពីលើមួយជាន់ទៀតដើម្បីការពារស្បែក។ ព្រោះម៉ារីណាយល់ថាការធ្វើបែបនេះកម្ដៅថ្ងៃមិនអាចយាយីស្បែករបស់នាងបានទេ ជាពិសេសក្រោយពេលសម្ដែងចប់នាងគ្រាន់តែ ងូតទឹកលាងសម្អាតខ្លួនជាការស្រេច ដោយមិនបារម្ភរឿងខូចស្បែកឡើយ។ ក្រៅពីវិធីខាងលើនេះ ម៉ារីណានៅមានវិធីថែរក្សាសម្រស់ តាមបែបធម្មជាតិដែលកាន់តែជួយសម្រស់ស្បែករបស់នាងស្រស់ស្អាតគ្រប់ពេល។ វិធីតាមបែបធម្មជាតិងាយៗដែលម៉ារីណាជ្រើសរើស គឺម៉ារីណាបានយកពន្លៃបុកច្របាច់យកទឹកមកលាយជាមួយអំពិលទុំ ក្រូចពោធិ៍សាត់ និងទឹកឃ្មុំ មកលាបលើស្បែកផ្អាប់ទុករយៈ ពេល២០នាទី ទើបលាងចេញដោយទឹកស្អាត។ ជាទម្លាប់បើមានពេលវេលាគ្រប់គ្រាន់ ម៉ារីណាតែងតែស្ទីមរក្សាស្បែកយ៉ាងហោច ណាស់ក៏ពីរដងដែរក្នុងមួយសប្ដាហ៍ ពេលខ្លះនាងទៅធ្វើនៅហាង ពេលខ្លះទៀតធ្វើខ្លួនឯងនៅផ្ទះ។ ម៉ារីណាចូលចិត្ដងូតទឹកក្ដៅញឹកញាប់ ព្រោះទឹកក្ដៅមានគុណប្រយោជន៍ធ្វើឱ្យស្បែកទន់ ហើយសម្លាប់មេរោគទៀតផង ប៉ុន្ដែមិនងូតក្នុងកម្ដៅខ្លាំងពេកទេ ព្រោះធ្វើឱ្យ ស្បែកស្ងួត។
ការថែរក្សាបបូរមាត់
រិតតែពិសេសណាស់សម្រាប់ការថែរក្សាបបូរមាត់របស់ម៉ារីណា ព្រោះជារៀងរាល់ពេលដែលម៉ារីណាលាបក្រែមលើបបូរ មាត់ ទោះជាក្រែមប្រភេទអ្វីក៏ដោយ នាងតែងតែយកទឹកឃ្មុំមកលាបជាទ្រនាប់ជាប្រចាំ។ ព្រោះនាងយល់ថាទឹកឃ្មុំអាចជួយឱ្យបបូរ មាត់មិនខ្មៅ និងមិនប្រេះ ជាពិសេសទៀតនោះ វាអាចធ្វើឱ្យពណ៌របស់ក្រែមដែលលាបនោះកាន់តែស្អាតមិនបែកទៀតផង។
ការថែរក្សាធ្មេញ
ជាទូទៅម៉ារីណាសម្អាតធ្មេញក្នុងមួយថ្ងៃ៣ដងជាប្រចាំជាមួយនឹងថ្នាំដុសធ្មេញដែលមានសារជាតិជួយឱ្យធ្មេញរឹងមាំ និងស។ ម៉ារីណាពុំសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅរកពេទ្យធ្មេញទេ ជួនកាលពន្យារពេលរហូតដល់៦ខែទើបទៅម្ដង។
ការថែរក្សាក្រចក និងប្រអប់ដៃ
ម៉ារីណាចូលចិត្ដកាត់ក្រចកខ្លីធម្មតា មិនទុកវែងពេកទេ ហើយមិនចូលចិត្ដលាបពណ៌ក្រចកទ្បើយ។ ដើម្បីជាជំនួយដល់ពណ៌ របស់ក្រចក ម៉ារីណាតែងតែសម្អាតក្រចកដោយក្រូចឆ្មាជាប្រចាំ។ ចំពោះប្រអប់ដៃ ម៉ារីណាមិនដែលទៅម៉ាស្សាឱ្យម្រាមដៃស្រឡូន ម្ដងណាទេ។ ម៉ារីណាក៏គ្មានក្រែមដែលប្រើពិសេសសម្រាប់ថែប្រអប់ដៃដែរ។
ការថែរក្សារោមចិញ្ចើម និងរោមភ្នែក
ម៉ារីណាមិនចូលចិត្ដកោររោមចិញ្ចើមទេ គឺបណ្ដោយឱ្យដុះតាមលក្ខណៈធម្មជាតិ។ ចំពោះរោមភ្នែក ភាគច្រើនម៉ារីណាប្រើ ម៉ាស្ការ៉ាសឹងតែរាល់ថ្ងៃ ព្រោះត្រូវតុបតែងពេលសម្ដែងដែលធ្វើឱ្យរោមភ្នែកម៉ារីណាប្រឈមមុខនឹងការជ្រុះ។ ហេតុនេះហើយទើបនៅ ពេលនេះម៉ារីណាជ្រើសរើសយកម៉ាស្ការ៉ាដែលជួយបណ្ដុះរោមភ្នែកសម្រាប់ជំនួយដល់កម្រាស់ និងប្រវែងនៃរោមភ្នែកមកប្រើ។
ម៉ារីណាមិនសូវទទួលទានអាហារទៀតទាត់ពេលវេលាទេ ព្រោះត្រូវសម្ដែង ជួនពេលខ្លះអត់ទទួលទានក៏មានដែរ។ ប៉ុន្ដែ នៅពេលនេះសម្រាប់ម៉ារីណាមិនទាន់មានបញ្ហាក្រពះនៅឡើយទេ នាងមានសុខភាពមាំមួន សូម្បីតែទម្ងន់រាងកាយក៏កម្រនឹងស្រក ដែរ។ ម្យ៉ាងអាចមកពីម៉ារីណាមានទម្លាប់ល្អនៅពេលព្រឹកក្រោកពីដំណេក បន្ទាប់ពីសម្អាតរាងកាយរួច នាងតែងតែទទួលទានទឹកឃ្មុំ មួយស្លាបព្រាជាប្រចាំ ហេតុនេះហើយទោះបីមិនបានទទួលទានអាហារក៏ក្រពះមិនមានបញ្ហាដែរ។ តើជាប្រការល្អឬទេ? ម៉ារីណាចូល ចិត្ដទទួលទានបន្លែ និងផ្លែឈើ ដើម្បីសម្រស់ និងសុខភាព ជាងនេះទៅទៀតទឹកក៏សំខាន់ណាស់ដែរសម្រាប់ម៉ារីណា។
ការទទួលទានដំណេក
ម៉ារីណាពិតជារវល់នឹងអាជីពជាអ្នកសម្ដែងរបស់នាងខ្លាំងណាស់ ម្ល៉ោះហើយមិនសូវមានពេលវេលាសម្រាប់ទទួលទាន ដំណេកគ្រប់គ្រាន់ទេ ជាហេតុធ្វើឱ្យភ្នែករបស់នាងស្លក់ រង្វង់ភ្នែកស្រអាប់មិនស្រស់ថ្លា។ មិនថ្វីទេ ម៉ារីណាមានវិធីអាចជួយបានដោយ យកពងមាន់ផ្នែកសលាយជាមួយទឹកឃ្មុំមកលាបលើវង្វង់ភ្នែក ពេលនោះពិតជាអាចជួយសម្រួលបញ្ហាមិនប្រសើររបស់ភ្នែកបានមួយ ចំនួន។
បណ្ដាំផ្ញើរបស់ លី ម៉ារីណា
ម៉ារីណាសូមសំណូមពរដល់សុភាពនារីទាំងអស់ សូមងាកមកចាប់អារម្មណ៍ជាមួយការរក្សាសម្រស់តាមបែបធម្មជាតិ ព្រោះអាចធានាសុវត្ដិភាពដល់រាងកាយ និងសម្រស់បានដោយមិនបាច់បារម្ភ។ ក្រៅពីនេះ សូមចេះកំណត់ដោយខ្លួនឯងអំពីរបៀបថែ រក្សាសុខភាព និងសម្រស់។
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដរបស់អ្នកនាង លី ម៉ារីណា តែប៉ុណ្ណោះ។ សូមលោកស្រី អ្នកនាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះក្នុងសិល្បៈ ៖ លី ម៉ារីណា
- អាយុ ៖ ២៣ឆ្នាំ
- កម្ពស់ ៖ ១,៧០ម៉ែត្រ
- ទម្ងន់ ៖ ៥៧ គីទ្បូក្រាម
- ទំហំទាំងបី ៖ ៣៦, ២៨, ៣៦
- បងប្អូន ៖ ៣នាក់ (ជាកូនទី២)
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកម្ដាយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply