វីធីថែរក្សា​គ្រឿង​អលង្ការ

គ្រឿង​អលង្ការ​ជាវត្ថុ​មានតម្លៃ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​ប្រាថ្នា​យកវា​មកពាក់​លើ​រាងកាយ។ វាមិន​ត្រឹមតែ​មានតម្លៃ​លើ ផ្នែករូប​សម្រស់​ប៉ុណ្ណោះ​ទេ តែវា​រិតតែ​មាន​តម្លៃ​លើផ្នែក​កិត្ដិយស​ទៀតផង។ បើគ្រឿង​អលង្ការ​មាន​តម្លៃ​ដូចនេះ ចាំបាច់​ត្រូវ​ទាមទារ ឱ្យមាន​ការ​ថែរក្សា​ជាពិសេស មិនអាច​ធ្វេស​ប្រហែស​បានទេ។

រូបភាពទស្សនាវដ្តីសុខភាពយើង

សម្រាប់​លេខនេះ ទស្សនាវដ្ដី សុខភាពយើង សូមលើក​យកវិធី​ងាយៗ​មួយចំនួន​ដើម្បី​ជាជំនួយ​ដល់ការ​ថែរក្សា​គ្រឿង អលង្ការ​របស់​លោកអ្នក។ សូម​ស្វែងយល់​ជាមួយ​យើងខ្ញុំ​តាមរយៈ​ការ​បកស្រាយ​របស់លោក​ស្រី ម៉ាន់ យ៉ាន ម្ចាស់ហាង​ពេជ្រម៉ារីណា ។

គ្រឿង​អលង្ការ ជាអ្វី?

គ្រឿង​អលង្ការ គឺសំដៅ​គ្រឿង​សម្រាប់​តុបតែង​លម្អ​រាងកាយ​ដែលមាន​ដូចជា​ក្រវិល ខ្សែក ខ្សែដៃ កងដៃ ចិញ្ចៀន ខ្សែ កជើង​ជាដើម។ គ្រឿង​អលង្ការ​ទាំងនេះ​ធ្វើទ្បើង​ពីមាស បា្លទីន ពេជ្រ ត្បូង គុជខ្ចង ហ្កិច និល​ជាដើម។ ក្រៅពីនេះ នាពេល​បច្ចុប្បន្ន មានគ្រឿង​អលង្ការ​សម្រាប់​លម្អ​ផ្សេងទៀត ដែលធ្វើ​ពីលោហៈធាតុ​ផ្សេងៗ ដូចជា​អ៊ីណុក​ជាដើម ជាទីពេញ​និយម​សម្រាប់​យុវវ័យ ដែលត្រូវ​ការផ្លាស់ប្ដូរ​ញឹកញាប់។

ការថែរក្សា​គ្រឿង​អលង្ការ

ការថែរក្សា​គ្រឿង​អលង្ការ គឺចង់ផ្ដោត​សំខាន់​ទៅលើ​របៀប​សម្អាត ព្រោះគ្រឿង​អលង្ការ​នីមួយៗ​មានរបៀប​សម្អាត​មិនដូច គ្នាទេ។ ក្រៅពី​នេះ វាទាក់ទង​ពេលវេលា​សម្រាប់​ប្រើប្រាស់ ទីតាំង​ទុកដាក់​ជាដើម។

1. ការសម្អាត ៖ ការសម្អាត​គ្រឿងអលង្ការ​មិនមែន​ជារឿង​លំបាកទេ។

  • បើគ្រឿង​អលង្ការ​ធ្វើពីមាស ឬបា្លទីននោះ លោកអ្នក​គ្រាន់តែ​យកសាប៊ូ​លាយ​ទឹកស្អាត រួចយក​គ្រឿង​ទាំងនេះ ទៅត្រាំ​មួយស្របក់ ទើបយក​ច្រាសមក​ដុសសម្អាត រួចលាង​ជាមួយទឹក​ធម្មតាជា​ការស្រេច។
  • បើគ្រឿង​អលង្ការ​ទាំងនេះ​ធ្វើទ្បើង​ពីគ្រឿង​ត្បូង ឬក៏ពេជ្រ​នោះ ចាំបាច់ត្រូវ​សម្អាតវា​ដោយប្រុង​ប្រយ័ត្នជា មួយនឹង​ការលាយ​សាប៊ូ​បន្ដិចក្នុង​ទឹករួចយក​ល្បាយនេះ​ទៅដាំឱ្យ​ក្ដៅបន្ដិច ទើបយក​ច្រាសទន់ៗ ឬក៏ច្រាសដុស​ធ្មេញ​កូនក្មេង មកដុស​បន្ថើរៗ​លើត្បូង​ទាំងនោះ ចុងក្រោយ​លាងដោយ​ទឹកត្រជាក់។
  • ដោយទ្បែក​ចំពោះហ្កិច ឬគុជខ្ចង​មិនបាច់​សម្អាតដោយ​ទឹកសាប៊ូទេ ដោយគ្រាន់​តែលោកអ្នក​យក​ក្រណាត់ ស្អាតស្ងួត​មកជូត​សម្អាត​ជាការ​ស្រេច។

2. ការពាក់ ៖ គ្រប់គ្រឿង​អលង្ការ​ទាំងអស់​មិនថា​ផលិតទ្បើង​ពីអ្វីនោះទេ លោកអ្នក​ត្រូវតែពាក់វា​នៅក្រោយ​ពេលដែល តុបតែង​ខ្លួនរួច មិនត្រូវ​ពាក់វា​មុនពេល​តុបតែង​នោះទ្បើយ។ ព្រោះអាច​ធ្វើឱ្យ​គ្រឿងទាំងនោះ​ស្រអាប់ដោយ​សារមាន​ប្រតិកម្ម​ជាមួយ គ្រឿងសម្អាង​ប្រភេទខ្លះ ដូចជា​ទឹកអប់ ទ្បេ ស្ប្រាយ​ជាដើម។ ជាងនេះ​ទៅទៀត លោកអ្នក​មិនត្រូវ​ពាក់វា​ជាប់ជា​ប្រចាំទេ ព្រោះសាប៊ូ ដុសខ្លួន សាប៊ូកក់សក់ ទឹកថ្នាំលាង​កម្រាលឥដ្ឋ ឬបង្គន់​ជាដើម សុទ្ធតែ​អាចមាន​ឥទ្ធិពល​ធ្វើឱ្យខូច​គ្រឿងអលង្ការ​ទាំងអស់។

3. ការទុកដាក់ ៖ កន្លែងដែល​គួររក្សា​ទុកគ្រឿង​អលង្ការ គួរជា​កន្លែងដែល​ស្ងួតល្អ ហើយ​លោកអ្នក​ត្រូវតែ​ជូតសម្អាត​សិន មុននឹង​យកវា​ទៅទុក​ក្នុងប្រអប់​ដាក់គ្រឿង​អលង្ការ។

ដំបូន្មាន​អ្នកជំនាញ

លោកអ្នក​ត្រូវតែ​ព្យាយាម​សម្អាតគ្រឿង​អលង្ការ​ជាប្រចាំ ហើយ​ប្រុងប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់​ដើម្បីកុំ​ឱ្យរងនូវ​ការខូច ឆូត ឬក៏​បែកបាក់។ ប្រការល្អ​បំផុត លោកអ្នក​គួរតែ​យកគ្រឿង​អលង្ការ​ទាំងនោះ​ទៅឱ្យអ្នក​ជំនាញលាង​សម្អាត​ដោយម៉ាស៊ីន​រៀងរាល់​មួយ ខែម្ដង ទើបធានា​បាននូវភាព​ស្រស់ស្អាត​បានយូរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *