ក្រោយពេលសម្រាលកូន តើការរួមភេទអាចចាប់ផ្ដើមជាថ្មីវិញនៅពេលណា? មានគូស្វាមីភរិយាជាយុវមាតាបិតាជាច្រើន បានលើកសំណួរដ៏មានអត្ថប្រយោជន៍នេះឡើង។ ការសម្រាល ឬឆ្លងទន្លេ ជារឿយៗធ្វើឱ្យជីវភាពផ្លូវភេទរបស់គូស្នេហ៍ស្វាមីភរិយាក្រឡាប់ចាក់។ ការរួមភេទក្រោយពេលសម្រាលនេះពាក់ព័ន្ធជាខ្លាំងទៅនឹងស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្ដរបស់ស្ដ្រី។ តើគាត់ ត្រៀមខ្លួនរួចស្រេចបាច់ហើយឬនៅ? សម្រាប់បុរសដែលសម្រេចចិត្ដរួមភេទ មានប្រការខ្លះដែលត្រូវយល់ដឹង ដូចជាពេលវេលាអាច រួមភេទបាន សុខភាពស្ដ្រីក្រោយពេលសម្រាល ការពន្យារកំណើតជាដើម ដើម្បីសុភមង្គលគ្រួសារលោកអ្នក។
ពេលសម្រាលកូន ទ្វារមាសស្ដ្រីសុទ្ធតែត្រូវទទួលរងការដាច់ដោច គ្រាន់តែតិចតួច ឬច្រើនប៉ុណ្ណោះ។ ការចាប់ផ្ដើមរួមភេទ វាអាស្រ័យទៅនឹងការជាសះស្បើយនៃទ្វារមាសឆាប់រហ័ស ឬយូរ និងការវិលមកវិញនៃចំណង់ផ្លូវភេទរបស់ស្ដ្រីជាភរិយា។ បន្ទាប់ពី សម្រាលកូនរួច ទ្វារមាសដែលរងការដាច់ដោចនោះនៅមានអាការឈឺ និងឆាប់ជាសះដូចធម្មតាវិញ តែជួនកាលត្រូវការពេលវេលា ដល់ទៅ២ ឬ៣សប្ដាហ៍ឯណោះ។ រយៈពេលនេះ ស្ដ្រីពិបាកទទួលយកការរួមភេទណាស់។ បើការឈឺចាប់នេះបន្ដលើសពី២ ឬ៣សប្ដាហ៍ គប្បីរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងសម្ភពជាបន្ទាន់។ ម្យ៉ាងទៀតក្រោយពីសម្រាលកូនរួច ស្ដ្រីមិនទាន់មានអារម្មណ៍ផ្លូវ ភេទទេ ដោយសារថាពេលសម្រាល ស្ដ្រីទទួលរងនូវការលំបាកជាច្រើន ហើយក៏អាស្រ័យទៅលើស្ថានភាពផ្លូវចិត្ដរបស់គាត់ផងដែរ។ ការហត់នឿយអស់កម្លាំង ក៏ជាកត្ដាមួយជះឥទ្ធិពលដល់ការវិលមកវិញនៃចំណង់ផ្លូវភេទដែរ។ ជាទូទៅស្ដ្រីចាប់មានចំណង់ផ្លូវភេទដូច ធម្មតាវិញ ចាប់ពី១ខែទៅ៦ខែ។
គួរចាប់រួមភេទក្រោយឆ្លងទន្លេ នៅពេលណា?
តាមធម្មតា ការរួមភេទអាចចាប់ផ្ដើមធ្វើឡើងនៅសប្ដាហ៍ទី៣ក្រោយពេលសម្រាលកូនរួច។ ប៉ុន្ដែជាក់ស្ដែងតម្រេកតណ្ហា របស់បុរស និងស្ដ្រីជាគូស្នេហ៍ ឬគូស្វាមីភរិយា ជាចំណុចសំខាន់បំផុតដែលចោទជាបញ្ហា។ ក្នុងករណីស្ដ្រីសម្រាលដោយមានការកាត់ ទ្វារមាស ចាំបាច់ត្រូវការពេលវេលាសមស្រប ដើម្បីឱ្យមុខរបួសជាសះស្បើយ និងអារម្មណ៍ពិបាកសម្រាលរសាយអស់ជាមុនសិន។
ករណីភាគច្រើន រាល់ការរួមភេទដំបូងដែលធ្វើឡើងក្រោយពីបានសម្រាលបុត្ររួច ពិតជាសំខាន់ណាស់សម្រាប់ស្ដ្រីទើបតែ សម្រាល ក៏ដូចជាដៃគូស្នេហា ឬប្ដីប្រពន្ធដែលទើបតែទទួលបានកូនផងដែរ។ អ្នកទាំងពីរត្រូវមានការអត់ធ្មត់។ ទោះជាករណីបែបណា ឬក៏ហេតុផលអ្វីក៏ដោយ សូមកុំធ្វើការរួមភេទ មុនពេលដែលឈាមក្រោយសម្រាលនៅតែបន្ដធ្លាក់ ប្រយោជន៍បញ្ចៀសបានការឆ្លង រោគផ្សេងៗ។ ក្នុងករណីសម្រាលដោយកាត់ទ្វារមាស ឬសម្រាលដោយការវះកាត់ ក៏មិនត្រូវមានការរួមភេទដែរ បើសិនជារបួសស្នាម មិនទាន់ជាសះស្បើយ។ សរុបសេចក្ដីមក យ៉ាងលឿនបំផុតលោកអ្នកអាចចាប់ផ្ដើមការរួមភេទបានពី៣ទៅ៦សប្ដាហ៍ក្រោយពេល សម្រាល។ បើការប្រុងប្រយ័ត្នទាំងនេះត្រូវបានយកចិត្ដទុកដាក់ត្រឹមត្រូវហើយ ការរួមភេទត្រូវតែចាប់ផ្ដើមវិញទៅតាមចំណង់របស់គូ ស្នេហ៍ទាំងពីរ។
ការរួមភេទដែលនិយាយពេលនេះ គឺសំដៅទៅដល់ការស៊កបញ្ចូលលិង្គរបស់បុរសទៅក្នុងទ្វារមាសរបស់ស្ដ្រី។ ផ្ទុយទៅវិញ ការរួមភេទដែលមិនមានការស៊កបញ្ចូលលិង្គ ដូចជាការបបោសអង្អែលជាដើម ពិតជាអាចធ្វើបាន តែប៉ុន្មានថ្ងៃក្រោយពេលសម្រាល។ ការមានសេចក្ដីសុខផ្លូវភេទដល់កំពូលរបស់ស្ដ្រីដែលទើបនឹងសម្រាលរួច ពិតជាមានអត្ថប្រយោជន៍ជួយឱ្យស្បូនឆាប់វិលមករកសភាព ធម្មតាវិញ។ អ្នកជំនាញខ្លះបានលើកឡើងថាការរួមភេទនៅថ្ងៃទី១០ទៅ១៥ ក្រោយពេលសម្រាលក៏មិនមានគ្រោះថ្នាក់អ្វីដែរ។ រហូត មកដល់ពេលនេះ មិនទាន់មានហេតុផលវេជ្ជសាស្ដ្រណាមួយអូសបន្លាយការតមរួមភេទនោះទេ លើកលែងតែជម្រើសបុគ្គលប៉ុណ្ណោះ។
ក្រោយពីសម្រាលរួច និងការក្រឡាប់ចាក់ខាងរូបរាងកាយ ក៏ដូចជាផ្លូវចិត្ដ បានធ្វើឱ្យអ្នកម្ដាយថ្មីថ្មោង ឬយុវមាតាត្រូវការ ពេលវេលាគ្រប់គ្រាន់ មុននឹងប៉ងប្រាថ្នាចង់បានការរួមភេទជាថ្មី។ មិនត្រូវមានការចាប់បង្ខំរួមភេទឡើយ តែសូមឱ្យមានការត្រៀមខ្លួន រួចរាល់ជាមុនសិន។ សូមកុំប្រញាប់ប្រញាល់ពេក ជាទូទៅដៃគូស្នេហ៍ ឬប្ដីប្រពន្ធភាគច្រើនចាប់រួមភេទជាថ្មីឡើងវិញនៅសប្ដាហ៍ទី៧ ក្រោយការប្រសូត្របុត្រ។ ជារួម បើសិនការសះស្បើយទ្វារមាសបានល្អ ហើយអារម្មណ៍ផ្លូវភេទរបស់គាត់ឆាប់វិលមកវិញ លោកអ្នក អាចចាប់ផ្ដើមរួមដំណេកបានរហ័ស តែយ៉ាងលឿនបំផុត១ខែកន្លះឡើង។
គួរចាប់ប្រើមធ្យោបាយពន្យារកំណើតពីពេលណា?
ចំពោះការពន្យារកំណើត ក៏ត្រូវគិតគូរផងដែរ បើសិនជាលោកអ្នកមិនទាន់ចង់បានបុត្រភ្លាមនោះទេ។ ជាការសំខាន់ណាស់ ត្រូវចាប់ផ្ដើមគិតគូរឱ្យហើយអំពីការពន្យារកំណើត ជាពិសេសពេលចេញពីមន្ទីរសម្ភព ឬកន្លែងសម្រាលដើម្បីចៀសវាងការតាំងគភ៌ជា ថ្មី ដែលមិនបានប៉ងប្រាថ្នា និងដែលធ្វើឱ្យស្ដ្រីជាម្ដាយហត់ពេក ឬកូនញឹកពេក។
ការវិលមកវិញនៃឈាមរដូវដំបូងរបស់ស្ដ្រីក្រោយពេលសម្រាល ជាទូទៅច្រើនតែកើតមានឡើងនៅសប្ដាហ៍ទី៤ទៅទី៦ ក្រោយពេលសម្រាល នោះបើស្ដ្រីមិនបំបៅដោះកូនទេ។ ក្នុងករណីបំបៅដោះកូន ស្ដ្រីអាចចាប់មករដូវវិញនៅសប្ដាហ៍ទី៤ទៅទី៨ ក្រោយពេលឈប់បំបៅដោះកូន។ ប៉ុន្ដែការធ្លាក់មេជិវិតអាចកើតមានឡើងនៅសប្ដាហ៍ទី៤ ឬចុងខែក្រោយសម្រាល។ សូមធ្វើការ ប្រុងប្រយ័ត្ន ពីព្រោះការធ្លាក់មេជិវិតញីអាចកើតមានឡើងនៅថ្ងៃទី២៥ក្រោយពីសម្រាល។ ដូច្នេះការមានផ្ទៃពោះ ឬការតាំងគភ៌ អាចកើតមានឡើងតាំងពីថ្ងៃមុនមករដូវដំបូងវិញម្ល៉េះ ដែលតែងតែមាននៅខែដំបូងក្រោយពេលសម្រាល។
ចំពោះស្ដ្រីដែលមិនបំបៅដោះកូន ត្រូវចាប់ផ្ដើមគិតអំពីការពន្យារកំណើតផង។ បើចង់ពន្យារកំណើត សូមរកមធ្យោបាយ ណាមួយសមស្រប។ ផ្ទុយទៅវិញ ចំពោះស្ដ្រីដែលបំបៅដោះកូន ក៏ត្រូតែមានការប្រុងប្រយ័ត្នជាចម្បងដែរ។ ព្រោះថាទោះបីការបំបៅ ដោយដោះម្ដាយមានសកម្មភាពពន្យារកំណើត តាមរយៈការបង្អាក់ការធ្លាក់មេជិវិតញីក៏ដោយ ក៏ការតាំងគភ៌មិនអាចបញ្ចៀសបាន ១០០%នោះឡើយ។ ដូច្នេះ សូមចងចាំថាការបំបៅដោះកូនមិនអាចបញ្ចៀសការមានផ្ទៃពោះជាថ្មីបានឡើយ ពោលលោកស្រីអ្នកនាង អាចមានផ្ទៃពោះនៅពេលបំបៅដោះកូន។ ប្រការសំខាន់ត្រូវធ្វើ មុនពេលចេញពីមន្ទីរពេទ្យ ឬមន្ទីរសម្ភព សូមសួរយោបល់ និងដំបូន្មានរបស់គ្រូពទ្យ អំពីមធ្យោបាយពន្យារកំណើតណាមួយដែលសមស្រប។
- ករណីបំបៅដោះកូន ៖ សូមជ្រើសរើសយកមធ្យោបាយពន្យារកំណើតនៅនឹងប្រដាប់ភេទ ដូចជាប្រើស្រោមអនាម័យ ថ្នាំសម្លាប់មេជីវិតជាដើម ឬមធ្យោបាយពន្យារកំណើតដោយលេបថ្នាំ។ ថ្នាំគ្រាប់តូចៗសម្រាប់លេប(ថ្នាំដែលមានជាតិអ័រម៉ូនប្រូស្សេ ស្ដាទីហ្វតិចតួចបំផុត) សមស្របសម្រាប់ពេលបំបៅដោះកូនអាចជ្រើសរើសបានដែរ។ សូមប្រុងប្រយ័ត្នថាដើម្បីឱ្យថ្នាំមានប្រសិទ្ធភាព ត្រូវលេបមុនរយៈពេលប៉ុន្មានថ្ងៃ និងលេបទៀងទាត់ពេលម៉ោងឯណោះ។
- ករណីមិនបំបៅដោះកូន ៖ ជាទូទៅលោកស្រីអ្នកនាងអាចប្រើមធ្យោបាយពន្យារកំណើតដោយថ្នាំលេបធម្មតា ជា ឧទាហរណ៍គ្រាប់ថ្នាំដែលធ្លាប់ប្រើមុនពេលមានផ្ទៃពោះដែលមានប្រសិទ្ធភាព និងមិនប៉ះពាល់សុខភាព។ សូមចាំថាថ្នាំចាប់មានប្រសិទ្ធ ភាព នៅរយៈពេល៨ថ្ងៃក្រោយពេលចាប់លេប។ ម្យ៉ាងទៀតមធ្យោបាយពន្យារកំណើតនៅនឹងប្រដាប់ភេទ ដូចជាស្រោមអនាម័យ ថ្នាំសម្លាប់មេជិវិតឈ្មោលជាដើម អាចប្រើបន្ទាន់បាន បើសិនជាអាចធ្វើទៅបាន។ បើមិនដូច្នោះទេ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ជំនាញខាងពន្យារកំណើត។
- ករណីចង់ប្រើកងដាក់ស្បូន ៖ វាអាចដាក់ប្រើបានចាប់ពីពេលចប់រដូវដំបូងក្រោយពេលសម្រាល ជាពេលដែលស្បូនចាប់ មានទំហំដូចធម្មតាវិញ ហើយមាត់ស្បូនចាប់បិទជិតវិញដែរ។ ពេលរង់ចាំការដាក់កងនេះ មិនត្រូវភ្លេចការពន្យារកំណើតឡើយ។
បណ្ដាំផ្ញើ
ក្រោយពេលរួមភេទ លោកអ្នកត្រូវប្រញាប់ប្រញាល់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងរោគស្ដ្រី ខាងសម្ភព ឬខាង ពន្យារកំណើត ដើម្បីជ្រើសរើសពេលវេលារួមភេទ និងមធ្យោបាយពន្យារកំណើតសមស្របណាមួយ។ ចំពោះស្ថានភាពសុខភាពរបស់ ស្ដ្រីក្រោយពេលសម្រាលកូន និងគន្លឹះកសាងសុភមង្គលផ្លូវភេទក្រោយពេលឆ្លងទន្លេ សូមរង់ចាំអានទស្សនាវដ្ដី សុខភាពយើង បន្ដនៅ លេខក្រោយ ដោយអនុគ្រោះ។
ដោយ វេជ្ជ. លី ចេងហ៊ុយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply