ដោយបច្ចុប្បន្នមិនទាន់មានការហាមប្រាមមិនឱ្យទទួលទានសុរា ហើយសុរាទៀតសោតមានតម្លៃថោក ងាយស្រួលក្នុងការ រកជាវទិញ ជាហេតុធ្វើឱ្យកម្រិតនៃការពេញនិយមក្នុងការទទួលទានសុរាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ប្រសិនបើយើងសាក សួរទៅកាន់អ្នកដែលទទួលទានសុរាថាហេតុអ្វីបានជាអ្នកទទួលទានសុរា? ចម្លើយមានត្រឹមតែដើម្បីជាការជួបជុំ អបអរសាទរ ដើម្បី សុខភាព ឬបំបាត់ទុក្ខកង្វល់ជាដើម។ នៅមានមូលហេតុមួយចំនួនទៀត ដូចជាការចង់សាក ចង់ដឹង ការចង់ពង្រឹងភាពក្លាហាន ដើម្បី ជាការយកចិត្ដយកថ្លើមនារីលក់ស្រាបៀរជាដើម។
សុរា ជាអ្វី?
សុរា ឬស្រា គឺជាគ្រឿងស្រវឹងដែលមានសារធាតុអាល់កុលក្នុងរូបភាពជាស្រាបៀរ ស្រាវីស្គី ស្រាទំញំងបាយជូរ ស្រាបិទជា ដើម គ្រាន់តែមានកម្រិតជាតិអាល់កុលតិច ឬច្រើនតែប៉ុណ្ណោះ។ វាត្រូវបានគេប្រើនៅក្នុងវប្បធម៌នៃប្រទេសជាច្រើននៅលើពិភព លោក។ សុរាមានដើមកំណើតតាំងពីយុគសម័យបុរាណមកម្ល៉េះ សព្វថ្ងៃវាមានការពេញនិយមជាខ្លាំងនៅលើពិភពលោក រហូតដល់ មានការរៀបចំនូវការប្រកួតរកចំណាត់ថ្នាក់នៅក្នុងការផលិតស្រាបៀរឆ្នើមប្រចាំឆ្នាំ ជើងឯកខាងទទួលទានសុរាជាដើម។ មានប្រជាពលរដ្ឋប្រហែលជាងពាក់កណ្ដាលនៃមនុស្សពេញវ័យដែលចេះទទួលទានសុរា។ សុរាដែលល្បីល្បាញ និងមានចំណាត់ថ្នាក់លំដាប់អន្ដរជាតិ មានដូចជាស្រាទំញំងបាយជូរ ស្រាសំប៉ាញ ស្រាវីស្គីជាដើម។
មូលហេតុបុរសចូលចិត្ដពិសាសុរា
ទោះបីជាមិនទាន់មានការស្រាវជ្រាវណាមួយឱ្យជាក់លាក់ពីមូលហេតុដែលនាំឱ្យបុរសចូលចិត្ដទទួលទានសុរាក៏ពិតមែន ប៉ុន្ដែតាំងពីការចាប់ផ្ដើមរៀនទទួលទានសុរារហូតដល់ការចូលចិត្ដ ឬញៀន វាតែងតែដឹកនាំដោយមូលហេតុជាច្រើនដូចខាងក្រោមនេះ។
- ការសាកល្បងចង់ដឹងពីប្រសិទ្ធភាពរបស់សុរា ថាតើសុរាពិតជាឆ្ងាញ់ដូចជាពាក្យគេនិយាយ ឬឃោសនាមែនឬ។
- ការអូសទាញរបស់មិត្ដភក្ដិ និងមិនបានយល់ពីផលវិបាកនៃការទទួលទានសុរាហួសកម្រិត។
- មិនអាចប្រកែករួចពីការទទួលទាន ដូចជាក្នុងពិធីមង្គលការ ពិធីជួបជុំមិត្ដភក្ដិ ពិធីសម្ភោធជាផ្លូវការជាដើម។ ពេលអ្នក ដែលមានឋានៈធំជាងខ្លួនសុំជល់កែវ ទើបត្រូវបង្ខំចិត្ដទទួលទានដោយមិនអាចគេចរួច ព្រោះចង់រក្សាទឹកចិត្ដ ឬបង្ហាញពីការគោរព។
- កត្ដាតំណពូជក៏ជាមូលហេតុមួយដែរ ព្រោះបើនៅក្នុងក្រុមគ្រួសារមានអ្នកញៀនសុរាហើយ អ្នកជំនាន់ក្រោយអាចចេះ ទទួលទាន ដោយមិនចាំបាច់ហាត់ តែវាមិនមែនសុទ្ធតែចេះញ៉ាំមួយរយភាគរយទេ។
- កត្ដាសង្គម ឬបរិយាកាសជុំវិញហុចផលអវិជ្ជមានយ៉ាងខ្លាំងដល់ការចៀសវាង ឬប៉ុនប៉ងមិនទទួលទានសុរារបស់លោក អ្នកដែលមិនមានការតាំងចិត្ដខ្ពស់ ឬអំណាចគ្រប់គ្រាន់ដើម្បីរារាំងចិត្ដ។
- ការយកចិត្ដនារីលក់ស្រាបៀរក៏ជាមូលហេតុមួយដែលនាំឱ្យមានការកើនឡើងនៃអ្នកទទួលទានសុរាដែរ។ ព្រោះសព្វថ្ងៃ ការឃោសនាលក់សុរាត្រូវបានគេប្រើនារីក្មេងៗស្អាតៗដើម្បីបញ្ចុះបញ្ចូលអតិថិជនឱ្យងាកមកទទួលទានផលិតផលរបស់ខ្លួន ទើបធ្វើ ឱ្យយុវវ័យ ក្មេងស្ទាវ ឬចាស់ស្ទាវ មិនអាចទប់នឹងសម្រស់របស់អ្នកលក់បាន សម្រេចចិត្ដហូតលុយពីហោប៉ៅជាវមកទទួលទាន។
- ការយកសុរាដើម្បីកាត់សាញ ឬបំបាត់កង្វល់ក៏នៅតែជាប្រពៃណីមួយរបស់ប្រជាពលរដ្ឋយើង។ តែនៅមានស្ទីលថ្មីមួយ ទៀត គឺពួកគេប្រើសុរាដើម្បីពង្រឹងចិត្ដក្លាហាន មុននឹងសម្រេចចិត្ដធ្វើរឿងសំខាន់ដោយខ្វះទឹកចិត្ដក្នុងការបំពេញ។
- ការញៀនសុរារហូតដល់ថ្នាក់មិនអាចផ្ដាច់បានទាំងស្រុង ដោយសារការទទួលទានហួសកម្រិត ឬរៀងរាល់ថ្ងៃ នាំឱ្យការ ទទួលទានសុរា មិនត្រូវបានគេកាត់ផ្ដាច់។
- ដោយវប្បធម៌បុរាណមិនអាចកាត់ផ្ដាច់ចេញពីវិទ្យាសាស្ដ្រសម័យ ការទទួលទានសុរា ជាពិសេសស្រាថ្នាំត្រូវបានគេប្រើ ដើម្បីព្យាបាលជម្ងឺប្រចាំកាយ មានដូចជាឈឺខ្នង ចុកចង្កេះ ប៉ូវលិង្គជាដើម។ បែបនេះវាបានធ្វើឱ្យមានការលក់ចេញនូវស្រាថ្នាំជាច្រើន ជារៀងរាល់ឆ្នាំ ហើយមានការពេញនិយម ដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពនាពេលអនាគត។
- នៅមានការយល់ឃើញផ្ទាល់ខ្លួនមួយចំនួនទៀតដែលនាំឱ្យបុរសទទួលទានសុរា។
អត្ថប្រយោជន៍របស់សុរា
បើនិយាយពីប្រយោជន៍របស់សុរា វាអាចជាស្ពានក្នុងការចងមិត្ដភាពរវាងប្រទេសនិងប្រទេស ឬបុគ្គលនិងបុគ្គល ជាក់ស្ដែង រាល់ពិធីស្វាគមន៍កាត់ខ្សែបូ ចុះហត្ថលេខាជាផ្លូវការ ពិធីជប់លៀងជួបជុំគ្នាជាដើម។ អ្នករៀបចំកម្មវិធីតែងតែរៀបចំឱ្យមានការទទួល ទានស្រាសំប៉ាញ ឬស្រាបៀរ ដើម្បីបញ្ជាក់ពីឧត្ដមភាពរបស់ការងារ។ សុរានៅមានប្រយោជន៍ប្រើសម្រាប់លាយជាមួយថ្នាំដើម្បីងាយ ផឹក នៅពេលដែលមានជម្ងឺខ្លះ តម្រូវឱ្យមានការត្រាំស្រា ដូចជាស្រាកូនខ្ចី ស្រាប៉ូវឆ្អឹងជាដើម។
ផលប៉ះពាល់របស់សុរា
សុរាមានឥទ្ធិពលផ្លាស់ប្ដូរការគ្រប់គ្រង និងការគិតរបស់ខ្លួនយើងបាន ទោះបីជាអ្នកទទួលទានជាយុវវ័យ ឬជាមនុស្សចាស់ទុំ ក៏ដោយ ជាពិសេសក្នុងករណីដែលទទួលទានវាហួសកម្រិត ឬច្រើនហួសហេតុ។
- សុរា ឬស្រាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះសព្វថ្ងៃគ្រោះថ្នាក់ភាគច្រើនបង្កឡើងដោយអ្នកស្រវឹងបើកបរ។
- ការទទួលទានសុរាមានឥទ្ធិពលប៉ះពាល់ដល់សុខភាព ពិសេសអ្នកដែលលេងកីឡា ដោយវាត្រូវបានគេហាមមិនឱ្យទទួល ទានមុនពេលហ្វឹកហាត់។ ការទទួលទានជាតិអាល់កុលច្រើនហួសកម្រិត ឬយូរឆ្នាំ អាចនាំឱ្យរលាកថ្លើម ខូចតម្រងនោម រលាកពោះវៀន ប្ដូរពណ៌ស្បែក អសមត្ថភាពផ្លូវភេទ ខូចខួរក្បាលជាដើម។
- សុរាជាមូលហេតុមួយដែលនាំឱ្យងាយមានអំពើហិង្សាក្នុងគ្រួសារ ឬដាក់អ្នកដទៃដែលជាហេតុនាំឱ្យខូតខាតសម្បត្ដិសាធារណៈ និងត្រូវប្រឈមមុខនឹងច្បាប់។
- អ្នកពិសាសុរាងាយប្រឈមមុខនឹងជម្ងឺកាមរោគ។ ព្រោះតាមការសង្កេតរបស់អង្គការសង្គមស៊ីវិល អ្នកទទួលទានសុរា ងាយឈានដល់ការប្រថុយរួមភេទដោយមិនប្រើស្រោមអនាម័យជាមួយស្ដ្រី ដែលមានដៃគូស្នេហាច្រើន។
- សុរាអាចមានឥទ្ធិពលមិនល្អដល់ទារកនៅក្នុងផ្ទៃ ករណីម្ដាយទទួលទាននៅកំឡុងពេលមានផ្ទៃពោះ។
- បង់ខាតថវិកា និងពេលវេលាឥតប្រយោជន៍ នៅក្នុងការទទួលទានសុរា និងរកទិញសុរា។
ដំណោះស្រាយ
ទោះបីការទទួលទានសុរាមានផលប្រយោជន៍ក្នុងការរក្សាសកម្មភាពទំនាក់ទំនងនៅក្នុងសង្គមក្ដី ក៏មធ្យោបាយនេះមិនគួរ អនុវត្ដនៅគ្រប់ពេល ឬកាលៈទេសៈឡើយ ដូចជាពេលមានពិធីបុណ្យសព ការគេងកំដរអ្នកជម្ងឺជាដើម។ ការទទួលទានសុរាអាច ផ្ដាច់បានទាំងស្រុង ប្រសិនបើអ្នកទទួលទានសុរាមានការតាំងចិត្ដដើម្បីផ្ដាច់ខ្ពស់ ហើយជ្រើសរើសយកការលេងកីឡា ឬធ្វើកិច្ចការងារ ផ្សេងៗដើម្បីជំនួសការពិសាសុរា។ ការចេះគ្រប់គ្រងខ្លួនឯងក្នុងការទទួលទានសុរាក្នុងកម្រិតមួយសមរម្យ ពិតជាអាចជួយយើងឱ្យ ចៀសផុតពីឧបទ្ទវហេតុផ្សេងៗដែលបណ្ដាលមកពីសុរា។ សូមចំណាយពេលវេលាឱ្យមានប្រយោជន៍បំផុតក្រៅពីការទទួលទានសុរាជា មួយនឹងជីវិតដ៏ខ្លីនេះ ព្រោះមនុស្សកើតមកមិនមែនសម្រាប់តែស្រវឹងប៉ុណ្ណោះទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦
Leave a Reply