អេកូទំនើប​អាចមើល​ចលនាទារក​ក្នុងផ្ទៃ

ការពិនិត្យ​ទារក​ក្នុងផ្ទៃ​ដោយអេកូ គឺជាការ​ចាំបាច់​ក្នុងពេល​បច្ចុប្បន្ន​នេះ។ គ្រូពេទ្យ ឬវេជ្ជបណ្ឌិត​នឹងធ្វើ​ការវាយ​តម្លៃ និង ប៉ាន់​ប្រមាណថា​ទារក​របស់លោកអ្នក​ដែលនៅ​ក្នុងផ្ទៃ​មានការ​វិវឌ្ឍន៍​បែបណា និងមាន​កាយសម្បទា​គ្រប់លក្ខណៈ​ដែរឬទេ។ មាតា បិតា​គួរតែ​ទៅពិនិត្យ​ផ្ទៃពោះ​ដោយ​អេកូ​យ៉ាងតិច​ឱ្យបាន​បីដង​ក្នុងកំឡុង​ពេលដែល​មាន​ផ្ទៃពោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកអ្នក​ជា​មាតាបិតា​តែងតែ​មានក្ដី​បារម្ភតិច ឬច្រើន​នៅពេល​ដែលភរិយា​មានគភ៌។ ក្ដីបារម្ភ​ទាំងនោះ​មានដូចជា​សុខភាព ទារក ការរីក​ធំធាត់ និងវិវឌ្ឍន៍​មិនប្រក្រតី​របស់ទារក តើទារក​មានកាយសម្បទា​គ្រប់លក្ខណៈ​ដែរ ឬយ៉ាងណា​ជាដើម។ ដើម្បី​បំបាត់ នូវក្ដី​បារម្ភ​ទាំងនេះ មាតាបិតា​ត្រូវស្វែង​រកការ​ពិនិត្យ និងពិគ្រោះ​យោបល់​ពីគ្រូពេទ្យ ឬពីវេជ្ជបណ្ឌិត​ដែលមាន​ជំនាញ។ ជាពិសេស​សេវា​សុខភាព ដូចជា​ការចាក់​ថ្នាំបង្ការ ការពិនិត្យ​ផ្ទៃពោះ ការពិនិត្យ​ឈាមជាដើម ដែលផ្ដល់​ជូននៅតាម​មណ្ឌល​សុខភាព​នានា មន្ទីរពេទ្យ រដ្ឋ ឬមជ្ឈមណ្ឌល​គាំពារមាតា និងទារក។ ការពិនិត្យ​មួយទៀត​ដែលសំខាន់ ដែលមិន​អាចខ្វះ​បានក្នុង​ពេល​បច្ចុប្បន្ននេះ គឺការ​ពិនិត្យ ទារក​ក្នុងផ្ទៃមាតា​ដោយអេកូ។

អត្ថប្រយោជន៍​របស់អេកូទំនើប​ចំពោះ​ការពិនិត្យ​ផ្ទៃពោះ

សព្វថ្ងៃនេះ​អ្នកវិទ្យាសាស្ដ្រ​បានខិតខំ​ស្រាវជ្រាវ និងផលិតនូវ​អេកូពីសខ្មៅ ទៅជាពណ៌ ដូចជា​ប្រភេទ​ឌូបភ្ល័រគូល័រ (Color Doppler) ពី២Dទៅ៣D និង៤D(៣D Live) ដើម្បីឱ្យ​គ្រូពេទ្យ ឬវេជ្ជបណ្ឌិត​ធ្វើការ​វាយតម្លៃ​កាន់តែ​សុក្រឹត្យ​ពីការ​វិវឌ្ឍន៍ និងកាយ សម្បទា​ទារក​ក្នុងផ្ទៃ។ មាតាបិតា​អាចមើល​ឃើញពីភាព​ពិតនូវ​កាយសម្បទា និងចលនា​ទារក​ក្នុងផ្ទៃ​របស់គាត់ ដូចជា​ផ្ទៃមុខ​មាន ច្រមុះ មាត់មាន​បបូរមាត់​ត្រឹមត្រូវ មានភ្នែក​ទាំងពីរ ត្រចៀក​មានទាំង​សង​ខាង ដៃជើង​មានលក្ខណៈ​សមរម្យ និងមាន​ម្រាមគ្រប់ ចំនួន​ជាដើម។ ទាំងនេះ គឺជាការ​ផ្ដល់ក្ដី​រីករាយ ក្ដីស្រឡាញ់ និងភាព​កក់ក្ដៅ​ដល់ទារក និងស្ដ្រី​ជាមាតា។ ដូច្នេះ៣D និង៤D(៣D Live) បានផ្ដល់​នូវអត្ថប្រយោជន៍​យ៉ាងច្រើន​ដល់វេជ្ជបណ្ឌិត និង​មាតាបិតា។

1. អត្ថប្រយោជន៍​របស់3D(3Dimension)

3Dបានផ្ដល់​នូវអត្ថប្រយោជន៍​មើលឃើញ​ដូចខាង​ក្រោមៈ

  • មុខមាត់​ទារក​មានលក្ខណៈ​ធម្មតា ឬមិនធម្មតា ដូចជា​មាត់ឆែប ពុំមាន​ច្រមុះ ឬត្រចៀក​កំពិត​ជាដើម
  • ក្បាលទារក​មានសភាព​ធម្មតា​(សំណុំខួរក្បាល​មានសភាព​ធម្មតា)
  • កាយសម្បទា​ទារកមាន​លក្ខណៈ​ត្រឹមត្រូវ​ដែរឬទេ ដូចជា​ដៃជើង ម្រាមដៃម្រាម​ជើង​ជាដើម
  • សរីរាង្គខាង​ក្នុងពោះ​របស់ទារក ដូចជា​ពោះវៀន ថ្លើម ក្រពះជាដើម មានលក្ខណៈ​ប្រក្រតី​ដែរឬទេ
  • ស្ថានភាពសុក​(ទីតាំងសុក) ទឹកភ្លោះ(រាវឬខាប់ តិចឬច្រើន) ដែលមាន​ប្រយោជន៍ដល់​គ្រូពេទ្យ​ឯកទេស​សម្រាប់​វិនិច្ឆ័យ និងត្រៀម​លក្ខណៈ​ជួយដល់​មាតាមុន​ពេលសម្រាល។

2. អត្ថប្រយោជន៍របស់4D(3D Live)

  • ៤Dអាចមើលឃើញ​ចលនាទារក​នៅក្នុង​ផ្ទៃមាតា។

ដំបូន្មានអ្នក​ជំនាញ

មាតាបិតា​មិនគួរ​មានក្ដី​បារម្ភពេក​ទេចំពោះ​សុខភាព ការវិវឌ្ឍន៍ និងកាយសម្បទា​របស់ទារក​នៅក្នុងផ្ទៃ។ ស្ដ្រីមាន​ផ្ទៃពោះ ត្រូវ​សម្រាក និងបរិភោគ​ឱ្យបាន​គ្រប់គ្រាន់ លំហាត់ប្រាណ​ទៀងទាត់​តាមការ​ណែនាំ​របស់​គ្រូពេទ្យ។ សូមទៅ​ជួបគ្រូពេទ្យ​ជំនាញ ឬ វេជ្ជបណ្ឌិត​ឱ្យបាន​ទៀងទាត់ ដើម្បី​ពិគ្រោះ​យោបល់ និងពិនិត្យ​តាមដាន​អ្វីដែល​ជាក្ដីបារម្ភ​របស់អស់​លោកលោកស្រី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១០ ខែវិច្ឆិកា ឆ្នាំ២០០៦

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *