នៅលើខ្លួនស្ដ្រីគ្រប់រូប ក្រៅពីមុខមាត់ រាងកាយស្រទ្បូនស្អាតជាទីគយគន់នៃមនុស្សដទៃ។ សក់ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែរ ដែលរំលេចឱ្យស្ដ្រីកាន់តែមានសម្រស់ទ្វេទ្បើងបាន។ ការតុបតែងសក់ទាមទារឱ្យមានការឆ្នៃប្រឌិតយ៉ាងផ្ចិតផ្ចង់។ ទោះជាអ្នកនាងកញ្ញាមានផ្ទៃមុខស្អាតផូរផង់ប៉ុណ្ណាក៏ដោយ តែបើសក់រញ៉េរញ៉ៃគ្មានរបៀបរៀបរយ ម៉ូដសក់មិនសមនឹងទម្រង់មុខនោះ ធ្វើឱ្យមន្ដស្នេហ៍របស់អ្នកនាងកញ្ញានឹងបាត់បង់។ តើធ្វើដូចម្ដេចដើម្បីបានម៉ូដសក់ឱ្យសមនឹងទម្រង់មុខ?
ដើម្បីឱ្យបានម៉ូដសក់សមនឹងទម្រង់មុខ មិនមែននរណាក៏អាចធ្វើបាននោះទេ។ លុះត្រាតែអ្នកដែលមានជំនាញទើបអាច វិនិច្ឆ័យថាទម្រង់មុខបែបណា ត្រូវនឹងម៉ូដសក់យ៉ាងដូចម្ដេច។ សូមស្វែងយល់ជាមួយការបកស្រាយរបស់លោកស្រី លីរ៉ា នីរ៉ាន់ ម្ចាស់ ហាងសម្រស់ភ្នំពេញ ដែលនឹងបកស្រាយជម្រាបជូនមិត្ដអ្នកអានអំពីទម្រង់មុខ និងម៉ូដសក់តាមរយៈទំព័រការតុបតែងខ្លួន សម្ផស្ស និង សម្រស់របស់ទស្សនាវដ្ដីសុខភាពយើង។
មនុស្សម្នាក់ៗមិនមាននរណាម្នាក់មានទម្រង់មុខដូចគ្នានោះទេ អ្នកខ្លះមុខមូល អ្នកខ្លះមុខខ្លី មុខវែង មុខជ្រុង មុខធំ មុខ តូចជាដើម។ ហេតុនេះ ជាចាំបាច់អ្នកនាងកញ្ញាត្រូវដឹងពីបែបផែន ឬទម្រង់មុខរបស់ខ្លួន ដើម្បីឈានទៅរកការតុបតែងម៉ូដសក់មួយ បែបដែលអាចជំរុញសម្រស់របស់អ្នកនាងកញ្ញាទ្បើងទ្វេ។ សូមស្វែងយល់ពីម៉ូដសក់ និងការតុបតែងសក់ទៅតាមទម្រង់មុខ។
ម៉ូដសក់សម្រាប់ទម្រង់មុខតូច ឬមុខខ្លី
អ្នកនាងកញ្ញាដែលមានទម្រង់មុខបែបនេះ អាចជ្រើសរើសម៉ូដសក់បានជាច្រើនម៉ូដ ដូចជាម៉ូដលើកទៅក្រោយ បួងទ្បើង ទៅលើ ឬបួងទាបធម្មតាទម្លាក់មកក្រោម ថែមទាំងអាចធ្វើម៉ូដតាមបែបយុវវ័យក៏បាន មិនរើសទ្បើយ។ ក៏ប៉ុន្ដែមិនគួរបួងទៅលើខ្ពស់ ពេកទេ ព្រោះអាចធ្វើឱ្យមុខអ្នកនាងកញ្ញាទៅជាមុខបែបទ្រវែងទៅវិញ។ គួរបញ្ជាក់ផងដែរថាមុខខ្លី ឬមុខតូចធ្វើសក់ម៉ូដអ្វីក៏បាន តែ ដាច់ខាតមិនត្រូវឱ្យសក់បាំងថ្ងាសឡើយ ព្រោះធ្វើឱ្យមើលទៅឃើញមុខកាន់តែតូច ឬខ្លីបន្ថែមទៀត។
ម៉ូដសក់សម្រាប់ទម្រង់មុខរា ឬមុខធំ
អ្នកនាងកញ្ញាគួរជ្រើសរើសយកម៉ូដសក់រាងបួងឡើងទៅលើឱ្យខ្ពស់បន្ដិចដើម្បីឱ្យឃើញទម្រង់មុខរាងទ្រវែងបន្ដិច នេះចំពោះអ្នកដែលមានមុខរា ឬមុខរាងធំ។ ប្រសិនបើអ្នកនាងកញ្ញាមានមុខមិនសូវធំពេក អាចធ្វើសក់មិនខ្ពស់ពេកក៏ល្អម្យ៉ាងដែរ។ អ្នកនាងកញ្ញាអាចជ្រើសរើសយកសក់ម៉ូដណាក៏បានដែរ មិនថាតាមលក្ខណៈស្រគត់ស្រគំ លក្ខណៈបែបយុវវ័យនោះឡើយ។ ប៉ុន្ដែចៀស វាងនូវចំណុចដែលលើកមកជម្រាបជូនខាងលើនោះ សុភាពនារីនឹងបានម៉ូដសក់ដែលសក្ដិសមនឹងផ្ទៃមុខបំផុត។ ជាងនេះទៅទៀត គួរតែទុកសក់ខ្លះដើម្បីបាំងថ្ពាល់កុំឱ្យឃើញធំពេក នេះចំពោះសុភាពនារីដែលមានមុខធំខ្លាំង។
ម៉ូដសក់សម្រាប់ទម្រង់មុខទ្រវែង
តុបតែងសក់ម៉ូដអ្វីក៏បាន ចៀសវាងតែម្យ៉ាង សូមកុំលើកសក់ឱ្យខ្ពស់ពេកទៅបានហើយ។ ព្រោះថាបើលើកសក់កាន់តែខ្ពស់ មុខនឹងកាន់តែវែង ជួនកាលអាចទៅជា(សុំទោស)មុខវែងដូចសត្វសេះក៏ថាបាន។ សុភាពនារីដែលមានទម្រង់មុខបែបនេះ សូមតុបតែងយ៉ាងណាដើម្បីឱ្យមើលទៅឃើញមុខរាងខ្លីបន្ដិច ដូចជាទុកសក់នៅទម្លាក់ខាងមុខ ប៉ានសក់ចំហៀង មូរសក់ឱ្យរួញតិចៗទម្លាក់ មកខាងមុខជាដើម។
ម៉ូដសក់សម្រាប់ទម្រង់មុខជ្រុង
សុភាពនារីដែលមានទម្រង់មុខបែបនេះពិបាកបន្ដិចក្នុងការជ្រើសរើសម៉ូដសក់។ អ្នកមានទម្រង់មុខបែបនេះ ច្រើនតែមាន ថ្ងាសទូលាយបន្ដិច។ ដូចនេះមិនគួរបួងសក់ទៅក្រោយនោះទេ ព្រោះវាធ្វើឱ្យថ្ងាសកាន់តែទូលាយថែមទៀត។ ទោះបីជាត្រូវឆ្នៃម៉ូដ តាមលក្ខណៈបែបណាក៏ដោយ ដាច់ខាតត្រូវទុកសក់ដើម្បីជួយលុបថ្ងាសបានខ្លះផង។
ម៉ូដសក់សម្រាប់ទម្រង់មុខដែលមានថ្ងាសចង្អៀត
ទម្រង់មុខបែបនេះ យើងនិយមហៅថាចិញ្ចើមដណ្ដើមថ្ងាស។ ក្នុងលក្ខណៈនេះ ដាច់ខាតត្រូវតែធ្វើម៉ូដបួងទៅក្រោឱ្យអស់ដើម្បីឱ្យឃើញថ្ងាសទូលាយបន្ដិច។ បើចង់ទុកសក់ ទាល់តែទុកទម្លាក់មកគៀន ទើបបាន មិនអាចទម្លាក់លុបថ្ងាសនោះទេ។
ដំបូន្មានអ្នកជំនាញ
សូមកុំជ្រើសរើសម៉ូដសក់តាមតែការនឹកឃើញ ព្រោះម៉ូដសក់ខ្លះវាសមនឹងអ្នកដទៃ តែវាមិនសមជាមួយអ្នកនាងកញ្ញា ទ្បើយ។ វិធីដ៏ល្អបំផុត សូមទៅរកអ្នកជំនាញពិតប្រាកដនៅតាមហាងអ៊ុតសក់ ទើបអាចជួយអ្នកនាងកញ្ញាបាន។ ប៉ុន្ដែសូមប្រុង ប្រយ័ត្នបន្ដិចក្នុងការជ្រើសរើសហាង ព្រោះមានហាងខ្លះក៏គ្មានសមត្ថភាពគ្រប់គ្រាន់ជួយអ្នកនាងកញ្ញាបានដែរ។
អ្វីដែលលើកមកជម្រាបជូនខាងលើនេះ សង្ឃឹមថានឹងអាចក្លាយទៅជាជំនួយការរបស់សុភាពនារីទាំងឡាយក្នុងការជ្រើសរើសម៉ូដសក់ដែលសក្ដិសមនឹងទម្រង់មុខរបស់ខ្លួន។ ក្រៅពីនេះ អ្នកនាងកញ្ញាត្រូវស្គាល់ពីទម្រង់មុខរបស់ខ្លួនផងដែរ ដើម្បីងាយស្រួល ក្នុងការរើសម៉ូដបានល្អត្រឹមត្រូវ។ ទស្សនាវដ្ដីសុខភាពយើង នឹងខិតខំស្វែងរកវិធីសាស្ដ្រតុបតែងខ្លួន និងលើកសម្រស់ផ្សេងៗទៀត មក ជម្រាបជូននៅលេខក្រោយៗទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply