ក្រោយពេលរៀបអាពាហ៍ពិពាហ៍ គ្រប់គូស្វាមីភរិយារមែងតែងចង់បានសុភមង្គល។ ប៉ុន្ដែមិនមែននរណាសុទ្ធតែទទួលបានដូច បំណងប្រាថ្នានោះទេ។ មានគូស្រករមិនតិចទេដែលលែងលះគ្នាដោយហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា ក្បត់ចិត្ដគ្នាជាដើម។ វិធី ដើម្បីឱ្យមានសុភមង្គលមិនពិបាកទេ វាអាស្រ័យទៅលើការប្រព្រឹត្ដរបស់អ្នកទាំងពីរតែម្ដង។ តើអ្នកទាំងពីរស្រឡាញ់ និងយល់ចិត្ដ គ្នាដល់កម្រិតណា? មានការគោរពគ្នាឬទេ? ឱ្យតម្លៃគ្នាទៅវិញទៅមកឬទេ? ទាំងនេះសុទ្ធតែជាចំណោទនៃបញ្ហាក្នុងរឿងសុភមង្គល ។
គ្មានអ្វីចំឡែកទេដែលស្ដ្រីត្រូវបានគេចាត់ថាជាភេទទន់ខ្សោយ ឯបុរសជាភេទខ្លាំងនោះ។ បុរសតែងតែប្រាថ្នាចង់បានមនុស្ស ដែលគេស្រឡាញ់ជានារីស្លូតបូត ប៉ិនប្រសព្វកិច្ចការផ្ទះសម្បែង ប្រសព្វផ្គាប់ចិត្ដប្ដី ចិញ្ចឹមកូនបានល្អជាដើម។ ត្រឹមតែប៉ុណ្ណឹងមិនគ្រប់គ្រាន់ អាចធ្វើឱ្យស្វាមីស្រឡាញ់ខ្លួន និងស្មោះត្រង់នឹងខ្លួនបាននោះដែរ។ តែនៅមានវិធីងាយៗជាច្រើនទៀត ដែលទាមទារឱ្យភរិយាប្រតិបត្ដិ ដើម្បីឱ្យគ្រួសារមានសុភមង្គល។ វិធីងាយៗទាំងនោះរួមមាន ដូចជាការយកចិត្ដទុកដាក់ ស្មោះត្រង់ ចេះអត់ឱន ភាពទន់ភ្លន់ ស្លូតបូត ចេះរៀបចំខ្លួនជាដើម។
ការយកចិត្ដទុកដាក់
បុរសពិតមែនតែជាភេទខ្លាំង ប៉ុន្ដែមានបុរសមិនតិចទេ ក្រោយពេលរៀបការរួច គេក្លាយទៅជាក្មេងតូចមួយ ដែលត្រូវការឱ្យ ភរិយាយកចិត្ដទុកដាក់ដល់គេ តាំងពីរឿងតូចតាចឡើងទៅ ដូចជាសម្លៀកបំពាក់ទាំងក្នុងទាំងក្រៅ ស្បែកជើង ស្រោមជើង ម្ហូបចំណី ពេលវេលាទៅធ្វើការ ឬសម្ភារៈផ្សេងៗទៀតជាច្រើន។ ដូចនេះស្ដ្រីជាភរិយាត្រូវរៀបចំរួចជាស្រេចដើម្បីបំពេញភារកិច្ចទាំងនេះ។
ការស្មោះត្រង់
គូស្វាមីភរិយាត្រូវរួមសុខរួមទុក្ខជាមួយគ្នាអស់មួយជីវិត។ ហេតុនេះមិនអាចទទួលយកបានទ្បើយចំពោះការកុហករបស់ភរិយាទោះបីរឿងតូចតាចក្ដី។ ចរិតស្មោះត្រង់របស់ភរិយាធ្វើឱ្យស្វាមីមានលំនឹងក្នុងចិត្ដលើបញ្ហាហិរញ្ញវត្ថុ ការអប់រំកូនចៅ និងការប្រព្រឹត្ដ របស់មនុស្សគ្រប់រូប។ ផ្ដើមចេញពីចំណុចទាំងនេះ ស្ដ្រីជាភរិយាអាចជួយឱ្យស្វាមីនឹងនរចិត្ដក្នុងការបំពេញការងារ និងធូរស្រាលក្នុង អារម្មណ៍ផងដែរ។
ចេះអត់ឱន និងអធ្យាស្រ័យ
នារីជប៉ុនត្រូវបានបុរសនៅទូទាំងពិភពលោកវាយតម្លៃថាជាគំរូ ជាស្ដ្រីភរិយាដ៏វិសេសវិសាលបំផុត ពីព្រោះនារីជប៉ុនមានគុណ ធម៌អត់ឱនអធ្យាស្រ័យស្វាមីខ្ពស់បំផុត។ សុភាពនារីមិនត្រូវគិតថាការអត់ឱនចំពោះស្វាមី គឺជាការបង្ហាញនូវវិសមភាពរវាងបុរស និងនារី ឱ្យសោះ។ បើពិនិត្យមើលចរិតពិតរបស់បុរស គឺចិត្ដខ្លាំង ស្រេកឃ្លានកិត្ដិយស ការសម្រេចចិត្ដមោះមុតជាដើម។ អាស្រ័យហេតុនេះ ការ អត់ឱនអធ្យាស្រ័យរបស់ភរិយា គឺជាការស្ដែងចេញនូវនិន្នាការប្រកបដោយសុច្ឆន្ទៈនៅក្នុងជីវិតប្ដីប្រពន្ធ។ បន្ទាប់ពីកំហឹងក្រេវក្រោធរបស់ ស្វាមី ហើយបានការអត់ឱនឱ្យរបស់ភរិយា ស្វាមីច្រើនតែសម្ដែងការដឹងពីកំហុសរបស់ខ្លួន។ ប្រការនេះនឹងធ្វើឱ្យស្វាមីរិតតែអាណិត ស្រឡាញ់ប្រពន្ធកូនទ្វេទ្បើង។ នេះជាវិធីថែរក្សាការពារសុភមង្គលគ្រួសារដ៏មានប្រសិទ្ធភាពបំផុត។ សូមសុភាពនារីទាំងទ្បាយកុំយល់ ច្រទ្បំរវាងការអត់ឱន និងចរិតទន់ជ្រាយឱ្យសោះ។
ភាពទន់ភ្លន់ស្លូតបូត
ការនិយាយស្ដីឥតអំណោយទាន និងការបំបាក់មុខប្ដីនៅចំពោះមុខគេឯងរហូតដល់មានគេពោលពាក្យថា“ម៉េចក៏ប្រពន្ធឯង និយាយបែបនេះ” មិនគួរឱ្យកើតមានឡើយ។ ហេតុនេះ បុរសពិតជាត្រូវការភរិយាមួយរូបដើម្បីធានាបាននូវជំនឿចិត្ដ មិនធ្វើឱ្យគេបាក់ មុខ ទោះបីនៅទីណា ពេលណាក៏ដោយ។
ឈ្លាសវៃប៉ិនប្រសព្វក្នុងការប្រាស័យទាក់ទង
បុរសជាស្វាមីមិនសូវជាពេញចិត្ដប៉ុន្មានទេ នៅពេលដែលភរិយានិយាយអ្វីដឹងតែពីស្ដាប់ ហើយបង្គាប់អ្វីធ្វើហ្នឹង។ ជាភរិយាត្រូវ តែឆ្លាត ស្វាមីនិយាយតែបន្ដិចអាចយល់បានថាស្វាមីចង់បានអ្វី ទើបជាការប្រសើរ។ ចរិតរឹងមាំក្នុងសុភមង្គលគ្រួសារផ្ដើមចេញពីការគោរពគ្នាទៅវិញទៅមក និងការឈ្លាសវៃប៉ិនប្រសព្វនៅក្នុងទំនាក់ទំនងនោះ គឺជាមូលហេតុដ៏សំខាន់ដែលធ្វើឱ្យស្វាមីគោរពភរិយា។ ប៉ុន្ដែ សូមចងចាំថាបុរសមួយចំនួនមិនចង់ឱ្យខ្លួនគេអន់ជាងភរិយាទេ ទោះក្នុងករណីណាក៏ដោយ។
ត្រូវរៀបចំខ្លួនឱ្យស្អាតបាត
មានស្ដ្រីភាគច្រើនលែងរវល់នឹងការសម្អិតសម្អាងកាយ ព្រោះយល់ថាខ្លួនមានប្ដីមានកូនមិនមាននរណាស្រឡាញ់ទៀតទ្បើយ។ នេះជាការយល់ខុសទាំងស្រុង គ្រប់បុរសទាំងអស់តែងតែប្រាថ្នាចង់បាននារីស្អាតមកនៅក្បែរខ្លួនជានិច្ច។ ដូចនេះសុភាពនារីទាំងអស់ត្រូវ ធ្វើកុំបីធ្វេសប្រហែសក្នុងរឿងនេះ។ ប៉ុន្ដែមិនត្រូវតែងខ្លួនរហូតដល់ទាល់តែជ្រុលហួសហេតុ មិនសក្ដិសមនោះទេ ព្រោះការតុបតែងរាងកាយឱ្យបានសមសួន វាក៏ជាកិត្ដិយសរបស់ស្វាមីដែរ។
រួមចំណែកទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ
សម័យនេះខុសពីសម័យមុន គ្រប់យ៉ាងក្នុងការរស់នៅសុទ្ធតែត្រូវចំណាយប្រាក់ទាំងអស់។ ដូចនេះបើទុកឱ្យស្វាមីជាអ្នករក ប្រាក់ចំណូលចូលគ្រួសារតែម្នាក់នោះ ពិតជាមិនអាចគ្រប់គ្រាន់ក្នុងជីវភាពបានទេ។ បើអាចមានលទ្ធភាព ភរិយាទាំងឡាយគួររួមចំណែក ជាមួយស្វាមីដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ព្រោះមិនថាគ្រួសារណាជាគ្រួសារណាទេឱ្យតែមានជីវភាពខ្វះខាត គឺមិនអាចរក្សាស្ពានសុភមង្គលឱ្យនៅគង់វង្សបានទេ។ មិនមែនដូចពាក្យគេថាឱ្យតែមានស្នេហ៍ស្មោះមានសុភមង្គលនោះ វាមិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះស្នេហ៍ស្មោះមិនអាចដូរបាយមកទទួលទានបានទេ។ អ្វីគ្រប់យ៉ាងសុទ្ធតែត្រូវការឱ្យមានតុល្យភាព ទើបអាចឈានទៅមុខបាន។ ម្យ៉ាងទៀតការ ដែលមានទម្លាប់រស់នៅពឹងផ្អែកលើបុរសទាំងស្រុងជួនកាលធ្វើឱ្យតម្លៃរបស់លោកស្រី ឬអ្នកនាងចុះថយជាលំដាប់ក៏មានដែរ។
កុំទាមទារសិទ្ធិខ្លាំងពេក
វាជាការពិតដែលពោលថាបុរស និងស្ដ្រីត្រូវមានសិទ្ធិស្មើគ្នា។ ប៉ុន្ដែបើក្រឡេកមើលក្នុងជីវភាពគ្រួសារប្ដីប្រពន្ធ សព្វថ្ងៃសិទ្ធី របស់ស្រីជាភរិយានៅមានកម្រិតនៅឡើយ ព្រោះថាបើមនុស្សប្រុស និងមនុស្សស្រីមានសិទ្ធិស្មើគ្នានោះ ប្រាកដជាមិនអាចរស់នៅចុះ សម្រុងគ្នាបានទេ។ ពីព្រោះថាមនុស្សប្រុសមិនដែលចង់ឱ្យប្រពន្ធពូកែជាងខ្លួនឡើយ យ៉ាងហោចណាស់ក៏ត្រូវតែភរិយាអន់ជាងខ្លួនបន្ដិច ដែរ ទើបបាន។ នៅក្នុងដួងចិត្ដរបស់គេ បុរសត្រូវតែខ្លាំងជានិច្ច។ ដូចនេះស្ដ្រីជាភរិយាចាំបាច់ត្រូវតែយល់កាលៈទេសៈទើបបានជួនកាល ត្រូវបណ្ដោយឱ្យឈ្នះមួយរយៈសិនទៅ រួចចាំនិយាយគ្នាដោយសន្ដិវិធីដោយហេតុផលនៅពេលក្រោយ ក៏ជាការល្អម្យ៉ាងដែរ។
បណ្ដាំផ្ញើ
ទោះបីជាយ៉ាងណា អ្វីដែលទស្សនាវដ្ដី សុខភាពយើង លើកមកជម្រាបជូនខាងលើនេះ មានគោលបំណងតែមួយគត់ គឺដើម្បី រួមចំណែកកសាងសសរគ្រឹះសុភមង្គលគ្រួសារលោកអ្នក។ ប្រសិនបើចង់ឱ្យជីវិតគូស្រកររបស់លោកអ្នកមានសេចក្ដីសុខយូរអង្វែង និង រស់នៅជាមួយគ្នាទាល់តែចាស់កោងខ្នងនោះ លោកអ្នកគួរតែចេះអត់ទោសឱ្យគ្នាទៅវិញទៅមក ស្រឡាញ់គ្នា ជាពិសេសសម្រាប់សុភាពនារីជាភរិយា។ បើអនុវត្ដតាមអ្វីដែលបានជម្រាបជូនខាងលើនេះ មិនបាច់ទៅរកគ្រូដាក់ស្នេហ៍ទេ មន្ដស្នេហ៍នឹងរត់មករកលោកស្រីអ្នក នាងដោយខ្លួនឯងមិនខានឡើយ។ សូមចាំថានរណាក៏ត្រូវការឱ្យគេយកចិត្ដដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦
Leave a Reply