ការរស់នៅផ្តុំគ្នាច្រើននៅក្នុងបន្ទប់តែមួយ ការត្បិតត្បៀតការចំណាយទៅលើការហូបចុក និងជាពិសេសបរិស្ថាននៅក្នុងកន្លែងធ្វើការមិនល្អថែមទៀតនោះ បានធ្វើឲ្យសុខភាពកម្មករកម្មការនីមួយចំនួនចេះតែទ្រុឌទ្រោមទៅៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានកម្មករកម្មការនីមួយចំនួនកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ បានដួលសន្លប់អស់ជាច្រើនអ្នកថែមទៀតផង។
យោងតាមប្រភពសារពត៌មានកម្ពុជាថ្មីបានរាយការណ៍ថា កម្មកររោងចក្រទុយោនៅឃុំរកាខ្ពស់ស្រុកស្អាងជាច្រើននាក់បាននិយាយថា ថៅកែរោងចក្រផលិតទុយោមិនត្រូវបទដ្ឋានបច្ចេកទេស និងជាតិគីមីធ្វើអោយខូចសុខភាពកម្មករ កម្មការិនី ឈឺដួលសន្លប់ជាញឹកញាប់មិនតែប៉ុណ្ណោះបានរំលោភសិទ្ធការងារដោយកាត់ប្រាក់ខែទាំងមានការសុំអនុញ្ញាតច្បាប់និងគ្មានច្បាប់យ៉ាងច្រើនលើសលុបទៀតផង។ កាសែតកម្ពុជាថ្មីបានរាយការណ៏ទៀតថាក្រុមកម្មករបានអោយដឹងថាពេលពួកគាត់សុំច្បាប់ឈប់សម្រាកម្តងៗត្រូវថៅកែរោងចក្រកាត់ប្រាក់ចំនួន៤ដុល្លាក្នុងមួយខែប្រសិនបើកម្មករឈឺហើយឈប់មិនបានសុំច្បាប់ត្រូវកាត់ប្រាក់ខែចំនួន៦ដុល្លា។ ចំណែកឯប្រាក់របស់ខែពួកគាត់ម្នាក់ៗមានចំនួន៨០ដុល្លា និងរហូតជាង១០០ដុល្លា ហើយនៅពេលដែលកម្មករឈឺម្ដងៗ គឺពិបាកសុំច្បាប់ឈប់សម្រាកណាស់។ តាមប្រភពពីមន្ត្រីជំនាញខេត្តកណ្ដាលបានអះអាងថារោងចក្រផលិតទុយោខាងលើនោះកាលពីលើកមុនបានផលិតទុយោហើយលួចបន្លំម៉ាកទុយោដែលផលិតនៅប្រទេសថៃ ខណៈនោះខាងគយបានធ្វើការផាកពិន័យនិងធ្វើលិខិតកិច្ចសន្យាម្ដងរួចមកហើយ។ទាក់ទិនករណីខាងលើនេះបុរសឈ្មោះ ចិន ដែលជាថៅកែរោងចក្របានប្រាប់អ្នកកាសែតថាខាងរោងចក្រធ្វើការទៅតាមលក្ខណៈច្បាប់ត្រឹមត្រូវ៕
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ១ មេសា ២០១២
Leave a Reply