ការសម្រាលកូនដោយវះកាត់នាពេលបច្ចុប្បន្ននេះ លែងក្លាយទៅជារឿងធ្ងន់ធ្ងរទៀតហើយ ព្រោះវាមិនមែនទាល់តែកូនកើតមិនរួច ឬក៏មានសញ្ញាគ្រោះថ្នាក់ទើបអាចជ្រើសរើសយកវិធីនេះនោះទេ។ មានស្ដ្រីមួយចំនួនជ្រើសរើសការសម្រាលកូនដោយវះកាត់នេះ ដោយសារហេតុផលផ្សេងៗគ្នា ដូចជាមិនចង់ទ្រាំទ្រនឹងការឈឺចាប់ធ្ងន់ធ្ងរនៅពេលសម្រាល មិនចង់ឱ្យសរីរាង្គបន្ដពូជមាន របួសគ្រាំគ្រាជាដើម។ ម្យ៉ាងទៀត អ្នកខ្លះចង់ជ្រើសរើសថ្ងៃល្អសម្រាប់ផ្ដល់កំណើតឱ្យកូនរបស់គេ ដោយសារបញ្ហាជំនឿផ្សេងៗ។ តើ ស្ដ្រីដែលសម្រាលកូនដោយវះកាត់មានវិធីថែរក្សាពិសេសអ្វីខ្លះ ខុសពីស្ដ្រីដែលសម្រាលកូនដោយធម្មជាតិ?
គ្រប់ស្ដ្រីដែលជ្រើសរើសការសម្រាលកូនដោយវះកាត់ ចាំបាច់ត្រូវតែយល់ដឹងនូវបញ្ហាមួយចំនួនដើម្បីជាទុនក្នុងការថែរក្សា សុខភាពរបស់ខ្លួននៅក្រោយពេលសម្រាល។ ព្រោះថាការសម្រាលខុសពីលក្ខណៈធម្មជាតិទាមទារឱ្យមានការថែទាំយ៉ាងពិសេស។ ចំពោះវិធីសាស្ដ្រផ្សេងៗដែលត្រូវអនុវត្ដនោះ ទស្សនាវដ្ដី សុខភាពយើង សូមនាំមកបង្ហាញដូចតទៅ។
មូលហេតុសម្រាលកូនដោយវះកាត់
ការសម្រាលកូនដោយវះកាត់ សំដៅទៅលើការសម្រាលកូនខុសពីលក្ខណៈធម្មជាតិ។ ការសម្រាលកូនបែបធម្មជាតិ គឺជា ការសម្រាលកូនតាមទ្វារមាស។ មានករណី ឬហេតុផលផ្សេងៗដែលនាំឱ្យមានការសម្រាលកូនដោយវះកាត់។
1. មូលហេតុរបស់ម្ដាយ
- ម្ដាយមានត្រគាកតូច ត្រគាកវៀច មានដុំសាច់ ឬដុំអ្វីដែលបាំងមាត់ស្បូន។
- ស្ដ្រីដែលធ្លាប់ទទួលរងការដាច់រហែកទ្វារមាសខ្លាំង រហូតដល់ថង់លាមកនៅពេលសម្រាលកូនលើកមុន។
- ដោយសារស្ដ្រីមានជម្ងឺមួយចំនួន ដូចជាជម្ងឺបេះដូង ជម្ងឺភ្នែក ឬវិកលចរិត ដែលមិនអាចទទួលយកការសម្រាលតាមទ្វារ មាសជាធម្មតាបាន។
- ស្ដ្រីមួយចំនួនដែលមានលទ្ធភាពអាចសម្រាលកូនតាមធម្មតាបាន តែបែរជាជ្រើសរើសវិធីសម្រាលកូនដោយវះកាត់ទៅ វិញ ដោយគាត់យល់ថាអាចឱ្យរក្សារាងកាយឱ្យនៅតែស្អាតដដែល។ ជាពិសេសអាចរក្សាទ្វារមាសបានល្អ មិនខូចរូបរាងទៅតាមទំហំ កូននៅពេលសម្រាល ឬក៏រងរបួសប្រដាប់បន្ដពូជ ដើម្បីឱ្យក្លាយជាទីពេញចិត្ដរបស់ស្វាមី និងខ្លួនគេផ្ទាល់។ នៅកម្ពុជានិន្នាការបែបនេះ កំពុងកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងស្រទាប់ស្ដ្រីដែលរស់នៅតាមទីក្រុង។
2. មូលហេតុរបស់កូន
- កូនមានរាងកាយថ្លោសជ្រុលពេក
- កូនភ្លោះដែលក្បាលកូនទីមួយមិននៅខាងក្រោម
- កូនទទឹងពោះ
- ស្ថានភាពកូនមិនអនុញ្ញាតិឱ្យរស់រានមានជីវិតនៅក្នុងស្បូនតទៅទៀតបាន។
- ផលវិបាកនៃការសម្រាលកូនដោយវះកាត់ ស្លាកស្នាមដែលបន្សល់ទុកដោយការវះកាត់ ជួនកាលបង្កនូវភាពមិនពេញចិត្ដរបស់ស្ដ្រីផ្ទាល់ និងស្វាមី។
- ភ្លាមៗក្រោយពេលវះកាត់ ស្លាកស្នាមទាំងនោះអាចមានដុំឈាម ទឹករង៉ៃ ឬបូសតែម្ដង។
- នៅរយៈពេលច្រើនខែ ឬច្រើនឆ្នាំក្រោយពេលវះកាត់ ស្ដ្រីអាចកើតមាននូវភាពជាប់ស្អិតក្នុងពោះ ឬជាប់ស្អិតរបស់ពោះ វៀនលើស្នាមវះកាត់នោះ។ ផលវិបាកបែបនេះច្រើនជួបប្រទះលើការវះពោះដោយបញ្ឈរ។ ស្ដ្រីអាចមានរោគសញ្ញាឈឺពោះរ៉ាំរ៉ៃ ឬ ស្ទះពោះវៀន។
- បញ្ហាមួយទៀតដែលអាចជួបនោះ គឺការចុះខ្សោយនៃពោះត្រង់កន្លែងវះកាត់ ដែលធ្វើឱ្យពោះ ឬស្បៃពោះវៀនលៀន ចេញមកទល់ក្រោមស្បែកពេលស្ដ្រីប្រឹងក្អក។
- ផលវិបាកចុងក្រោយ គឺភាពចុះខ្សោយនៃស្បូន ជាពិសេសនៅត្រង់កន្លែងវះកាត់។ ការចុះខ្សោយនេះធ្វើឱ្យស្ដ្រីប្រឈម មុខនឹងការបែកធ្លាយស្បូននៅពេលសម្រាលកូនលើកក្រោយ។
ការថែទាំខ្លួនក្រោយសម្រាលដោយវះកាត់
ការវះកាត់យកកូនចេញរបស់ស្ដ្រីមិនមែនជារឿងធម្មតាទេ ព្រោះត្រូវវះពោះ ហើយវះស្បូនទៀតផង ទើបអាចយកកូន ចេញមកក្រៅបាន។ ការវះកាត់ត្រូវធ្វើឡើងដោយគ្រូពេទ្យជំនាញទើបធានាបាន មិនកើតមានគ្រោះថ្នាក់ដែលអាចកើតមានក្នុងកំឡុង ពេលវះកាត់។ បន្ទាប់ពីការវះកាត់រួច គ្រូពេទ្យជំនាញនឹងតាមដានសុខភាពរាងកាយស្ដ្រីនោះផ្ទាល់ ដោយរាប់តាំងពីកម្ដៅក្នុងខ្លួន ចំណុះទឹក នោម សម្ពាធឈាម និងសភាពប្រែប្រួលនៃរាងកាយទាំងមូលតែម្ដង។ នៅពេលចេញទៅផ្ទះ ស្ដ្រីខ្លួនឯងផ្ទាល់ត្រូវតាមដាន និងថែទាំ សុខភាពជាប្រចាំដូចស្ដ្រីដែលសម្រាលកូនដោយធម្មតាដែរ។ ប៉ុន្ដែរយៈពេល៤៥ថ្ងៃក្រោយពេលសម្រាល ស្ដ្រីនោះត្រូវត្រឡប់មក ពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដើម្បីបានច្បាស់លាស់ថាគ្រប់យ៉ាងនៃរាងកាយត្រឡប់មករកសភាពដើមវិញ និងជាសះស្បើយហើយឬ នៅ។ ម្យ៉ាងទៀត ស្ដ្រីនឹងបានទទួលដំបូន្មានផ្សេងៗពីគ្រូពេទ្យជំនាញ ជាពិសេសផ្ដោតសំខាន់ទៅលើការមានផ្ទៃពោះជាថ្មីទៀតរបស់ ស្ដ្រីដែលសម្រាលដោយវះកាត់។ ពីព្រោះស្ដ្រីដែលសម្រាលកូនដោយវះកាត់ យ៉ាងតិចបំផុតក៏រយៈពេល២ឆ្នាំដែរទើបអាចមានផ្ទៃពោះ ជាថ្មីទៀត បើមិនដូច្នោះទេ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិតមិនខានឡើយ។
ដំបូន្មានអ្នកជំនាញ
ការសម្រាលកូនតាមធម្មតា នៅតែជាមធ្យោបាយដ៏ល្អបំផុតសម្រាប់ស្ដ្រី។ ផលវិបាកនៃការសម្រាលកូនដោយវះកាត់ថ្វីត្បិត តែតិចតួច តែនៅច្រើនជាងការសម្រាលកូនតាមធម្មតា ដូចពាក្យចាស់ៗតែងពោលថាអ្វីដែលខុសពីលក្ខណៈធម្មជាតិ មិនអាចទទួល ផលល្អច្រើនឡើយ ទាមទារឱ្យមានការប្រុងប្រយ័ត្នច្រើនបែបច្រើនយ៉ាង។ ផ្ទុយទៅវិញការសម្រាលកូនដោយវះកាត់ ក្រៅពីអាច កំណត់ពេលវេលាផ្ដល់កំណើតបានច្បាស់លាស់ និងរក្សាស្ថានភាពទ្វារមាសរបស់ស្ដ្រីតែប៉ុណ្ណោះ មិនមានប្រយោជន៍សម្រាប់សុខភាព ទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦
Leave a Reply