ការរំលោភផ្លូវភេទលើកុមារ ជាអំពើតិរិច្ឆាន

កុមារ​ជាវ័យ​ស្រស់ស្អាត បរិសុទ្ធ ប្រាស់​ចាកមន្ទិល​ទាំងទ្បាយ។ វ័យនេះ​បានប្រឈមមុខ​នឹងគ្រោះថ្នាក់​ដោយប្រការ​ផ្សេងៗ ដូចជា​ការចាប់​រំលោភ​ផ្លូវភេទ ការបៀត​បៀន​កេរ្ដិ៍ខ្មាស ការជួញដូរ ការ​បោក​ប្រាស់ ការកេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជាដើម។ ទង្វើ​ទាំងនេះ​សុទ្ធតែ​បង្កផល​ប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​សម្រាប់​កុមារ​រងគ្រោះ ដែល​ត្រូវរស់​នៅជាមួយ​ស្រមោល​អតីត​នេះអស់​មួយជីវិត។ តើ បញ្ហា​ពិតប្រាកដ និង​មូលហេតុ​ចាប់រំលោភ​នេះ កើតទ្បើង​ដោយ​សារអ្វី? តើកុមារ​រងគ្រោះ​ត្រូវប្រឈម​មុខនឹង​អ្វីខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

សព្វថ្ងៃនេះ នៅកម្ពុជា​មាន​សារព័ត៌​មានជាច្រើន​សុទ្ធតែ​បានរាយ​ការណ៍​ពីការ​ចាប់រំលោភ​លើកុមារ ពីសំណាក់​អ្នកជិត​ខាង បង​ប្រុស​បង្កើត​ឪពុក បង្កើត ឪពុក​ចុង​ជាដើម។ នៅពេល​នេះ ទស្សនាវដ្ដី​សុខភាពយើង សូមលើក​បញ្ហាការ​ចាប់រំលោភ​នេះ មក​ជម្រាប​ជូនមិត្ដ​អ្នកអាន​ស្វែងយល់​ពីមូលហេតុ​ពិត និង​ផលវិបាក​ផ្សេង​របស់វា។

មូលហេតុ​ដែលនាំឱ្យ​មានការរំលោភ​ផ្លូវភេទ  

បញ្ហា​រំលោភ​ផ្លូវភេទ មិនថា​កើតមាន​នៅលើ​កុមារ ឬ​ស្ដ្រី​ពេញវ័យ​នោះទេ គឺសុទ្ធ​តែអាច​បង្កគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដូចគ្នា។ បញ្ហា នេះកើត​មានច្រើន​ផងដែរ​នៅក្នុង​សង្គមខ្មែរ​បច្ចុប្បន្ន ក៏ដូចជា​នៅក្នុង​ប្រទេសនានា​មួយចំនួន​ទៀតដែរ។ ហេតុផល​ជាច្រើន ដែល​ធ្វើឱ្យ មានអំពើ​រំលោភ​ផ្លូវភេទ ជាពិសេស​លើកុមារ។

  • ការបើក​ទូលាយ​ទីផ្សារ​សេរី​ដើម្បី​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច បាននាំ​មកជាមួយ​នូវវប្បធម៌​បរទេស ភាពយន្ដ​អាសអាភាស និង​ប្រព័ន្ធ​អ៊ិនធើណែត ធ្វើឱ្យ​យុវជន​ចង់ដឹង​ចង់​ឮ​ចង់​ធ្វើតាម។ ភាពយន្ដ​អាសអាភាស​បានដុត​រោលតណ្ហា​របស់​មនុស្ស ធ្វើឱ្យ​លែង ស្គាល់ល្អ​អាក្រក់ បាបបុណ្យ ហ៊ាន​ប្រព្រឹត្ដ​អំពើ​ថោកទាប​ឥតកេរ្ដិ៍​ខ្មាស ប្រើល្បិច​ល្បួង​បោក​បញ្ឆោត មិនខុស​ពីសត្វ​តិរិច្ឆាន។
  • ការធ្លាក់ចុះ​នៃសីលធម៌​សង្គម​ដោយ​មូលហេតុ​ផ្សេងៗ ដូចជា​ការទទួល​ឥទ្ធិពល​នៃសង្គ្រាម​នាសម័យ​ប៉ុលពត បាន​កែប្រែ ចរិត​សុភាពរាបសារ​របស់ខ្មែរ​ទៅជាកាច ឃោរឃៅ មិនខ្លាច​រអាអ្វី​ទ្បើយ។
  • ការសេព​គ្រឿងស្រវឹង និង​គ្រឿង​ញៀន បានធ្វើ​ឱ្យអ្នក​ប្រើ ឬ​អ្នកញៀន​បាត់បង់​ស្មារតី​ជាមនុស្ស ហ៊ាន​ប្រព្រឹត្ដ​អំពើគ្រប់ បែបយ៉ាង​ដើម្បី​បំពេញ​តណ្ហា​របស់ខ្លួន។
  • មានជន​ខិលខូច​មួយចំនួន​យល់ថា​ការរួមភេទ​ជាមួយ​កុមារ​មិនទាន់​ពេញវ័យ អាចធ្វើ​ឱ្យពួកគេ​ក្មេង​ជាងវ័យ និង​អាច​ព្យាបាល​ជម្ងឺ​ផ្សេងៗបាន ដូចជា​ជម្ងឺ​អេដស៍​ជាដើម ដែលនេះ​ជាការ​យល់ច្រឡំ។
  • ការព្រម​ទទួល​យក​សំណង​ជាប្រាក់​ថ្នូរនឹង​ការដោះ​លែងជន​ល្មើស ក៏ជា​ហេតុផល​មួយដែល​ធ្វើជន​ល្មើសទាំង​អស់មិន​ខ្លាច រអា និង​ភ័យព្រួយ​នៅពេល​ដែលពួក​គេប្រព្រឹត្ដ​ខុស។ ព្រោះ​មានប្រាក់​ជាការ​ស្រេច ធ្វើអ្វី​ក៏បាន មិន​ខុសពី​ពាក្យដែល​គេច្រើន​និយាយ លេងថា​មានប្រាក់​មានអ្វីៗ​ទាំងអស់។

ផលវិបាក​នៃការរំលោភ​សេពសន្ថវៈ

មិនមា​ននរណា​ម្នាក់អាច​ប្រៀប​ធៀប​ការ​ឈឺចាប់​ដោយសារ​ការចាប់​រំលោភ​នេះបាន​ទេ បើគេ​មិនមែន​ជាជន​រងគ្រោះ។ ការ រងគ្រោះ​ដោយសារ​ការចាប់​រំលោភ មិនមែន​មានតែ​លើកុមារ​ដែល​រងគ្រោះ​តែម្នាក់​ឯង​នោះទេ សូម្បីតែ​ឪពុកម្ដាយ ក្រុម​គ្រួសារ និង​សង្គមទាំង​មូល​ក៏ត្រូវ​ទទួលរង​នូវការ​ឈឺចាប់នេះ​ដែរ។

1. ផលវិបាក​ផ្លូវកាយ កុមារ​របួស​អាចមាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដោយសារ​ទទួលរងនូវ​ការវាយ​ដំធ្វើបាប​ពីជន​ល្មើស ដោយ សារការ​ព្យាយាម​ការពារ​រើបម្រះ​ខ្លួន។ ក្រៅពី​នេះ កុមារី​ត្រូវដាច់​រហែក​ទ្វារមាស បង្កឱ្យ​មានការ​ធ្លាក់ឈាម​ច្រើន រួមជា​មួយ​នឹងផល វិបាក​ផ្សេងៗ​ដែលកើត​មានក្រោយ​ការបាត់បង់​ឈាម​ផងដែរ ជួនកាល​កុមារី​នៅពេល​ពេញវ័យ​បន្ដពូជ មិន​មានលទ្ធភាព​មានកូន​ក៏អាច មានដែរ។ ជាងនេះទៅ​ទៀត ជម្ងឺ​កាមរោគ ជម្ងឺ​អេដស៍ និង​ជម្ងឺថ្លើម​ងាយឆ្លង​ណាស់​នៅក្នុង​ករណី​រំលោភ។ អ្វីដែល​បារម្ភជាង​គេនៅ ក្នុង​ពេល​បច្ចុប្បន្ននេះ គឺការ​ឆ្លងជម្ងឺ​អេដស៍ ព្រោះ​បុរស​ដែល​រំលោភ​ផ្លូវភេទ ច្រើន​តែផ្ទុក​មេរោគ​អេដស៍។ អ្វីដែល​អាក្រក់ ហើយព្រៃ ផ្សៃ​ជាងនេះ​ទៅទៀត បើជន​ល្មើសជា​អ្នក​ស្គាល់គ្នា កុមារ​អាចមាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​ទៀត​ផង។

1. ផលវិបាក​ផ្លូវ​អារម្មណ៍ ដោយ​សារសកម្មភាព​ព្រៃផ្សៃ​ក្នុងពេល​រំលោភ ធ្វើឱ្យ​កុមារ​មានការ​ភ័យខ្លាច។ ស្រមោលនៃ ការ​ភ័យខ្លាច​ទាំងនេះ​ដក់ជាប់​ក្នុង​អារម្មណ៍​របស់គេ​ជានិច្ច ធ្វើឱ្យ​គេខ្លាច ឬ​បាក់ស្បាត មានស្មារ​តីមិន​នឹងន និង​ខ្មាសគេ។ ជួនរហូត​ធ្វើឱ្យ កុមារ​បាត់បង់​ការសិក្សា ខូច​អនាគត​ទៀតផង។ នៅពេល​ដែលគេ​ធំពេញ​វ័យ គេនឹង​មាន​អារម្មណ៍​ភ័យខ្លាច ជាពិសេស​ជាមួយ​មនុស្ស ប្រុស។ ជួនកាល​ទៀត គេអាចក្លាយ​ជាស្ដ្រី​នៅព្រៅ​អស់មួយ​ជីវិត​ក៏ថាបាន ដោយសារ​គេគិត​ថាខ្លួន​គេជា​ស្ដ្រី​ដែលអស់​ព្រហ្មចារី​ទៅ ហើយ ហើយ​គេនឹង​ទទួលការ​រើសអើង​ដោយ​ប្រការ​ផ្សេងៗពី​អ្នក​ជិតខាង។

3. ផលវិបាក​ទៅលើ​ក្រុម​គ្រួសារ ដោយសារ​កំហឹង​ឈឺចាប់​នៅពេល​ដែលកូន​ស្រីបង ​ឬ​ប្អូនស្រី​ត្រូវរង​គ្រោះ​ដោយ​សារ ការចាប់​រំលោភ​នោះ អាចធ្វើ​ឱ្យឪពុក បង ឬ​ប្អូនប្រុស​ទប់កំហឹង​មិន​បាន អាច​បណ្ដាល​ទៅជា​អំពើ​ហិង្សា​បង្ករបួស​ស្នាម ឬ​សម្លាប់ មនុស្ស​ដោយ​អចេតនា។ ទង្វើ​ទាំងនេះ​ធ្វើឱ្យ​ក្រុម​គ្រួសារ​ជនរង​គ្រោះក្លាយ​ជាជន​ដៃដល់ ឬ​ឃាតក​ទៅវិញ។

4. ផលវិបាក​ទៅលើ​សង្គម ប្រសិនបើ​សង្គម​ពោរពេញ​ទៅដោយ​ជនល្មើស និង​ជនរង​គ្រោះ តើ​សីលធម៌​សង្គម​នឹងធ្លាក់ ដល់​កម្រិតណា? ធនធានមនុស្ស​របស់​ប្រទេស​នឹងទៅ​ជាយ៉ាង​ណា? ដោយសារ​អំពើ​ទាំងនេះ ប្រទេស​មិនអាច​អភិវឌ្ឍន៍​ទៅបានល្អ ប្រសើរ​ឡើយ។ ព្រោះ​អំពើ​ទាំងនេះ​បន្ដិចម្ដងៗ​នឹងអាច​បំផ្លាញ​ប្រទេសជាតិ​ឱ្យធ្លាក់​ចុះដោយ​មិនដឹង​ខ្លួន។

ទោសទណ្ឌ​នៃការ​រំលោភសេព​សន្ថវៈ

បញ្ហា​រំលោភ​ផ្លូវភេទ មិន​មែន​ជាបញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ឡើយ។ ដូច្នេះ​វាមិនមែន​ជារឿង​ដែលយក​លុយ​មកបង់​សងជម្ងឺ ចិត្ដ​នោះទេ។ ការរួមភេទ​ជាមួយ​កុមារ ត្រូវ​បានពិភព​លោកចាត់​ទុកថា​ជាបទ​ឧក្រិដ្ឋ​មួយ។ នៅ​ក្នុង​ច្បាប់ស្ដី​អំពីការ​បង្ក្រាប​អំពើ​ពង្រត់ និង​លក់ដូរ​មនុស្ស និង​អំពើធ្វើ​អាជីវកម្ម​លើមនុស្ស​នៃព្រះរាជា​ណាចក្រ​កម្ពុជា មាត្រា​ទី០៨​ជំពូកទី​០៤បាន​ចែងថា​ជនណា​ដែល​ប្រព្រឹត្ដ អំពើ​អនាចារ​លើអនិតិជន​ក្រោមអាយុ​១៥ឆ្នាំ ទោះបី​អនិតិជន​នោះស្ម័គ្រ​ចិត្ដក្ដី ឬ​ដោយ​ទិញក្មេង​នោះពី​អ្នកដទៃក្ដី ឬ​ទិញពី​មេពេស្យាក្ដី ជននោះ​ត្រូវផ្ដន្ទា​ទោស​ដាក់ពន្ធ​នាគារ​ពី១០​ដល់​២០ឆ្នាំ។ ក្នុងករណី​មិនរាង​ចាល ត្រូវយក​អតិបរិមា​នៃទោស​មក​អនុវត្ដ។ មកទល់​ពេល នេះ តាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​បានឱ្យ​ដឹងថា​មានជនល្មើស​ជាង៩៤០​នាក់ហើយ ដែលត្រូវ​ចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ រំលោភ​សេពសន្ថវៈ បំពារបំពាន​ផ្លូវភេទ និង​ប្រព្រឹត្ដ​អំពើអនាចារ​លើកុមារ។

ដំបូន្មានគួរប្រតិបត្ដិ

ឪពុកម្ដាយ​មិនគួរ​ទុកកូន​ចោល​នៅផ្ទះ​តែម្នាក់ឯង​នោះទេ ហើយ​ក៏កុំឱ្យ​កូនដើរ​លេង​នៅឆ្ងាយ​ពីផ្ទះ​ដែរ។ ប្រសិនបើ​គេលេង នៅឆ្ងាយ​ពីផ្ទះ គួរលេង​មានគ្នា​ច្រើន ដើម្បី​ចៀសវាង​នូវការ​រងគ្រោះ​ដោយការ​រំលោភ​ផ្លូវភេទ​នេះ។ ប្រសិនបើ​កុមារដែល​រងគ្រោះ ដោយការ​រំលោភ​ផ្លូវភេទ​មានបញ្ហា​ធ្ងន់ធ្ងរ​ដែល​ឪពុកម្ដាយ​មិនអាច​ដោះស្រាយ​ឱ្យកុមារ​នោះបាន​ប្រសើរ​ទេនោះ ឪពុកម្ដាយ​គួរនាំកូន ទៅជួប​ពិគ្រោះ​យោបល់​ជាមួយអ្នក​ដែលមាន​បទពិសោធន៍​ក្នុងការដោះ​ស្រាយ​បញ្ហា​កុមារ ដូចជា​អ្នកឯកទេស​ខាងកុមារ​ជាដើម។ សូម កុំយល់​ព្រមទទួល​សំណង​ជាប្រាក់​ពីជន​ល្មើស ព្រោះមិន​មានអ្វី​ដែលអាច​ជួសជុលការ​ខាតបង់នេះ​បានទ្បើយ។ ការទទួល​ទោស​តាមផ្លូវ ច្បាប់​ជាវិធី​តែមួយគត់ ដែលអាច​ឱ្យជន​ល្មើស និង​អ្នកដទៃទៀត មិនហ៊ាន​ប្រព្រឹត្ដ​អំពើបែប​នេះទៀត។

 

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *