អ្នកភ្នំពេញ១០%​កើតជម្ងឺទឹក​នោមផ្អែម

តាមការ​ស្រាវជ្រាវ​របស់​សមាគម​ជម្ងឺទឹកនោមផ្អែម​កម្ពុជានៅ​ឆ្នាំ២០០៥​កន្លង​មកនេះ ដោយមាន​ការសហការណ៍​ជាមួយក្រសួង​សុខាភិបាល​បានឱ្យ​ដឹងថា​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រមាណ​១០%​មានជម្ងឺ​ទឹកនោមផ្អែម ដែលត្រូវ​រស់នៅ​ជាមួយ​នឹងជម្ងឺ នេះអស់​មួយជីវិត។ ក្រៅពីនេះ មាន​ប្រជាពលរដ្ឋ​ចំនួន៩.៦%​ទៀត កំពុង​ប្រឈមមុខ​នឹងជម្ងឺ​នេះ​ផងដែរ។ ហេតុអ្វី​បានជា​អ្នកទីក្រុង មានអត្រា​កើតជម្ងឺ​នេះច្រើន​ជាង​អ្នករស់​នៅតាម​បណ្ដាខេត្ដ​ផ្សេងៗទៀត?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត ទូច ឃុន អនុប្រធាន​សមាគម​ជម្ងឺ​ទឹកនោម​ផ្អែមកម្ពុជា នឹងបកស្រាយ​ជម្រាប​ជូន​លោកអ្នក​ពីមូលហេតុ នៃការ​ប្រឈម​មុខរបស់​អ្នកទីក្រុង​នឹងជម្ងឺ​ទឹកនោមផ្អែម តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

អាការ​រោគជម្ងឺ​ទឹក​នោមផ្អែម

ជម្ងឺ​ទឹកនោមផ្អែម ជាប្រភេទ​ជម្ងឺរ៉ាំរ៉ៃ​មួយដែល​នាំឱ្យ​មានគ្រោះថ្នាក់​មិនត្រឹមតែ​ចំពោះ​អ្នកឈឺទេ ប៉ុន្ដែវា​បង្កការ​លំបាកដល់ ក្រុមគ្រួសារ​ទៀតផង​។ជម្ងឺទឹកនោមផ្អែម​ប្រភេទទី២​មិនសូវ​មានរោគសញ្ញា​អ្វីធ្ងន់ធ្ងរ​ដែលអាច​បព្ជាក់​ពីជម្ងឺ​បានឡើយ។​ហេតុនេះ​ហើយទើប​អ្នកជំងឺ​ភាគច្រើន​ពុំបាន​ដឹងថា​ខ្លួនមាន​ជម្ងឺទឹកនោមផ្អែម​នៅដំណាក់កាល​តំបូង។ផ្ទុយ​ទៅវិញ​ប្រសិនបើ​ជម្ងឺទឹកនោមផ្អែម​កាលណា​មានរោគ​សញ្ញាដូចជា​នោមច្រើន ញ៉ាំច្រើន ស្រេកទឹកខ្លាំង អស់កម្លាំង​ជាដើម  នោះបាន​ន័យថា​ជម្ងឺទឹកនោមផ្អែម​មានសភាពខ្លាំងទៅ​ហើយ។

មូលហេតុ​កើតជម្ងឺទឹកនោមផ្អែម​របស់អ្នក​ទីក្រុង

មានមូលហេតុ​ជាច្រើន​ដែលនាំឱ្យ​អ្នកទីក្រុង​កើតជម្ងឺ​ទឹកនោមផ្អែម។

  • ការរស់នៅ​ក្នុងភាព​ស្រណុក​សុខស្រួល អ្នករស់នៅទី​ក្រុងមាន​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ទំនើបៗ ធ្វើឱ្យពួក​គាត់មិនចាំ បាច់បញ្ចេញ​កម្លាំងពលកម្ម​ដែលត្រូវ​ប្រើដោយដៃ។ ពេលធ្វើ​ដំណើរ​របស់អ្នក​ទីក្រុង​មានទ្បាន និងម៉ូតូ ពេលទទួលទាន​ដំណេកមាន កង្ហារ ឬម៉ាស៊ីន​ត្រជាក់​ជួយសម្រួល​ដល់ដំណេក។ ពេលមុជ​ទឹកគ្រាន់​តែបើកក្បាល​រ៉ូប៊ីនេ​ក៏ចេញទឹក​ទៅហើយ មិនចាំបាច់​ចំណាយពេល ទៅរែកទឹក ដែលតម្រូវ​ឱ្យធ្វើដំណើរ​ដោយ​ថ្មើរជើង។
  • របបចំណី​អាហារ អ្នកទីក្រុង​មួយចំនួន​ចូលចិត្ដ​ទទួលទាន​ចំណីអាហារ​តាមបែប​បស្ចិម​ប្រទេស ដែលមាន​ជាតិកាឡូរី ខ្ពស់ដែល​ភាគច្រើន​ផ្សំពីប៊រ សាច់សុទ្ធ ខ្លាញ់ជាដើម ធ្វើឱ្យ​អ្នកទីក្រុង​ច្រើនមាន​រាងកាយ​ធាត់ទ្រលុក​ទ្រលន់​លើសទម្ងន់។
  • ការហាត់​ប្រាណ ដោយរវល់​ក្នុងការ​បំពេញ​ការងារ​ចិញ្ចឹមជីវិត គ្មានពេល​វេលាគ្រប់គ្រាន់​សម្រាប់​ហាត់ប្រាណ ឬក៏គិត ថាការ​ហាត់ប្រាណ​ជាការ​ចំណាយពេល​ឥត​ប្រយោជន៍។
  • បរិស្ថាន​រស់នៅ ក្នុងទីក្រុង មិនមាន​បរិយាកាស​ល្អដែលមាន​គុណប្រយោជន៍​ចំពោះ​សុខភាព​យើងទ្បើយ។ ផ្សែងពុល ចេញពី​យានយន្ដ​គ្រប់ប្រភេទ ចេញពី​រោងចក្រ​នានា លំនៅដ្ឋាន​សង់ជាប់​គ្នារដឹក គ្មានខ្យល់​ចេញចូល​គ្រប់គ្រាន់​ជាដើម។ ពេលទទួល ទាន​ដំណេក មិនមាន​ខ្យល់អាកាស​បរិសុទ្ធ​ដូចអ្នក​នៅតាម​ជនបទ​នោះទេ។

ទាំងអស់​នេះហើយ​ជាដើមហេតុ​ដែលបណ្ដាល​ឱ្យអ្នកដែល​រស់នៅ​តាម​ទីក្រុង ឬទីប្រជុំ​ជននានា ត្រូវប្រឈម​មុខនឹងជម្ងឺ ច្រើនជាង​អ្នកដែល​រស់នៅ​ឯជនបទ។ មិនត្រឹមតែ​ជម្ងឺទឹក​នោមផ្អែមទេ នៅមាន​ជម្ងឺផ្សេងៗ​ជាច្រើន​ទៀត ដូចជា​ជម្ងឺលើស​ឈាម ជម្ងឺ បេះដូង ជម្ងឺតម្រងនោម​ជាដើម។

ដំបូន្មានអ្នក​ជំនាញ

ជម្ងឺទឹកនោមផ្អែម ជាជម្ងឺដែល​អាច​ការពារបាន បើលោកអ្នក​មានទម្លាប់​រស់នៅ​ឱ្យមាន​សុខភាពល្អ ដូចជា​ទាក់ទង​ទៅនឹង របបអាហារ ការបញ្ចេញ​ពលកម្ម ការហាត់ប្រាណ ការតាមដាន​ទម្ងន់ខ្លួន​ដើម្បីកុំឱ្យ​ធាត់ពេក​ជាដើម។ ជាពិសេស​ជាងនេះ​ទៅទៀត ត្រូវឧស្សាហ៍​តាមដាន​កម្រិតជាតិស្ករ​ដែលមាន​ក្នុងឈាម​ឱ្យបាន​ទៀងទាត់ នៅពេល​ដែលលោកអ្នក​មានអាយុ​ចាប់ពី៣០​ឆ្នាំទ្បើងទៅ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១១ ខែធ្នូ ឆ្នាំ២០០៦

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *